អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រងសម្ពាធ​ទណ្ឌកម្ម​ធ្ងន់ធរពី​អាមេរិក​ គុយបា​លំបាក​ក្នុងការ​ដោះបំណុល​ជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលកុម្មុយនិស្តគុយបា គិតមកដល់បច្ចុប្បន្ននេះ បានប្រឹងប្រែងរស់ក្រោមគំនាបសេដ្ឋកិច្ចធ្ងន់ធ្ងររបស់អាមេរិកជាង ៥០ ឆ្នាំមកហើយ។ សម្ពាធទណ្ឌកម្មយ៉ាងខ្លាំងពីអាមេរិក កំពុងធ្វើឲ្យប្រទេសគុយបាលែងទទួលបានជំនួយហិរញ្ញវត្ថុពីបរទេស ពើបប្រទះនឹងវិបត្តិសេដ្ឋកិច្ចជាខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។គុយបា ជំពាក់បំណុលបរទេសច្រើនរាប់ពាន់លានដុលារ និងខកខានមិនបានសងប្រាក់ទៅម្ចាស់បំណុល តាមការសន្យាឡើយ។ តើគុយបា ជំពាក់បំណុលនរណាខ្លះ? ហើយចុះថាតើគុយបា នឹងអាចសងបំណុលដែលជំពាក់បរទេស ក្នុងចំនួនរាប់ពាន់លានដុល្លារបានដែរឬទេ?

ប្រធានាធិបតីគុយបាបច្ចុប្បន្នលោកមីហ្គែល ឌីយ៉ាហ្ស កានែល (ស្តាំ) និងអតីតប្រធានាធិបតីគុយលោករាអ៊ូល កាស្ត្រូ។
ប្រធានាធិបតីគុយបាបច្ចុប្បន្នលោកមីហ្គែល ឌីយ៉ាហ្ស កានែល (ស្តាំ) និងអតីតប្រធានាធិបតីគុយលោករាអ៊ូល កាស្ត្រូ។ AFP
ផ្សាយពាណិជ្ជកម្ម

ហេតុផលដែលបណ្តាលឲ្យអាមេរិក ដាក់ទណ្ឌកម្មទៅលើដែនកោះគុយបា?

បើគិតរហូតមកទល់នឹងពេលនេះ គុយបា ដែលជាប្រទេសកាន់របបកុម្មុយនិស្ត ទទួលរងសម្ពាធទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ប្រទេសអាមេរិកដែលជាមហាអំណាចពិភពលោក រយៈពេលជាង ៥០ ឆ្នាំ មកហើយ។

ដំបូងឡើយអាមេរិកបានដាក់ទណ្ឌកម្ម លើប្រទេសមួយនេះ ដោយសារអាមេរិកចង់ផ្តួលរំលំរបបដឹកនាំរបស់អតីតប្រមុខរដ្ឋជើងចាស់គុយបា គឺលោកហ្វីដែល កាស្ត្រូ ដែលជាអ្នកមិនចូលចិត្តរបៀបដឹកនាំពិភពលោករបស់អាមេរិកក្នុងសម័យសង្គ្រាមត្រជាក់។

កាលសម័យនោះ គុយបាមិនបានធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរអ្វីនោះទេ ដោយសារគុយបាទទួលបានជំនួយថរិកាពីអតីតសហភាពសូរៀតដែលជាគូសត្រូវរបស់អាមេរិក។

គុយបា របស់លោកហ្វីដែល កាស្ត្រូ បានទាញយកផលប្រយោជន៍ជាច្រើនទសវត្សរ៍ និងមិនតិចនោះទេ ពីសង្រ្គាមត្រជាក់ ដោយសារការផ្តល់ជំនួយរបស់សូវៀត។ កាលណោះ ក្នុងរយៈមួយឆ្នាំៗ គុយបាទទួលបានជំនួយពីសូវៀតក្នុងតម្លៃទឹកប្រាក់ចន្លោះពី ៤ ទៅ ៥ ពាន់លានដុល្លារ និងទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការកសាងប្រព័ន្ធអប់រំនិងសុខភាព។

ប៉ុន្តែ អ្វីៗបានប្រែប្រួលក្រឡាប់ចាក់អស់ ក្រោយការដួលរលំទៅនៃអតីសហភាពសូវៀត។ លែងទទួលបានការជួយទ្រទ្រង់ពីសូវៀតដែលចុះទន់ខ្សោយ និងដោយសាររងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកផងនោះ ប្រទេសគុយបា ក៏ចាប់ធ្លាក់ខ្លួនចូលក្នុងវិបត្តិច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

រឿងដ៏គួរឲ្យកត់សម្គាល់មួយទៀតនោះ​គឺថា គុយបា កាន់តែធ្លាក់ក្នុងរណ្តៅនៃវិបត្តិនៅពេលដែលលោកដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនាដើមឆ្នាំ ២០១៧ មក។ លោកត្រាំ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសគុយបាដោយការរឹតបន្តឹង ការធ្វើដំណើរចេញចូលគុយបា និងថែមទាំងបានរឹតបន្តឹងការផ្ទេរសាច់ប្រាក់នៅទីនោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ អាមេរិកថែមទាំងបានសម្រេចបើកផ្លូវឲ្យគេអាចប្តឹងក្រុមហ៊ុនបរទេសទាំងឡាយណាដែលរកស៊ីជាមួយគុយបាទៀតផង។

ប្រទេសណាខ្លះជាម្ចាស់បំណុលរបស់ប្រទេសគុយបា?

សព្វថ្ងៃនេះ គុយបាជាប់ជំពាក់បំណុលបរទេសក្នុងចំនួនរាប់ពាន់លានដុល្លារអាមេរិក ហើយប្រទេសដែលជាម្ចាស់បំណុលរបស់គុយបានោះ ក៏មានណាស់ច្រើនដែរ ហើយម្ចាស់បំណុលធំៗរបស់ប្រទេសគុយបា គឺសុទ្ធសឹងតែជាប្រទេសដៃគូរកស៊ី ជាមួយប្រទេសកាន់របបកុម្មុនិស្តមួយនេះឯង។

ក្រុមប្រទេសទាំងនោះរួមមាន អង់គ្លេស បារាំង ជប៉ុន អេស្បាញ អូទ្រីស និងបែលហ្ស៊ីក ជាដើម។ល។ បើយោងតាមសម្តីរបស់មន្ត្រីការទូតម្នាក់ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រទេសគុយបា បានខកខានសងប្រាក់ចំនួន ៣២-៣៣ លានអឺរ៉ូ ទៅកាន់ប្រទេសទាំងនោះ ក្នុងឆ្នាំ ២០១៩ កន្លងទៅ។

មួយវិញទៀត បើយោងទៅតាមលិខិតមួយ ផ្ញើដោយឧបនាយករដ្ឋមន្រ្តីគុយបាលោករី ការដូ កាប៊្រីសាស (Ricardo Cabrisas) រដ្ឋាភិបាលគុយបា ទទួលស្គាល់ហើយដែរថា កាលៈទេសៈលំបាកដូចក្នុងអំឡុងពេលនេះ បង្ខំឲ្យគុយបាមិនអាចគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសងប្រាក់ទៅកាន់ម្ចាស់បំណុល។

តែទោះជាយ៉ាងណាក្តី រដ្ឋាភិបាលគុយបា បានទាក់ទងទៅកាន់ក្រុមប្រទេសម្ចាស់បំណុល និងបានខិតខំពន្យល់ពីទុក្ខលំបាករបស់ខ្លួនដែរ។ ជាមួយគ្នានេះ​ គុយបា ថា នឹងព្យាយាមដោះស្រាយបញ្ហាបំណុលឲ្យបានក្នុងពេលខាងមុខនេះ។

ប្រទេសគុយបា លំបាកក្នុងការដោះបំណុលជាតិ

បើគុយបា នៅតែស្ថិតក្រោមគំនាបទណ្ឌកម្មរបស់អាមេរិកធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ​ គុយបា លំបាកនឹងរើខ្លួនចេញពីបំណុលខ្លាំងណាស់។ មានហេតុផលសំខាន់ៗមួយចំនួន ដែលធ្វើឲ្យមិនងាយនឹងអាចដោះបំណុលបាន។

ហេតុផលទី១ នោះគឺថា ការដែលគុយបាមិនអាចសងប្រាក់គេទៅតាមការសន្យា គុយបាប្រឈមនឹងការកើនឡើងបំណុល ដោយសារការប្រាក់ដែលអាចឡើងដល់ចំនួន ៩ ភាគរយ។

ចំណែកហេតុផលបន្ទាប់ នោះគឺថា ក្នុងរយៈពេលប្រមាណជា ៣ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចគុយបា កាន់តែធ្លាក់ក្នុងវិបត្តិ និងបាត់បង់តុល្យការខ្លាំង។ ក្រៅពីនេះ រដ្ឋាភិបាលគុយបា កាន់តែស្មុគស្មាញខ្លាំង ដោយសារលែងទទួលជំនួយបរទេស ឬអាចខ្ចីប្រាក់ពីមូលនិធិរូបិយវត្ថុអន្តរជាតិដូចជា IMF ដូចមុខបាន។

ហេតុផលចុងក្រោយនោះ គឺជាប់ពាក់ព័ន្ធនឹងសម្ពាធដែលគុយបាទទួលបន្ថែមពីការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើវេណេស៊ុយអេឡាដែលជាសម្ព័ន្ធមិត្ត និងជាដៃគូរកស៊ីដ៏សំខាន់ម្នាក់ដែរ។

ទាក់ទងរឿងនេះដែរ បើយោងតាមការអះអាងរបស់អ្នកវិភាគសេដ្ឋកិច្ចគុយបាម្នាក់ គឺលោក អូម៉ា ប៉េរ៉េ គុយបា លំបាកនឹងរើខ្លួនចេញពីបំណុលខ្លាំង​ណាស់ ពីព្រោះថារដ្ឋាភិបាលនៃប្រទេសកុម្មុយនិស្តមួយនេះ​ បរាជ័យក្នុងការអនុវត្តនូវកំណែទម្រង់សេដ្ឋកិច្ចក្នុងប្រទេស ដើម្បីអាចទាក់ទាញ និងជំរុញការវិនិយោគរបស់វិស័យឯកជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ