អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់ លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅអ៊ីរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅវេលាយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ទី​៨មករានេះ កងទ័ពអ៊ីរ៉ង់ បានបាញ់​មីស៊ីល ជា​ច្រើន​​គ្រាប់ ទៅលើ​​មូលដ្ឋាន​ទ័ព​របស់​អាមេរិក ចំនួន​យ៉ាងហោច​២កន្លែង នៅ​ក្នុង​​ទឹកដី​អ៊ីរ៉ាក់។ អ៊ីរ៉ង់​​បានអះអាង​ថា នេះគឺ​ជា​ការសងសឹក ​ទៅលើ​អាមេរិក ដែល​បាន​​សម្លាប់​​នាយឧត្តមសេនីយ៍​​អ៊ីរ៉ង់​ដ៏សំខាន់ ឈ្មោះ កាសឹម សូឡីម៉ានី។ យ៉ាងណា​ក៏ដោយ ​ការបាញ់​មីស៊ីល​របស់​អ៊ីរ៉ង់ ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​នេះ គឺវា​បាន​រុញច្រាន​វិបត្តិ​នេះ ​ឲ្យ​ចូល​​ទៅក្នុង​​ដំណាក់​កាល​​ថ្មី​មួយទៀត ដែល​គ្រប់គ្នា​ព្រួយ​បារម្ភ​បំផុត គឺ​ការ​​ប្រឈមមុខ​ដាក់​គ្នា​​ដោយ​​អាវុធ និង​ដោយ​ផ្ទាល់ រវាង​អ៊ីរ៉ង់ និង​អាមេរិក។

អាយ៉ាតូឡា អាលី ខាមឺណី ថ្លែង​សុន្ទរកថានៅក្រុងតេហេរ៉ង់ ថ្ងៃទី​៨ មករា ២០២០ ប្រកាស​ថា​​អ៊ីរ៉ង់ ​បាន​សងសឹក​អាមេរិក តាមរយៈគ្រាប់​មីស៊ីល។​
អាយ៉ាតូឡា អាលី ខាមឺណី ថ្លែង​សុន្ទរកថានៅក្រុងតេហេរ៉ង់ ថ្ងៃទី​៨ មករា ២០២០ ប្រកាស​ថា​​អ៊ីរ៉ង់ ​បាន​សងសឹក​អាមេរិក តាមរយៈគ្រាប់​មីស៊ីល។​ Official Khamenei website/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បាញ់ម៉ោងពេលដូចគ្នា នឹងពេល​អាមេរិក សម្លាប់ឧត្តមសេនីយ៍កាសឹម សូឡីម៉ានី

នៅវេលាយប់ថ្ងៃអង្គារ ម៉ោងប្រមាណ​ជា​១និង៣០នាទីរំលងអាធ្រាត្រ កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​ប្រភេទ​បាលីស្ទិក​ជា​ច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពអាមេរិកចំនួន​យ៉ាង​ហោច ២កន្លែង នៅក្នុង​ទឹកដី​អ៊ីរ៉ាក់។ មូលដ្ឋាន​ទីមួយ​នៅ​តំបន់ ​Aïn al-Assad ភាគ​ខាង​លិច​អ៊ីរ៉ាក់ និង មួយទៀត​នៅ​តំបន់ Erbil ភាគខាងជើងអ៊ីរ៉ាក់។

ម៉ោង​១និង៣០នាទី​រំលង​អាធ្រាត្រ គឺជា​ម៉ោងតែមួយ ដូចដែល​ពេល​កងទ័ព​អាមេរិក បាន​ បាញ់​មីស៊ីល​សម្លាប់​​នាយឧត្តមសេនីយ៍​​អ៊ីរ៉ង់ កាសឹម​ សូឡីម៉ានី។ ចំណែក​​ភាគី​អ៊ីរ៉ាក់ បាន​បង្ហើប​ឲ្យដឹង​ថា អ៊ីរ៉ង់​​បាន​​​ប្រាប់​​មកខ្លួន​ឲ្យបាន​ដឹងមុន នៅ​វេលា​ម៉ោង​ប្រមាណជា​​១២​អាធ្រាត្រ ថា​អ៊ីរ៉ង់​​នឹង​បាញ់​​មីស៊ីល​​​ក្នុង​ពេលដ៏ឆាប់​ តែមិនបាន​បញ្ជាក់​ពី​ទីតាំងទេ។

នៅព្រឹកថ្ងៃពុធទី៨មករា បើផ្អែកតាមការលើកឡើង របស់​កងទ័ពអ៊ីរ៉ាក់ គឺអ៊ីរ៉ង់​បាន​បាញ់មីស៊ីល​ប្រមាណ​​២២គ្រាប់ ក្នុងរយៈពេលប្រមាណ​តែ​៣០នាទី​ប៉ុណ្ណោះ។ ១៧គ្រាប់​ធ្លាក់​នៅ​មូលដ្ឋាន​​ទ័ព Aïn al-Assad និង​៥គ្រាប់ ​ធ្លាក់នៅ​ Erbil។ តែបើ​ផ្អែកតាម​គេហទំព័រ​Mashregh ដែល​ស្និទ​នឹង​កងឆ្មាំបដិវដ្ត​អ៊ីរ៉ង់ គឺគេ​អះអាង​ថាកងទ័ព​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​បាន​លីស្ទិក ចំនួន​​ជាង​​៣០គ្រាប់។

អ៊ីរ៉ង់អះអាងថា​ បាន​សម្លាប់ទាហានអាមេរិក​៨០នាក់

ទូរទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សព្វផ្សាយថា មីស៊ីលបាលីស្ទីកអ៊ីរ៉ង់ បានសម្លាប់ទាហាន ចំនួន​៨០នាក់។ ក៏ប៉ុន្តែ លោកដូណាល់ ត្រាំ បាន​សរសេរលើទំព័រTwitter យ៉ាងសាមញ្ញថា មិនមាន​អ្វី​បារម្ភ​ទេ​ពេល​នេះ ​មន្ត្រីជំនាញរបស់កងទ័ពអាមេរិក កំពុងធ្វើការពិនិត្យ​​ការ​ខូចខាត។ លោកដូណាល់ សរសេរបន្តថា លោកនឹងធ្វើសន្និសីទកាសែត នៅព្រឹក​ថ្ងៃពុធ​នេះ នៅឯក្រុងវ៉ាស៊ីនតោន។

សូមបញ្ជាក់ថា មូលដ្ឋានទ័ពអាមេរិក នៅ Aïn al-Assad ​គឺជា​មូលដ្ឋាន​សំខាន់​មួយ​របស់​កងទ័ព​អាមេរិក ប្រចាំ​នៅ​អ៊ីរ៉ាក់ ដែលកាលពីឆ្នាំ២០១៧ មានទាហាន និង​ជនស៊ីវីល​អាមេរិក ប្រចាំ​នៅ​ទីនោះ​ប្រមាណ​៥០០នាក់។ គឺមូលដ្ឋាននេះហើយ ដែលលោក​ដូណាល់ត្រាំ ​បាន​ទៅ​ដល់ ​កាល​ពីចុង​ឆ្នាំ​​២០១៨។ ចំណែក​​មូលដ្ឋានទ័ព នៅ​ Erbil វិញ គឺជាមូលដ្ឋានទ័ព នៃប្រតិបត្តិការ​សម្ព័ន្ធមិត្តអន្តរជាតិបោសសំអាត​ក្រុម​ជីហាតអង្គការ​រដ្ឋ​អ៊ីស្លាម​។ បើផ្អែកលើការចុះផ្សាយ​ លើគេហទំព័ររបស់មន្ទីរប៉ង់តាហ្គោន កាលពីខែកញ្ញា នៅបន្ទាយ​នេះ មាន​ទាហាននិងជនស៊ីវីលចំនួន​ប្រមាណ​៣៦០០នាក់ ដែលក្នុងនោះមាន​ទាំងកងទ័ពអាមេរិក និងកងទ័ព​ប្រទេសចំនួន​១៣ផ្សេងទៀត ដែល​សហការ​ក្នុង​សម្ព័ន្ធមិត្ត​អន្តរជាតិ។

ដោយឡែក​កងទ័ព​អ៊ីរ៉ាក់ និងតំណាងកងទ័ពកាណាដា វិញ បានបញ្ជាក់ថា ខាង​គេ​ពុំមាន​​ទាហាន​ណា​រងរបួស ឬស្លាប់ ដោយសារគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ឡើយ។

សង្រ្គាម​ចេញមុខរវាងអ៊ីរ៉ង់ និងអាមេរិក

ទោះជាយ៉ាងណា ការបាញ់ប្លោងមីស៊ីលបាលីស្ទិក ចេញពីដៅអ៊ីរ៉ង់ សំដៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ក្នុងទឹកដីអ៊ីរ៉ាក់នេះ គឺអាចចាត់ទុកថា ជា​ការ​ឈាន​ចូល​ដំណាក់កាល​ថ្មី​មួយទៀត ពោលគឺវាការប្រឈមមុខដោយដោយអាវុធ និងដោយផ្ទាល់តែម្តង រវាងអ៊ីរ៉ង់ និង​អាមេរិក។ តើមានន័យថា ចាប់ពីពេលនេះទៅ សង្រ្គាមចេញមុខរវាងអ៊ីរ៉ង់ និង​អាមេរិក នឹង​ផ្ទុះឡើង​ហើយ​មែនទេ?

អ្វីៗ​វាអាស្រ័យថា តើអ៊ីរ៉ង់​ឈប់​ត្រឹមហ្នឹង ហើយ​អាមេរិក ឆ្លើយ​តប​មកវិញ ឬ​មិន​ឆ្លើយតប។ ជាការពិត អ៊ីរ៉ង់​អះអាង​ថា ការ​បាញ់​មីស៊ីល​របស់​ខ្លួន​ទៅ​លើ​បន្ទាយ​ទាហាន​អាមេរិក ក្នុង​ទឹកដី​អ៊ីរ៉ាក់ គឺ​ជា​ការ​សងសឹង ចំពោះ​ការ​ដែល​អាមេរិក​បាញ់​មីស៊ីល ​សម្លាប់​នាយឧត្តមសេនីយ៍​​អ៊ីរ៉ង់ កាសឹម​ សូឡីម៉ានី។

នៅលើ​កញ្ចក់​ទូរទេស្សន៍​ជាតិ​អ៊ីរ៉ង់ ​អាយ៉ាតូឡា អាលីខាមឺណី បាន​​និយាយ​ថា មីស៊ីល​របស់​អ៊ីរ៉ង់​ដែល​បាន​ធ្លាក់លើ​មូលដ្ឋានទ័ព​អាមេរិក គឺ​ប្រៀប​ដូច​ជា​ "ការ​ទះកំផ្លៀង​សងសឹក​អាមេរិក"។ ក៏ប៉ុន្តែ អ៊ីរ៉ង់ធ្វើប៉ុណ្ណេះ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ។ អាយ៉ាតូឡា អាលីខាមឺណី​បន្តថា អ្វីដែល​​ជាកម្មវត្ថុ និង​​ជា​កាតព្វកិច្ចរបស់​អ៊ីរ៉ង់ គឺ​ត្រូវបណ្តេញ​​អាមេរិក ឲ្យ​​ដកទ័ព​ចេញ​ឲ្យអស់​ពី​តំបន់​ដើមបូព៌ា។ ដូច្នេះ វាអាច​មាន​ន័យថា ​អ៊ីរ៉ង់​នៅ​​មិនទាន់​ស្ងប់ចិត្ត។

ចប់គ្នាត្រឹមនេះ?

ដោយឡែក បើយើងផ្អែកលើសំណេររបស់លោក ហា​សាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ ដែល​​សរសេរ​នៅលើ​ទំព័រ Twitter ​វិញ យើង​ឃើញថា ​គាត់​មាន​ជំហរ​ត្រជាក់​ជាង​​អាយ៉ាតូលីអាលីខាមឺណី។ លោកហាសាន់ រូហានី សរសេរថា មីស៊ីល​របស់​អ៊ីរ៉ង់ ​គឺ​ជា​ការ​សងសឹក​ដោយ​ស័ក្តិសម ទៅនឹង​​អំពើឃាតកម្ម​របស់​អាមេរិក មកលើ​នាយឧត្តមសេនីយ៍​ កាសឹម សូឡីម៉ានី។ អ្នកវិភាគ​មួយចំនួន​ យល់ថា សម្តីរបស់​លោក​ហាសាន់ រូហានីនេះ គឺ​មាន​ន័យថា ការ​សងសឹក​នេះ​បាន​ចប់ហើយ រវាង​អាមេរិក និង​អ៊ីរ៉ង់ គឺ​រួចគ្នា​ហើយ។ ដូច្នេះ​អ៊ីរ៉ង់ និង​មិន​​បើកប្រតិបត្តិការ​វាយ​ប្រហារ​ណាថ្មី​ទៀតនោះទេ។

ប៉ុន្តែពេលនេះ សួរថាតើ លោកដូណាល់ ត្រាំ សុខចិត្តចប់ត្រឹមហ្នឹង ឬទេ? បើលោក​ដូណាល់ ត្រាំ​មិនសុខ​ចិត្ត​ចប់​ទេ ហើយ​សម្រេច​វាយបក​ទៅវិញ គឺ​មាន​ន័យថា ​វានឹង​រុញ​ឲ្យ​អ៊ីរ៉ង់ បន្ត​វាយបក​មកវិញ​ដែរ។ ក្នុង​ករណី​នេះ សង្រ្គាម​ដោយ​ចំហរ និង​ផ្ទុះ​ឡើង។ យើង​មិនទាន់​អាច​ស្មានចិត្ត​​លោកដូណាល់ ត្រាំ​បាន​ទេ តែ​យ៉ាងណា ​គាត់​បាន​គំរាម​រួចហើយ​ ២-៣ ​ថ្ងៃ​មុន​នេះ ថា​បើ​អ៊ីរ៉ង់ ​ហ៊ានតែ​សងសឹក អាមេរិក​នឹង​វាយ​ក​ម្ទេច​ទីតាំង​សំខាន់ៗ​របស់​អ៊ីរ៉ង់ ចំនួន​​៥២​កន្លែង រាប់​ទាំង​​ទីតាំង​វប្បធម៌ផង។ ដូច្នេះ អ្វីៗ​គឺវាស្ថិត​លើ​ការ​សម្រេច​ទាំងស្រុង របស់​លោក​​ដូណាល់ ត្រាំ។

មហាអំណាចផ្សេងទៀត អំពាវនាវឲ្យ​ភាគី​ទាំង​សងខាងទប់កំហឹង

បណ្តាប្រទេសមហាអំណាចផ្សេងទៀត បានអំពាវនាវ ឲ្យ​ភាគីទាំងសងខាង រក្សា​ការស្ងៀមស្ងាត់ ខំប្រឹង​ទប់ចិត្ត្ត​រៀងខ្លួន។ លោក Joseph Borrell មន្ត្រី​ទទួលបន្ទុក​កិច្ចការ​បរទេស​របស់​សហភាពអឺរ៉ុប បាន​​លើកឡើង​ថា វាគ្មាន​អ្វី​ចំណេញ​សម្រាប់​ភាគី​ណា​ទាំងអស់ បើសិ​នជា​នៅតែ​បន្តសងសឹក​គ្នាទៅវិញទៅមក។ វិបត្តិនេះ​មិនមែន​​ប៉ះពាល់​តែអ៊ីរ៉ង់ ​អ៊ីរ៉ាក់​ និងអាមេរិកទេ ​គឺប៉ះពាល់​ទាំងអស់គ្នា។

ចំណែកបារាំងវិញ បារាំងបានប្រកាសថ្កោលទោសការ​បាញ់មីស៊ីលរបស់អ៊ីរ៉ង់ ទៅលើ​មូលដ្ឋាន​កងទ័ព​សម្ព័ន្ធមិត្ត​អន្តរជាតិ ដែលក្នុងនោះក៏មានកងទ័ពបារាំងដែរ។ ក្រសួង​ការបរទេស​បារាំង បាន​បញ្ជាក់ថា បារាំង​បន្ត​គាំទ្រ​ និង​សហការ​នៅក្នុង​កងទ័ព​សម្ព័ន្ធមិត្ត​អន្តរជាតិ​តទៅទៀត ហើយ​អំពាវនាវ ឲ្យអ៊ីរ៉ង់ ត្រូវបញ្ឈប់រាល់ការវាយបកទាំងអស់។ ដូចគ្នា​ដែរ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ក៏​បាន​​ថ្កោលទោស ​ការ​បាញ់​មីស៊ីល​របស់​អ៊ីរ៉ង់ដែរ។ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​រន្ធាន់​ឲ្យភាគី​អ៊ីរ៉ង់ បញ្ឈប់​ជាបន្ទាន់ ​នូវ​ប្រតិបតិ្ត​ការ​​យោធា​សកសឹក ដែល​អាចធ្វើឲ្យ​ស្ថានការណ៍ កាន់តែ​ធ្លាក់ជ្រៅ​ស្តារ​លែងរួច។ ចំណែក​ចិន វិញ​បាន​អំពាវនាវ ឲ្យ​​ភាគី​ទាំងសងខាង អាមេរិក ​និងអ៊ីរ៉ង់ ត្រូវ​ខាំមាត់​សង្កត់ចិត្ត ​ទប់​កំហឹង​រៀងៗខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ