អានតួអត្ថបទ
សហរដ្ឋអាមេរិក-អេបូឡា

អ្នក​ជំងឺ​ម្នាក់ ​ដែល​នាំ​អេបូឡា​ចូល​អាមេរិក​នោះ​ បាន​ស្លាប់​ហើយ

អ្នក​ជំងឺ​ជនជាតិ​លីបេរីយ៉ា ​ដែល​ចម្លង​អេបូឡា​ ទៅ​រដ្ឋ​តិច​សាស់​នោះ ស្លាប់​នៅ​មន្ទីរពេទ្យ។ លោក​ ថូ​ម៉ាស់ អេរិក​ ដាន់កង់​ (Thomas Eric Duncan) អ្នក​ដំណើរ​មក​ពី​ប្រទេស​លីបេរីយ៉ា​ បាន​ចូល​ដេក​ពេទ្យ​តាំង​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា។ ​ក្រោយ​ពី​មរណភាព​នេះ ​មន្ទិល ​និង​សំណួរ​ជា​ច្រើន ​លេច​ឡើង។ ​សេតវិមាន​បាន​សម្រេច​ពង្រឹង​ការ​ត្រួត​ពិនិត្យ​នៅ​អាកាស​យានដ្ឋាន​ចំនួន។

Thomas Eric Duncan
Thomas Eric Duncan @AFP
ផ្សាយពាណិជ្ជកម្ម

អ្នកដំណើរ ដែល​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ធំ​បំផុត ក្នុង​ទីក្រុង ដា​ឡាស (Dallas) នោះ ត្រូវបាន​ព្យាបាល ដោយ​វិធី​ពិសោធន៍ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ មុនពេល​ស្លាប់។

មរណភាព​របស់គាត់ ជា​ដំណឹង​មួយ ដែល​បង្កឱ្យមាន​សំណួរ​ជាច្រើន នៅ​សហរដ្ឋអាមេរិក។ អ្នកជំងឺ​បាន​ចេញពី​រដ្ឋធានី ម៉ុង​រ៉ូ​វី​យ៉ា (Monrovia) របស់​លី​បេ​រី​យ៉ា នៅ​ថ្ងៃទី១៩ ខែកញ្ញា ដោយ​​គ្មាន​រោគសញ្ញា​ឡើយ។ នៅ​ថ្ងៃទី២៤ ខែកញ្ញា ទើប​គាត់​ចាប់ផ្តើម​មាន​បញ្ហា​សុខភាព ហើយ​គ្រូពេទ្យ​មិនបាន​ឱ្យ​គាត់​ស្នាក់នៅ​មន្ទីរពេទ្យ​ឡើយ ដោយសារតែ​ការធ្វើ​រោគវិនិច្ឆ័យ​មិនបាន​ត្រឹមត្រូវ នៅពេលដែល​គាត់​បង្ហាញខ្លួន​ជា​លើកដំបូង ពេល​សង្គ្រោះបន្ទាន់។

សមាជិកគ្រួសារ​បានមក​ជួប​អ្នកជំងឺ នៅឯ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​អង្គារ។ ស្ថានភាព​សុខភាព​របស់គាត់​ដូចជា​រាង​គ្រាន់បើ​ជាង​មុន។ ប៉ុន្តែ​ការព្យាបាល​ដោយ​វិធី​ពិសោធន៍​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រូពេទ្យ មិន​ស័ក្តិសិទ្ធិ​ល្មម​អាចឱ្យ​គាត់​ជា​បានឡើយ។

តើ​ភាពយឺតយ៉ាវ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ឬ ដែល​ធ្វើឱ្យ​គាត់​ស្លាប់? តើ​បុគ្គលិក​មន្ទីរពេទ្យ​បាន​ទទួល​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​ឬទេ សម្រាប់​វាយតម្លៃ​រោគ? តើ​សហរដ្ឋអាមេរិក​ត្រូវ​ឆ្លង​រោគរាតត្បាត​នេះ​ឬ?

ពេលនេះ គ្រប់គ្នា​សម្ដែង​នូវ​សេចក្តី​អាសូរ ចំពោះ​អ្នក​ជម្ងឺ ប៉ុន្តែ​មាន​រយៈពេល​ប៉ុន្មាន​ម៉ោង​ដែរ ដែល​អ្នកជំងឺ​ល្បី​បំផុត​នៅ​សហរដ្ឋអាមេរិក​រូបនេះ ធ្វើ​ឱ្យគេ​ខកខាន​ប្តឹង​គាត់​ពីបទ«បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​អ្នកដទៃ» ទាំង​នៅ​ដា​ឡាស ទាំង​នៅ​លី​បេ​រី​យ៉ា។ នៅ​រដ្ឋធានី ម៉ុង​រ៉ូ​វី​យ៉ា ក៏ដូចជា​នៅ​វ៉ាស៊ីនតោន អ្នកផង​បន្ទោស​អនិកជន​រូបនោះ​ថា មិន​ព្រម​សំងំ​នៅ​មួយកន្លែង ពេលដែល​ខ្លួន​បាន​ជួប​មនុស្ស​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​អេ​បូ​ឡា។

មរណភាព​របស់គាត់​បញ្ចប់​ពាក្យ​ច​ចាម​អារាម​ទាំងស្រុង។ ការ​ជ្រួលច្របល់​គ្របដណ្ដប់​លើ​បណ្ដាជន។ សំណួរ​ជាច្រើន​ក៏​អញ្ចឹង​ដែរ។ បើ​អ្នកជំងឺ​ម្នាក់​មិនអាច​ព្យាបាល​រោគ​អេ​បូ​ឡា​ជា​នៅក្នុង​មន្ទីរពេទ្យ​សហរដ្ឋអាមេរិក​បាន​ផង តើ​ប្រជាជន​លី​បេ​រី​យ៉ា ប្រជាជន​សៀ​រ៉ា​ឡេ​អូន និង​ប្រជាជន​ហ្គី​ណេ ដែល​គ្មានអ្វី​ទាំងអស់​នៅក្នុង​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងបី​នោះ នឹង​ទៅជា​យ៉ាងណា? ហេតុដូច្នេះ​ហើយ​បានជា​អាជ្ញាធរ​ព្យាយាម​ពន្យល់​រដ្ឋាភិបាល​អាមេរិក​ថា ការពារ​សហរដ្ឋ​នេះ​បាន លុះត្រាតែ​ប្រើ​មធ្យោបាយ​ច្រើន​ថែមទៀត ដើម្បី​ព្យាបាល​អ្នកជំងឺ​នៅ​
អាហ្វ្រិក​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី (John Kerry)ទទួលស្គាល់​កង្វះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ ដោយ​ថ្លែងថា៖ «មាន​តម្រូវការ​បន្ថែមទៀត ដែល​យើង​ត្រូវតែ​ឆ្លើយតប ប្រសិនបើ​សហគមន៍​អន្តរជាតិ ចង់​ទប់​ទល់នឹង​ភ័យន្តរាយ​នេះ និង​បើ​ចង់​ការពារ​ប្រជាជន​នៃ​ប្រទេសនីមួយៗរបស់​ពួកយើង»

ទីបំផុត ការពិភាក្សា​ស្តីពី​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ទាំងនោះ​ជាយថាហេតុ បានកើត​ឡើង ក្រោយពី​រឿងនេះ​ត្រូវបាន​ប្រធានាធិបតី​អាមេរិក យកមក​ពិចារណា។ នេះ​គឺជា​ដំណោះស្រាយ​មួយ ដែល​រដ្ឋាភិបាល​របស់​លោក អូ​បា​ម៉ា (Obama) ច្រានចោល​ទាំងស្រុង ប៉ុន្តែ​បច្ចុប្បន្ន​តំណាងរាស្ត្រ​ខ្លះ​នៅតែ​និយាយ​ពី​វិធានការ​នេះ។

ជា​បណ្ដោះអាសន្ន សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​បន្ទាប់បន្សំ ដើម្បី​ត្រួតពិនិត្យ​ជំងឺ​អេ​បូ​ឡា ក្នុង​អាកាសយានដ្ឋាន​ចំនួន៥នៃ​ប្រទេស ក្នុងនោះ​មាន ញូយ៉ក កេ​ណ្ណឺ​ឌី (New York​-​Kennedy)  និង​ញូ​វ៉ក (Newark) វ៉ាស៊ីនតោន (Washington) អា​ត្ល​ង់​តា (Atlanta) និង​ស៊ីកា​ហ្គោ​ (Chicago)។ កម្រង​សំណួរ​កាន់តែ​ពេញលេញ​ឡើង និង​ការត្រួតពិនិត្យ​សីតុណ្ហភាព​លើ​អ្នកដំណើរម្នាក់ៗ ដែល​មកពី​អាហ្វ្រិក​ខាងលិច នឹងត្រូវ​អនុវត្ត ចាប់ពី​ចុង​ស​ប្ហា​ហ៍​ក្រោយ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ