អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអគ្គលេខាធិការ អ .ស.ប. បរិហារថា ពិភពលោក​កំពុងតែឆ្កួតលីលា​ជាមួយនឹងអាវុធនុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ឱកាសកិច្ចប្រជុំពិសេសមួយ​ ក្នុង​ក្របខណ្ឌមហាសន្និបាទនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី​២៦កញ្ញា លោក​​អគ្គលេខាធិការ អង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងសុន្ទរកថាដោយ​លោក​បាន​លើកឡើងថា ពិភពលោកយើង កំពុងតែ​វក់វីនឹងភាពឆ្កួតលីលា ជាមួយនឹងអាវុធ​នុយក្លេអ៊ែរ​។ ការប្រណាំងប្រជែងគ្នា នៃអាវុធមហាប្រល័យនេះ ត្រូវបាន​លោក​អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ បរិហាថាគឺជាគ្រោះថ្នាក់ដ៏អាសន្នបំផុតសម្រាប់មនុស្សជាតិ​។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងដឹកនាំកិច្ចប្រជុំពិសេស ស្តីអំពី​ការគំរាម​នៃសង្គ្រាមនុយក្លេអ៊ែរ ។ អង្គការសហប្រជាជាតិ​ក្រុងញូយ៉ក ថ្ងៃទី២៦កញ្ញា២០២៣
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងដឹកនាំកិច្ចប្រជុំពិសេស ស្តីអំពី​ការគំរាម​នៃសង្គ្រាមនុយក្លេអ៊ែរ ។ អង្គការសហប្រជាជាតិ​ក្រុងញូយ៉ក ថ្ងៃទី២៦កញ្ញា២០២៣ AP - Mary Altaffer
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍​ បារម្ភ​ខ្លាំង​?

នៅ​ថ្ងៃទី​២៦កញ្ញា ដែល​ជាទិវាអន្តរជាតិនៃការបំបាត់ចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បាន​លើកឡើងថា ជាលើកទី១ក្នុងរវាង​ច្រើនទសវត្សមកនេះ ចំនួន​គ្រាប់នុយក្លេអ៊ែរ អាចនឹងកើនឡើងនៅទូទាំងពិភពលោក។ បញ្ហានេះគឺជាបញ្ហាអាសន្ន ព្រោះថាមហាអំណាចធំៗ កាន់តែប្រជែង ប្រណាំងគ្នាបង្កើនចំនួនអាវុធមហាប្រល័យនេះ តែរៀងៗខ្លួន​។ ជាងនេះទៀត លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងការបារម្ភថា គ្រោងឆ្អឹង​ស្ថាប័ន​ពិភពលោក​ដើម្បី​ទប់ស្កាត់ការរីកសាយភាព​​អាវុធនុយក្លេអ៊ែរ ត្រូវបាន​រុះរើ ឬរលំបាក់ជាបន្តបន្ទាប់​។

លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សព្វាវុធនុយក្លេអ៊ែរបច្ចុប្បន្ន​នេះ កាន់តែ​ទំនើប កាន់តែ​លឿនរហ័ស កាន់តែបាញ់ចំ​គោលដៅ​​​ច្បាស់ និង​កាន់តែអាចបញ្ជាបាន​ដោយងាយ​។ ភាពឆ្កួតលីលានៃអាវុធនុយក្លេអ៊ែរនេះ វាបៀបបាននឹងជ្រោះមរណៈ ដែល​ដែល​មនុស្សជាតិយើងត្រូវតែរួមគ្នាចាកចេញឲ្យផុត​។ នៅក្នុងបរិបទនេះ លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បានអំពាវនាវាហៅ​ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងអស់ ថាត្រូវតែធ្វើ​គម្រូល្អ បង្ហាញផ្លូវត្រឹមត្រូវ ហើយសន្យាថា ទោះជាកាលៈទេសៈណាក៏ដោយ​​ គឺ​ខ្លួនសន្យាថានឹងមិន​ប្រើអាវុធនុយក្លេអ៊ែរជាដាច់ខាត​។

ក្នុងនាមលោក​ជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកសូមសន្យាថានឹងប្រឹងប្រែងធ្វើការ ឲ្យ​អស់ពីសមត្ថភាព​ ក្នុងការ​ជួយ​ជំរុញប្រមូល​ប្រទេសទាំងអស់ ដើម្បីឈានទៅរួមគ្នាលុបបំបាត់ឲ្យ​បាន​ នូវអាវុធប្រល័យលោកទាំងនេះ​​ឲ្យ​អស់ពីផែនដី​ ហើយធ្វើ​ឲ្យ​ក្លាយ​ជាអតីតកាល​ ដែល​មិនអាចរស់ឡើងវិញ​បាន​​ ​។​

កូរ៉េខាងជើងចោទអាមេរិកថាជាអ្នកដុត “ភ្លើងសង្គ្រាមនុយក្លេអ៊ែរ”

ដោយឡែក នៅថ្ងៃទី​២៦កញ្ញា​ នៅ​អង្គការសហប្រជាជាតិដែរ តំណាងរដ្ឋាភិបាលរបបផ្តាច់​ការកូរ៉េខាងជើង​ បាន​ឡើងថ្លែងសុន្ទរកថា ដោយ​បាន​លើកឡើងថា “ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅ​មាត់ជ្រោះសង្គ្រាមនុយក្លេអ៊ែរ ហើយ​អ្នកដែល​បង្កបញ្ហានេះ គឺគ្មាននរណាទេ ក្រៅពីសហរដ្ឋអាមេរិក”​។

លោក គីម សុង អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បាន​បរិហារថា គឺសកម្មភាព​ដែលគ្មានការពិចារណា និងពោរពេញដោយ​ភាពកម្រោល​ចូលរបស់អាមេរិក ដែលកំពុងតែដុត​ភ្លើងសង្គ្រាម​នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ​។ មន្ត្រី​កូរ៉េខាងជើងរូបនេះ បន្តថាអាមេរិកបានអុជអាលប្រទេសក្នុងតំបន់​ក្បែរខាងកូរ៉េខាងជើង ឲ្យធ្វើតាមខ្លួន ពោលគឺវា​ជាយុទ្ធសាស្ត្រខ្វះការប្រុងប្រយ័ត្ន ដើម្បី​តែបំពេញមហិច្ឆតា និង​ផលប្រយោជន៍​របស់អាមេរិកតែប៉ុណ្ណោះ។

អស់ពីបរិហារអាមេរិក អគ្គរដ្ឋទូតកូរ៉េខាងជើង បាន​ចោទថារដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏មានចំណែក​ខុសដែរ ក្នុង​ការ​​ធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េត្រូវ​ប្រឈម​នឹងសង្គ្រាមនុយក្លេអ៊ែរ ព្រោះសេអ៊ូល​​ព្រម​ឱន​ក្បាលធ្វើ​ជាអាយ៉ងរបស់អាមេរិក ឈ្លក់វង្វេងចង់តែធ្វើសង្គ្រាម​ជាមួយបងប្អូនឯង។​

មហាអំណាច​ប្រើ​អាវុធនុយក្លេអ៊ែរដើម្បីគំរាមគ្នាកាន់តែខ្លាំង​​

ទាក់ទិននឹងការ​គំរាមប្រើអាវុធនុយក្លេអ៊ែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនបាន​បញ្ចេញ​ឈ្មោះប្រទេសណាមួយ​ឲ្យចំទេ។ តែបរិបទសង្គ្រាម​នៅអ៊ុយក្រែន បានធ្វើ​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពដែលរុស្ស៊ី ​អាចនឹងប្រើ​អាវុធនុយក្លេអ៊ែរតាក់ទិក​។​ យ៉ាងណាមិញ លទ្ធភាពនេះ ត្រូវបាន​ភាគី​រុស្ស៊ី​លើកយកមកគ្រវីគំរាមជាញយដងមកហើយ។

សូមបញ្ជាក់ថា យោងតាម​តួលេខរបស់​ វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវដើម្បីសន្តិភាព ហៅកាត់ថា SIPRI ដែលមានទីតាំងនៅក្រុងស្តុកខូលម៍ គឺដើមឆ្នាំ​២០២៣ ពិភពលោក​យើងមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ សរុបចំនួន ១២៥១២គ្រាប់​។ ទំហំ​​នេះបានថយចុះបន្តិច បើប្រៀបធៀបទៅ​ឆ្នាំ​២០២២ ដែលមានចំនួន​​ ១២៧១០​គ្រាប់។​ តែយ៉ាងណា ស្ថិតក្នុងបរិបទនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាង​មហាអំណាចធំៗ អ្នកជំនាញ​បាន​ថ្លែងការបារម្ភថា ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរអាចនឹងកើនឡើង ចាប់ពីពេលនេះទៅ។ ពោលគេ សករាជនៃ​ការថយចុះចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទំនង​ជាបាន​​​ដើរមកដល់ទីបញ្ចប់​ហើយ។ អំណេះតទៅ ពិភពលោកនឹងឈានជើងចូលទៅកាន់ទំព័រថ្មីនៃការប្រណាំងប្រជែង ដំឡើងទំហំសព្វាវុធ​នុយក្លេអ៊ែរ ដើម្បីកំញើញគ្នាទៅវិញទៅមក​។​

គួរ​កត់សំគាល់ដែរថា បច្ចុប្បន្ន​មានប្រទេស​៩ ដែលជាផ្លូវការ​ត្រូវគេដឹងថាជាមហាអំណាច មានអាវុធបរមាណូ នោះគឺ សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និង​កូរ៉េខាងជើង​។​ យោងតាមតួលេខ​ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) គឺរុស្ស៊ីមានក្បាលគ្រាប់នុយក្លែអ៊ែរច្រើនជាងគេ គឺចំនួន​ ៥៨៨៩គ្រាប់ ខណៈអាមេរិក​មានចំនួន ៥២៤៤គ្រាប់។ រុស្ស៊ី និង​អាមេរិក​ តែ២នាក់ មានក្បាលគ្រាប់នុយក្លេអ៊ែរ​​ សរុប​ដល់ទៅ៩០%នៃទំហំរួមទូទាំងពិភពលោក​។​ ចិនវិញស្ថិតនៅលេខរៀងទី​៣ មានចំនួន ៤១០គ្រាប់ បារាំងមាន​២៩០គ្រាប់ អង់គ្លេសមាន ២២៥គ្រាប់ ប៉ាគីស្ថានមាន​១៧០គ្រាប់ ឥណ្ឌាមាន ១៦៤គ្រាប់ អ៊ីស្រាអែលមាន៩០គ្រាប់ ហើយកូរ៉េខាងជើងមានប្រមាណ​៣០គ្រាប់។

ក្រៅកូរ៉េខាងជើង ដែលកំពុងបង្កឲ្យ​មានការបារម្ភ អ៊ីរ៉ង់ក៏​​​​កំពុងធ្វើ​ឲ្យ​​អ្នកសង្កេតស្ថានការណ៍​ តាមដានយកចិត្តទុកដាក់ខ្ពស់ដែរ។ កិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ស្ថិតនៅជាប់គាំង គ្មានដំណោះស្រាយ ខណៈការចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ បាន​កើនសកម្មភាពកាន់តែខ្លាំង​។ យោងតាមប្រភពច្បាស់ការជាច្រើន គឺ​ទំហំអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរបស់អ៊ីរ៉ង់ បានលើស​ច្រើនទៅៗ នៃកម្រិតអនុញ្ញាត ដែលប្រការនេះអាចនឹង​បើក​ផ្លូវ​​ឲ្យ​អ៊ីរ៉ង់ អាចផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរបាន​ ក្នុងពេល​ដ៏ឆាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ