អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួមអាចជាគំរូសម្រាប់ប្រទេសអារ៉ាប់ផ្សេងទៀត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី១៣ សីហា ប្រទេស​អ៊ីស្រាអែល និង​អេមីរ៉ាតអារ៉ាប់រួម​បាន​ប្រកាស​ឲ្យ​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា​តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រវត្តិសាស្រ្ត ព្រោះ​រហូត​មក​ដល់​សព្វថ្ងៃ ទើប​មាន​ប្រទេស​អារ៉ាប់​ចំនួន ២ ប៉ុណ្ណោះ​ដែល​បាន​ទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល​ជា​ផ្លូវការ គឺ​ប្រទេស​ហ្សកដានី និង​អេហ្ស៊ីប។ តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​អ៊ីស្រាអែល និង​អេមីរ៉ាតអារ៉ាប់រួម​អាច​ជា​គំរូ​សម្រាប់​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​។ តើ​អាច​មាន​ប្រទេស​អារ៉ាប់​ណា​ខ្លះ​ដែល​ដើរ​តាម​គន្លង​របស់​អេមីរ៉ាតអារ៉ាប់រួម និង​ថា ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អារ៉ាប់​ភាគ​ច្រើន​បន្ត​មិន​ទទួល​ស្គាល់​រដ្ឋអ៊ីស្រាអែល?។

ទង់ជាតិ​របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម (ខាងឆ្វេង) និង​ទង់ជាតិ​តបស់​ប្រទេស​អ៊ីស្រាអែល
ទង់ជាតិ​របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម (ខាងឆ្វេង) និង​ទង់ជាតិ​តបស់​ប្រទេស​អ៊ីស្រាអែល REUTERS - NIR ELIAS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ប្រទេស​អេហ្ស៊ីប និង​ប្រទេស​ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម​បាន​ក្លាយ​ជា​ប្រទេស​អារ៉ាប់​ទី៣ ដែល​បាន​ទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល​ជា​ផ្លូវការ តាំង​ពី​រដ្ឋ​ជ្វីហ្វ​មួយ​នេះ​បាន​ចាប់​កំណើត​ក្នុង​ថ្ងៃទី១៥ ឧសភា ឆ្នាំ ១៩៤៨។ តែ​ខុស​ពី​អេហ្ស៊ីប និង​ហ្សកដានី​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៧៩ និង​ឆ្នាំ ១៩៩៤ អេមីរ៉ាតអារ៉ាប់រួម​មាន​ត្រឹម​ជា​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ប៉ុណ្ណោះ។ តែ​សម្រាប់​អ៊ីស្រាអែល ទោះ​ជា​ប្រភេទ​កិច្ចព្រមព្រៀង​អ្វី​ក៏​ដោយ​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់ គឺ​ការ​ទទួល​ស្គាល់​ខ្លួន​ជា​ផ្លូវការ​ពី​ប្រទេស​អារ៉ាប់​ម្តង​មួយៗ​នៅ​ក្នុង​តំបន់។ អ៊ីស្រាអែល​សង្ឃឹម​ថា​បន្ទាប់​ពី​អេមីរ៉ាតអារ៉ាប់រួម ខ្លួន​នឹង​អាច​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភ្ជាប់​ការទូត​ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត។

តាម​ពិត​ទៅ គឺ​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន​ដែល​ប្រទេស​អារ៉ាប់​ទាំង​អស់​បាន​ពួត​ដៃ រួម​កម្លាំង​គ្នា​ប្រឆាំង​អ៊ីស្រាអែល​តាំង​ពី​រដ្ឋអ៊ីស្រាអែល​បាន​ប្រសូត្រ​ឡើង​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៤៨។ អ្វី​ដែល​ក្រុម​ប្រទេស​អារ៉ាប់​បន្ត​ទាមទារ​ចង់​បាន និង​ចង់​ឃើញ​តាំង​ពី​ដើម​មក​ដល់​បច្ចុប្បន្ន គឺ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​រស់ក្បែរ​រដ្ឋ​អ៊ីស្រាអែល។ បុព្វហេតុ​មួយ​នេះ​ត្រូវ​បាន​ក្រុម​ប្រទេស​អារ៉ាប់​យក​ធ្វើ​ជា​មូលដ្ឋាន និង​ជា​លក្ខខណ្ឌ​តែ​មួយ​គត់​ដើម្បី​អាច​ទទួល​ស្គាល់ និង​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​អ៊ីស្រាអែល។ តែ​ជាង ៧០ឆ្នាំ​ក្រោយ​ការ​បង្កើត​រដ្ឋអ៊ីស្រាអែល​មក ប៉ាឡេស្ទីន​មិន​ត្រឹម​តែ​នៅ​មិន​ទាន់​មាន​រដ្ឋ​ឯករាជ្យ​មួយ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​កំពុង​ឃើញ​ទំហំ​ដី​របស់​ខ្លួន​រួញ​កាន់​តែ​តូច​ទៅៗ​ទៀត​ផង។

ទន្ទឹម​គ្នា​នេះ មាន​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ក៏​ហាក់​ផ្តើម​មាន​ទំនោរ និង​មាន​សមានចិត្ត​ចំពោះ​អ៊ីស្រាអែល​ជាង​ពេល​មុន។ ឧទាហរណ៍​ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​ភាព​ល្អូតល្អឺន​រវាង​អេមីរ៉ាតអារ៉ាប់រួម និង​អ៊ីស្រាអែល នោះ​បើ​ទោះ​បី​ជា​គេ​នៅ​មិន​ទាន់​អាច​និយាយ​ជា​រាត្រី​ទឹកឃ្មុំ​បាន​នៅ​ឡើយ​ក្តី។ តើ​កាយវិការ​របស់​អេមីរ៉ាតអារ៉ាប់រួម​ពេល​នេះ​មិនមែន​ជា​ការ​បោះបង់​ចោល​នូវ​បុព្វហេតុ​ប៉ាឡេស្ទីន​ដែល​អេមីរ៉ាតអារ៉ាប់រួម​បាន​ចេញ​មុខ​គាំទ្រ​ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេង​តាំង​ពី​ដើម​មក​ទេ ឬ​យ៉ាង​ណា?។ មិនមែន​ទេ ព្រោះ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​មាន​ចែង​ពី​ការ​បិទបញ្ចប់​ការ​កាត់ដី​ប៉ាឡេស្ទីន​បន្ថែម​ពី​សំណាក់​អ៊ីស្រាអែល នេះ​ជា​ចម្លើយ​បកស្រាយ​របស់​អេមីរ៉ាតអារ៉ាប់រួម​កាល​ពី​ថ្ងៃទី១៤ សីហា។ តែ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ រឿង​កាត់ដី​គ្រាន់​តែ​បាន​លើក​ពេល ហើយ​អ៊ីស្រាអែល​មិន​បាន​បោះបង់​ចោល​រឿង​កាត់ដី​នេះ​ទេ។

បើ​គេ​ស្តាប់​មួយ​ភ្លែត​ទៅ ចម្លើយ​បកស្រាយ​របស់​អេមីរ៉ាតអារ៉ាប់រួម​ពិត​ជា​សមហេតុផល និង​បាន​ការពារ​បុព្វហេតុ​ប៉ាឡេស្ទីន។ តែ​បើ​គេ​សម្លឹង​មើល​ឲ្យ​បាន​ឆ្ងាយ​បន្តិច​ទៅ ទង្វើ​របស់​អេមីរ៉ាតអារ៉ាប់រួម​មាន​បង្កប់ជ្រៅ​ដោយ​មហិច្ឆតា​ផ្ទាល់ខ្លួន​ជាង​ប្រយោជន៍​ប៉ាឡេស្ទីន។ មាន​ហេតុផល​ចំនួន​ពីរ​ដែល​បញ្ជាក់​លើ​ការ​អះអាង​នេះ។ ហេតុផល​ទី១ អេមីរ៉ាតអារ៉ាប់រួម​ដែល​បារម្ភ​ពី​កំណើន​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ត្រូវ​ការ​បង្កើត​កម្លាំង​មួយ​រឹងមាំ​ដើម្បី​ទប់ទល់​នឹង​អ៊ីរ៉ង់។ សម្រាប់​អេមីរ៉ាតអារ៉ាប់រួម អ៊ីស្រាអែល​ពិត​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ទេ ព្រោះ​អ៊ីស្រាអែល​ជា​មហាអំណាច​យោធា​មួយ និង​ក៏​ជា​សត្រូវ​ស៊ីសាច់ឈាម​នឹង​អ៊ីរ៉ង់។ ហេតុផល​ទី២ អេមីរ៉ាតអារ៉ាប់រួម​ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រទេស​មហាអំណាច​បច្ចេកវិទ្យា​មួយ​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​សរសើរ​មិន​ដាច់​ពី​មាត់​លើ​សមត្ថភាព​របស់​អ៊ីស្រាអែល ទោះ​ក្នុង​ផ្នែក​សន្តិសុខ​អ៊ីនធ័រនែត ឬ​ឧបករណ៍​សម្រាប់​តាម​ឃ្លាំមើល។

ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា កិច្ចព្រមព្រៀង​រវាង​អេមីរ៉ាតអារ៉ាប់រួម និង​អ៊ីស្រាអែល​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​យក​គំរូ​តាម​នា​ពេល​ខាង​មុខ ដូច​យ៉ាង​ប្រទេស​បារ៉ែន អូម៉ង់ ស៊ូដង់ ឬ​ម៉ារ៉ុក។ តែ​ក្រុម​អ្នកវិភាគ​ដដែល​បាន​ទទួល​ស្គាល់​ថា អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី១ នៃ​ពិភពអារ៉ាប់​មិន​ប្រាកដ​ដើរ​តាម​ផ្លូវ​អេមីរ៉ាតអារ៉ាប់រួម​ភ្លាមៗ​ទេ នោះ​បើ​គេ​ដឹង​ថា អារ៉ាប៊ីសាអូឌីត​ធ្លាប់​បាន​បង្ហាញ​ចេញ​នូវ​សញ្ញា​រំកិល​រក​អ៊ីស្រាអែល​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ។ គួរ​រម្លឹក​ថា ខណៈ​ដែល​ប៉ាឡេស្ទីន​បាន​ចាត់​ទុក​ទង្វើ​របស់​អេមីរ៉ាតអារ៉ាប់រួម​ជា​ទង្វើ​ក្បត់ មាន​ប្រទេស​អារ៉ាប់​ខ្លះ​បាន​សម្តែង​ការ​សាទរ។ ចំណែក​អារ៉ាប៊ីសាអូឌីត​បាន​បិទ​មាត់​មិន​និយាយ​អ្វី​ទាំង​អស់ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ។

ពិត​ណាស់ អារ៉ាប៊ីសាអូឌីត​ក៏​ដូច​អេមីរ៉ាតអារ៉ាប់រួម និង​អ៊ីស្រាអែល​មាន​ជំហរ​ប្រឆាំង​នឹង​អ៊ីរ៉ង់​ដូច​គ្នា។ តែ​អ្នកវិភាគ​ម្នាក់​នៅ​អាមេរិក​លោក Hussein Ibish បាន​គូសបញ្ជាក់​ថា ខុស​ពី​អារ៉ាប៊ីសាអូឌីត​ដែល​មើល​ឃើញ​តែ​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ អេមីរ៉ាតអារ៉ាប់រួម និង​អ៊ីស្រាអែល​បាន​សម្លឹង​ឃើញ​កម្រិត​គំរាមកំហែង​លើស​ពី​អ៊ីរ៉ង់​ទៅ​ទៀត។ ការ​គំរាមកំហែង​ដែល​លោក Ibish ចង់​និយាយ គឺ​សម្ព័ន្ធមិត្ត​នៃ​ក្រុម​អ៊ីស្លាម​និកាយស៊ុយនីត​ដឹកនាំ​ដោយ​ប្រទេស​តួកគី កាតារ ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ ចលនា​ភាតរៈអ៊ីស្លាម រដ្ឋាភិបាល​លីប៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត។ តែ​ទោះ​ក្រោម​ហេតុផល​ណា​មួយ​ក៏​ដោយ កិច្ចព្រមព្រៀង​រវាង​អេមីរ៉ាតអារ៉ាប់រួម និង​អ៊ីស្រាអែល គឺ​ជា​ការ​វាយ​មួយ​ព្រនូង​យ៉ាង​ចាស់​ដៃ​លើ​ប៉ាឡេស្ទីន និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​គំនិត​ផ្តួចផ្តើម​សន្តិភាព​រវាង​អ៊ីស្រាអែល ប៉ាឡេស្ទីន​នា​ពេល​កន្លង​មក​ក៏​ដូច​ទៅ​ថ្ងៃ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ