អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ប៉ាឡេស្ទីន​គួរ​ផ្លាស់ប្តូរ​នយោបាយ​ការទូត​ដើម្បី​សម្របសសម្រួល​នឹង​បរិបទ​សព្វថ្ងៃ ឬ​យ៉ាង​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៣ កញ្ញា​កន្លង​ទៅ កិច្ចប្រជុំ​តាម​វីដេអូ​មួយ​ត្រូវ​បាន​រៀបចំ​រវាង​ភាគី​ប៉ាឡេស្ទីន​មក​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់ ពិសេស​រវាង​ចលនា​ហ្វាតា និង​ចលនា​ហាម៉ាស់។ នេះ​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០១៣ ដែល​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​បាន​បង្ហាញ​ចេញ​នូវ​រូបភាព​នៃ​ការ​ឯកភាព​គ្នា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​រវាង​ភាគី​ប៉ាឡេស្ទីន​ពេល​នេះ គឺ​ដើម្បី​ពិនិត្យមើល និង​ឆ្លើយតប​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ព្យាយាម​ប្រមែប្រមូល​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា អ៊ីស្រាអែល និង​អេមីរ៉ាតអារ៉ាប់រួម​ទើប​បាន​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋបាល​អាមេរិក។ ប៉ាឡេស្ទីន​បាន​បរិហារ​លើ​ទង្វើ​របស់​អាមេរិក និង​បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធអារ៉ាប់​បន្ត​គោរព​គោលការណ៍​របស់​ខ្លួន។ ហេតុអ្វី​បាន​ជា​ប្រទេស​អារ៉ាប់​ខ្លះ​បាន​ប្តូរ​ជំហរ​ងាក​ទៅ​រក​អ៊ីស្រាអែល និង​ថា តើ​ប៉ាឡេស្ទីន​គួរ​ផ្លាស់ប្តូរ​នយោបាយ​ការទូត​ដើម្បី​សម្របសសម្រួល​នឹង​បរិបទ​សព្វថ្ងៃ ឬ​យ៉ាង​ណា?។

ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់
ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់ AFP - ALAA BADARNEH
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺ​ជា​សំណុំរឿង​មួយ​ដ៏​សែន​ស្មុគស្មាញ និង​បាន​អូសបន្លាយ​អស់​ជា​ច្រើន​ទសវត្ស ហើយ​ភាព​ស្មុគស្មាញ និង​អូសបន្លាយ​បាន​កើត​ឡើង​នៅ​ជុំវិញ​តែ​រឿង​បង្កើត​រដ្ឋប៉ាឡេស្ទីន​មួយ​ឯករាជ្យ​រស់​ក្បែរ​រដ្ឋអ៊ីស្រាអែល។ គួរ​រម្លឹក​ថា ក្រៅ​ពី​ប្រទេស​អេហ្ស៊ីប ហ្សកដានី និង​អេមីរ៉ាតអារ៉ាប់រួម ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​កំពុង​បន្ត​មិន​ទទួល​ស្គាល់​អ៊ីស្រាអែល និង​បាន​យក​រឿង​បង្កើត​រដ្ឋប៉ាឡេស្ទីន​ធ្វើ​ជា​លក្ខខណ្ឌ​តែ​មួយ​គត់​ដើម្បី​អាច​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​បាន។ អ្វី​ដែល​ក្រុម​ប្រទេស​អារ៉ាប់​ចង់​បាន​សម្រាប់​អនាគត​រដ្ឋ​ប៉ាឡេស្ទីន គឺ​កំណត់​យក​ព្រំដែន​ឆ្នាំ ១៩៦៧ និង​យក​ហ្សេរ៉ុយសាឡិមខាងកើត​ធ្វើ​ជា​ទីក្រុង។ តែ​លក្ខខណ្ឌ​មួយ​នេះ​បន្ត​ជា​លក្ខខណ្ឌ ហើយ​អ្វី​ដែល​បាន និង​កំពុង​កើត​មាន​ជាក់ស្តែង​ពេល​នេះ ប៉ាឡេស្ទីន​មិន​ត្រឹម​តែ​មិន​ទាន់​មាន​រដ្ឋ​ឯករាជ្យ​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ហាក់​មិន​អាច​ការពារ​ទឹកដី​ដែល​នៅ​សេសសល់​សព្វថ្ងៃ​បាន​ទៀត​ផង។

តើ​ការ​ដែល​នីតិវិធី​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បន្ត​ជាប់គាំង​មក​ដល់​ពេល​នេះ​ជា​កំហុស​របស់​អ្នក​ណា និង​ថា តើ​ក្រុម​ប្រទេស​អារ៉ាប់​អាច​បន្ត​តស៊ូ​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន​រហូត​ដល់​ពេល​ណា​ទៅ?។ ចូរ​កុំ​ភ្លេច​ថា បន្ទាប់​ពី​បាន​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ទទួល​ស្គាល់​អ៊ីស្រាអែល​មក រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​ព្យាយាម​អូសទាញ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត។ ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​បាន​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា ហើយ​លោក Jared Kushner ដែល​ជា​កូនប្រសារ​របស់​លោក​ត្រាំ​បាន​ទៅ​អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និង​កាតារ។ វា​ពិត​ជា​រឿង​ងាយស្រួល​ដែល​គេ​ទម្លាក់​កំហុស​ដាក់​នរណា​ម្នាក់ តែ​មុន​នឹង​ទម្លាក់​កំហុស​ដាក់​គេ ក៏​គួរ​ពិនិត្យ​មើល​ជា​ដំបូង​ថា តើ​ខ្លួន​ឯង​មាន​កំហុស ឬ​អត់?។

តាម​ពិត​ទៅ ប៉ាឡេស្ទីន​ខ្លួន​ឯង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ផ្ទាល់​នៃ​ការ​បន្ត​ប្រទាញប្រទង់​ជាមួយ​អ៊ីស្រាអែល ព្រោះ​ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ ដែនដី​ប៉ាឡេស្ទីន​កំពុង​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ពីរ គឺ​ចលនា​ហ្វាតា​នៅ​តំបន់​ស៊ីហ្សកដានី និង​ចលនា​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា។ គេ​អាច​ប្រដូច​ចលនា​ហាម៉ាស់ និង​ចលនា​ហ្វាតា​ទៅ​នឹង​បក្សនយោបាយ​ពីរ​ដែល​មាន​គោលជំហរ និង​កម្មវត្ថុ​នយោបាយ​មិន​ដូច​គ្នា​ទេ ពិសេស​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ ហ្វាតា​ជា​ចលនា​ប៉ាឡេស្ទីន​កណ្តាលនិយម​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​ដែល​អ៊ីស្រាអែល​បាន​ចាត់​ទុក​ជា​ដៃគូ​ចរចា​តែ​មួយ​គត់។ រីឯ​ហាម៉ាស់​ជា​ចលនា​ប៉ាឡេស្ទីន​និយមជ្រុល​មិន​ទទួល​ស្គាល់​ដែនដី​ស្របច្បាប់​របស់​អ៊ីស្រាអែល និង​ត្រូវ​បាន​ប្រទេស​បស្ចិមលោក​ខ្លះ ដូច​យ៉ាង​អាមេរិក​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។

ជា​រឿយៗ ចលនា​ប៉ាឡេស្ទីន​ទំាង​ពីរ​នេះ​តែងតែ​ព្យាយាម​ចរចា​គ្នា​ដើម្បី​បង្កើត​ចេញ​នូវ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​តំណាង​ឲ្យ​ប៉ាឡេស្ទីន​តែ​មួយ។ តែ​ប្រៀប​ដូច​ជា​ការ​ចរចា​រវាង​មនុស្ស គ និង​មនុស្ស​ថ្លង់​ដែល​ពិបាក​និយាយ និង​ពិបាក​យល់​គ្នា។ តែ​តាម​រយៈ​កិច្ចប្រជុំ​រវាង​គ្រប់​ភាគី​ប៉ាឡេស្ទីន​ក្នុង​ថ្ងៃទី៣ កញ្ញា ជា​សក្ខីកម្ម​មួយ​ដែល​ប៉ាឡេស្ទីន​គ្រប់​រូប និង​គ្រប់​និន្នាការ​នយោបាយ​ហាក់​បាន​ផ្តើម​ភ្ញាក់ខ្លួន និង​យល់​ថា វា​ល្មម​ដល់​ពេល​ដែល​ប៉ាឡេស្ទីន​ត្រូវ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ។ តើ​វា​មិន​យឺត​ពេល​ពេក​ទេ ឬ​យ៉ាង​ណា?។ វា​ហាក់​ដូច​ជា​ចង់​យឺត​ពេល​បន្តិច​មែន តែ​វា​នៅ​គ្រាន់​បើ​ជាង​បន្ត​ខាំ​គ្នា​ឯង។ សម្រាប់​ប៉ាឡេស្ទីន ការ​ដែល​អេមីរ៉ាតអារ៉ាប់រួម​បាន​បែរ​ក្បាល​រក​អ៊ីស្រាអែល​មិន​សូវ​ជា​រឿង​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​ប៉ាឡេស្ទីន និង​អេមីរ៉ាតអារ៉ាប់រួម​លែង​មាន​ទំនាក់ទំនង​រវាង​គ្នា​តាំង​ពី​ឆ្នាំ ២០១២។

ម្យ៉ាង​ទៀត ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់​ក៏​មិន​ដែល​សប្បាយ​ចិត្ត​នឹង​អេមីរ៉ាតអារ៉ាប់រួម​ដែល​បាន​ទទួល​លោក​ម៉ូហាម៉េដ ដាឡាន​ដែល​ជា​គូប្រឆាំង​ដ៏​សំខាន់​របស់​លោក​ឲ្យ​ជ្រកកោណ​ដែរ។ សម្រាប់​លោក​ដាឡាន កំហុស​ឆ្គង​របស់​លោក​អាបាស់​ដែល​បរាជ័យ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អេមីរ៉ាតអារ៉ាប់រួម​បាន​ធ្វើ​ប្រទេស​អារ៉ាប់​មួយ​នេះ​ងាក​រក​អ៊ីស្រាអែល។ ចំណែក​លោកស្រី Leïla Shahid អតីត​អ្នកតំណាង​ប៉ាឡេស្ទីន​ប្រចាំ​ប្រទេស​បារាំង និង​សហភាព​អឺរ៉ុប​បាន​ទម្លាក់​កំហុស​ដាក់​លោក​ម៉ាមូដ អាបាស់។ លោកស្រី Leïla Shahid បាន​មើល​ឃើញ​ពី​កំហុសឆ្គង​រាប់​មិន​អស់​នៅ​ក្នុង​នយោបាយ​ការទូត​របស់​លោក​អាបាស់ និង​មនុស្ស​គួរ​ឲ្យ​ទុកចិត្ត​របស់​លោក​ពី​៣ ទៅ ៤នាក់។ តាម​លោកស្រី Leïla ប៉ាឡេស្ទីន​មិនមែន​ជា​រដ្ឋ​មួយ​ទេ តែ​ជា​បុព្វហេតុ​មួយ។ ដូច្នេះ​គេ​មិន​គួរ​ប្រើ​នយោបាយ​ការទូត​ដូច​ជា​ប្រទេស​មួយ ឬ​រដ្ឋ​មួយ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​ឲ្យ​បុព្វហេតុ​ប៉ាឡេស្ទីន​បន្ត​មាន​សន្ទុះ​ឡើង​វិញ គេ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​បង្រួបប្រង្រួម​ប៉ាឡេស្ទីន​មួយ​ដើម្បី​មាន​តំណាង​តែ​មួយ និង​និយាយ​សំឡេង​តែ​មួយ។ នៅ​ក្នុង​ន័យ​នេះ លោក Al-Shabaka មក​ពី​អង្គការ Think Tank បាន​ស្នើ​ឲ្យ​ធ្វើ​កំណែទម្រង់​អង្គការ​រំដោះប៉ាឡេស្ទីន​ដោយ​ដាក់​បញ្ចូល​ពួក​អ៊ីស្លាមនិយមជ្រុល​នៃ​ចលនា​ហាម៉ាស់។ ថ្ងៃ​នេះ​បាត់បង់​អេរ៉ាតអារ៉ាប់រួម ថ្ងៃ​ស្អែក និង​ថ្ងៃ​ខាង​ស្អែក​អាច​នឹង​មាន​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ងាក​ទៅ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​ត្រូវ​រួម​សាមគ្គី​គ្នា និង​ពិនិត្យមើល​ឡើង​វិញ​នូវ​នយោបាយ​ការទូត​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​បរិបទ​សព្វថ្ងៃ។ មិន​ថា​ក្រុម​ប្រទេស​អារ៉ាប់ ឬ​មិន​អារ៉ាប់​ទេ ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​នៅ​ជា​រឿង​អាទិភាព​ចម្បង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ