Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសលាឈប់ពីមុខតំណែង
លោកស្រី តេរេសា មេ (Theresa May) បានប្រកាសនៅថ្ងៃសុក្រនេះថា លោកស្រីនឹងលាឈប់ពីមុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស ចាប់ពីថ្ងៃសុក្រ ទី៧មិថុនាខាងមុខ។ ការប្រកាសលាឈប់ពីតំណែងនេះត្រូវបានធ្វើឡើង ក្រោយពីលោកស្រីបានព្យាយាមជាច្រើនលើក តែមិនបានសម្រេច ក្នុងការជំរុញឲ្យសភាអង់គ្លេសអនុម័តកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
“នៅក្នុងប្រទេសប្រជាធិបតេយ្យ កាលណាយើងផ្តល់ឱកាសឲ្យប្រជាជនធ្វើការជ្រើសរើស យើងមានកាតព្វកិច្ចត្រូវតែអនុវត្តទៅតាមការសម្រេចរបស់ប្រជាជន” នេះគឺជាការលើកឡើងរបស់លោកស្រី តេរេសា មេ នៅពេលប្រកាសលាឈប់ពីមុខតំណែង នៅថ្ងៃសុក្រ ២៤ឧសភានេះ ដោយលោកស្រីបានរំឭកថា ការចាកចេញពីសហភាពអឺរ៉ុប វាគឺជាការសម្រេចរបស់ពលរដ្ឋអង់គ្លេស នៅក្នុងការបោះឆ្នោតប្រជាមតិ កាលពីឆ្នាំ២០១៦កន្លងទៅ។
លោកស្រីប្រមុខរដ្ឋាភិបាលអង់គ្លេសបានបង្ហាញនូវ “ការសោកស្តាយជាពន់ពេក” ដែលមិនអាចអនុវត្តទៅតាមការសម្រេចរបស់ប្រជាជននេះបាន។ ក្នុងពេលជាមួយគ្នា លោកស្រីក៏បានធ្វើការកត់សម្គាល់ផងដែរថា លោកស្រី “បានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលខ្ញុំអាចធ្វើទៅបាន ដើម្បីជំរុញឲ្យសមាជិកសភាអនុម័តកិច្ចព្រមព្រៀងនេះ” ក៏ប៉ុន្តែមិនអាចសម្រេចបាន។ ហេតុដូច្នេះហើយបានជាលោកស្រីសម្រេចលាឈប់ពីមុខតំណែង ដើម្បីទុកឲ្យនាយករដ្ឋមន្រ្តីថ្មីឡើងមកធ្វើការនេះវិញម្តង។
គួររំឭកឡើងវិញថា លោកស្រី តេរេសា មេ បានឡើងមកកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស ក្រោយពីមានការបោះឆ្នោតប្រជាមតិសម្រេចឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ លោកស្រីបានចរចាជាមួយសហភាពអឺរ៉ុប ហើយសម្រេចបានជាកិច្ចព្រមព្រៀងមួយ ដែលកំណត់អំពីលក្ខខណ្ឌនៃការចាកចេញរបស់អង់គ្លេស ព្រមទាំងកំណត់អំពីទំនាក់ទំនង រវាងអង់គ្លេស និងសហភាពអឺរ៉ុប នៅក្រោយពេលចាកចេញ។
លោកស្រីបានដាក់កិច្ចព្រមព្រៀងនេះឲ្យសភាអង់គ្លេសអនុម័តដល់ទៅ៣លើក ក៏ប៉ុន្តែ អនុម័តចេញពីសភាមិនរួច ទើបធ្វើឲ្យអង់គ្លេសមិនអាចចេញពីសហភាពអឺរ៉ុបរួច ទៅតាមកាលកំណត់ ហើយត្រូវលើកពេលមួយលើកជាពីរលើក។
លោកស្រី តេរេសា មេ ស្ថិតក្នុងចំណោមនាយករដ្ឋមន្រ្តីអង់គ្លេស ដែលកាន់តំណែងបានខ្លីបំផុត ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ ក៏ប៉ុន្តែ លោកស្រីក៏ប្រាកដជានឹងត្រូវគេចងចាំផងដែរថាជានាយករដ្ឋមន្រ្តី ដែលកាន់ចង្កូតប្រទេស នៅក្នុងសម័យកាលដ៏សែនច្របូកច្របល់បំផុតមួយ នៅក្នុងប្រវត្តិនយោបាយសម័យទំនើបរបស់រាជាណាចក្រអង់គ្លេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ