អាជ្ញាធរអាកាសចរណ៍អាមេរិកបើកអង្កេតលើប៊ូអ៊ីងនិងយន្តហោះ៧៨៧
សហរដ្ឋអាមេរិក បើកអង្កេតប្រឆាំងនឹងក្រុមហ៊ុនយន្តហោះប៊ូអ៊ីង។ អាជ្ញាធរអាកាសចរណ៍ចង់ដឹងថាតើក្រុមហ៊ុនអាកាសចរណ៍ប៊ូអ៊ីងពិតជាបានត្រួតពិនិត្យតាមបញ្ជា ពពួកយន្តហោះ៧៨៧Dreamlinerដែរឬ។ ក្រុមអ្នកអង្កេតសង្ស័យថាមានការរៀបចំធ្វើឯកសារបន្លំ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៩
បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិក ក្រុមអធិការកិច្ចរបស់ក្រុមហ៊ុនប៊ូអ៊ីងទំនងជាមិនបានធ្វើតេស្តសាកល្បងតំណស្លាបរបស់យន្តហោះប្រភេទ៧៨៧Dreamliner ដែលជាដំណាក់កាលការត្រួតពិនិត្យដ៏ចាំបាច់ទេ។ ហេតុដូច្នេះហើយបានជាអាជ្ញាធរត្រូវបើកអង្កេតដើម្បីដឹងដោយប្រាកដថាពិតជាមានការត្រួតពិនិត្យត្រឹមត្រូវ ហើយបុគ្គលិកក្រុមហ៊ុនមិនរៀបចំឯកសារក្លែងក្លាយទាក់ទងនឹងយន្តហោះនោះ។
តាមធម្មតា ក្រុមហ៊ុនប៊ូអ៊ីង មានកាតព្វកិច្ចត្រូវត្រួតពិនិត្យឡើងវិញ នូវគ្រប់យន្តហោះប្រភេទ៧៨៧ដែលកំពុងផលិតផង និងយន្តហោះដែលកំពុងហោះហើរផង។ អាជ្ញាធរអាកាសចរណ៍អាមេរិកបានឱ្យពេលបីខែដល់ក្រុមហ៊ុនប៊ូអ៊ីងក្នុងការរៀបចំផែនការសម្រាប់ដោះស្រាយបញ្ហាត្រួតពិនិត្យជាស្វ័យប្រវត្តិប្រកបដោយគុណភាព។
ការបើកអង្កេតនេះ ប្រព្រឹត្តទៅជួនចំពេលដែលក្រុមហ៊ុនយន្តហោះប៊ូអ៊ីងកំពុងឆ្លងកាត់វិបត្តិ និងគ្រោះថ្នាក់ជាបន្តបន្ទាប់។ គំរូយន្តហោះបីប្រភេទក្នុងចំណោមប្រភេទយន្តហោះប៊ូអ៊ីងដឹកអ្នកដំណើរទាំងបួនប្រភេទ ត្រូវជាប់អង្កេតរបស់ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក។
ក្រៅអំពីប៊ូអ៊ីង ៧៨៧ និង៧៣៧ យន្តហោះប៊ូអ៊ីងប្រភេទ៧៧៧ ក៏ត្រូវជាប់ក្នុងសំណាញ់របស់ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិកដែរ ព្រោះកាលពីថ្ងៃទី១៤មេសា អ្នកប្រកាសអាសន្នតាមបណ្តាញសង្គមបួននាក់បានអះអាងប្រាប់គណៈកម្មការព្រឹទ្ធសភាអាមេរិកថាមានភាពមិនប្រក្រតីធ្ងន់ធ្ងរក្នុងផលិតកម្មយន្តហោះប៊ូអ៊ីង ៧៣៧Max ៧៨៧Dreamliner និង៧៧៧។
យន្តហោះប៊ូអ៊ីងប្រភេទ៧៨៧Dreamliner និង៧៣៧Max មានបញ្ហាផលិតកម្មជាច្រើនតាំងពីឆ្នាំ២០២៣មក ដែលមកពន្យឺតការប្រគល់យន្តហោះទៅឱ្យអ្នកបញ្ជាទិញយ៉ាងខ្លាំង។ ក្រុមហ៊ុនខ្លះបានកែប្រែកាលវិភាគហោះហើរឆ្នាំ២០២៤តែម្តងផង។ តាំងពីខែមករាមក យន្តហោះប៊ូអ៊ីងប្រភេទ៧៣៧ដែលជាផលិតផលសំណព្វរបស់ក្រុមហ៊ុនប៊ូអ៊ីង ស្ថិតនៅក្រោមការអង្កេតយ៉ាងកៀកកិតរបស់ភ្នាក់ងារអាមេរិក លើរចនាសម្ព័ន្ធទាំងមូលរបស់យន្តហោះ។ ៧៣៧Max ដែលធ្លាប់ជួបវិបត្តិហាមឃាត់មិនឱ្យហោះហើរអស់ជាងមួយឆ្នាំ ក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅឆ្នាំ២០១៨ និងអេត្យូពី នៅឆ្នាំ២០១៩មក យន្តហោះប្រភេទនេះកំពុងបន្តមានបញ្ហាគុណភាពនិងសុវត្ថិភាពហោះហើរមួយចំនួនទៀត។ បញ្ហាធ្ងន់ធ្ងរចុងក្រោយគឺការរបូតទ្វាររបស់យន្តហោះអាឡាស្កាកាលពីថ្ងៃទី៥មករា។ រឿងអាស្រូវជាបន្តបន្ទាប់នេះ បានជំរុញឱ្យថៅកែក្រុមហ៊ុនប៊ូអ៊ីង សម្រេចលាលែងចេញពីតំណែងនៅដំណាច់ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ