អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ថ្នាក់ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​អាច​ចុះសម្រុង​គាំទ្រ​លោក ដូណាល់ ត្រាំ ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា​កន្លង​ទៅ​នេះ​ លោក ដូណាល់​ ត្រាំ បាន​ជួបសំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​មួយ​ចំនួន​របស់​គណបក្ស​សាធារណរដ្ឋ នៅ​ទីក្រុង​វ៉ាស៊ីន​តោន។ គោល​បំណង​នៃ​ជំនួប​នេះ គឺ​ស្វែង​រក​សម្លេង​គាំទ្រ​ផ្លូវការ​ពី​ថ្នាក់​ដឹកនាំ​ទាំង​នោះ​ មុន​នឹង​ទទួល​ការ​តែង​តាំង​ផ្លូវ​ការ។ គណបក្ស​សាធារណរដ្ឋ​កំពុង​ឆ្លង​កាត់​ភាព​ប្រេះឆា​បែក​បាក់​គ្នា​ជុំវិញ​បេក្ខភាព​របស់​លោក​ Donald Trump។​ មាន​ថ្នាក់​ដឹកនាំ​ខ្លះ​នៅ​រារែក​មិន​ទាន់​ប្រកាស​គាំទ្រ​បេក្ខភាព​លោក​ Trump​ ជា​ពិសេស​ចលនា​ក្រុម​ប្រឆាំង​ Trump​ នៅ​ក្នុង​ជួរ​បក្ស​ផ្ទាល់​តែ​ម្តង។

លោក​ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ
លោក​ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ REUTERS/Jim Urquhart
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៤​ ម៉ោង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក Donald Trump​ បាន​ចំណាយ​ពេល​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​សាធារណរដ្ឋ។​ ជំនួប​នេះបាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់​ការ​គណបក្ស​សាធារណរដ្ឋ​តែម្តង​។ ជា​ដំបូង​ លោក​ Donald Trump​ បាន​ជួប​សន្ទនា​ជាមួយ​លោក​ Paul Ryan ប្រធាន​សភា​តំណាង​រាស្រ្ត​អាមេរិក និង​ជា​ឥស្សរ​ជន​ជាន់​ខ្ពស់​វ័យ​ក្មេង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​បក្ស។ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​បុរស​ទាំង​ពីរ​នាក់​នេះ​ជួប​ពិភាក្សា​ទល់​មុខ​គ្នា។

ក្រោយ​ពី​ជំនួប​ជាង​ ៤៥ នាទី លោក​ Donald Trump និង​លោក​ Paul Ryan បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​ដោយ​បាន​បញ្ជាក់​ថា​ ពួក​គេ​កំពុង​តែ​បោះជំហាន​មួយ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​ការ​បង្រួប​បង្រួម​គណបក្ស​សាធារណរដ្ឋ។ ​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​ពន្យល់​ផង​ដែរ​ថា​ អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​ទាំង​ពីរ​បាន​និយាយ​ដោយ​ស្មោះ​ស្ម័គ្រ​ជុំវិញ​ចំនុច​មិន​ឯកភាព​គ្នា​មួយ​ចំនួន។​ ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​អ្នក​ទាំង​ពីរ​មាន​ចំនុច​ផ្សេង​ទៀត​ស្រប​គ្នា​ផង​ដែរ។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ក្នុង​ការ​ផ្សាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ Fox News លោក​ Paul Ryan បាន​ថ្លែង​ថា​ ពួក​គេ​បាន​ពិភាក្សា​គ្នា​លើ​ទស្សនៈ​នយោបាយ​មួយ​ចំនួនដូចជា​ ការ​បែង​ចែក​អំណាច​ ការ​បក​ស្រាយ​រដ្ឋ​ធម្មនុញ្ញ​ ការ​ពន្លូត​កូន​ និង​តួនាទី​របស់​តុលាការ​កំពូល​។ ទាំង​អស់​នេះ​គឺ ជា​ប្រធានបទ​សំខាន់​ៗ​របស់​ក្រុម​អ្នក​អភិរក្ស​​​និយម​របស់​គណបក្ស​សាធារណរដ្ឋ។ ប៉ុន្តែ លោក Donald Trump ដែល​មិន​មែន​ជា​អ្នក​អភិរក្ស​និយម​ពុំ​បាន​យល់​ស្រប​ចំពោះ​គោលការណ៍​ទាំង​នោះ​ឡើយ។

សូម​រំលឹក​ថា​ កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ​ ពោល​គឺ​មុន​ជំនួប​រវាង​អ្នក​ទាំង​ពីរ​ លោក​ Paul Ryan​ ធ្លាប់​បាន​ប្រកាស​ហើយ​ថា​ លោក​មិន​ទាន់​គាំទ្រ​លោក​ Donald Trump ជា​បេក្ខជន​ផ្លូវ​ការ​ប្រចាំ​បក្ស​នៅ​ឡើយ​ទេ។ ហើយ​ទោះ​បី​ជា​ក្រោយ​ជំនួប​នេះ​ក៏​ដោយ​ ក៏​លោក​ Paul Ryan​ នៅ​តែ​រារែក​មិន​ទាន់​ប្រកាស​គោលជំហរ​ផ្ទាល់​ខ្លួន​ឡើយ។ ភាព​រារែក​បែប​នេះ​ទំនង​ជា​ការ​ចង់​តថ្លៃ​កម្មវិធី​នយោបាយ​មួយ​ចំនួន​ជាមួយ​លោក Donald Trump។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក Paul Ryan គឺ​ជា​បុគ្គល​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ក្នុង​ចំណោម​ក្រុម​អភិរក្ស​និយម​របស់​គណបក្ស​សាធារណរដ្ឋ។​ ហើយ​លោក​ក៏​ជា​អ្នក​ដែល​បាន​ខិត​ខំ​ផ្លាស់​ប្តូរ​ធ្វើ​កំណែរ​ទម្រង់​រូប​ភាព​គណបក្ស​នយោបាយ​អាមេរិក​ដ៏​ចំណាស់​មួយ​នេះ​ឲ្យ​កាន់​តែ​ទំនើប​ជាង​មុន។ ​យោង​តាម​សារព័ត៌មាន​អាមេរិក​នានា​ ជំហរ​រារែក​មិន​ទាន់​គាំទ្រ​លោក​ ​Donald Trump ​ជា​បេក្ខជន​ផ្លូវការ​ប្រចាំ​បក្ស​សំរាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក គឺ​ជា​ដំណឹង​បង្ហាញ​ពី​ការ​បែក​បាក់​ដ៏​ធំធេង​មួយ​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ។ ​អ្វី​ដែល​គេ​ព្រួយ​បារម្ភ​ថែម​ទៀត​នោះ​ គឺ​លោក​ Paul Ryan ​នឹងត្រូវ​អញ្ជើញ​​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​សមាជ​តែង​តាំង​បេក្ខជន​ផ្លូវ​ការ​ប្រចាំ​បក្ស។ ​គណបក្ស​សាធារណរដ្ឋ​នឹង​រៀបចំ​សមាជនេះ​នៅ​ទីក្រុង ​Cleveland​ រដ្ឋ​ Ohio​ ចន្លោះ​ពី​ថ្ងៃ​ទី​១៨ ដល់​២១ កក្កដា​ខាង​មុខ​នេះ។

គេ​ក៏​គិត​ផង​ដែរ​ថា​ លោក​ Paul Ryan ទំនង​ជា​ចង់​អូស​បន្លាយ​ជំហរ​គាំទ្រ​របស់​ខ្លួនបែប​នេះ​ ដើម្បី​កុំ​អោយ​ផ្ទៃ​ក្នុង​គណបក្ស​សាធារណរដ្ឋ​បែ​កបាក់​គ្នា​រត់​ទៅ​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ។​ ព្រោះ​ឥស្សរជន​ជាន់​ខ្ពស់​ខ្លះ​របស់​បក្ស​ ដែល​មាន​ជា​អាទិ៍​ដូចជា​ ​អតីត​ប្រធានាធិបតី​ចំនួន​ពីរ​នាក់​ សមាជិក​ព្រឹទ្ធសភា​ និង​អភិបាល​រដ្ឋ​កំពុង​កាន់​តំណែង​មួយ​ចំនួន​បាន​ប្រកាស​មិន​គាំទ្រ​លោក​ ​Donald Trump​ ជា​បេក្ខជន​សាធារណរដ្ឋ​ឡើយ។ ​នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​ផ្ទៃ​ក្នុង​គណបក្ស​នយោបាយ​អាមេរិក​ដ៏​ធំ​មួយ​នេះ​ប្រេះឆា​គ្នា​បែប​នេះ។ ភាព​ប្រេះឆា​នេះ​ក៏​ជា​លទ្ធផល​នៃ​យុទ្ធនាការ​ឃោសនា​ដ៏​ចម្រូង​ចម្រាស់​ ជា​ពិសេស​ពាក្យ​សំដី​ថ្លែង​ចេញ​ពី​មាត់​របស់​លោក​ Donald Trump​ តែ​ម្តង។

ឥស្សរ​ជន​សាធារណរដ្ឋ​​មួយ​ចំនួន​មិន​ពេញ​ចិត្ត​សេចក្តី​ថ្លែង​ការណ៍​កន្លង​មក​របស់​លោក​ Trump។ ​ ក្នុង​នោះ​មាន​ដូច​ជា ​កា​ជេរ​ប្រមាថ​លើ​ស្រ្តី​ភេទ​ ជន​ពិការ​ និង​ការចង់​បិទ​ព្រំដែន​មិន​អោយ​អ្នក​​កាន់​សាសនា​អ៊ីស្លាម​ចូល​សហរដ្ឋ​អាមេរិក​ជា​ដើម។​ ជា​ទិដ្ឋភាព​រួម​ ជំនួប​រវាង​លោក​ Donald Trump​ និង​លោក​ Paul Ryan ក៏​សារ​មួយ​បង្ហាញ​ដល់​អ្នក​គាំទ្រ​បក្ស​សាធារណរដ្ឋ​ ពី​ជា​ការ​ចង់​បន្ថយ​ភាព​តាន​តឹង​ និង​ទស្សនៈ​ផ្ទុយ​គ្នា​រវាង​បុគ្គល​ទាំង​ពីរ។ ហើយ​ក៏​ជា​រយៈ​ពេល​អន្តរកាល​មួយ​ ដើម្បី​ឲ្យ​ក្រុម​ចលនា​អ្នក​ប្រឆាំង​ Trump ស្ងប់​ចិត្ត​បន្តិច​ម្តងៗ​មុន​នឹង​អាច​ទទួល​យក​បេក្ខភាព​របស់​លោក​ Trump​ ទាំង​ស្រុងតែ​ម្តង។

បន្ទាប់​ពី​ជំនួប​នេះមក​ លោក​ Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​វិមាន​កាពីតូល​ ជា​ទី​កន្លែង​របស់​ព្រឹទ្ធសភា​អាមេរិក ដើម្បី​ជួប​លោក​ Mitch McConnel ​ដែល​ប្រធាន​តំណាង​សម្លេង​ភាគ​ច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​ព្រឹទ្ធសភា​។​ ​លើស​ពី​នេះ​ លោក​ Trump ក៏​បាន​សន្ទនា​ជា​មួយ​លោក​ Reince Priebus ប្រធាន​គណបក្ស​សាធារណរដ្ឋ​ផងដែរ​។​ មុន​នឹង​ចាក​ចេញ​ពី​រដ្ឋ​ធានីវ៉ាស៊ីន​តោន លោក​ Trump បាន​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម​ Twitter ថា ​ជំនួប​នេះ​ជាជោគជ័យ​មួយ​ឈាន​ទៅ​រក​ឯកភាព​បក្ស ហើយ​លោក​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពីបុគ្គល​ទាំង​ពីរ​។

គណបក្ស​សាធារណរដ្ឋ​ត្រូវ​ការ​ឯកភាព​ផ្ទៃ​ក្នុង​បក្ស​ ដើម្បី​ចៀស​វាង​បញ្ហា​ធំ​ចំនួន​ពីរ។​ ទីមួយ​ គឺ​បញ្ហា​ថវិកា​ដែល​គណបក្សនេះត្រូវ​ប្រមូល​អោយ​បាន​រាប់​រយ​លាន​ដុល្លារ​ សំរាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ។ សម្បុរស​ជន​ដែល​ធ្លាប់​ផ្តល់​ជំនួយ​ថវិកា​ដល់​បក្ស​សាធារណរដ្ឋ​ ជាពិសេស​មហា​សេដ្ឋី​បងប្អូន​ត្រកូល​ Koch ធ្លាប់​បាន​គំរាម​ថា​មិន​បរិច្ចាក​ប្រាក់​មួយ​សេន​ឡើយ​បើ​លោក​ Donald Trump ​ក្លាយ​បេក្ខជន​ផ្លូវការ​របស់​បក្ស។

ទីពីរ​ គឺ​បញ្ហា​យុទ្ធសាស្រ្ត​នយោបាយ ដែល​ពួក​សាធារណរដ្ឋ​ខ្លាច​ក្រែង​បាត់​បង់​សម្លេង​ភាគ​ច្រើន​នៅ​សភា​ទាំង​ពីរ​ថ្នាក់​ ពោល​គឺ សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា។ ថ្នាក់​ដឹកនាំ​បក្ស​សាធារណរដ្ឋ​បាន​យល់​ស្រប​គ្នា​ថា​ គឺ​ជា​ការ​ខាត​បង់​ដ៏​ធំធេង​ប្រសិន​បើ​គេ​​បន្ត​ការ​បែក​បាក់​គ្នា​បែប​នេះ​ទៀត។​ ផល​ប្រយោជន៍​នឹង​ធ្លាក់​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​អាច​បន្ត​កាន់​កាប់​សេតវិមាន​ ៤ ឆ្នាំ​បន្ត​ទៀត។ ដូចនេះ​ បើ​តាម​ទម្រង់​ខាង​ក្រៅ​ គេ​ត្រូវ​បង្ហាញ​ពី​ឯកភាព​ផ្ទៃក្នុង​ដើម្បី​ស្រោច​ស្រង់​មុខ​មាត់​បក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ