អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមអង្គការក្រៅរដ្ឋាភិបាលទាញសញ្ញាអាសន្នពីគ្រោះមហន្តរាយមនុស្សធម៌នៅស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី២១ ធ្នូ ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ព្រមាន​ពី​គ្រោះមហន្តរាយ​មនុស្សធម៌​ជា​យថាហេតុ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​ប្រទេស​រុស្ស៊ី និង​ចិន​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​សុក្រ ទី២០ ធ្នូ។ គឺ​ជា​សេចក្តីសម្រច​ដែល​ស្នើ​ឲ្យ​ពន្យារ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ឆ្លង​កាត់​ព្រំដែន​ទៅ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ចំនួន ៤លាននាក់​រយៈពេល ១ឆ្នាំ​បន្ថែម​ទៀត។ អាមេរិក​តាម​រយៈ​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​បរិហារ​ចាស់​ដៃ​លើ​ទង្វើ​របស់​ក្រុង​មូស្គូ និង​ប៉េកាំង។ « អស់​លោក​មាន​ឈាម​នៅ​ក្នុង​ដៃ » នេះ​ជា​សារ​ដែល​លោក​ប៉ុមប៉េអូ​បាន​ផ្ញើ​ទៅ​ឲ្យ​រុស្ស៊ី និង​ចិន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Manuel ELIAS / UNITED NATIONS / AFP
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​ដែល​ចិន និង​រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​សុក្រ ទី២០ ធ្នូ គឺ​ជា​សំណើ​របស់​ប្រទេស​អាល្លឺម៉ង់ បែលហ្ស៊ិក និង​ប្រទេស​កូវ៉ែត​ដែល​ចង់​ឲ្យ​មាន​ការ​បន្ត​រយៈពេល ១ឆ្នាំ​ទៀត​នូវ​ជំនួយមនុស្សធម៌​ឆ្លងដែន​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី​ចំនួន ៤លាននាក់។ ម្យ៉ាង​ទៀត ការ​ផ្តោត​សំខាន់​តែ​លើ​ប្រជាជន​ស៊ីរី​ចំនួន ៤លាននាក់​ក៏​ដោយសារ​តែ​តំបន់​របស់​ពួក​គេ​មិន​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស់​ទេ។ តំបន់​ដែល​ពួក​គេ​កំពុង​រស់នៅ​បន្ត​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ពួកជីហាត​នៃ​ក្រុម Hayat Tahrir al-Cham ដែល​ជា​សាខា​របស់​អង្គការ​ភេរវនិយម​អាល់កៃដា។

ក្រោម​ភ្នែក ច្រមុះ​របស់​សហគមន៍​អន្តរជាតិ​ក៏​ដូច​ជា​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ពលរដ្ឋ​ស៊ីរី​ទាំង ៤លាននាក់​នោះ​កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយមនុស្សធម៌​អន្តរជាតិ។ តែ​បើ​និយាយ​សរុប មាន​ពលរដ្ឋ​ស៊ីរី​ដល់​ទៅ ១១លាននាក់​ដែល​កំពុង​ទទួល​បាន​ជំនួយ​មនុស្សធម៌​អន្តរជាតិ។ ប្រទេស​រុស្ស៊ី និង​ចិន​ដែល​បាន​គាំទ្រ​របប​ក្រុង​ដាម៉ាស់​ក៏​បាន​យល់​ឃើញ​ដូច​គ្នា តែ​ពួក​គេ​ចង់​ឲ្យ​បង្វែរ​ជំនួយមនុស្សធម៌​ទាំង​នោះ​ទៅ​ឲ្យ​ក្រុង​ដាម៉ាស់​ជា​អ្នក​គ្រប់គ្រង ចាត់ចែង​វិញ។ ក្រុង​មូស្គូ និង​ប៉េកាំង​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា រដ្ឋអំណាច​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ​ដណ្តើម​បាន​វិញ​នូវ​ដែនដី​កាន់​តែ​ច្រើន​មក​គ្រប់គ្រង​ក្នុង​ដៃ។ ដូច្នេះ គេ​គួរ​តែ​ទុក​ឲ្យ​រដ្ឋអំណាច​ស៊ីរី​ជា​អ្នក​គិតគូរ​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្លួន​ឯង។

គួរ​រម្លឹក​ថា តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​ជម្លោះផ្ទៃក្នុង​នា​ឆ្នាំ ២០១១ មក រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​ចំនួន ១៤ដង​ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​ផ្សេងៗ​របស់​ក្រុមប្រឹក្សាសន្តិសុខ ក្នុង​នោះ មាន​ចំនួន ៤ដង​ទាក់ទង​នឹង​រឿង​ជំនួយមនុស្សធម៌។

កិច្ចព្រមព្រៀង​បច្ចុប្បន្ន​នឹង​ផុតកំណត់​នៅ​ថ្ងៃទី១០ មករា ឆ្នាំ ២០២០

ជំនួយមនុស្សធម៌​ឆ្លងដែន​សម្រាប់​ប្រទេស​ស៊ីរី​ជា​ជំនួយអន្តរជាតិ​មួយ​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ និង​បាន​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ ២០១៤។ កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី១០ មករា ឆ្នាំ ២០២០។ គេ​ហៅ​ជា​ជំនួយមនុស្សធម៌​ឆ្លង​ដែន ព្រោះ​ជំនួយ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹក​ចូល​ស៊ីរី​តាម​ច្រក​ព្រំដែន​ចំនួន ២កន្លែង​ជាមួយ​ប្រទេស​តួកគី និង​ច្រក​ព្រំដែន​ចំនួន ១កន្លែង​ជាមួយ​ប្រទេស​អ៊ីរ៉ាក់។ សំណើ​របស់​ប្រទេស​អាល្លឺម៉ង់ បែលហ្ស៊ិក និង​ប្រទេស​កូវ៉ែត​បាន​សុំ​ឲ្យ​បន្ត​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ចំនួន ១ឆ្នាំ​បន្ថែម​ទៀត។ នៅ​ក្នុង​ជំហាន​ដំបូង រុស្ស៊ី​បាន​យល់ព្រម​ឲ្យ​បន្ត​តែ ៦ខែ និង​បាន​ទាមទារ​ឲ្យ​ទុក​តែ​ច្រកព្រំដែន​ជាមួយ​តួកគី​ដោយ​បិទ​ច្រក​ព្រំដែន​ជា​មួយ​អ៊ីរ៉ាក់។

តែ​ដោយ​និយាយ​មិន​ចុះ​សម្រុង​គ្នា ក្រុង​មូស្គូ រួម​ទាំង​ក្រុង​ប៉េកាំង​ក៏​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​សំណើ​របស់​ប្រទេស​អាល្លឺម៉ង់ បែលហ្ស៊ិក និង​ប្រទេស​កូវ៉ែត។ ទន្ទឹម​គ្នា​នេះ​ក្នុង​ថ្ងៃ​សុក្រ ទី២០ ធ្នូ​ដដែល និង​បន្ទាប់​ពី​បាន​ប្រើ​សិទ្ធិវ៉េតូ រុស្ស៊ី​ក៏​បាន​ដាក់​សំណើ​ដាច់​ដោយឡែក​របស់​ខ្លួន តែ​ក៏​ត្រូវ​បាន​សមាជិក​ផ្សេង​មិន​បោះឆ្នោត​ទទួល​យក​វិញ។ ចិន​តាម​រយៈ​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Zhang Jun បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ភ្លែត​ដោយ​ចោទ​បស្ចិមលោក​ក្នុង​បទ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ « បើ​អស់​លោក​ពិត​ជា​យក​ទុកដាក់​ខ្លាំង​ចំពោះ​ស៊ីរី ហេតុ​អ្វី​មិន​បោះឆ្នោត​គាំទ្រ​សំណើ​របស់​រុស្ស៊ី? » នេះ​ជា​ការ​ថ្លែង​របស់​លោក Zhang Jun។

ឃើញ​ថា​ខណៈ​នេះ គឺ​មាន​តែ​សង្រ្គាម​ពាក្យសម្តី និង​ការ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក។ តែ​គ្រប់​គ្នា​នៅ​តែ​សង្ឃឹម​ថា គេ​នៅ​សល់​ពេល​ច្រើន​គួរសម​ក្នុង​ការ​បន្ត​ការ​ចរចា​ដើម្បី​អាច​ពន្យារ​កិច្ចព្រមព្រៀង​ចាស់​ដែល​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី ១០ មករា ឆ្នាំ ២០២០។ « នៅ​មុន​ថ្ងៃទី១០ មករា គេ​មាន​ពេល​ដើម្បី​រក​ដំណោះស្រាយ​មួយ ប្រសិន​បើ​គ្រប់​គ្នា​ចង់​បាន​ដំណោះស្រាយ​មែន​នោះ » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អង្គការ​សហប្រជាជាតិ។

ជំនួយមនុស្សធម៌​ឆ្លងកាត់ព្រំដែន​ជា​យន្តការណ៍​តែ​មួយ​គត់​ដើម្បី​ជួយ​ពលរដ្ឋ​ស៊ីរី

សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល Oxfam គ្រួសារ​ស៊ីរី​កំពុង​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយមនុស្សធម៌​អន្តរជាតិ​ដែល​បាន​បញ្ជូន​តាម​ព្រំដែន​ជាមួយ​តួកគី ឬ​អ៊ីរ៉ាក់។ ចូរ​កុំ​ភ្លេច​ថា ជម្លោះ​ប្រដាប់អាវុធ​ផ្ទៃក្នុង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ជា​ច្រើន​ពាន់​លាននាក់​រត់ភៀសខ្លួន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត ហើយ​បើ​គ្មាន​ជំនួយ​របៀប​នេះ​ទេ ពួក​គេ​ក៏​មិន​ដឹង​ពឹង​អ្វី​ដើម្បី​រស់​ដែរ។ Oxfam បាន​បញ្ជាក់​ថា គ្មាន​មធ្យោបាយ​អ្វី​ផ្សេង​ក្រៅ​ពី​ជំនួយមនុស្សធម៌​ឆ្លងកាត់ព្រំដែន​ដើម្បី​អាច​ជួយ​ផ្គត់ផ្គង់​តម្រូវការ​របស់​ពលរដ្ឋ​ស៊ីរី​ដែល​ទទួល​រង​អំពើហិង្សា និង​ការ​បម្លាស់ទី​ទេ។ ចំណែក​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ទៀត​ឈ្មោះ Save the Children បាន​បរិហារ​លើ​ជម្លោះ​របស់​ក្រុម​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ដោយ​បញ្ជាក់​ថា ពួក​គេ​មិន​នាំ​គ្នា​គិតគូរ​ពី​ការ​បន្ត​ផ្តល់​ជំនួយ​ចាំ​បាច់​ដល់​កុមារ​ស៊ីរី តែ​បែរ​ជា​យក​វេទិភា​សហប្រជាជាតិ​ដើម្បី​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ទៅ​វិញ។

Save the Children ក៏​យល់​ឃើញ​ដូច Oxfam ដែល​ថា យន្តការណ៍​ជំនួយមនុស្សធម៌​ឆ្លងដែន​បច្ចុប្បន្ន​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ជួយ​ចិញ្ចឹម​កុមារ​ស៊ីរី​មួយ​ចំនួន​ធំ។ ទន្ទឹម​គ្នា​នេះ បើ​គ្មាន​ការ​ពន្យារ​ជំនួយមនុស្សធម៌​ឆ្លងកាត់ព្រំដែន​ទេ ផលវិបាក​ក៏​នឹង​កើត​មាន​ចំពោះ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​ជា​ច្រើន​ដែរ ព្រោះ​ពួក​គេ​ក៏​បាន​រួម​សហការណ៍​ក្នុង​ការ​ចែកចាយ​ជំនួយមនុស្សធម៌។ អ្វី​ជា​ការ​កត់សម្គាល់ ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ពន្យារ​ជំនួយមនុស្សធម៌​ឆ្លងដែន​បាន​កើត​មាន​ឡើង ខណៈ​ដែល​ជម្លោះផ្ទៃក្នុង​ស៊ីរី​បាន​ឈាន​ដល់​ឆ្នាំ​ទី៨។ សង្រ្គាម​រយៈពេល ៨ឆ្នាំ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៣៧០ ០០០នាក់ មាន​ជនបម្លាស់ទី និង​ជនភៀសខ្លួន​ជា​ច្រើន​លាននាក់​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ