អានតួអត្ថបទ
សហរដ្ឋអាមេរិក

ចនឃែរី​ទាមទារ​​​ឲ្យ​​​ប្រទេស​​ធំៗ​​​ចូលរួម​​ជួយ​​កម្ចាត់​​មេរោគ​​អេបូឡា

លោក​ប្រមុខ​ការទូត​អាមេរិក​ ចនឃែរី​បាន​ថ្លែង​ក្នុង​ឱកាស​សន្និសីទ​កាសែត​មួយ​ នៅ​ក្រុង​វ៉ាស៊ីនតោន​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេបូឡា​ដោយ​ប្រសិទ្ធិ​ភាព ប្រទេស​ធំៗ​ទាំងអស់​ ត្រូវតែ​ចូលរួម​ឲ្យបាន​ច្រើន​ជាង​នេះ មិនមែន​នៅ​ឈរ​ ឱប​ដៃ​មើល​នោះ​ទេ។ ទោះ​បីជា​មិន​បាន​ចង្អុល​ចំៗ​ ថា​ប្រទេស​ណា​មួយ គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់​ថា លោក​ចនឃែរី​មាន​ចេតនា​សំដៅ​លើ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ ដែល​ធ្លាប់​ដាក់​អាណានិគមន៍​នៅ​អាហ្រ្វិក ហើយ​មិន​បាន​ចូលរួម​ថវិកា​ ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេបូឡា។

លោកចន ឃេរី ​ក្នុងឱកាស​ធ្វើ​សន្និសីទ​កាសែត​ស្តី​​ពីការ​កម្ចាត់​មេរោគអេបូឡា​ នៅក្រុង​វ៉ាស៊ីនតោន​ ថ្ងៃទី ៨ តុលា ២០១៤
លោកចន ឃេរី ​ក្នុងឱកាស​ធ្វើ​សន្និសីទ​កាសែត​ស្តី​​ពីការ​កម្ចាត់​មេរោគអេបូឡា​ នៅក្រុង​វ៉ាស៊ីនតោន​ ថ្ងៃទី ៨ តុលា ២០១៤ REUTERS/Mike Theiler
ផ្សាយពាណិជ្ជកម្ម

មេរោគ​អេបូឡា​ដែល​កំពុង​តែ​យាយី​អាយុ​ជីវិត​ប្រជាជន​ នៅ​ទ្វីប​អាហ្រ្វិក​ភាគ​ខាង​លិច​ បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​ជា​៣៥០០នាក់​ហើយ។ ប្រទេស​ប្រាំ​ដែល​រង​ការ​គម្រាម​កំហែង​ជាង​គេ គឺ​ ហ្គីណេ សេរ៉ាឡេអូន លីបេរីយ៉ា នីហ្សេរីយ៉ា​ និងសេណេហ្គាល់។ ប្រទេស​ទាំងនេះ​សុទ្ធសឹង​ជា​ប្រទេស​ក្រីក្រ​បំផុត​ ដែល​គ្មាន​លទ្ធភាព​ឯណា​ នឹង​ទប់ស្កាត់​ការ​រីក​រាលដាល​ របស់​មេរោគ​ដ៏​កាច​សាហាវ​នេះ​បាន​ទេ។ សហគមន៏​អន្តរជាតិ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​ការ​រីក​រាលដាល​របស់​មេរោគ​នេះ ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​ ទូទាំង​ពិភពលោក។

 
ក្រសួង​ការបរទេស​អាមេរិក​ បាន​រៀបចំ​សន្និសីទ​កាសែត​បន្ទាន់​មួយ​ កាល​ពី​ថ្ងៃពុធ​ ម្សិលមិញ ដើម្បី​អំពាវនាវ​ឲ្យ​ប្រទេស​ធំៗ​ទាំងអស់​ ឲ្យ​ចូលរួម​ឲ្យបាន​សកម្ម​ជាង​នេះ​ ក្នុង​ការ​កម្ចាត់​មេរោគ​អេបូឡា។ លោក​ចនឃែរី​បាន​ថ្លែង​ថា ប្រទេស​ធំៗ​ ដែល​មាន​លទ្ធភាព និង​សមត្ថភាព គួរណាស់​តែ​ចូលរួម​ឲ្យ​បាន​​ខ្លាំង​ជាង​នេះ មិនមែន​បាន​ត្រឹមតែ​និយាយ តែ​មិន​នាំ​គ្នា​ធ្វើ​នោះ​ទេ។

សូម​បញ្ជាក់​ថា យុទ្ធនាការ​កម្ចាត់​មេរោគ​អេបូឡា ត្រូវការ​ថវិកា​យ៉ាង​សន្ធឹក​សន្ធាប់។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ ផ្តល់​វិភាគទាន​សរុប​ឲ្យ​បាន​៩៩៨លាន​ដុល្លារ។ ប៉ុន្តែ​ទឹកប្រាក់​ដែល​ប្រមូល​បាន មាន​ចំនូន​តែ​ជាង​៦០០លាន​ដុល្លារ​ប៉ុណ្ណោះ។ សហរដ្ឋអាមេរិក បាន​ផ្តល់​ឲ្យ​ចំនួន​១១៤លានដុល្លារ សហភាព​អឺរ៉ុប​ចំនួន​៥៥លាន ៥សែន​ដុល្លារ និង​ចក្រភព​អង់គ្លេស​ចំនួន​ជិត​៨លាន​ដុល្លារ។ នៅ​ក្នុង​តារាង​តួលេខ​ ដែល​ប្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញផ្សាយ គេ​មិន​ឃើញ​មាន​ការ​ចូលរួម​វិភាគទាន​ របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ ដូចជា​បារំាង អេស្ប៉ាញ និង​ព័រទុយហ្គាល់​ជាដើម។

លោកស្រី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​បែប​ចំអក​ថា ប្រទេស​អ្នកមាន​ខ្លះ ដែល​មាន​លទ្ធភាព ជួយ​បាន​បន្តិចបន្ទួច​បំផុត ផ្ទុយ​ទៅ​វិញ ប្រទេស​តូចតាច​វិញ​ ជួយ​បាន​ច្រើន​ជាង។ លោកស្រី​លើក​ឡើង​នេះ សំដៅ​លើ ចិន​និង​ឥណ្ឌា​ដែល​បាន​ចូលរូម​ផ្តល់​ជា​ថវិកា ផ្ទុយគ្នា​ពី​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ ដែល​សុទ្ធសឹង​តែ​ធ្លាប់​ទៅ​ដាក់​អាណានិគមន៍​ នៅ​ក្នុង​ទ្វីប​អាហ្រ្វិក តែ​ទី​បំផុត​បាន​តែ​មាត់។ លោកស្រី​បន្ត​ថា លោកស្រី​មិនបាច់​និយាយ​ថា​ប្រទេស​ណាមួយ​នោះ​ទេ ប្រទេស​ដែល​មានខ្លួន គេ​ដឹង​ខ្លួនឯង​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ