នៅក្រោយនាយករដ្ឋមន្រ្តី លាលែងពីតំណែង តើលីបង់នឹងអាចរកច្រកចេញពីវិបត្តិតាមផ្លូវណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៩
៦ថ្ងៃក្រោយហេតុការណ៍ផ្ទុះនៅកំពង់ផែ ដែលបានសម្លាប់មនុស្សប្រមាណ២០០នាក់ និងបណ្តាលឲ្យមានបាតុកម្មហិង្សាប្រឆាំងរដ្ឋាភិបាល៣ថ្ងៃមកហើយ ប្រមុខរដ្ឋាភិបាលលីបង់ លោក ហាសាន់ ដ្យាប កាលពីយប់ថ្ងៃចន្ទទី ១០សីហា ២០២០ បានប្រកាសលាលែងចេញពីមុខតំណែង។ នៅតាមផ្លូវជាទីដែល ប្រជាជនលីបង់ បន្តធ្វើបាតុកម្ម បានសំដែងការត្រេកអរមួយភ្លែត ប៉ុន្តែ សន្យា នៅបន្តធ្វើបាតុកម្ម ដើម្បី ទាមទារឲ្យមេដឹកនាំ ពុករលួយផ្សេងទៀត ដូចជាប្រធានាធិបតី និងប្រធានសភាជាដើម ឲ្យ ចុះចេញពីអំណាច។ លីបង់ដែលធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយ លើកនេះ នឹងអាចរកច្រកចេញបានដែរឬទេ?
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី លីបង់ ហាសាន់ ដ្យាប ធ្លាប់បានស្នើឲ្យមានការបោះឆ្នោត មុនកាលកំណត់ និងអះអាងថា លោកអាចដឹកនាំរដ្ឋាភិបាល ពីរខែទៀត រហូតដល់មានរដ្ឋាភិបាលថ្មី។ ប៉ុន្តែ នៅយប់ថ្ងៃចន្ទម្សិលមិញ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលបាត់មុខរដ្ឋមន្រ្តី ៥រូប ដែលបានប្រកាសលាលែងពីមុខតំណែង នៅមុន និងក្រោយ ហេតុការណ៍ផ្ទុះនៅកំពង់ផែ លោក នាយករដ្ឋមន្រ្តីលីបង់ គ្មានជម្រើសអ្វីក្រៅតែពីប្រកាសចុះចេញពីតំណែង។ នៅក្នុងសារថ្លែងតាមកញ្ចក់ទូរទស្សន៍ លោកហាសាន់ ដ្យាប ទទួលស្គាល់ថា អំពើពុករលួយ នៅលីបង់ ក្រៅតែពីចាក់ឬស សែនជ្រៅ ប៉ុន្តែ វាមានទំហំធំជាងរដ្ឋទៅទៀត។ ដោយចុះចេញពីតំណែងនាយករដ្ឋមន្រ្តី លោក ហាសាន់ ដ្យាប ទាមទារផងដែរឲ្យ អ្នកនយោបាយនៅលីបង់ ចេញមុខទទួលខុសត្រូវលើអំពើពុករលួយ ដែលជាកត្តាឲ្យមានការស្តុក សារធាតុគីមី ឆេះខ្លាំង ដូចជាអាម៉ូញ៉ូម នីត្រាត នៅកំពង់ផែបេរូត។ ការផ្ទុះពីរលើកផ្ទួនៗគ្នា ដែលបណ្តាលមកពីការឆេះអាម៉ូញ៉ូម នីត្រាត បានបំផ្លាញ ទីក្រុងបេរូត ស្ទើរពាក់កណ្តាល និងបានសម្លាប់មនុស្សប្រមាណ ២០០នាក់និងធ្វើឲ្យមនុស្សជាង ៣សែននាក់ បាត់បង់ជម្រក។
នៅយប់ថ្ងៃចន្ទម្សិលមិញ លោកប្រធានាធិបតី មីស៊្ហែល អាអ៊ូន បានទទួលពាក្យ សុំចុះចេញអំណាច របស់រដ្ឋាភិបាល ពីលោកហាសាន់ ដ្យាប ប៉ុន្តែ បានស្នើឲ្យ លោក ហាសសាន់ ដ្យាប នៅបន្តដឹកនាំរដ្ឋាភិបាលសិន សិន ទម្រាំរកបានបេក្ខជននាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាលថ្មី។
តាមទម្លាប់ចាត់ចែងអំណាចនៅលីបង់ លោកប្រធានាធិបតីមីស្ហែល អាអ៊ូន នឹងត្រូវពិភាក្សាជាមួយសភា លីបង់ ដើម្បីរកបេក្ខជននាយករដ្ឋមន្រ្តីមួយ សម្រាប់ទទួលបន្ទុកដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរលើកនេះ។ តាមកាសែតក្នុងស្រុកលីបង់ ដែលដកស្រង់ប្រភពពីមន្រ្តីហេស្បូឡា លីបង់ អាមេរិក អារ៉ាប៊ី សាអូឌីត និងបារាំង ចង់ឲ្យគេតែងតាំង ឯកអគ្គរដ្ឋទូតលីបង់ នៅអង្គការសហប្រជាជាតិ លោក Nawaf Salam ជាក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលអព្យាក្រិត្យ នៅលីបង់។ ប៉ុន្តែ ភាគី អេស្បូឡា លីបង់ ដែលមានអំណាចធំ នៅរដ្ឋសភាលីបង់ នៅមិនទាន់ និយាយអ្វីនោះទេ។ រាល់លើក ដំណើរការជ្រើសរើសរដ្ឋាភិបាលលីបង់ ត្រូវការ ស៊ីពេលវេលាយូរ រាប់ខែ ពីព្រោះតែបេក្ខជននាយករដ្ឋមន្រ្តី ត្រូវតែទទួលបានភ្លើងខៀវពីគ្រប់ភាគី ពាក់ព័ន្ធនយោបាយរបស់លីបង់ ដោយរួមទាំងប្រទេសពីខាងក្រៅផង។
នាយករដ្ឋមន្រ្តីចុះចេញពីតំណែង ប៉ុន្តែ វា នៅតែមិនអាចបិទបញ្ចប់វិបត្តិ នៅលីបង់
សម្រាប់ប្រជាជនលីបង់ ដែលបានធ្វើបាតុកម្ម ប្រឆាំង រដ្ឋាភិបាល ៣ថ្ងៃមកហើយ ហេតុការណ៍ផ្ទុះនៅកំពង់ផែ គឺលទ្ធផលនៃការដឹកនាំ គ្មានសមត្ថភាព និងពុករលួយ របស់រដ្ឋាភិបាល។ ប៉ុន្តែ ការសុំលាលែងពីមុខតំណែង របស់លោកនាយករដ្ឋមន្រ្តីហាសាន់ ដ្យាប មិនធ្វើឲ្យប្រជាជនលីបង់ អស់ចិត្តនោះទេ។ ពួកគេទាមទារឲ្យគ្រប់មេដឹកនាំទាំងអស់នៅលីបង់ ទាំង ប្រធានាធិបតី លោកមីស្ហែល អាអ៊ូន និងថ្នាក់ដឹកនាំនៅសភា ផង ត្រូវតែចុះចេញពីអំណាច និងត្រូវរៀបចំការបោះឆ្នោត សាជាថ្មី ដើម្បីជ្រើសតាំងសមាជិករដ្ឋាភិបាល ថ្មី ដែល អព្យាក្រឹត្យ ដែលគ្មានធ្លាប់ជាប់ពាក់ព័ន្ធ នឹងអ្នកនយោបាយ ក្រុមបក្សពួកកាន់អំណាច នៅលីបង់កន្លងមក។ បាតុករ មួយចំនួនបានស្រែកចង់ឲ្យមហាជនលីបង់ ជាអ្នកមានសិទ្ធិសម្រេចជោគវាសនារបស់ប្រទេស។ ប៉ុន្តែ នៅការពិតជាក់ស្តែងវិញ បញ្ហា នៅលីបង់ ចាក់ស្រេះ ស្មុគស្មាញ និងលំបាក មិនងាយនឹងដោះស្រាយចេញរួចនោះទេ។
ទោះជាលោក នាយករដ្ឋមន្រ្តី ហាសាន់ ដ្យាប ចុះចេញពីតំណែង ប៉ុន្តែ វាអាចដោះស្រាយ វិបត្តិនយោបាយ សេដ្ឋកិច្ច ដែលរ៉ាំរ៉ៃ យូរច្រើនឆ្នាំ មកហើយនោះទេ។ លោកហាសាន់ ដ្យាបផ្ទាល់ទទួលស្គាល់ថា លោកគ្មានអំណាច សមត្ថភាពដើម្បីចាត់ចែងបញ្ហាប្រទេសជាតិនោះទេ។ អំណាចមិននៅក្នុងដៃរបស់លោកនោះទេ ប៉ុន្តែ នៅក្នុងដៃរបស់ក្រុមមនុស្សមួយក្តាប់តូច ដែលកាន់ខ្សែដឹកនាំលីបង់។
ជាក់ស្តែង សម្រែកតវ៉ា របស់ប្រជាជនលីបង់ កាលពីចុងឆ្នាំ ២០១៩ បានឈានទៅផ្តួលរំលំរដ្ឋាភិបាលរបស់លោក សាអាដ អារីរី។ ក្រោយមក លោកហាសាន់ ដ្យាប ក៏ត្រូវប្រធានាធិបតីនិងសភា លីបង់ ជ្រើសតាំងឲ្យដឹកនាំរដ្ឋាភិបាលថ្មី ប៉ុន្តែ ក៏ ត្រូវ មកដួលរលំម្តងទៀត នៅតែ៦ខែក្រោយ ចូលកាន់អំណាច។ ដូចមុន ប្រជាជនលីបង់ បានចោទរដ្ឋាភិបាល ថា ពុករលួយ គ្មានសមត្ថភាព ដឹកនាំប្រទេស។ វិបត្តិសេដ្ឋកិច្ច និងជំងឺកូវីដ បានធ្វើឲ្យប្រជាជនលីបង់ ត្រដរខ្យល់ម្តងៗ។ ប៉ុន្តែ ហេតុការណ៍ ផ្ទុះនៅកំពង់ផែ ជាទី ដែលរដ្ឋាភិបាលបានបណ្តែតបណ្តោយ ឲ្យមានស្តុកសារធាតុឆេះខ្លាំង ដូចជា អាម៉ូញ៉ូម នីត្រាត ធ្វើឲ្យប្រជាជនកាន់តែខឹងសម្បារ លែងមានជំនឿទៅលើប្រព័ន្ធដឹកនាំរបស់អ្នកនយោបាយលីបង់តទៅទៀត។ អាចថា ទោះផ្លាស់ប្តូររដ្ឋាភិបាលថ្មី លីបង់ ក៏នៅតែដដែល គ្មានអ្វីផ្លាស់ប្តូរនោះទេ។
ហេតុអ្វីបានជាលីបង់ ងើបមិនរួចពីវិបត្តិ?
ទោះផ្លាស់ប្តូរ រដ្ឋាភិបាល ១០ ២០ទៀត ក៏នៅតែដដែល។ ដោយសារអ្វី?គេពិនិត្យ ស្តីបន្ទោស ប្រព័ន្ធបែងចែកអំណាច ដែលក្រុមសាសនានៅលីបង់ បានចាប់អនុវត្ត តាំងពីឆ្នាំ ១៩៤២ ក្រោមឈ្មោះ កិច្ចព្រមព្រៀងជាតិ។
តាំងពីចប់សង្រ្គាមស៊ីវិល នៅឆ្នាំ ១៩៩០ ដោយ អនុវត្តកិច្ចព្រមព្រៀងជាតិ ដើម្បី បែងចែកអំណាចរវាងក្រុមសាសនា ដែលមានវត្តមាននៅលីបង់ លីបង់ត្រូវគ្រប់គ្រងដោយអ្នកនយោបាយ ដែលសុទ្ធតែមានប្រភពចេញពីក្រុមសាសនានៅលីបង់។ ការបែងចែកអំណាចរបៀបនេះ ធ្វើ ឲ្យ អំណាចនៅក្នុងដៃរបស់មនុស្សតែប៉ុន្មាននាក់ ពោល គឺ ៦ ឬ៧នាក់ ប៉ុណ្ណោះដែល សុទ្ធតែ តំណាងឲ្យក្រុមសាសនា ផ្សេងៗគ្នា នៅលីបង់។
ជាផ្លូវការ លីបង់ មានសហគមន៍សាសនាចំនួន ១៨។ ក្នុងនោះមានសហគមន៍គ្រឹស្តសាសនាចំនួន ១២ ព្រោះលីបង់មានប្រជាជនកាន់គ្រឹស្តសាសនារស់នៅច្រើនជាងគេ។ បន្ទាប់មក គឺសហគមន៍អ៊ីស្លាមចំនួន ៤ និងចុងក្រោយ គឺ និកាយ Druze និងជូដា។
ការបែងចែកអំណាចដឹកនាំប្រទេសធ្វើឡើងតែរវាង ក្រុមគ្រឹស្តសាសនា និងអ៊ីស្លាមតែប៉ុណ្ណោះ។ ទៅតាមកិច្ចព្រមព្រៀង រហូតមក គេបានសម្រេចថា ប្រធានាធិបតីលីបង់ត្រូវតែជាមនុស្សមកពីក្រុមគ្រឹស្តសាសនា ប្រធានសភា មកពីសាសនាអ៊ីស្លាម និកាយស្ហ៊ីអ៊ីត ចំណែកនាយករដ្ឋមន្រ្តីត្រូវតែជាមនុស្សមកពីក្រុមសាសនាអ៊ីស្លាម ប៉ុន្តែ និកាយ ស៊ុននីត។
គេជឿថា ដោយសារតែ លីបង់ មានមេដឹកនាំ មកពីគ្រប់សាសនាផ្សេងៗគ្នាដូច្នេះ វាជាឱកាសសម្រាប់បរទេស លូកដៃ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់លីបង់ ដែលធ្វើឲ្យលីបង់ ត្រូវ ប្រទាញប្រទង់គ្នា មិនងាយនឹងងើបដើរ ដោយខ្លួនឯង។
ឧទាហរណ៍ ក្រុមអេស្បូឡា លីបង់ ដែលមាននិកាយស្ហ៊ីអ៊ីត បានគ្រប់គ្រងរដ្ឋសភា ដែលមានអំណាចជ្រើសរើសប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ប៉ុន្តែ ក្រុមអេស្បូឡា នេះ គាំទ្រ ដោយប្រទេសអ៊ីរ៉ង់ ដែលមាននិកាយស្ហ៊ីអ៊ីតនេះដែរ។ តាមរយៈក្រុមអេស្បូឡា គេមើលឃើញថា អ៊ីរ៉ង់បានលូកដៃចូលខ្លាំង ក្នុងកិច្ចការផ្ទៃក្នុងរបស់លីបង់។ ងាកមកមើលតំណែងប្រធានាធិបតីលីបង់ វិញ ទោះជាមកពីសាសនាគ្រឹស្ត គាំទ្រដោយប្រទេសលោកខាងលិច ប៉ុន្តែ លោកប្រធានាធិបតី មីស៊្ហែល អាអ៊ូន ជាដើម ត្រូវគេមើលឃើញថា បានចងសម្ព័ន្ធភាពជាមួយពួកអេស្បូឡា ដែលអាចគាំទ្រ ជួយឲ្យកូនប្រសាររបស់លោក បន្តតំណែងប្រធានាធិបតីលីបង់។ សម្រាប់តំណែងនាយករដ្ឋមន្រ្តី ដែលត្រូវតែមានប្រភពចេញពីក្រុមអ៊ីស្លាមនិកាយស៊ុននីត គឺតែងបានការទទួលគាំទ្រ ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលកាន់សាសនាស៊ុននីតដូចគ្នា។ អាច ថា អាមេរិក និងអារ៉ាប៊ី សាអូឌីត ដែលជាសត្រូវរបស់អេស្បូឡា និងអ៊ីរ៉ង់ បានព្រងើយកន្តើយ មិនជួយលីបង់ ទោះជាលីបង់ លង់ជ្រៅក្នុងវិបត្តិសេដ្ឋកិច្ចលើកនេះ ក៏ដោយសារតែអាមេរិក ឃើញ ក្រុមអេស្បូឡា កាន់តែឡើងអំណាចនៅលីបង់នេះដែរ។
ផលប្រយោជន៍ភូមិសាស្រ្តនយោបាយរវាងបរទេស ទៅលើលីបង់ជារឿងមួយ ។ ប៉ុន្តែ បើគេចង់បន្ទោសមែនទែន គឺគេត្រូវបន្ទោស ប្រព័ន្ធ បែងចែកអំណាច តែ រវាងក្រុមជនមានអំណាចតែមួយក្តាប់តូច ដែលបានធ្វើឲ្យលីបង់ លង់ខ្លួន ក្នុង អំពើពុករលួយ ស៊ីរូងជ្រៅ គ្រប់ជាន់ថ្នាក់ មិនថា រដ្ឋាភិបាល សមាជិកសភា ឬប៉ូលិស។ ដោយសារតែប្រព័ន្ធ បែងចែក អំណាច សព្វថ្ងៃ ផ្តល់ផលសម្រាប់ ក្រុមបក្សពួក អ្នកមានអំនាចមួយក្តាប់តូច នោះ ក្រុមទាំងនោះ នឹងគ្មានថ្ងៃ ចង់បាត់បង់ផលប្រយោជន៍របស់ខ្លួននោះទេ។ ពួកគេច្បាស់ជានៅតោង ស្អិត មិនឲ្យលីបង់ អាចចាកចេញពីប្រព័ន្ធដឹកនាំដូចសព្វថ្ងៃ។ អាចថា ដរាបណា លីបង់នៅតែមានការបែងចែកអំណាចតែរវាងមេដឹកនាំសាសនា មួយក្រុមតូច នោះ លីបង់មិនងាយនឹងងើបចាកផុតពីវិបត្តិដ៏មហិមានោះទេ លើកលែងតែបដិវត្តរបស់មហាជន ដែលលែងចង់បានមេកើយសាសនារបស់ខ្លួន ដឹកនាំលីបង់តទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ