អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

កិច្ច​ព្រមព្រៀង​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អាច​មាន​សង្ឃឹម​រឺ​យ៉ាងណា?

នៅ​សល់​ពេល​មិន​ដល់​ពី​រថ្ងៃ​ទៀត​ទេ ដែល​ថ្ងៃ​កំណត់​នៃ​ការ​ចរចា ៧ភាគី​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង​ នឹង​ត្រូវ​បញ្ចប់។ សេចក្តី​សង្ឃឹម​ចាប់ផ្តើម​មាន​ពន្លក កាន់​តែ​ធំ​ព្រោះ​ថា នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ភាគី ទាំងអស់ បាន​ត្រូវរូវ​គ្នា រហូត​មក​ដល់​ចំនុច​នេះ។ នេះ​ជា​ឱកាស ដ៏​ល្អ​សម្រាប់​អ៊ីរ៉ង់​ ដើម្បី​រួចខ្លួន​ចេញ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​សហគមន៍​អន្តរជាតិ បាន​ដាក់​លើ​អ៊ីរ៉ង់​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif ពេល​មកដល់ទីក្រុង​ Vienne ដើម្បីចរចា​ជាមួយភាគី​ទាំង​៦​នៅថ្ងៃ​ ១៨ វិច្ឆិកា ២០១៤
ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif ពេល​មកដល់ទីក្រុង​ Vienne ដើម្បីចរចា​ជាមួយភាគី​ទាំង​៦​នៅថ្ងៃ​ ១៨ វិច្ឆិកា ២០១៤ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ​ដែល​ប្រទេស​៧ បាន​ចរចារ​គ្នា​ស្តី​ពី​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ក្នុង​នោះ​រួម​មាន៖​ សហរដ្ឋ​អាមេរិក​ ​បារាំង ​អង់គ្លេស ​រុស្ស៊ី ​ចិន អាល្លឺម៉ង់​ និងអ៊ីរ៉ង​ផ្ទាល់។ ​កិច្ច​ចរចា​ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​​វីយែន ​ប្រទេស​អូទ្រីស ​កាល​ពី​ម្សិលមិញ ​មាន​ការ​ចូលរួម​ពី ​រដ្ឋមន្រ្តី ​ក្រសួង​ការ​បរទេស​របស់​ប្រទេស​ទាំង​៧។ ​អ្នក​ដែល​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការ​ចរចា​នេះ ​គឺ​សហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់។

 
មាន​សញ្ញា​វិជ្ជមាន​ជា​ច្រើន​ បន្ទាប់​ពី​មាន​ការ​ជួប​ប្រាស្រ័យ​ដាច់​ដោយឡែក​ជាច្រើន​លើក​ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក នឹង​អ៊ីរ៉ង់។ ​នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​ភាគី​ទាំងពីរ​បាន​បង្ហាញ​ភាព​ល្អូកល្អើន ​ដែល​នេះ​អាច​ជះ​ផល​វិជ្ជមាន​ ​ដល់​លទ្ធផល​នៃ​ការ​ស្វែងរក​ដំណោះ​ស្រាយ ​ដែល​បាន​រាំងស្ទះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។

ទោះ​បី​ជា​យ៉ាងណា ​នៅ​មាន​ចំណុច​សំខាន់​ពីរ​ដែល​ ភាគី​ទាំងពីរ​នៅ​តែ​ខ្វែង​គំនិត​គ្នា។ ​ចំនុច​ទីមួយ​ គឺ​ភាគី​ទាំង​៦ ​ប្រាថ្នា​ចង់ឲ្យ​អ៊ីរ៉ង់​ ​បន្ថយ​ការ​ចំរាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​បន្តិច​ម្តងៗ ​រហូត​ទាល់តែ​បញ្ឈប់​ទាំងស្រុង​តែម្តង ​ដើម្បី​ធានា​ថា ​អ៊ីរ៉ង់​នឹង​គ្មាន​លទ្ធភាព​ទៅ​បង្កើត​គ្រាប់បែប​បរមាណូ។ ​ប៉ុន្តែ​អ៊ីរ៉ង់​វិញ ​មិន​ព្រម​ទទួល​យក​លក្ខខណ្ឌ​នេះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​អ៊ីរ៉ង់​ទាមទារ​ចង់​បន្ថែម​ការ​ផលិត​ជាតិ​អ៊ុយរ៉ានីញ៉ូម​បន្ថែម​ទៀត ​ព្រោះ​ខ្លួន​ត្រូវការ​វា​ យក​ទៅ​ដំនើរ​ការ​រោងចក្រ​ផលិត​អគ្គីសនី​ ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

ប្រមុខ​ការទូត​រុស្ស៊ី ​ដែល​មាន​វត្តមាន​ក្នុង​ការ​ចរចា ​បាន​សម្តែង​សុទិដ្ឋិនិយម​ថា​ លើក​នេះ​ភាគី​ទាំងអស់​អាច​នឹង​មាន​ឱកាស​ព្រមព្រៀង​គ្នា។ ​ពេល​វេលា​មិនអាច​ទន្ទឹង​ចាំ​បាន​ទៀត​ទេ។​ ប៉ុន្តែ​លើក​នេះ​បើសិន​ជា​នៅ​តែ​បរជ័យ គេ​មិនដឹង​ថា​ពេល​ណា ​អាច​នឹង​មាន​ឱកាស​វិល​មករក​តុ​ចរចា​ជា​ថ្មី​នោះទេ។ ​មួយវិញទៀត ​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៥​ទៅ ​គណបក្ស​សាធារណៈរដ្ឋ​នឹង​ចូល​កាន់កាប់​សភា​អាមេរិក​ ដូច្នេះ ​លោក​ប្រធានាធិបតី​អូបាម៉ា​ លែង​មាន​កម្លាំង​គាំទ្រ​ទៀត​ហើយ។ ​អ៊ីរ៉ង់​គួរតែ​ចាប់​យក​ឱកាសនេះ ​ដើម្បី​បញ្ចប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែល​គ្រប់​គ្នា​គេ​បាន​ដាក់​ទៅ​លើ​ខ្លួន។

សូម​បញ្ជាក់​ថា ​អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​មកហើយ​ដែល ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ត្រូវ​បាន​រាំង​ខ្ទប់ ​ដោយសា​ទណ្ឌកម្ម​អន្តរជាតិ។ ​ដ៏រាប​ណា​អ៊ីរ៉ង់​មិន​បញ្ឈប់​កម្ម​វិធី​ចំរាញ់​ជាតិ​អ៊ុយរ៉ាណីញ៉ូម ​អាមេរិក ​និង​ប្រទេស​ធំៗ​ទាំងអស់​ នឹង​នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់។​ ប្រជាជន​អ៊ីរ៉ង់​បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ ក្នុង​ការ​ធ្វើ​ជំនួញ​ រកស៊ី ព្រោះ​ដោយសា​ តែ​ទណ្ឌកម្ម ​អ៊ីរ៉ង់​ស្ទើរ​តែ​បិទ​ទ្វា​ទាំងស្រុង ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​ធំៗ​ឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ