អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

លោកអូបាម៉ា៖ នៅ​មាន​គំនិត​ខ្វែង​គ្នា​ច្រើន ក្នុង​រឿង​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់

កិច្ចចរចា​អាមេរិក អ៊ីរ៉ង់ ស្តីពីកម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​បន្ត​ធ្វើ ដល់​ថ្ងៃ​ចន្ទទី ១០ វិច្ឆិកា​ បន្ទាប់ពី ការពិភាក្សា​យ៉ាង​តឹងតែង គ្មាន​ចេញ លទ្ធផល រវាង​ប្រមុខការបរទេស អាមេរិក និង​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ កាលពីថ្ងៃ​អាទិត្យ។ នៅថ្ងៃ​អាទិត្យ​ដដែល មុន​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​APEC នៅ​ប្រទេស​ចិន លោកប្រធានាធិបតី​អាមេរិក​បាន​ពន្លយ​ឲ្យ​ដឹង​រួចហើយ​ថា ដោយសារ​នៅ​មាន​ការខ្វែង​គំនិត​គ្នា​ច្រើន នៅក្នុង​ការចរចា គេ​ប្រហែល​មិនអាច​សម្រេច​បង្កើត​បាន​កិច្ចព្រមព្រៀង តាម​កាលកំណត់ នៅថ្ងៃ​ទី ២៤​វិច្ឆិកា​នេះទេ។ 

ជំនួប​ទ្វេភាគី​អាមេរិក និង​អ៊ីរ៉ង់ ធ្វើឡើង​ក្រោម​អធិបតី​ភាពរបស់​រដ្ឋមន្រ្តីការបរទេស​សហភាពអឺរ៉ុប Catherine Ashton  នៅថ្ងៃ​អាទិត្យ​ទី ៩ វិច្ឆិកា ក្នុង​ប្រទេស​អូម៉ង់
ជំនួប​ទ្វេភាគី​អាមេរិក និង​អ៊ីរ៉ង់ ធ្វើឡើង​ក្រោម​អធិបតី​ភាពរបស់​រដ្ឋមន្រ្តីការបរទេស​សហភាពអឺរ៉ុប Catherine Ashton នៅថ្ងៃ​អាទិត្យ​ទី ៩ វិច្ឆិកា ក្នុង​ប្រទេស​អូម៉ង់ ©REUTERS/Nicholas Kamm/Pool
ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ហាក់​គ្មាន​សុទិដ្ឋិនិយម ក្នុង​រឿង​ចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ អាមេរិក CBS កាលពីថ្ងៃ​អាទិត្យ ប្រមុខដឹកនាំ​អាមេរិក​បាន​លើកឡើង ពី​គម្លាត​ដ៏​ធំមួយ ដែល​ជា​ឧបសគ្គ រារាំង​មិន​ឲ្យ​គេ​អាច​រក​បាន​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ តាម​កាលកំណត់ គឺ​នៅថ្ងៃ ទី ២៤​វិច្ឆិកា​ខាងមុខ។ សម្រាប់​លោកប្រធានាធិបតី​អាមេរិក អ្វី​ដែល​ចោទ​នៅពេលនេះ គឺ​ថា តើ​គេ​អាច​កាត់បន្ថយ​ភាពខ្វែង​គំនិតគ្នា ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដែល​ធានាថា អ៊ីរ៉ង់​នឹង​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​ដើម្បី​ឲ្យ​គេ​អាច​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្តិចម្តងៗ​ពី អ៊ីរ៉ង់។

 
ថ្មីៗនេះ អាមេរិក​បាន​សម្រុក​បើក​ការចរចា​ទ្វេភាគី ជាមួយ​អ៊ីរ៉ង់ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ចំណុច​ខ្វែងគំនិត​គ្នា លើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ជំនួប​ជាបន្តបន្ទាប់ រវាង​ប្រមុខ ការបរទេស​អាមេរិក និង​អ៊ីរ៉ង់ ធ្វើឡើង បន្ទាប់ពី​មាន​ដំណឹង​ដែល​ថា លោក​ប្រធានាធិបតី​អាមេរិក​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​អាលី ខាមេណី អគ្គមគ្គទេសក៍​កំពូល​របស់​អ៊ីរ៉ង់ ដែល​ជាអ្នកសម្រេចចិត្ត​ក្នុង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ទាំង​ភាគី​ចរចា​អ៊ីរ៉ង់ និង​អាមេរិក​សុទ្ធតែ​ស្ថិតនៅ​សម្ពាធ​នយោបាយ​ក្នុង​ស្រុក។ លោក​ប្រធានាធិបតី​​អាមេរិក​ដែល​ទើប​បរាជ័យ​បាត់បង់​សំឡេង​ភាគច្រើន​របស់​គណបក្ស​របស់​លោក នៅ​ព្រឹទ្ធសភា ប្រាថ្នា​ចង់​ការចរចា​ឈាន​ទៅដល់​កិច្ចព្រមព្រៀង​នៅមុន​ថ្ងៃ​ទី ២៤​វិច្ឆិកា ព្រោះថា បើសិន​ការចរចា​លើកនេះ​ជួប​បរាជ័យ នោះ គណបក្ស​សាធារណរដ្ឋ ដែល​ពេលនេះ កំពុង​កាន់កាប់​ទាំង​ព្រឹទ្ធសភា និង​សភា​អ្នកតំណាងរាស្រ្ត នឹង​បោះឆ្នោត ដើម្បី​ដាក់​ទណ្ឌកម្ម​ជាថ្មី ទៅលើ​អ៊ីរ៉ង់។ អ៊ីរ៉ង់​ដែល​ប្រទេស​លោកខាងលិច​សង្ស័យថា កំពុង​លួចលាក់​ផលិត​អាវុធ​នុយក្លេអ៊ែរ នៅក្រោម ស្លាក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល។

នៅអ៊ីរ៉ង់​វិញ រដ្ឋាភិបាល​កណ្តាល​និយម​ប្រឈម​នឹងការដាក់​សម្ពាធ​ពី​ក្រុម​អភិរក្ស​ដែលទាមទារ​កុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សម្បទាន​ឲ្យ​សោះ​នៅក្នុង​ពេល​ចរចា​ជាមួយ​អាមេរិក។

សូមបញ្ជាក់ថា កាលពី​ខែ​កក្កដា កន្លងទៅ អ៊ីរ៉ង់ និង​ក្រុម​ប្រទេស ៥បូក១ បាន​យល់ព្រម​ពន្យារ​ពេល​ចរចា រហូត​ដល់​ថ្ងៃ​ទី ២៤​វិច្ឆិកា ដើម្បី​កាត់​ចោល​ឲ្យ​អស់ នូវ​គំនិត​ខ្វែងគ្នា ដែល​នៅ​សេសសល់។ ប៉ុន្តែ រាល់ការចរចា​បន្តបន្ទាប់​មិន​បាន​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន។ នៅក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃ​អាទិត្យ ភាគី​ចរចា​អាមេរិក និង​អ៊ីរ៉ង់ មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ណាមួយទេ ប៉ុន្តែ គេ​បាន​សន្យា​ថា នឹង​បន្ត​ពិភាក្សា នៅថ្ងៃ​ចន្ទ​នេះទៀត។ លោក​ប្រមុខ​ការបរទេស​អ៊ីរ៉ង់​ផ្ទាល់ បាន​បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​អ៊ីរ៉ង់ ពី​ការខ្វែង​គំនិត​គ្នា​ជាច្រើន រវាង​ភាគីចរចា ទៅលើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តាម​យោបល់​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ គេ​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង ប្រសិន​បើ​ភាគី​ចរចា​មាន​ឆន្ទះ​នយោបាយ​ពិតប្រាកដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ