អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នីហ្សេ៖ ប្រធានាធិបតី​​បារាំងសម្រេចដក​ទូត និង​បិទបញ្ចប់​បេសកកម្ម​កងទ័ពបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាច្រើនសប្តាហ៍​បន្ទាប់ពី​វិបត្តិ​បានផ្ទុះឡើង រវាងបារាំង​និង​ក្រុម​កងទ័ពធ្វើរដ្ឋប្រហារនៅនីហ្សេ ទីបំផុត​លោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង​ បានប្រកាសកាល​ពីថ្ងៃអាទិត្យ​ ទី​២៤កញ្ញា ថាបារាំង​នឹង​ហៅ​​អគ្គរដ្ឋទូតខ្លួន​ឲ្យចូលស្រុកវិញ ហើយ​បេសកម្មកម្មកងទ័ពបារាំង ដើម្បីប្រយុទ្ធនឹងចលនា​ជីហាត​ភេរវកម្ម​ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ​ដែរ​។​

លោកម៉ាក្រុង ប្រធានាធិបតីបារាំង និង​លោករដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu
លោកម៉ាក្រុង ប្រធានាធិបតីបារាំង និង​លោករដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម

គួររំលឹកថា កាលពី​ចុងខែកក្កដា ក្រុមយោធានីហ្សេ​ដឹកនាំដោយ​ មេបញ្ជាការ Abdourahamane Tiani បានធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាល​ របស់​លោក​ម៉ូហាម៉េដ បាហ្ស៊ូម និងបានចាប់​លោក​ប្រធានាធិបតីរូបនេះ បង្ឃាំងទុកក្នុងផ្ទះជាមួយនឹងក្រុម​គ្រួសារ រហូតដល់​សព្វថ្ងៃ​។​ ក្រុមយោធាធ្វើរដ្ឋប្រហារ អមដោយ​បាតុកម្ម​គាំទ្រតាមផ្លូវផង បាន​ប្រកាសបណ្តេញ​កងទ័ពបារាំងប្រមាណ​១៥០០នាក់ ដែល​ឈរជើងនៅនីហ្សេ ឲ្យ​ចាកចេញ​ និង​បានប្រកាសបណ្តេញ​​លោក​អគ្គរដ្ឋទូតបារាំងថែមទៀតផង។

តែយ៉ាងណាពីប៉ារីស រដ្ឋាភិបាល​បារាំង បានអះអាងថាអាជ្ញាធររបបសិក​នីហ្សេ មិនមែនជារដ្ឋាភិបាល​ស្របច្បាប់​​នោះទេ។ បារាំងប្រកាសថា​​ ទទួលស្គាល់រដ្ឋាភិបាលនីហ្សេ​​ស្របច្បាប់តែមួយគត់ ដែលដឹកនាំដោយ​លោក​ប្រធានាធិបតី​ម៉ូហាម៉េដ បាហ្ស៊ូម​។

តើហេតុអ្វីបាន​ជាពេលនេះ ​ប្រធានាធិបតី​បារាំងសម្រេចហៅអគ្គរដ្ឋទូតឲ្យចូលស្រុក និង​ដកទ័ពបារាំងចេញពីនីហ្សេ?

នៅក្នុងបទសម្ភាសន៍ផ្តល់ឲ្យ​ទូរទស្សន៍បារាំង TF1 និងFrance 2 កាលពីយប់ថ្ងៃអាទិត្យ លោក​ម៉ាក្រុងបានបញ្ជាក់​ឲ្យដឹងថា បារាំង​​បានសម្រេចចិត្តហើយ គឺនឹងហៅលោក​​អគ្គរដ្ឋទូត Sylvain Itté ព្រមទាំង​មន្ត្រីទូតបារាំងជាច្រើននាក់ទៀត ដែលកំពុងស្ថិតនៅទីក្រុង​នីអាម៉េ ឲ្យត្រលប់ចូល​ស្រុកបារាំង​វិញ ក្នុងពេល​ប៉ុន្មានម៉ោងខាងមុខ​។ បន្ថែមពីនេះ លោក​ម៉ាក្រុង បានបញ្ជាក់ថា បេសកកម្ម​កងទ័ពបារាំងនៅនីហ្សេត្រូវបិទបញ្ចប់ទាំងស្រុង។ កងទ័ពបារាំងដែលកំពុងស្ថិតនៅ​លើ​ទឹកដី​នីហ្សេ នឹងត្រូវដកចេញទាំងស្រុង ពីនេះ​ដល់ដំណាច់ឆ្នាំ​២០២៣។

លោក​ម៉ាក្រុងបាន​បញ្ជាក់ហេតុផលថា បារាំងបានសម្រេចបិទបញ្ចប់​បេសកកម្មកងទ័ពនៅនីហ្សេ ព្រោះថា អាជ្ញាធរនីហ្សេបច្ចុប្បន្ននេះ លែងចង់​ប្រយុទ្ធប្រឆាំងក្រុម​ជីហាតភេរវកម្មទៀតឡើយ​។ លោក​បន្តថា ជាងនេះទៀត បារាំងមិនអាចបន្តនៅជាចំណាប់ខ្មាំង​ នៃរបបសិកនីហ្សេបានទេ។ តែយ៉ាងណា​​ លោកបានបញ្ជាក់ថា បារាំងនឹងធ្វើការ​ជជែកជាមួយ​អាជ្ញាធរ​របបសិកនីហ្សេ ដើម្បីរៀបចំដំណើរការដកទ័ពនេះ ឲ្យ​រលូន​ និងដោយ​ស្ងាត់ស្ងៀមបំផុត​។

គួរបញ្ជាក់ថា ការពិតទៅ​ស្ថានការណ៍វិបត្តិ​​កាន់តែតានតឹង ដុនដាប​​ខ្លាំង រវាងនីហ្សេនិងបារាំង ប៉ុន្មានសប្តាហ៍​មកហើយ។ បាតុកម្មរបស់ប្រជាជន​នីហ្សេ ដែល​ប្រឆាំងនឹងវត្តមាន​កងទ័ពបារាំង ត្រូវបាន​រៀបចំធ្វើ​សឹងជា​រៀងរាល់ថ្ងៃ នៅមុខស្ថានទូតបារាំង​ក្នុង​ទីក្រុងនីអាមេ និងនៅខាងមុខបន្ទាយ​ទាហានបារាំង។​ អ្នកវិភាគជាច្រើនធ្លាប់បាន​សន្និដ្ឋានហើយ ថាបារាំងគ្មានជំរើសអ្វីផ្សេងទេ ក្រៅពីការធ្វើតាម​ការទាមទារ របស់​ក្រុមយោធា​នីហ្សេ​។

ចាប់តាំងពីពាក់​កណ្តាល​ខែសីហា ដែល​លោក​អគ្គរដ្ឋទូតបារាំង​ Sylvain Itté និងមន្ត្រីទូតបារាំងផ្សេងទៀត ត្រូវបាន​ក្រុមយោធានីហ្សេ រាំរាំងមិនឲ្យចេញពីស្ថានទូត​។ លោក​ម៉ាក្រុងបានហៅស្ថានការណ៍​នេះ ថាជាការចាប់ចំណាប់ខ្មាំង​។ ស្ថានការណ៍​កាន់តែអាសន្ន ដោយសារតែមន្ត្រីទូតបារាំងដែលជាប់ក្នុងស្ថានទូត គ្មានស្បៀងអាហារគ្រប់គ្រាន់។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមយោធាធ្វើរដ្ឋប្រហារនីហ្សេ បាន​ហាមឃាត់​មិន​ឲ្យយន្តហោះបារាំង ហោះចូលដែនអាកាសនីហ្សេថែមទៀតផង​។​

អវសាន​នៃ​​ប្រតិបត្តិ​ការកងទ័ពបារាំង ដើម្បី​​ប្រយុទ្ធប្រឆាំងនឹង​​ក្រុមជីហាតអ៊ីស្លាម​នៅតំបន់សាហ៊ែល?

ក្រោយ​ការប្រកាសរបស់​លោក​ម៉ាក្រុង ថាបារាំងនឹងដកទ័ពចេញនីហ្សេ អាជ្ញាធររបបសិកនីហ្សេ​ បានចេញលិខិតប្រកាស អបអរសារទរ ថានេះគឺជាការបោះជំហាន ឈានទៅ​ពង្រឹកអធិបតេយ្យភាព​របស់​នីហ្សេ។ ផ្សាយ​តាមកញ្ចក់ទូរទស្សន៍ជាតិនីហ្សេ ក្រុមយោធារបបសិក បានអះអាងថា រាល់អង្គភាព រដ្ឋាភិបាល ឬកងទ័ពបរទេសណាក៏ដោយ ដែលមានផែន​ការ​គំរាម​មកលើផលប្រយោជន៍ជាតិនីហ្សេ គឺនឹងត្រូវ​តែដកចេញឲ្យអស់ពីទឹកដី​នីហ្សេ ដោយ​គោរពទៅតាមឆន្ទៈរបស់​ពលរដ្ឋនីហ្សេ​។​

យ៉ាងណាក៏ដោយ ការចោទប្រកាន់កន្លងមកពីសំណាក់ក្រុមយោធារបបសិកនីហ្សេ ថាបារាំងមានគំរោងផែនការ​ប្រឆាំងនឹងសន្តិសុខជាតិនីហ្សេនោះ គឺតែងតែត្រូវបានភាគីបារាំងច្រានចោលជានិច្ច​។ ផ្ទុយទៅវិញ លោក​ប្រធានាធិបតី​បារាំង បានអះអាងថា បេសកកម្ម​កងទ័ពបារាំងនៅតំបន់សាហ៊ែល ដែលបានដំណើរការទៅ​ប្រមាណ​១០ឆ្នាំមកនេះ បានហុចលទ្ធផលវិជ្ជមានច្រើនណាស់ សម្រាប់​ប្រជាជននៅតំបន់នេះ​។ បើគ្មានវត្តមានកងទ័ពបារាំង ជួយទេ ម្លេះក្រុមជីហាតភេរវកម្មនឹងកើនកម្លាំងរីករាលដាល កាប់សម្លាប់ជីវិតប្រជាជនស៊ីវីលកាន់តែច្រើន​ ជាក់ជាមិនខានទេ មិនថានៅម៉ាលី នៅបួគីណាហ្វាសូ ឬនៅនីហ្សេ។

លោក​ម៉ាក្រុង បានថ្លែងការសោកស្តាយ​ណាស់ ដែលប្រទេសនៅតំបន់សាហ៊ែល បានពើបប្រទះនឹងការធ្វើរដ្ឋប្រហារយោធាជា​បន្តបន្ទាប់គ្នា ដែល​លោកហៅថាជា “ជំងឺឆ្លងរដ្ឋប្រហារ​”។ លោកម៉ាក្រុង បាន​លើកឡើងថា លោក​ក៏ដូចជាអ្នកជំនាញ​ផ្សេងៗទៀត មានការព្រួយបារម្ភណាស់ អំពីស្ថានភាព​សន្តិសុខនៅតំបន់នេះអំណេះតទៅ​។ តែយ៉ាងណាក៏ដោយ បារាំងមិនមែន​ជាអ្នក​ទទួលខុសត្រូវ ទៅលើ​បញ្ហាវិបត្តិនយោបាយ​ផ្ទៃក្នុងរបស់​ប្រទេសទាំងនេះទេ​។​

ទាក់ទិននឹងអនាគតនៃបេសកកម្មបាកកាន តំបន់សាហ៊ែល គិតមកទល់ពេលនេះ គឺមិនទាន់មានការបញ្ជាក់ពី​រដ្ឋាភិបាល​បារាំង​ទេ ថាកងទ័ពបារាំងចំនួន​១៥០០នាក់ ដែល​នឹងត្រូវដកចេញពីនីហ្សេ​ នឹងត្រូវយកចូលស្រុក​បារាំងវិញ ឬ​មួយក៏ត្រូវបញ្ជូន​ទៅកាន់ប្រទេសផ្សេង​នៅ​អាហ្វ្រិក​។​ នៅជុំវិញតំបន់សាហ៊ែល ក្រៅពីនីហ្សេ បច្ចុប្បន្នបារាំងមានកងទ័ពប្រមាណ១០០០នាក់ ប្រចាំនៅ​ប្រទេសឆាតដែលមានព្រំដែនជាប់នីហ្សេ មាន​៤០០នាក់​នៅសេនេហ្កាល់ ​៩០០នាក់​នៅកូឌីវ័រ និងនៅ​ហ្កាបុង ប្រមាណ​៣៥០នាក់។

លោក Thierry Vircoulon អ្នកសម្របសម្រួល​នៅ​ក្រុមឃ្លាំមើលអាហ្វ្រិក​កណ្តាលនិងខាងត្បូង នៃវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិបារាំង(IFRI) បាន​លើកឡើងថា បន្ទាប់ពី ម៉ាលី និង​​បួគីណាហ្វាសូ បានធ្លាក់ចូលក្នុងរបបសិក ហើយ​បានបណ្តេញ​កងទ័ពបារាំងឲ្យចេញ នីហ្សេបានក្លាយ​ជាទីតាំង​បង្គោលធំចុងក្រោយ​សម្រាប់បារាំង នៅ​ក្នុង​ប្រតិបត្តិការបោសសំអាតក្រុមជីហាតតំបន់សាហ៊ែល​។ តែអំណេះតទៅ គឺ​ប្រតិបត្តិការ​នេះត្រូវដល់ទីអវសានហើយ​។ ចាប់ពីពេលនេះទៅ បារាំងគ្មានអនាគតអ្វីទៀតទេ នៅតំបន់សាហ៊ែល។

ផ្ទុយទៅវិញ វត្តមានរបស់រុស្ស៊ី ត្រូវបាន​គេសង្កេតឃើញ​ក្នុងតំបន់សាហ៊ែល តាមរយៈអន្តរាគមន៍របស់​ក្រុមទាហានស៊ីឈ្នួល Wagner ។ ទង់ជាតិរុស្ស៊ី និង​ពាក្យស្លោក​អរគុណលោក​ពូទីន ត្រូវបាន​ក្រុមបាតុករនីហ្សេ លើកគ្រវីជាញឹកញាប់ ក្នុងក្បួនបាតុកម្ម​ប្រឆាំងជេរបារាំង ប្រមាណជិត​២ខែមកនេះ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ