អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុនផ្តល់ជំនួយ​ជាថ្នូរ​នឹង​​កៅអី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អសប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ​​បាន​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​ ក្នុង​តំបន់​អាស៊ី​ខាងត្បូង កាលពី​ថ្ងៃ​ចន្ទ ទី ៨​កញ្ញា។ ទស្សនកិច្ច​រយៈពេល​បីថ្ងៃរបស់​លោក​អាបេ​​នៅក្នុង​ប្រទេស​បង់ក្លាដែស និង​ស្រីលង្កា​បាន​នាំលទ្ធផល​ផ្លែផ្កា​ជាច្រើន​ដល់ប្រទេស​ជប៉ុន។ ក្រៅតែ​ពី​ពង្រីក​ទីផ្សារ​វិនិយោគ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​ទាំងពីរ នាយករដ្ឋមន្រ្តី​ជប៉ុនបាន​ទទួល​ផងដែរ​ការគាំទ្រ​ពី​ប្រទេស​បង់ក្លាដែស​ ដើម្បី​ជប៉ុន​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។  

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ស្រីលង្កា កាលពី​ថ្ងៃ​អាទិត្យ​ទី ៧​កញ្ញា
លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ស្រីលង្កា កាលពី​ថ្ងៃ​អាទិត្យ​ទី ៧​កញ្ញា ©REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ីនហ្សូ អាបេ​បាន​ក្លាយ​ជា​​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ទីមួយ ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅក្នុង​ប្រទេសស្រីលង្ការ នៅក្នុង​រយៈពេល​២៤​ឆ្នាំ​ចុងក្រោយនេះ។ កាលពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្រ្តី​​ជប៉ុន​បាន​ទទួល​​ការរាក់ទាក់​ពី​លោក​ប្រធានាធិបតី​ស្រីលង្កា​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ ជាទី​ដែល​អគារ​ចុះចត​យន្តហោះ​មួយទៀត នឹង​ត្រូវ​សាងសង់​ជាមួយ​នឹង​ទឹកប្រាក់កម្ចី​ពី​​ជប៉ុនចំនួន ៣៣០​លាន​ដុល្លារ។

 
នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ប្រកាស​ពី​​ការ​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ស្រីលង្កា ក្នុង​វិស័យ​គមនាគមន៍​ជើងទឹក ប៉ុន្តែ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​នៅ​ស្រីលង្កា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​នយោបាយ​យុទ្ធសាស្រ្ត​របស់​ជប៉ុន ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​ចិន នៅ​អាស៊ី​ខាងត្បូង។

កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​ស្រីលង្កា​បាន​សុំ​ឲ្យ​ជប៉ុន​វិនិយោគ​​លើ​ការសាងសង់​កំពង់​ផែ​នៅក្នុង​ប្រទេស​ស្រីលង្កា ប៉ុន្តែ ជប៉ុនបាន​​ដើរ​យឺត​ច្រើន​​ជំហាន ​ក្រោយ​ចិន​។ គឺ​នៅ​ស្រីលង្ការនេះ​ឯង ដែល​​កំពង់ផែ​ដ៏​ធំ ​លេចរូបរាង​ឡើង ដោយសារ​ទឹកប្រាក់​ជំនួយ​៥០០​លាន​ដុល្លារ របស់​ប្រទេស​ចិន។ ចិន​ដែល​តែងតែ​មិន​លូកដៃ​ចូល​ក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ (នោះ​បើទោះជា​រដ្ឋាភិបាល​ស្រីលង្កា​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​​នៅក្នុង​សង្រ្គាម​ស៊ីវិល​ជាមួយ​ពួក​តាមីល)​ បាន​វិនិយោគ​​ទឹកប្រាក់​សន្ធឹកសន្ធាប់​នៅក្នុង​ប្រទេស​ស្រីលង្កា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បន្ទាប់​ពី​មើល​ឃើញ​ប្រយោជន៍​​ពី​ទីតាំង​ភូមិសាស្រ្ត​របស់​ប្រទេស​នេះ។ កំពង់​ផែ​ដែល​​ចិន​សាងសង់​ឲ្យ​ស្រីលង្កា និង​ទើប​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ កាលពី​ពេល​ថ្មីៗនេះ បាន​កា្លយ​ជា​កំពង់​ផែ​ដ៏​សំខាន់​មួយ​​សម្រាប់​ដំណើរ​ចេញចូល​របស់​កប៉ាល់​អន្តរជាតិ ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។

ចិន​​គ្រប់គ្រងកំពង់ផែ​នេះ​ចំនួន​​៨៥​ភាគរយ។ ចំណែក​ដែល​នៅសល់​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ស្រីលង្កា។ ជប៉ុន​ដែល​ត្រូវការ​ដឹកប្រេង​ពី​តំបន់​ដើមបូព៌ា ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា​ ក៏​​ត្រូវការចុះចត​នៅ​ត្រឹម​កំពង់​ផែ​នៅ​ស្រីលង្កា​ មុន​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​​ជប៉ុន។ ដូច្នេះ ការពង្រឹង​​សហប្រតិបត្តិការ​ផ្នែក​ជើងទឹក​រវាង​ប្រទេស​ទាំងពីរ​នឹង​អាច​ធ្វើ​ឲ្យ​ជប៉ុន​ទទួល​បាន​ប្រយោជន៍​ចុះចត នៅ​ស្រីលង្កា ដោយ​មិន​ចាំបាច់​ឱន​លំទោន​សុំ​សិទ្ធិ​ពី​ចិន ដែល​ជា​ម្ចាស់​ស្ទើរ​ដាច់​មុខ​នៅកំពង់​ផែរ​នៅ​ស្រីលង្កា។​​ នៅ​ស្រីលង្កា​ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​មិន​បាន​ប្រកាស​ពី​ជំនួយ ឬ​ប្រាក់​កម្ចីបន្ថែមទេ ប៉ុន្តែ លោក​​​គ្រាន់តែ​ប្រកាស​ផ្តល់​កប៉ាល់​ល្បាត​ដល់​ឆ្មាំសមុទ្រ​ស្រីលង្កា​តែប៉ុណ្ណោះ។ មើលទៅ នាយករដ្ឋមន្រ្តី​ជប៉ុន​​គ្រាន់​តែ​ចង់​វិនិយោគ​សមល្មម ដើម្បីគ្រាន់តែ​អាច​ទប់ទល់​កុំ​ឲ្យ​ចិន​មាន​ឥទ្ធិពល​ផ្តាច់​មុខ​​នៅ​ស្រីលង្កា​តែ​ប៉ុណ្ណោះ។

មួយវិញទៀត នៅក្នុង​ដំណើរទស្សនកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង​ មហិច្ឆតាធំ​មួយ​​ទៀត​របស់​លោក​ស៊ីនហ្សូ អាបេ​គឺ​នៅក្នុង​ប្រទេស​បង់ក្លាដែស។ នៅ​បង់ក្លាដែស​ កាលពី​ថ្ងៃ​សៅរ៍ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​បញ្ជាក់​ទឹកប្រាក់​ជំនួយ និង​ប្រាក់​កម្ចី​សរុប​​​ជិត​៦​ពាន់​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​បង់ក្លាដែស។ លោក​ស៊ីនហ្សូ អាបេ​ក៏​បាន​បញ្ជាក់​ទៅ​លោកស្រី​ប្រធានាធិបតី​បង់ក្លាដែស​ដែរថា ជប៉ុន​នឹង​យល់ព្រម​ផ្តល់​ប្រាក់​កម្ចីជាង​៤​ពាន់​លាន​ដុល្លារ​ទៀត សម្រាប់​ការសាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម និង​ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​​នៅ​បង់ក្លាដែស។

ខុសពី​ប្រទេស​ស្រីលង្កា ជប៉ុន​បាន​បោះទុន​វិនិយោគ​ច្រើន​ពាន់​លាន​ដុល្លារ នៅ​ប្រទេស​បង់ក្លាដែស។ និយាយ​ស្រួលយល់ គឺ​ប្រទេស​នេះ មិន​សូវ​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​ចិន ដូចស្រីលង្កា។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាងនេះ គឺ​ជប៉ុន​ចង់​បាន​ការគំាទ្រ​ពី ប្រទេស​បង់ក្លាដែស ដើម្បី​អាចក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ប្រទេស​បង់ក្លាដែស ធ្លាប់​ជា​គូប្រជែង ជាមួយ​ជប៉ុន ក្នុង​ការ​ដាក់​បេក្ខភាព​សុំ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ប៉ុន្តែ កាលពី​ឆ្នាំមុន លោកស្រី​ប្រធានាធិបតី​បង់ក្លាដែស ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​តូក្យូ​បាន​អះអាងថា បង់ក្លាដែស​នឹង​បោះចោល​សិទ្ធិ​របស់ខ្លួន ក្នុង​ការសុំ​ចូល​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រសិន​បើ​ជប៉ុន​យល់​ព្រម​ចូលរួម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​បង់ក្លាដែស។ ដើម្បី​ជម្រុះ​គូប្រកួតប្រជែង ជប៉ុន​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀងផ្តល់​ជំនួយ និង​​វិនិយោគ​រាប់ពាន់​លាន​ដុល្លារជាមួយ​បង់ក្លាដែស។ ជប៉ុន​ពេលនេះ​ជា​បេក្ខជន​តែមួយ​ពី​អាស៊ីប៉ាស៊ីហ្វិក​សម្រាប់​កៅអី​នៅក្រុមប្រឹក្សា​សន្តិសុខ។ ​

ជប៉ុនក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកស៊ីនហ្សូ អាបេ ​ខំប្រឹង​ទំាង​នយោបាយ​ការទូត និង​ទឹកលុយ​​ដើម្បី​បាន​តំណែង​ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​​ឆ្នាំ​ក្រោយទៅ។ ជប៉ុន​ធ្លាប់​ធ្វើ​ជា​សមាជិកមិន​អចិន្រ្តៃយ៍​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​១០​លើក​មកហើយ។ ប៉ុន្តែ ការចូល​ជា​ធ្វើ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ជប៉ុន​លើកនេះ អាចខុសពីលើក​មុនៗ ដោយសារ​នាយករដ្ឋមន្រ្តី​ជប៉ុន​ធ្លាប់​បាន​បញ្ជាក់ថា ជប៉ុន​នឹង​ចលនា​ទាមទារ​​ឲ្យ​គេ​ធ្វើ​កំណែទម្រង់​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ពោល​គឺ គេត្រូវ​​បញ្ចូល​ជប៉ុន ឥណ្ឌា ប្រេស៊ីល និង​អាល្លឺម៉ង់​ចូល​ក្នុង​បញ្ជី​សមាជិក​អចិន្ត្រៃយ៍របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​រហូតមកដល់​ពេលនេះ​មាន​តែ​៥​ប្រទេស។ ចង់​មិន​ចង់ កំណែទម្រង់​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អាច​នឹង​ជួប​ឧបសគ្គ ដោយសារ​តែ​ចិន​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​​​ ច្បាស់​ជា​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​ជប៉ុន​ចូល​មក​ខ្ពស់មុខមាត់ស្មើ​នឹង​ខ្លួន​បាន។

យ៉ាងណាក៏ដោយ បើទោះបី​ជា​ជប៉ុន​មិន​អាច​ទាមទារ​បាន​សម្រេច​ដើម្បី​បាន​ក្លាយ​ជា​សមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ ការណ៍​ដែល​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ដែល​មាន​អាណត្តិ​តែ​ពីរឆ្នាំនោះ ក៏នឹង​អាច​ផ្តល់​ប្រយោជន៍​មិន​តិចដែរ​ដល់​ជប៉ុន។ ជប៉ុន​អាច​ឆ្លៀត​យក​តួនាទី​របស់​ខ្លួន​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បីលើក​និយាយ​ពី​បញ្ហា​ដែន​សមុទ្រ ដែល​ចិនកំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​នៅ​អាស៊ី ដែល​រាប់ចូល​ទាំង​ជប៉ុន​ផង និង​​អាច​រំលឹក​ទាមទារ​ឲ្យ​ចិន​គោរព ឈប់​រំលោភ​ដែនទឹក​អន្តរជាតិ។ មួយវិញទៀត ជប៉ុន​អាច​ទទួល​ដឹង​រាល់​សំណុំរឿង​ពិភពលោក​សំខាន់ៗ ដឹង​ពីជំហរនយោបាយ ឬ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ធំៗ​ បើសិនជា​ជប៉ុន​​​ក្លាយ​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង​២០​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ