អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ម៉ាក្រុង ទៅ​បាដាដ ដើម្បី​​រកវិធី​ជួយអ៊ីរ៉ាក់ ស្តារ​​ស្ថិរភាព​​និង​អធិបតេយ្យភាព​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទៅដល់ ទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី២កញ្ញា។ នេះជាទស្សនកិច្ចលើកទីមួយ​ របស់​លោក​ម៉ាក្រុង ហើយ​សម្រាប់អ៊ីរ៉ាក់វិញ វាក៏ជាលើកទីមួយ​ដែរ នៅក្រោយពេលមាន​រដ្ឋាភិបាលថ្មីកាលពី​ខែឧសភា ដែលមាន​ប្រមុខរដ្ឋមហាអំណាច ​ធ្វើដំណើរទៅបែបនេះ។ ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង នៅអ៊ីរ៉ាក់ពេលនេះ គឺជាឱកាសមួយ​ ដែល​ភាគីបារាំងបានអះអាងថា គឺដើម្បី​រកផ្លូវជួយ​អ៊ីរ៉ាក់ ក្នុងការពង្រឹងអំណាច ស្តារស្ថិរភាព និងអធិបតេយ្យភាព ឡើងវិញ ព្រោះថាប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ាក់បានផុងជ្រៅក្នុងវិបត្តិ ប្រទាញប្រទង់គ្នា រវាងអាមេរិក និងអ៊ីរ៉ង់។

លោកប្រធានាធិបតី​អ៊ីរ៉ាក់ Barham Salih និងលោកម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្រុងបាដាដ ថ្ងៃទី​២ កញ្ញា ២០២០
លោកប្រធានាធិបតី​អ៊ីរ៉ាក់ Barham Salih និងលោកម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្រុងបាដាដ ថ្ងៃទី​២ កញ្ញា ២០២០ REUTERS - THAIER AL-SUDANI
ផ្សាយពាណិជ្ជកម្ម

បារាំងចេញមុខច្រើននៅដើមបូព៌ា

ប្រទេស​បារាំង កំពុងតែស្ទុះស្ទារ មានវត្តមាននៅតំបន់​ដើមបូព៌ា ដើម្បីដោះស្រាយសំណុំរឿងជាច្រើន មានដូចជាសំណុំរឿងលីប៊ី សំណុំរឿងលីបង់ ហើយពេលនេះ គឺអ៊ីរ៉ាក់។ បើនិយាយពីលីបង់ គឺថាប្រទេសនេះ មានទំនាកទំនងស្និទជាមួយបារាំង យូរមកហើយ ដូច្នេះវាជារឿងធម្មតាទេ ដែលបារាំង ត្រូវមានវត្តមាន​ នៅពេលដែលលីបង់ ជួបវិបត្តិធំ។

តាមពិត តំបន់ដើមបូព៌ា កន្លងមក គឺជាតំបន់ដែល​សហរដ្ឋអាមេរិក មានវត្តមានចាត់ចែង ប្រើឥទ្ធិពលខ្លាំងក្លា។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានដកថយ ជាពិសេសគឺក្រោមអាណត្តិ​លោក​ដូណាល់ ត្រាំ តែម្តង។ ហើយទន្ទឹមនឹងនេះ អ៊ីរ៉ង់ រុស្ស៊ី និងតួកគី បាន​លូកដៃចូលកាន់តែខ្លាំង  មកក្នុង​តំបន់ដើមបូព៌ានេះ តាមរយៈការបញ្ជូនទ័ព អន្តរាគមន៍យោធា ឬឧបត្ថម្ភគាំទ្រក្រុមប្រដាប់អាវុធជាដើម។

បារាំងប្រហែលជាយល់ឃើញថា ឥឡូវនេះ​ ដូចជាគ្មានវត្តមានប្រទេសមហាអំណាចសេរី ណាមួយ​ ដែលមានវត្តមាន ពិតប្រាកដ​​នៅដើមបូព៌ាសោះ។ ដូច្នេះវត្តមានបារាំង នៅដើមបូព៌ា អាចជាចំណែកមួយ ក្នុង​រកផ្លូវដោះស្រាយដែរ។ ជាទូទៅ បារាំងមិនចូលចិត្តដោះស្រាយ ដោយប្រើកម្លាំងទ័ពទេ តែបារាំងចូលចិត្ត​អូសទាញ​ឲ្យ​មនុស្ស​ចរចាគ្នា។

រវាងអាមេរិក រុស្ស៊ី និង​ តួកគី ដែលចូលចិត្តលើកទ័ពចូលឆៅៗ អាចថាបារាំង គឺជាគម្រូមហាអំណាចមួយ ដែល​មានការអត់ធ្មត់ គោរពគោលការណ៍ប្រជាធិបតេយ្យ និងជាពិសេសគឺគោរព​ប្រទេស​ម្ចាស់ស្រុក។ ដូច្នេះវត្តមាននឹងឥទ្ធិពលរបស់បារាំង នៅដើមបូព៌ា អាចចាត់ទុកថា វាតំណាងឲ្យ​ច្រកផ្លូវដោះស្រាយផ្សេងមួយបែបទៀត ដើម្បីកសាងស្ថិរភាព​ឲ្យ​តំបន់មួយនេះ ព្រោះថាសង្រ្គាមរ៉ាំរ៉ៃ នោះវាយូរយាពេកហើយ។

អ៊ីរ៉ាក់ ត្រូវពង្រឹងអធិបតេយ្យភាពខ្លួនឡើងវិញ

ដូចយើងដឹងហើយ អ៊ីរ៉ាក់ រងគ្រោះ ទទួលថ្មបាក់ ដោយការដណ្តើមឥទ្ធិពលគ្នា រវាងអាមេរិក និង អ៊ីរ៉ង់។ ជិត២០ឆ្នាំមកហើយ ដែលប្រទេសនេះមានសង្រ្គាមរ៉ាំរ៉ៃ កាប់សម្លាប់គ្នា បែកចែកបក្សពួកសាសនា។ អ៊ីរ៉ង់ បាន​ចូលកាន់តែជ្រៅ ទៅក្នុង​ចរន្តនយោបាយ​របស់​អ៊ីរ៉ាក់​ ដោយសារអី គឺដោយសារតែ​ប្រជាជន រួមទាំងអ្នកនយោបាយ​អ៊ីរ៉ាក់ ស្អប់អាមេរិកកាន់តែខ្លាំង។ ដូច្នេះ រាល់ពាក្យ​ឃោសនាពុះកញ្ជ្រោលឲ្យស្អប់អាមេរិក ដែលអ៊ីរ៉ង់ស្រែកកន្លងមក គឺអាចអូសទាញប្រជាជនអ៊ីរ៉ាក់ បានយ៉ាងងាយ។

នៅអ៊ីរ៉ាក់ អ៊ីរ៉ង់បានបង្កើតក្រុមប្រដាប់អាវុធពិសេសមួយ ឈ្មោះថា ក្រុម Hachd-al-Chaabi។ ក្រុមនេះគឺមិនខុសពី​ក្រុម​ ហេបូឡាលីបង់ទេ ពោលគឺជាកូនចៅរបស់​កងទ័ព​អ៊ីរ៉ង់។ មិនថានៅលីបង់ ឬនៅអ៊ីរ៉ាក់ទេ​ ក្រុមទាំង២នេះ ធ្វើផ្គរធ្វើភ្លៀង មានកម្លាំងមានអាវុធ អាចធ្វើអ្វីបានតាមចិត្ត មិនខ្លាចអំណាចរដ្ឋាភិបាល សូម្បីតែបន្តិច។

ដំណើរទៅដល់របស់​លោកម៉ាក្រុង នៅអ៊ីរ៉ាក់ពេលនេះ គឺលោកម៉ាក្រុង ធ្លាប់បានបង្ហើប​ឲ្យដឹងថា បារាំងចង់ជួយអ៊ីរ៉ាក់ ក្នុងការរកផ្លូវកសាងស្ថិរភាព និងអធិបតេយ្យភាព ឡើងវិញ។ បារាំង ក៏មិនធ្វើតែម្នាក់​ឯងដែរ គឺបារាំងនឹង​សហការជាមួយអង្គការសហប្រជាជាតិ ដើម្បីរកវិធីជួយអ៊ីរ៉ាក់។ លោក​ម៉ាក្រុងលើកឡើង​ថា អ៊ីរ៉ាក់ ត្រូវតែរើបំរាស់ខ្លួន ផ្តាច់ខ្លួនឲ្យ​បាន​ ពីចំណងឥទ្ធិពល​របស់​ប្រទេសផ្សេងទៀត។ ក្នុងន័យនេះ គឺលោកម៉ាក្រុង ចង់សំដៅលើ​អ៊ីរ៉ង់ និងអាមេរិកនេះតែម្តង។ ជោគវាសនារបស់ប្រជាជាតិអ៊ីរ៉ាក់ គឺត្រូវតែអ៊ីរ៉ាក់ជាអ្នកសម្រេច មិនត្រូវរំពឹងតាមខ្សែញាក់ របស់​អ៊ីរ៉ង់ ឬអាមេរិកឡើយ។

យ៉ាងណាមិញ កាលពីខែកក្កដា លោកប្រមុខការទូតបារាំង Jean-Yves Le Drian ដែលបានទៅបាដាដដែរនោះ បាន​និយាយ​ថា អ៊ីរ៉ាក់ត្រូវតែរកវិធីផ្តាច់ខ្លួនឲ្យ​បាន​ ពីភាពតានតឹងក្នុងតំបន់ ដែលបង្កឡើង ដោយអាមេរិក និងអ៊ីរ៉ង់ ពោលគឺ គឺត្រូវតែ​ឈប់​យកខ្លួន​ទៅបៀត ជាមួយ​នឹង​ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ តទៅទៀត។

ផ្តាច់ខ្លួនចេញពីអ៊ីរ៉ង់

បើយើងមើលសន្ទុះទៅ គឺថាលោកនាយករដ្ឋមន្ត្រីថ្មីអ៊ីរ៉ាក់ ឈ្មោះ Moustafa al-Kazimi ដែលចូលកាន់តំណែង ចាប់ពីខែឧសភាមកនេះ គឺហាក់ដូចជាមានភាពស្វាហាប់ ចង់រកផ្លូវ ឲ្យអ៊ីរ៉ាក់ដើរដោយខ្លួនឯង និងផ្តាច់ចេញពីឥទ្ធិពលរបស់អ៊ីរ៉ង់។

ជាក់ស្តែង នៅរវាងចុងខែមិថុនា គេសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី Moustafa al-Kazimi បានចេញបញ្ជា បេសកម្មមួយចំនួន ដើម្បីចាប់ខ្លួន មេក្លោងក្រុមប្រដាប់អាវុធ ឈ្មោះកងឆ្មាំហេសបូឡាអ៊ីរ៉ាក់ ដែលក្រុមនេះ ក៏គឺជាដៃជើងរបស់អ៊ីរ៉ង់ដែរ។ បើទោះជាបេសកម្មទាំងនោះ មិនបានជោគជ័យក្តី តែវាបង្ហាញពីឆន្ទៈរបស់លោក Moustafa al-Kazimi ក្នុងការពង្រឹងអំណាចរដ្ឋអ៊ីរ៉ាក់ ឡើងវិញ ប្រឈមជាមួយ​នឹងក្រុមប្រដាប់អាវុធ ដែលមិន​គោរពរដ្ឋាភិបាល​អ៊ីរ៉ាក់ តែដើរតាមតែការ​​បញ្ជារបស់អ៊ីរ៉ង់។

មួយវិញទៀត ទោះចង់មិនចង់ អាេមរិកនឹងដកទ័ពចេញ​។ បច្ចុប្បន្ន នៅសល់ទាំងទាហាន ទាំងមន្ត្រីទូតអាមេរិក គឺមាន​ត្រឹម​៥០០០នាក់ទេ ហើយលោកដូណាល់ ត្រាំ បានគម្រាមថា នឹង​​ដកចេញបន្ថែម​ទៀតផង។ ដូច្នេះ ហើយ​បាន​ជា​អ៊ីរ៉ាក់ ចង់រកផ្លូវការពារខ្លួនផ្សេងទៀត ព្រោះខ្លាចថានៅពេល​អាមេរិកដកទ័ពចេញអស់ អ៊ីរ៉ង់ព្រមទាំងក្រុម Hachd-al-Chaabi នឹងបានដៃកាន់តែខ្លាំង។

ផ្លូវការពារខ្លួន​នោះ គឺបារាំង និងអង្គការសហប្រជាជាតិនេះឯង។ សម្រាប់ពេលនេះ យើងមិនទាន់ដឹងទេថា តើគេចង់​ត្រួសត្រាយបត់ទៅខាងណា។ លោកម៉ាក្រុង ត្រូវជួបនិយាយគ្នាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Moustafa al-Kazimi និងលោកប្រធានធិបតីអ៊ីរ៉ាក់ Barham Saleh។

រកផ្លូវដោះស្រាយ​វិបត្តិនយោបាយ បន្ថយឥទ្ធិពលរបស់​ក្រុមប្រដាប់អាវុធដៃជើងអ៊ីរ៉ង់នេះ វា​គឺ​ជាបញ្ហាស្មុគស្មាញមួយហើយ។ តែបញ្ហាបន្ទាន់មួយទៀតសម្រាប់អ៊ីរ៉ាក់នោះ គឺបញ្ហាសេដ្ឋកិច្ច ជីវភាពប្រជាជន ជាពិសេសនោះ ជាមួយ​នឹងវិបត្តិកូវីដ១៩ទៀត គឺថាទុក្ខជាន់ផ្ទួនៗតែម្តង សម្រាប់​ប្រជាជន​អ៊ីរ៉ាក់ ក្នុងអំឡុងពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ