អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ៊ីស្រាអែល និងលីបង់អាចរកឃើញកិច្ចព្រមព្រៀងស្តីពីជម្លោះព្រំដែនទឹក និង ព្រំដែនគោកបានដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១ តុលា ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​លីបង់​បាន​ប្រកាស​ពី​ការ​យល់ព្រម​បើក​កិច្ចចរចា​ស្តីពី​ជម្លោះ​ព្រំដែនសមុទ្រ និង​ព្រំដែនគោក។ សហរដ្ឋអាមេរិក​ដែល​ជា​អ្នក​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ​ទាំង​ពីរ​ឲ្យ​យល់ព្រម​ចូល​តុចរចា​បាន​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​សង្ឃឹម​ថា អ៊ីស្រាអែល និង​លីបង់​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បិទបញ្ចប់​ជម្លោះព្រំដែន​រវាង​គ្នា​ដែល​កំពុង​អូសបន្លាយ។ តាម​គម្រោង កិច្ចចរចា​ដោយផ្ទាល់​រវាង​អ៊ីស្រាអែល និង​លីបង់​នឹង​ចាប់​ផ្តើម​នា​ពាក់កណ្តាល​ខែ​តុលា​នៅ​ទីស្នាក់ការ​របស់​កម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ប្រចាំ​លីបង់​ដោយ​មាន​អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ដាវីដ ឆេនឃ័រ​ធ្វើ​ជា​អន្តរការី។ តើ​ជម្លោះ​ព្រំដែន​រវាង​អ៊ីស្រាអែល និង​លីបង់​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច និង​ថា តើ​ប្រទេស​ទាំង​ពីរ​អាច​និយាយ​ចុះ​សម្រុង​គ្នា​ឈាន​ទៅ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ ឬ​អត់?។

ប្រធានរដ្ឋសភាលីបង់លោកណាប៊ី ប៊ែរី
ប្រធានរដ្ឋសភាលីបង់លោកណាប៊ី ប៊ែរី LEBANESE PARLIAMENT/AFP
ផ្សាយពាណិជ្ជកម្ម

បើ​អ្វីៗ​មាន​ដំណើរការ​ទៅ​មុខ​ដូច​ដែល​បាន​គ្រោង​ទុក​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទេ ការ​អង្គុយ​ចរចា​ទល់​មុខ​គ្នា​រវាង​អ៊ីស្រាអែល និង​លីបង់​ដោយ​មាន​អាមេរិក​ធ្វើ​ជា​អាជ្ញាកណ្តាល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី១២ តុលា។ កម្មវត្ថុ​សំខាន់​នៃ​គម្រោង​កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​លីបង់ គឺ​ផ្តោត​លើ​ជម្លោះ​ព្រំដែន ទាំង​ព្រំដែនទឹក និង​ព្រំដែនគោក។ ព្រំដែន​ទឹក​មាន​ជាប់ពាក់ព័ន្ធ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ស្ថិត​នៅ​ប៉ែកខាងជើង​អ៊ីស្រាអែល និង​ប៉ែកខាងត្បូង​លីបង់​ស្ថិត​ក្នុង​សមុទ្រមេឌីទែរ៉ាណេខាងកើត។ មាន​ផ្ទៃទឹក​ទំហំ ៨៦០គីឡូម៉ែត្រ​ក្រឡា​ដែល​ភាគី​ចរចា​អ៊ីស្រាអែល និង​លីបង់​ត្រូវ​លើក​យក​ទៅ​ជជែក។ គឺ​ជា​តំបន់​មួយ​ដែល​អាច​សម្បូរ​ដោយ​ឧស្ម័ន និង​ដែល​ភាគី​នីមួយៗ​បន្ត​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន។ ទាក់ទង​នឹង​ព្រំដែនគោក​វិញ អ៊ីស្រាអែល និង​លីបង់​ត្រូវ​ជជែក​គ្នា​លើ​ខ្សែព្រំដែន​ដែល​គេ​ហៅ « ខ្សែខៀវ » គូសវាស​ដោយ​អង្គការសហប្រជាជាតិ ក្រោយ​ពី​អ៊ីស្រាអែល​បាន​ដក​ទ័ព​ចេញ​ពី​លីបង់​ក្នុង​ឆ្នាំ ២០០០។

តែ​ការ​ចង់​លើក​យក​ព្រំដែនគោក​ទៅ​ចរចា​គ្នា​ទន្ទឹម​នឹង​ព្រំដែនទឹក​ហាក់​នៅ​មាន​ការ​ប្រទាញប្រទង់​គ្នា​នៅ​ឡើយ។ សម្រាប់​ប្រធានរដ្ឋសភា​លីបង់​លោក​ណាប៊ី ប៊ែរី លោក​ចង់​ឲ្យ​ការ​ចរចា​ផ្តោត​ទៅ​លើ​ជម្លោះ​ព្រំដែន​ទាំង​ពីរ ទាំង​ព្រំដែនសមុទ្រ និង​ព្រំដែនគោក។ ចំណែក​អ្នកសម្របសម្រួលពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​លីបង់​លោក​យ៉ាន គូប៊ីស​ក៏​បាន​យល់ស្រប​តាម​ប្រធាន​រដ្ឋសភា​លីបង់​ដែរ។ តែ​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​មជ្ឈិមបូព៌ា​លោក​ដេវីដ ឆេនឃ័រ​បាន​ថ្លែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១ តុលា​ថា ជម្លោះ​ព្រំដែនគោក​នឹង​ត្រូវ​លើក​ទៅ​ជជែក​ដាច់ដោយឡែក​​ពី​ជម្លោះ​ព្រំដែនសមុទ្រ។ តែ​លោក​ឆេនឃ័រ​បាន​សាទរ​ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​អ៊ីស្រាអែល និង​លីបង់​ដែល​ចង់​ផ្តើម​ឡើង​វិញ​នូវ​កិច្ចចរចា​កម្រិត​អ្នកជំនាញ និង​ថា ការ​ចរចា​ក្នុង​ជម្លោះ​ខ្សែព្រំដែន​ទាក់ទង​នឹង « ខ្សែខៀវ » នេះ​ត្រូវ​តែ​ធ្វើ​ឡើង​រវាង​អ៊ីស្រាអែល លីបង់ និង​កម្លាំង​រក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​លីបង់។

ត្រឡប់​មក​និយាយ​ពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ពីរ មិន​ថា​ព្រំដែនទឹក ឬ​ព្រំដែនគោក​ទេ គឺ​ជា​រឿង​ស្លាប់រស់​របស់​ជាតិ។ តែ​នៅ​ចំពោះ​មុខ ព្រំដែនសមុទ្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ជា​រឿងសំខាន់​ដែល​អ៊ីស្រាអែល និង​លីបង់​ត្រូវ​ជម្រះបញ្ជី​គ្នា​ឲ្យ​ដាច់​ស្រឡះ​ដើម្បី​អាច​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ដូច​គ្នា។ ក្នុង​ឆ្នាំ ២០១៨ លីបង់​បាន​ចុះ​កិច្ចសន្យា​ទី១ ជាមួយ​ក្រុមហ៊ុន​បារាំង Total ដើម្បី​ឲ្យ Total ធ្វើ​អាជីវកម្ម​រុករក​ឧស្ម័ន​លើ​ប្លុកទី៤ និង​ទី៩ ក្នុង​សមុទ្រ​មេឌីទែរ៉ាណេខាងកើត។ តែ​បញ្ហា​នៅ​ត្រង់​ថា មួយ​ភាគ​នៃ​ប្លុក​ទី៩ បាន​ស្ថិត​ក្នុង​តំបន់​ដែល​លីបង់​កំពុង​មាន​ជម្លោះ​ជាមួយ​អ៊ីស្រាអែល។ មែនទែន​ទៅ ជម្លោះ​ព្រំដែន​សមុទ្រ​រវាង​អ៊ីស្រាអែល និង​លីបង់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​មិនមែន​ទើប​កើត​មាន​ថ្ងៃ​នេះ ឬ​ថ្ងៃ​ម្សិលមិញ​ទេ ហើយ​ដើម្បី​បញ្ជៀស​ការ​ប្រទូស្រ្តាយ​គ្នា​ផ្លូវ​យោធា កិច្ចចរចា​ដោយ​ប្រយោល​រវាង​មន្រ្តីយោធា​នៃ​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ខៃ​ក្រោម​ការ​រៀបចំ​របស់​កម្លាំងរក្សាសន្តិភាព​របស់​អង្គការសប្រជាជាតិ​ប្រចាំ​លីបង់។

លីបង់​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បាន​រង់ចាំ​ជាង ១ឆ្នាំ​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Total ដោយ​សង្ឃឹម​ថា ប្រភព​ឧស្ម័ន​នៅ​បាត​សមុទ្រ​នឹង​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​អាច​ងើប​បន្តិច​ពី​វិបត្តិ​សេដ្ឋកិច្ច។ មួយ​វិញ​ទៀត និង​បើ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​លីបង់​នៅ​ពេល​ខាង​មុខ​មែន នោះ​វា​ជា​លើកទី១ គិត​តាំង​ពី​ជិត ៤០ឆ្នាំ​កន្លង​ទៅ។ ការ​ចរចា​ដោយផ្ទាល់​ចុងក្រោយ​រវាង​អ៊ីស្រាអែល និង​លីបង់​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ១៩៨៣ ពោល​ក្នុង​ពេល​ដែល​លីបង់​កំពុង​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ពេញទំហឹង។ កាល​ណោះ ប្រធានាធិបតី​លីបង់​លោក​អាមីន ហ្សេម៉ាយែល​បាន​យល់ព្រម​ជាមួយ​អ៊ីស្រាអែល​លើ​កិច្ចព្រមព្រៀង​មួយ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​មាន​សន្ធិសញ្ញា​សន្តិភាព​រវាង​គ្នា។ តែ​នៅ ១ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៨៤ ការ​ព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល​របស់​លោក​ហ្សេម៉ាយែល​ត្រូវ​បាន​គណបក្ស​ជា​ច្រើន​នៅ​ក្នុង​សភា​លីបង់​ទាត់​ចោល។

សូម​បញ្ជាក់​ថា ការ​ដែល​អ៊ីស្រាអែល និង​លីបង់​បាន​យល់ព្រម​ចូល​អង្គុយ​តុចរចា​មួយ​ទល់​មួយ​ដើម្បី​និយាយ​ពី​ជម្លោះ​ព្រំដែនសមុទ្រ​ពេល​នេះ​ជា​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​តាំង​ពី ៣ឆ្នាំ​កន្លង​មក ហើយ​គឺ​សហរដ្ឋអាមេរិក​ដែល​នឹង​ត្រូវ​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​កិច្ចចរចា​ខាង​មុខ។ តែ​លទ្ធផល​យ៉ាង​ណា​នោះ​មិនមែន​អាស្រ័យ​លើ​ប្រធានរដ្ឋសភា​លីបង់ ប្រធានាធិបតី​លីបង់ ឬ​លើ​នាយករដ្ឋមន្រ្តី​លីបង់​ទេ តែ​វា​អាស្រ័យ​លើ​គ្រប់​ភាគី​នយោបាយ​ផ្សេង​ទៀត ពិសេស​ភាគី​ហេស្បូឡា​ដែល​គេ​ស្គាល់​ជា​សត្រូវស៊ូពូជ​របស់​អ៊ីស្រាអែល។ ក្នុង​រដូវក្តៅ​ឆ្នាំ ២០០៦ អ៊ីស្រាអែល និង​ពួក​ហេស្បូឡា​បាន​ផ្ទុះសង្រ្គាម​ជា​ថ្មី​នឹង​គ្នា​រយៈពេល ៣៣ថ្ងៃ​ដោយ​បណ្តាល​ឲ្យ​រចនាសម្ព័ន្ធ​លីបង់​ខូចខាត​យ៉ាង​ដំណំ។ គឺ​ភាគី​ហេស្បូឡា​នេះ​ហើយ​ដែល​បាន​ធ្វើ​រាំងស្ទះ​ដល់​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី​តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ផ្ទុះ​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​បេរ៉ូត។ គំនិត​ផ្តួចផ្តើម​មាន​ហើយ ឆន្ទៈ​ក៏​មាន​ដែរ តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​លីបង់​លើក​នេះ​អាច​មាន​ដំណើរ​ដោយ​រលូន និង​ឈាន​ទៅ​សម្រេច​បាន​លទ្ធផល​ពិតប្រាកដ ឬ​អត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ