អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុបបារម្ភខ្លាចថា សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីនរញ្ជួយឲ្យកើតមានអំពើហិង្សាចូលដល់ទឹកដីអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាមអ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន​កាន់តែធ្លាក់ផុងជ្រៅ។ ៨ថ្ងៃ​ក្រោយ ការវាយឆ្មក់ទ្រង់ទ្រាយធំ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស​ជាង ១៣០០នាក់ នៅក្នុងទឹកដី​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​បន្ត​បាញ់ប្លោង ទៅលើតំបន់​ហ្កាហ្សា សម្លាប់មនុស្ស​ជិត ២០០០នាក់ និង​ត្រៀមកម្លាំង​ដើម្បី​វាយលុកជើងគោក ក្នុងគោលដៅ គាស់រំលើង ចលនាហាម៉ាសប៉ាឡេស្ទីន។ ការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមប្រដាប់អាវុធ​ហាម៉ាសប៉ាឡេស្ទីន​ដែលបាន​សម្លាប់​ប្រជាជន​ស៊ីវិល នៅទឹកដី​អ៊ីស្រាអែល​បានបណ្តាល​ឲ្យមាន​បាតុកម្ម​បង្ហាញសាមគ្គីភាព​ជាមួយ​អ៊ីស្រាអែល។ ប៉ុន្តែ ការវាយប្រហារ​ផ្លូវអាកាស និងការត្រៀមកម្លាំងវាយលុក បោសសម្អាត​កុ្រមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស និង​វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ​នៅ​ទឹកដីហ្កាហ្សា កំពុង​បណ្តាល​ឲ្យ​ផ្ទុះ​មាន​បាតុកម្ម​ប្រឆាំង ស្អប់អ៊ីស្រាអែល នៅតាម​បណ្តាប្រទេស​អារ៉ាប់ និង​ប្រទេស​សំបូរ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម។

ប៉ូលិសបារាំង​នៅ​ក្បែរសាលារៀនជាទីដែល​គ្រូបង្រៀនម្នាក់ត្រូវ​ខ្មាន់កាំបិតចាក់សម្លាប់កាលពីថ្ងៃទី ១៣​តុលា ២០២៣
ប៉ូលិសបារាំង​នៅ​ក្បែរសាលារៀនជាទីដែល​គ្រូបង្រៀនម្នាក់ត្រូវ​ខ្មាន់កាំបិតចាក់សម្លាប់កាលពីថ្ងៃទី ១៣​តុលា ២០២៣ © Pascal Rossignol / Reuters
ផ្សាយពាណិជ្ជកម្ម

ភ្លើងសង្រ្គាម​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីនកំពុងឆេះសន្ធោសន្ធៅ ជាពិសេស​នៅ​តំបន់​ហ្កាហ្សា ជាទី ដែល​អ៊ីស្រាអែល នៅ​៧ថ្ងៃមកនេះ​បាន​បាញ់ប្លោង ទម្លាក់គ្រាប់បែក សឹងមិនលោះថ្ងៃ។ តាម​អាជ្ញាធរ​ប៉ាឡេស្ទីន ការវាយប្រហារផ្លូវអាកាស​របស់​អ៊ីស្រាអែល​គិត​មកត្រឹម​ថ្ងៃ​សុក្រ បានសម្លាប់មនុស្ស​ជាង ១៥០០នាក់ ដែលនៅក្នុងនោះ មានកុមារ ៥០០នាក់ និង​បានបំផ្លាញអគារជាង ១៣០០​នៅក្នុង​តំបន់ហ្កាហ្សា។ នេះបើតាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ។

អ៊ីស្រាអែល​បាញ់សម្លាប់​មេចលនា​ហាម៉ាស

៨ថ្ងៃក្រោយ​បាញ់ប្លោងទៅលើជំរំ អគារ រូងក្រោមដី ដែល​អ៊ីស្រាអែល ជឿថា ជាកន្លែង​លាក់ខ្លួន​របស់ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅ​ក្នុងតំបន់​ហ្កាហ្សា អ្នកនាំពាក្យ​របស់​កងទ័ពអ៊ីស្រាអែល​បាន​អះអាង​នៅថ្ងៃ​សៅរ៍នេះ​ថា ការវាយប្រហារ​ផ្លូវអាកាស​បាន​សម្លាប់​ Al Qadi មេបញ្ជាការ​កងពល  Nukhba ដែលជា​ក្រុមទាហានឆ្នើមរបស់​ហាម៉ាស និងជាអ្នកដែលដឹកនាំ​ការវាយប្រហារឆ្មក់ចូលទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន។

តាម​អ្នកនាំពាក្យ​ខាងលើ​ កងទ័ពអ៊ីស្រាអែល​និង​ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង​បាន​ទទួល​ព័ត៌មានគួរឲ្យជឿជាក់ដែលថា Al Qadi មេបញ្ជាការ​កងពល  Nukhba​របស់​ចលនា​ហាម៉ាស​ស្លាប់​នៅក្នុងការវាយប្រហារ​ផ្លូវអាកាស។

មានអាយុ ៣៧ឆ្នាំ Al Qadi ជាជនជាតិ​ប៉ាឡេស្ទីន មាន​ដើមកំណើត​ចេញពី Ramallha របស់​ស៊ីហ្សកដានី ដែលជាទឹកដីមួយទៀត​របស់​ប្រជាជនប៉ាឡេស្ទីន។ តាម​អ្នកនាំពាក្យ​រប់ស​កងទ័ពអ៊ីស្រាអែល Al Qadi ដែល​ចលនា​ហាម៉ាស​ធ្លាប់​បញ្ជាក់ថា ជា​មេបញ្ជាការ​របស់​ក្រុមប្រដាប់អាវុធឆ្នើម Nukhba ធ្លាប់ស្ថិតក្នុងចំណោម​អ្នកទោស​ប៉ាឡេស្ទីន ដែលអ៊ីស្រាអែល​ដោះលែង និង​ចាប់បញ្ជូនឲ្យ​ទៅ​រស់នៅ ហ្កាហ្សា នៅ​ឆ្នាំ ២០១១ នៅក្នុងក្របខ័ណ្ឌ​ដោះដូរ​អ្នកទោស រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ភាគីហាម៉ាសនៅថ្ងៃសៅរ៍ទី ១៤​តុលា ​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អ្វីទាំងអស់​ទាក់ទង​នឹង​ព័ត៌មានដែល​ថា មេបញ្ជាការម្នាក់របស់ខ្លួន​ស្លាប់​នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។

បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីនកំពុង​គ្របដណ្តប់​សមានចិត្ត​សំដែងសាមគ្គីភាពជាមួយ​អ៊ីស្រាអែល

នៅចំពោះមុខការ​វាយប្រហារ​ដ៏សន្ធឹក​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា ដែលបាន​សម្លាប់​ប្រជាជនស៊ីវិល និង​បណ្តាល​ឲ្យប្រជាជន​ប៉ាឡេស្ទីន ​រាប់​សែន​នាក់​រត់ភៀសខ្លួន គេចចេញ​ពីការទម្លាក់គ្រាប់បែក​របស់អ៊ីស្រាអែល បាតុកម្ម​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន​បានបន្លឺឡើង​​ជាបន្តបន្ទាប់ ជាពិសេស​នៅតាម​បណ្តាប្រទេស​អារ៉ាប់ និង​នៅប្រទេស​ដែលមាន​ប្រជាជនកាន់សាសនា​អ៊ីស្លាម។ តាំង​ពីប្រទេស​នៅ​តំបន់ដើមបូព៌ា អេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី យេម៉ែន អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន រហូត​អាហ្វ្រិក ដូចជា​លីប៊ី អាល់ហ្សេរី ម៉ារ៉ុក និង​នៅអាស៊ី ដូចជា បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស្ទី ប៉ាគីស្ថាន ប្រជាជន​រាប់ពាន់ រាប់ម៉ឺននាក់ ចុះថ្នល់​ធ្វើបាតុកម្ម លើកទង់ជាតិ​ប៉ាឡេស្ទីន និងទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់ ការប្រើកម្លាំងយោធា ដ៏ហិង្សា​ទៅលើ​ប្រជាជន​ស្លូតត្រង់​ប៉ាឡេស្ទីន​ដែលកំពុង​នៅជាប់គាំង​ក្នុង​តំបន់​ហ្កាហ្សា។

នៅ​ប្រទេស​មួយចំនួន ដូចជា​អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​ប៉ាគីស្ថាន បាតុករ​ដុត​ទង់ជាតិ​អ៊ីស្រាអែល ទង់ជាតិ​អាមេរិក និង​ស្រែក​ថ្កោលទោស​នយោបាយ​ឈ្លានពាន​ធ្វើអាណានិគមនិយម​របស់​អ៊ីស្រាអែល ទៅលើ​ទឹកដី​ប៉ាឡេស្ទីន តាមរយៈ​ការបញ្ជា​ បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យរើចាកចេញ ដោយ​កំហិត​ពី​ភាគខាងជើងតំបន់​ហ្កហ្សា។

អឺរ៉ុប​កំពុង​ខ្លាច​ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន​ហៀរចេញពីដើមបូព៌ា

ភ្លើងសង្រ្គាមកំពុងឆេះសន្ធោសន្ធៅ​នៅ​ទឹកដី​ហ្កាហ្សា។ ប៉ុន្តែ ប្រទេស​ជាច្រើន នៅអឺរ៉ុប​កំពុងភ័យបារម្ភខ្លាច​ពីការជះឥទ្ធិពល​របស់​វា រហូត​បណ្តាល​ឲ្យមានបញ្ហា​ក្នុង​សង្គម ជាពិសេសភាពតានតឹង ជម្លោះ​រវាង​សហគមន៍ជនជាតិ​នៅអឺរ៉ុប។

ថ្វីត្បិតថា ជម្លោះ​ប្រដាប់អាវុធ អំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កើតឡើង​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីនមែន ប៉ុន្តែ វា​រមែងជះឥទ្ធិពល រងរញ្ជួយ​រហូត​ដល់​ទឹកដីអឺរ៉ុប។ ជាក់ស្តែង នៅបារាំង ក្រសួងមហាផ្ទៃ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន ក្នុង​ហេតុផល​ថា បាតុកម្មរបស់​អ្នកគាំទ្រ​ប៉ាឡេស្ទីន តែងទាក់ទាញ​ឲ្យ​កើតមាន​ការប្រព្រឹត្ត​អំពើហិង្សា បង្កអសណ្តាប់ធ្នាប់ និងការប៉ះទង្គិចជាមួយប៉ូលិសបារាំង។

តាមការវាយតម្លៃ​របស់​អ្នកនាំពាក្យ​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដោយសារ ការវាយប្រហារ​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា  និងការប្រព្រឹត្តអំពើហិង្សា និង អយុត្តិធម៌របស់​អាជ្ញាធរ​អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន និន្នាការ​ស្អប់​អ្នកកាន់សាសនា​ជ្វីហ្វ និង​សារស្អប់អ្នកកាន់សាសនា​អ៊ីស្លាម បាន​កើនឡើង នៅតាមបណ្តា​ប្រទេស​ក្នុង​ពិភពលោក។ នៅបារាំង អាជ្ញាធរ​រកឃើញ មាន​សកម្មភាព​ប្រឆាំង​ជេរប្រមាថ ជនជាតិ​ជ្វីហ្វ​ជាង​១០០​ករណី គិត​ចាប់តាំង មានការប្រយុទ្ធគ្នា​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ៨ថ្ងៃមកនេះ។ ប៉ូលិស​បារាំង​បានចាប់ឃាត់ខ្លួន​មនុស្ស​៤១នាក់ ចំណែក​សាលារៀន វិហារអ្នកកាន់សាសនាជ្វីហ្វ ប្រមាណ ៥០០កន្លែង​នៅទូទាំងប្រទេស​ត្រូវដាក់ស្ថិតក្រោម​ការយាម​ការបាររបស់​ប៉ូលិស កងអាវុធហត្ថបារាំង ចំនួន ១ម៉ឺននាក់។ បារាំង​ចាត់វិធានការការពារ​តឹងរ៉ឹងខ្លាំង ព្រោះបារាំង​ជា​ប្រទេស​នាំមុខគេ​នៅអឺរ៉ុប​ដែលមាន​សហគមន៍ជ្វីហ្វរស់នៅច្រើនជាងគេ ប្រមាណ ៥សែននាក់ ប៉ុន្តែ បារាំង​ក៏មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាមច្រើនសម្បើមដែរ ប្រមាណ ៦លាននាក់ ពោល​គឺស្មើនឹង​៩%​នៃប្រជាជនបារាំងសរុប។

ក្រៅពីបារាំង អាល្លឺម៉ង់ និងប្រទេស​នៅអឺរ៉ុប​មួយចំនួនទៀត បាន​ចាត់វិធានការ​តឹងរ៉ឹង​ដូចគ្នានេះដែរ ដើម្បី​បង្កាទប់ស្កាត់​កុំ​ឲ្យមាន​បញ្ហាសង្គម ជាពិសេស ការស្អប់​រើសអើង​សហគមន៍ជ្វីហ្វ។ នៅអង់គ្លេស នៅពេល​មានការវាយប្រហារ​ខ្លាំង​របស់​កងទ័ពអ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សាដើម្បីសងសឹកនឹង​ការវាយឆ្មក់សម្លាប់មនុស្ស​របស់​ក្រុមហាម៉ាស​នៅក្នុងទឹកដីអ៊ីស្រាអែល ចៅហ្វាយក្រុងឡុងដ៍​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កាន់សាសនា​ជ្វីហ្វនៅអង់គ្លេស ស្ថិតនៅតែក្នុងផ្ទះ។ អង់គ្លេស​បានអនុញ្ញាត​ឲ្យមាន​បាតុកម្ម​លើកទង់ជាតិ​ប៉ាឡេស្ទីន​នៅថ្ងៃ​សុក្រ ប៉ុន្តែ​ហាមមិន​ឲ្យ​បាតុកម្ម​គាំទ្រ​ក្រុមហាម៉ាស ដែលអង់គ្លេស​ចាត់ចូលក្នុងបញ្ជីក្រុមភេរវនិយមអន្តរជាតិ។

ដោយសារ​សង្រ្គាមអ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា សហគមន៍ជនជាតិជ្វីហ្វ​ នៅអឺរ៉ុប ត្រូវ​រស់នៅ​ក្នុងការភ័យខ្លាចជាប់ជានិច្ច។ នៅហូឡង់ អេស្ប៉ាញ ប៉ូលិស​ត្រូវ​ដាក់ពង្រាយ នៅតាម​​វិហារ និងមុខ​សាលារៀនជ្វីហ្វ នៅបន្ទាប់ពី ចលនាហាម៉ាស​ប៉ាឡេស្ទីនស្រែកអំពាវនាវ​ឲ្យគេសម្លាប់ជនជាតិជ្វីហ្វ​នៅគ្រប់​កន្លែង​ក្នុងពិភពលោក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ