អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក Ted Cruz ជ្រើសរើសលោកស្រី Carly Fiorina ជាបេក្ខជនអនុប្រធានាធិបតីអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​តែ​ ៦ សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ប្រចាំ​បក្ស​និមួយ​នឹង​ត្រូវ​បញ្ចប់។ ​ដើម្បីផ្តល់​​សន្ទុះ​យុទ្ធនាការ​ឲ្យ​កាន់​តែ​ខ្លាំងថែម​ទៀត​​ កាលពី​សប្តាហ៍​មុន​ លោក Ted Cruz បាន​ប្រកាសដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។​ នោះ​ គឺ​ការ​​ជ្រើសរើស​យក​លោកស្រី​ Carly Fiorina​ ជា​បេក្ខជន​អនុប្រធានាធិបតី​ ក្នុង​ករណី​ដែល​លោក​ត្រូវ​បាន​ជ្រើស​តាំង​ជា​ផ្លូវ​ការ​តំណាង​ឲ្យ​បក្សសាធារណរដ្ឋ។​ រយៈពេល​ចុង​ក្រោយ​នេះ​ លោក Ted Cruz កំពុង​ព្យាយាម​បង្កើត​យុទ្ធសាស្រ្ត​ថ្មី​ ក្នុង​គោល​បំណង​ទប់​ស្កាត់​គូប្រជែង​ គឺ​លោក Donald Trump។​ ​តើ​លោកស្រី​ Carly Fiorina​ ជា​នរណ?​ តើ​យុទ្ធសាស្រ្ត​ថ្មី​នេះ​​អាច​ផ្តល់​ផល​ប្រយោធន៍​អ្វី​ខ្លះ​ដល់​លោក Ted Cruz?​    

លោកTed Cruz អមដោយលោកស្រី Carly Fiorina នាឱកាសមីទីងនៅIndianapolis,ថ្ងៃ២៧មេសា២០១៦
លោកTed Cruz អមដោយលោកស្រី Carly Fiorina នាឱកាសមីទីងនៅIndianapolis,ថ្ងៃ២៧មេសា២០១៦ REUTERS/Aaron P. Bernstein
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជា​មួយ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ Indianapolis នៃ​រដ្ឋ​ Indiana លោក Ted Cruz បាន​បង្ហាញ​បេក្ខភាព​លោកស្រី​ ​Carly Fiorina ក្នុង​ឋានៈ​ជា​អនុប្រធានាធិបតី​ ប្រសិន​បើ​លោក​ជាប់​ឆ្នោត។​ ការ​ប្រកាស​ដំណឹង​បែប​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ លោក Ted Cruz កំពុង​តែ​ព្យាយាម​បញ្ចេញ​គ្រប់​សន្លឹក​បៀរ​ទាំង​អស់ ដែល​អាច​លេង​បាន​ ​ក្នុង​គោល​បំណង​ទប់​ស្កាត់​ដំណើរ​ទៅ​មុខ​របស់​គូ​ប្រជែង​ គឺ​ លោក​ Donald Trump។

 
បើ​យោង​តាមការ​គណនា​របស់​ស្ថានីយ៍​ទូរទស្សន៍​ CNN បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​ ​លោក​ Donald Trump កំពុង​ដឹក​មុខ​គេ​ ដោយ​ប្រមូល​បាន​ប្រតិភូ​នៅ​ក្នុង​ដៃ​ចំនួន ៩៩១ នាក់​។ ទីពីរ​ គឺ​លោក​ Ted Cruz ទទួល​បាន​ប្រតិភូ​ចំនួន​ ៥៦៨ នាក់។​ មាន​រដ្ឋ​ចំនួន​ ១០​ទៀត​ ដែល​គណបក្ស​សាធារណរដ្ឋ​នឹង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រចាំ​បក្ស។ លោក​ Ted Cruz ចាំបាច់​ត្រូវ​តែ​ឈ្នះ​នៅ​តាម​រដ្ឋ​ទាំង​នោះ​ ដើម្បី​ទប់​ស្កាត់​លោក Donald Trump មិន​ឲ្យ​ទទួល​បាន​ប្រតិភូ​ចំនួន​ ១២៣៧ នាក់។ សូម​បញ្ជាក់​ថា​ ចំនួន​នេះ​ គឺ​ជា​ការ​ទាម​ទារ​របស់​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​អាច​ក្លាយ​ជា​បេក្ខជន​ផ្លូវការ​ស្វ័យ​ប្រវត្តិ​តំណាង​ឲ្យ​បក្ស​តែ​ម្តង។​ 
ការ​ប្រកាស​សម្ព័ន្ធ​ភាព​ជាមួយ​លោកស្រី​​ Carly Fiorina ទំនង​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​របស់​លោក Ted Cruz ដើម្បី​ទទួល​ប្រជា​ប្រិយភាព​ក្នុង​ចំណោម​អ្នក​គាំទ្រ​បក្ស​សាធារណរដ្ឋ។​ ហើយ​ជាពិសេស​នោះ​ ប្រសិន​បើ​លោក​ Cruz ឈ្នះ​ឆ្នោត​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ គឺ​លោក​ប្រហែល​អាច​កាត់​បន្ថយ​គន្លាត​ចំនួន​ប្រតិភូ​ជា​មួយ​លោក Donald Trump។​

​យោង​តាម​ប្រពៃណីនយោបាយ​កន្លង​មករបស់​បក្ស​ ជា​ធម្មតា បេក្ខជន​ប្រធានាធបិតី​តែង​ប្រកាស​បេក្ខជន​អនុប្រធានាធិបតី​ ក្រោយ​ពេល​ដែល​ខ្លួន​បាន​ទទួល​បាន​ការ​តែង​តាំង​ជា​បេក្ខជន​ផ្លូវ​ការ​ប្រចាំ​បក្ស។​ ផ្ទុយ​ទៅវិញ​ លោក Ted Cruz ពុំ​នៅ​រង់ចាំ​រហូត​ដល់​ខែ​កក្កដា​ ដែល​ការ​ធ្វើ​សមាជ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ផ្លូវការ​ឡើយ។

ហេតុអ្វី​បាន​ជា​លោក​ធ្វើ​បែប​នេះ? នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ លោក Ted Cruz ​បាន​ពន្យល់​ប្រាប់​ ថា​ លោក​ចង់​ឲ្យ​ពលរដ្ឋ​អាមេរិកចាត់​ទុក​លោក​​​​ជា​បេក្ខជនម៉ឹង​ម៉ាត់​ ​មិន​ចេះ​តែ​ផ្លាស់​ប្តូរ​ពាក្យ​សំដី​គ្រប់​ពេល​វេលា​នោះ​ទេ។​ ការ​និយាយ​បែប​ដៀម​ដាម​បែប​នេះ​របស់​លោក​ Cruz គឺ​សំដៅ​ទៅ​លើ​គូ​បដិបក្ខ​ Donald Trump។​ ម៉្យាង​ទៀត​ លោក​ក៏​បាន​បញ្ជាក់​ថា​ ​ការ​បង្កើត​សម្ព័ន្ធ​ភាព​រវាងលោក​ និង​លោកស្រី​ ​ Carly Fiorina​​ ជា​ក្រុម​ការងារ​តែ​មួយ​ គឺ​ជា​ការ​ផ្តល់​ជម្រើស​ដ៏​ច្បាស់​លាស់​មួយ​ជូន​ពលរដ្ឋ​អាមេរិក។

លោក​​ក៏​មិន​ភ្លេច​អួត​សរសើរ​លោកស្រី​ Carly Fiorina​ ដោយ​បាន​ចាត់​ទុក​ថា​ជា​អ្នក​ដឹកនាំ​ម្នាក់​មាន​សមត្ថភាព​អស្ចារ្យ​ ក្នុង​មជ្ឈដ្ឋាន​អ្នក​ជំនួញ​អាមេរិក។ លោកស្រី​ Carly Fiorina​ ជា​អតីតៈ​ប្រធាន​អគ្គនាយក​ក្រុម​ហ៊ុន​ផលិត​គ្រឿង​បរិក្ខា​កុំព្យូទ័រ​ម៉ាក​ Hewlett-Packard ដែល​គេ​តែង​ហៅ​ឈ្មោះ​កាត់​ថា​ HP ។ លោកស្រី​មាន​ឱពុកឈ្មោះ​ Joseph Tyree Sneed III ដែល​​ជា​សាស្រ្តាចារ្យ​ច្បាប់ដ៏​ល្បី​ឈ្មោះ​ម្នាក់​មាន​និន្នាការ​អភិរក្ស​និយម។​ ឱពុក​របស់​លោកស្រី​ក៍​ធ្លាប់​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​​ និង​ជាសមាជិក​ចៅក្រមសហព័ន្ធ​ ក្នុង​អាណ្ណត្តិ​របស់​លោក​ប្រធានាធិបតី​ Richard Nixon។

នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​ លោកស្រី​ Carly Fiorina ត្រូវ​បាន​គេ​ដឹង​ថា​ ជា​អ្នក​មាន​និន្នាការ​សិទ្ធិ​ជាមួយ​ក្រុម​អភិរក្ស​និយម​ដ៏​តឹង​រឹង​ ប៉ុន្តែ​ក៏​ងាក​ទៅ​រក​ក្រុម​ជំនួញ​ផងដែរ។ មាន​អាយុ​ ៦១ ឆ្នាំ​ លោកស្រី​បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជា​លើក​តំបូង​កាលពី​ឆ្នាំ​២០១០។​ នា​ពេល​នោះ​ លោកស្រី​បាន​ឈរឈ្មោះ​បោះឆ្នោត​ជា​បេក្ខជសមាជិក​ព្រឹទ្ធសភា ប៉ុន្តែ​បាន​ទទួល​បរាជ័យ។ បន្ទាប់​មក​ គឺ​នៅ​ឆ្នាំ​២០១៥​ លោកស្រី​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​អ្នកតំណាង​បក្ស​ផ្លូវ​ការ​សំរាប់​គណបក្ស​សាធារណរដ្ឋ។

ប៉ុន្តែ លោកស្រី​បាន​បោះបង់​ចោល​ការ​ប្រកួត​ភ្លាមៗ​កាល​ពី​ដើម​កុម្ភៈ​កន្លង​មក​នេះ​ ក្រោយ​ពី​ទួល​បាន​លទ្ធផល​មិន​ល្អ ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​រដ្ឋ​ Iowa និងរដ្ឋ​ New Hampshire។​លោកស្រី​សម្រេច​ចិត្ត​បង្រួប​បង្រួម​ជា​ធ្លុង​មួយ​ជាមួយលោក​ Ted Cruz ​ព្រោះ​លោកស្រី​យល់​ឃើញ​ថា​ លោក​ Ted Cruz​ ជា​អ្នក​តំណាង​ឲ្យ​គំនិត​អភិរក្ស​និយម​​មិន​អាច​តថ្លៃ​បាន។​​ បើ​ទោះ​បី​​ជា​មាន​ចំនុច​មួយ​ចំនួន​ ដែល​អ្នក​នយោបាយ​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​ ប៉ុន្តែ​ អ្នក​ទាំង​ពីរ​ឯកភាព​គ្នា​លើ​នយោបាយ​អភិរក្ស​និយម​ ក្នុង​នោះ​ការ​ប្រឆាំង​នឹង​ការ​រំលូត​កូន​ នឹង​​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ជាដើម។

សំរាប់​លោក​ Ted Cruz ​ រូបភាព​របស់​លោកស្រី​ Carly Fiorina​ ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។​ ទីមួយ​ គឺ​លោកស្រី​ជា​អ្នក​មាន​បទពិសោធន៍​ផែ្នក​ជំនួញ​។ ​សម្ព័ន្ធ​ភាព​ជាមួយ​លោកស្រី​ គឺ​ប្រហែល​ជា​អាច​ទប់​​​​​​លោក​ Donald Trump​ បាន​ ព្រោះ​អ្នក​ជំនួញ​ទាំង​ពីរ​នាក់​នេះ​មិន​ត្រូវ​រ៉ូវ​គ្នា​ឡើយ។ ​ហើយ​លោកស្រី​​ Carly Fiorina​ ក៏​ធ្លាប់​ប៉ះ​សម្តី​គ្នា​​ច្រើន​ដងផងដែរ​ ​ជាមួយ​លោក​ Donald Trump​ ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​ដេញ​ដោល​កាល​ពី​ឆ្នាំ​២០១៥។
ទីពីរ​ រូប​ភាព​របស់​លោក​ Carly Fiorina ក៏​អាច​បន្សាប​បាន​ផងដែរ​រូបភាព​របស់​លោកស្រី​ Hillary Clinton មកពី​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​កំពុង​រះ​ត្រដែត។ កន្លង​លោកស្រី​ Clinton តែងប្រើប្រាស់​ទស្សនស្រ្តី​និយម​ ដោយ​រិះគន់​ថា​គណបក្ស​សាធារណរដ្ឋ​ គឺ​ជា​បក្ស​ប្រឆាំង​នឹង​ស្រ្តី​ភេទ​ក្នុង​ឆាក​នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ