អានតួអត្ថបទ
បារាំង-អឺរ៉ុប

លោក​ម៉ាក្រុងអំពាវនាវ​ឲ្យ​អឺរ៉ុប ស្ទុះងើបឡើង ប្រសិន​បើមិនចង់ “ស្លាប់” ទេនោះ

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសុន្ទរកថាស្តីពីអឺរ៉ុប កាលពី​ថ្ងៃព្រហស្បតិ៍​ទី​២៥មេសា នៅ​ឯសកលវិទ្យាល័យ​សកបូនទីក្រុងប៉ារីស។ ក្នុងសុន្ទរកថាជិត​២ម៉ោង លោកម៉ាក្រុង បានអំពាវនាវ ឲ្យ​ប្រទេសសមាជិក​អឺរ៉ុបទាំង​២៧ ត្រូវងើបស្ទុះឡើងរួមកម្លាំងគ្នានៅពេលនេះ ដើម្បីស្រោចស្រង់អឺរ៉ុបពីសេចក្តីស្លាប់។ លោក​ប្រធានធិបតីបារាំង បាន​ហៅ​ឲ្យ​ប្រទេសអឺរ៉ុប ត្រូវតែ​រៀបចំផែនការសកម្មភាពជាបន្ទាន់ មិនថាសន្តិសុខការពារ​ជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​អន្តោប្រវេសន៍ ដើម្បីធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​ជា "មហាអំណាច​"។​

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេល​ថ្លែងសុន្ទរកថា​ស្តីពីអឺរ៉ុប នៅ​សកលវិទ្យាល័យ Sorbonne ក្រុងប៉ារីស ថ្ងៃទី​២៥មេសា​២០២៤
លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេល​ថ្លែងសុន្ទរកថា​ស្តីពីអឺរ៉ុប នៅ​សកលវិទ្យាល័យ Sorbonne ក្រុងប៉ារីស ថ្ងៃទី​២៥មេសា​២០២៤ AFP - CHRISTOPHE PETIT TESSON
ផ្សាយពាណិជ្ជកម្ម

៧ឆ្នាំបន្ទាប់ពីសុន្ទរកថាលើកទី​១ លោក​អេម៉ានុយអែល ម៉ាក្រុង​ បានត្រលប់​មក​សកលវិទ្យាល័យ​សកបូន​ជាថ្មីម្តងទៀត ដើម្បី​ថ្លែងសុន្ទរកថា​។ នៅចំពោះមនុស្ស​ភ្ញៀវអ្នកស្តាប់ចំនួនប្រមាណ​៥០០នាក់ លោក​ម៉ាក្រុង​បានមានប្រសាសន៍​រយៈពេល​១ម៉ោង​៥០នាទី ជាមួយ​នឹងខ្លឹមសារ​ដែលសង្កត់ធ្ងន់ទៅលើ ស្ថានភាព​អឺរ៉ុបដែល​លោកម៉ាក្រុងចាត់ទុកថាកំពុងតែចុះខ្សោយ​ខ្លាំង​។

លោក​ម៉ាក្រុងបាន​លើកឡើងថា “យើងត្រូវតែ​ទទួលស្គាល់ការពិត ថា​អឺរ៉ុបរបស់យើងអាចប្រឈមនឹងសេចក្តីស្លាប់។ អ្វីៗគឺរំពឹងទាំងស្រុង ទៅលើការសម្រេចចិត្ត​ និង​​ការជ្រើសរើសរបស់យើងគ្រប់គ្នា”​។ លោក​បន្តថា ក្នុងរវាង​១០ឆ្នាំទៅមុខ អឺរ៉ុបអាចនឹងបាក់ស្រុតចុះខ្សោយ ស្ថិតនៅពីក្រោយគេ ប្រសិនបើប្រទេសសមាជិកទាំង​២៧ គ្មានផែនការសកម្មភាព​ដើម្បីស្ទុះស្ទានៅពេលនេះទេនោះ។

ដោយលើកឡើងថា អឺរ៉ុបរាល់ថ្ងៃ​​​ដើរយឺត និងខ្វះសេចក្តីក្លាហាន លោក​ម៉ាក្រុ​ងបាន​ហៅ​ឲ្យ​ប្រទេសអឺរ៉ុប ត្រូវតែរួមគ្នា ធ្វើ​ឲ្យ​អឺរ៉ុបមាន “ឯករាជ្យភាព​យុទ្ធសាស្ត្រ​”។ នៅក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ការគំរាមរបស់រុស្ស៊ី​ បូកបន្ថែមនឹងការការប្រកួតប្រជែងពាណិជ្ជកម្ម​គ្មានមេត្តា លោក​ម៉ាក្រុង​បាន​អំពាវនាវថា អឺរ៉ុបត្រូវតែរកមធ្យោបាយ​ធ្វើខ្លួន​ឲ្យ​​​រឹងមាំឡើង​​។

នៅក្នុងវិស័យ​សន្តិសុខការពារជាតិ លោក​ម៉ាក្រុងត្រូវតែ​មាន​ប្រព័ន្ធការពារខ្លួនរួមគ្នា ដែលមានសមត្ថភាព ប្រឈមមុខនឹងការគំរាមទាំងឡាយ និង​ដោយ​ឈប់រំពឹងតែទៅលើកម្លាំងការពាររបស់អាមេរិក​។ ក្នុងន័យនេះ លោក​ម៉ាក្រុង បានហៅប្រទេសអឺរ៉ុប ត្រូវតែផ្តល់អាទិភាព ដល់ការ​​​ទិញគ្រឿង​សព្វាវុធ​ដែល​ផលិតនៅអឺរ៉ុប ហើយ​ត្រូវ​ពង្រឹងសមត្ថភាពការពារផ្លូវអាកាស និងទប់ទល់នឹង​ការវាយ​ប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ អឺរ៉ុបត្រូវតែបង្ហាញ​ឲ្យ​គេឃើញថា ខ្លួន​មិនមែនជាកូនចៅ​រណ​បរបស់សហរដ្ឋអាមេរិក។

ទាក់ទិននឹងបញ្ហា​សេដ្ឋកិច្ចពាណិជ្ជកម្មវិញ លោក​ម៉ាក្រុងបានសង្កត់ធ្ងន់ ការប្រកួតប្រជែង​គ្មានប្រណីមេត្តាទេ។ អឺរ៉ុប​មិនអាច​ប្រកួតប្រជែងជាមួយចិន ជាមួយអាមេរិកបានទេ បើអឺរ៉ុបរវល់តែគិតគូរច្រើនជ្រុលពេក ទៅលើ​ក្រិត្យ​ក្រមស្តង់ដារ​បរិស្ថានឬសុខភាព ហើយភ្លេចវិនិយោគ​និង​ពង្រីកទីផ្សារ​ឲ្យបានទូលាយ​​។ អឺរ៉ុបត្រូវតែឈប់​ប្រើ​គោលនយោបាយ​ពាណិជ្ជកម្ម ដែលឆោតល្ងង់ចាញ់ប្រៀបគេដូចមុន​។ ដើម្បីជំរុញសន្ទុះ​សេដ្ឋកិច្ចអឺរ៉ុប លោក​ម៉ាក្រុង បាន​រន្ធាន់​ឲ្យ​មានការសំរុក​វិនិយោគ​សាធារណៈ មួយគុណជា​ពីរ។ លោក​ម៉ាក្រុង បានស្នើ​ឲ្យ​បង្កើត​ការយកពន្ធ​កាបូន ការយកពន្ធ​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​យកពន្ធ​លើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​អន្តរជាតិធំៗ។

ចំណុចដ៏សំខាន់​មួយទៀត ដែល​លោក​ម៉ាក្រុងបានលើកឡើង គឺការគ្រប់គ្រងអន្តោប្រវេសន៍​នៅអឺរ៉ុប។ លោក​បាន​ហៅ​ឲ្យ​អឺរ៉ុបត្រូវគ្រប់គ្រងព្រំដែនខ្លួន ឲ្យ​ប្រសិទ្ធិភាព តាមរយៈការបោសសំអាតទប់ស្កាត់ក្រុមឈ្មួញដឹកជញ្ជូនជនអន្តោប្រវេសន៍ចូលអឺរ៉ុប​។ លោក​បាន​ស្នើគំនិត​ កែប្រែក្រុមប្រឹក្សាSchengen ឲ្យ​ក្លាយ​ជា​ក្រុមប្រឹក្សា​ដើម្បីសន្តិសុខអឺរ៉ុប​។

គួរបញ្ជាក់ថាសុន្ទរកថាលើកទី​២របស់​លោកម៉ាក្រុង នៅ​សកលវិទ្យាល័យសកបូនទីក្រុងប៉ារីស គឺធ្វើឡើងក្នុង​បរិបទ​ដែល​បណ្តាប្រទេសអឺរ៉ុប កំពុងតែឃោសនា​បោះឆ្នោត​ ជ្រើសរើស​​សមាជិក​សភាអឺរ៉ុប​។ នៅតាមបណ្តាប្រទេសជាច្រើន ដោយរាប់ទាំងបារាំងផង គឺក្រុមគណបក្ស​ស្តាំនិយម​ជ្រុល ​បានឡើងប្រជាប្រិយភាពយ៉ាងខ្លាំង។ ជាទូទៅ ក្រុម​ស្តាំនិយម​ជ្រុល គឺមាន​គោលនយោបាយ​ជាតិនិយមជ្រុល​ ស្អប់អឺរ៉ុប​ និងមិនគាំទ្រគោលនយោបាយរួមសាមគ្គីក្នុងក្របខណ្ឌអឺរ៉ុបទេ​​។ តាមរយៈខ្លឹមសារ​នៃសុន្ទរថា គឺលោកម៉ាក្រុង​​ចង់ផ្ញើសារប្រាប់អ្នកបោះឆ្នោតទាំងអស់ ត្រូវ​តែសម្រេចចិត្តឲ្យ​បានត្រឹមត្រូវ ប្រសិន​បើ​មិនចង់​ឃើញ​សហភាពអឺរ៉ុប ចុះខ្សោយ​ដួលរលំទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ