អានតួអត្ថបទ
ចិន-អាមេរិក

ចិនថា​គឺ​អាមេរិក​ដែល​ជាអ្នក​ធ្វើឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​តំបន់​កងទ័ព

នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ចិន​ត្រូវ​ទទួលរងនូវការ​រិះគន់​ពី​សំណាក់​សហរដ្ឋ​អាមេរិក ទាក់ទង​នឹង​ការ​ដាក់តាំង​បរិក្ខា​យោធា រួមទាំង​មីស៊ីល​សម្រាប់​បាញ់​យន្តហោះ​ផង នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ នៅថ្ងៃ​ព្រហស្បតិ៍ ចិន​បាន​វាយប្រហារ​តបទៅវិញ ដោយ​បាន​លើកឡើង​ថា គឺ​អាមេរិក​ទៅវិញ​ទេ ដែល​ជា​អ្នក​កំពុងតែ​ធ្វើ​ឲ្យ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ក្លាយ​ជា​តំបន់​កងទ័ព។

នាវាចម្បាំង​ឈ្មោះ​ USS Curtis Wilbur ដែល​អាមេរិក​ធ្លាប់​បាន​បញ្ជូន​ឲ្យ​ចូល​ទៅ​ល្បាត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីពេល​កន្លងមក (រូបថតឯកសារ)
នាវាចម្បាំង​ឈ្មោះ​ USS Curtis Wilbur ដែល​អាមេរិក​ធ្លាប់​បាន​បញ្ជូន​ឲ្យ​ចូល​ទៅ​ល្បាត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីពេល​កន្លងមក (រូបថតឯកសារ) REUTERS/U.S. Navy/Mass Communication Specialist 3rd Class Declan
ផ្សាយពាណិជ្ជកម្ម

ការបរិហាររិះគន់ធ្ងន់ៗ​របស់​ចិន​ត្រូវ​បាន​ធ្វើឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អាមេរិក​បាន​ប្រកាស​ថា​នឹង​បង្កើន​ប្រតិបត្តិការ​ល្បាត​ដែនសមុទ្រ នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ថ្លែង​នៅ​ចំពោះមុខ​សភា មេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំតំបន់​ប៉ាស៊ីហ្វិក​បាន​លើកឡើង​ថា នាវាចម្បាំង​របស់​អាមេរិក​នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​គ្រប់​ទីកន្លែង​ ដែល​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ ហើយ​ប្រតិបត្តិការ​ល្បាត​ដែន​សមុទ្រ ដើម្បី​ធានា​សិទ្ធិសេរីភាព​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​នៅ​តែ​បន្ត​ធ្វើ ហើយ​ធ្វើ​កាន់តែ​ខ្លាំង​ជាងមុន​ទៅទៀត បើទោះបីជា​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​មីស៊ីល​ទៅ​ដំឡើង​នៅ​ក្នុង​តំបន់​នេះ​ក៏ដោយ។

គួររំឭកឡើងវិញ​ថា ចិន​បាន​ដំឡើង​ប្រព័ន្ធមីស៊ីល​បាញ់​យន្តហោះ​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ប៉ារ៉ាសែល (Paracel) ព្រមទាំង​ប្រព័ន្ធ​រ៉ាដា នៅ​ក្នុង​តំបន់​ប្រជុំកោះ​ស្ប្រែតលី (Spratley) ដែល​សុទ្ធ​ជា​តំបន់​​កំពុង​ជាប់ជម្លោះ​ជាមួយ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ នៅ​ពេលនោះ មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ទាំង​យោធា និង​ស៊ីវិល ក្នុងនោះ​រួមមាន​ទាំង​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ផង បាន​បរិហាររិះគន់​យ៉ាងខ្លាំងៗ​ថា ចិន​កំពុងតែ​ធ្វើ​ឲ្យ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ក្លាយ​ជា​តំបន់​កងទ័ព។

ក៏ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍ មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ថា គឺ​អាមេរិក​ទៅវិញ​ទេ​ទើប​ជា​ប្រទេស​ដែល​កំពុងតែ​ជំរុញ​ឲ្យ​សមុទ្រ​ចិន​ខាង​ត្បូង​ក្លាយ​ជា​តំបន់​កងទ័ព តាមរយៈ​ការ​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ឲ្យ​ទៅ​ធ្វើ​ការ​ល្បាត​នៅ​ក្នុង​តំបន់​នេះ។

មន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀតថា ទីតាំង​ដែល​ចិន​ដំឡើង​ប្រព័ន្ធ​រ៉ាដា និង​មីស៊ីល គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ចិន ដូច្នេះ វា​ជា​សិទ្ធិ​របស់​ចិន នៅ​ក្នុងការ​ដំឡើង​ប្រព័ន្ធការពារ​ដែនដី​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ