រដ្ឋមន្ត្រីការពារជាតិបារាំងនិងអាល្លឺម៉ង់ ប្រជុំចែកការងារគ្នា ដើម្បីផលិតរថក្រោះទំនើប MGCS
លោកម៉ាក្រុងបានលើកឡើងថា ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនដោយខ្លួនឯង គឺអឺរ៉ុបត្រូវតែមានប្រព័ន្ធការពារជាតិរួមគ្នា និងមានអាវុធទំនើបដូចគ្នា ផលិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែក តែលើអាវុធដែលទិញពីបរទេស។ គឺក្នុងក្របខណ្ឌទស្សនវិស័យនេះហើយ បារាំងនិងអាល្លឺម៉ង់បានផ្តួចផ្តើមគម្រោង រួមគ្នាផលិតរថក្រោះដ៏ទំនើបបំផុតមួយ ឈ្មោះថា MGCS ។ យ៉ាងណាមិញ នៅថ្ងៃសុក្រទី២៦មេសានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងនិងអាល្លឺម៉ង់ បានចាប់ផ្តើមការប្រជុំពិសេសមួយ ដើម្បីបែងចែកការងារគ្នា ទៅឲ្យក្រុមហ៊ុនឧស្សាហកម្មសព្វាវុធទាំងសងខាង ដើម្បីសម្រេចផែនការនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០៨
ជាយូរមកហើយ ដែលវិស័យឧស្សាហកម្មផលិតសព្វាវុធអាល្លឺម៉ង់ និងបារាំង មានការប្រជែងគ្នា មិនសហការគ្នា។ នៅបារាំង មានរថក្រោះទំនើបឈ្មោះ Leclerc ចំណែកនៅអាល្លឺម៉ង់វិញ មានរថក្រោះទំនើបឈ្មោះ Leopard។ រថក្រោះទំនើបទាំង២នេះ ធ្លាប់បានប្រជែងដណ្តើមទីផ្សារគ្នានៅអឺរ៉ុប អ្នកខ្លះទិញរបស់បារាំងយកទៅប្រើ អ្នកខ្លះទៀតទិញរបស់អាល្លឺម៉ង់។
តែទំព័រថ្មីកំពុងតែចាប់ផ្តើមបើក នៅពេលនេះ ជាមួយនឹងគម្រោងផលិតរថក្រោះទំនើបបំផុត ដែលបារាំងនិងអាល្លឺម៉ង់ នឹងសហការរួមគ្នាផលិត ដើម្បីធ្វើឲ្យវិស័យសព្វាវុធអឺរ៉ុប មានលក្ខណៈស្របដើរទន្ទឹមគ្នា។ អនាគតរថក្រោះទំនើបថ្មីនេះ មានឈ្មោះថា MGCS (Main Ground Combat System)។
លោកBoris Pistorius រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូមកប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu នៅថ្ងៃទី២៦មេសា ដើម្បីរៀបចំគូសវាសផែនការលំអិត។ ភាគីទាំង២ នឹងបែកចែកការងារគ្នា មានចំណែកពាក់កណ្តាល់ម្នាក់ ហើយហុចទៅឲ្យក្រុមហ៊ុនឧស្សាហកម្មសព្វាវុធទាំងសងខាង។
សូមបញ្ជាក់ថា បារាំងនិងអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដោយបានកំណត់ បែងចែកសរសរគ្រិះចំនួន៨ ព្រមទាំងកំណត់ជ្រើសយកក្រុមហ៊ុនឧស្សាហកម្ម ដែលនឹងមកសម្រេចគម្រោង ផលិតរថក្រោះ MGCS។ លោករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ធ្លាប់បានលើកឡើងថា គម្រោងថ្មីនេះគឺមិនមែនមានន័យថាបារាំងនឹងអាល្លឺម៉ង់ នឹងមករួមគ្នាផលិតរថក្រោះ Leclerc ឬ Leopard ថ្មីនោះទេ។ តែបារាំងអាល្លឺម៉ង់ នឹងផលិតរថក្រោះមួយថ្មីទំនើប ដែលមិនធ្លាប់មានពីមុនមក។
ដូចគ្នាដែរ លោករដ្ឋមន្ត្រីការពារជាតិបារាំង បានអះអាងថា MGCS គឺជាសព្វាវុធទំនើបនៃអនាគត ដែលបារាំងនិងអាល្លឺម៉ង់បានគិតគូររួមគ្នា។ លោក Sébastien Lecornu បានលើកឡើងថា គម្រោងរថក្រោះ MGCS មានលក្ខណៈឈានមុខនឹងទំនើបជាងគេបំផុត ព្រោះថារាល់ថ្ងៃនេះ សូម្បីតែអាមេរិកក៏មិនទាន់បានគិតគូរផលិតរថក្រោះថ្មីមកជំនួសរថក្រោះAbrams ដែរ ហើយរុស្ស៊ីវិញ បានបរាជ័យហើយជាមួយនឹងគម្រោងរថក្រោះ T-14 Armata។ ផ្អែកតាមលោករដ្ឋមន្ត្រីបារាំងរូបនេះ រថក្រោះ MGCS គឺជាប្រព័ន្ធអាវុធ បំពាក់ដោយបច្ចេកវិទ្យាទំនើប មានទាំងបញ្ញាសិប្បនិម្មិត ដ្រូនការពារ អាវុធបញ្ជាគោលដៅបាន និងប្រព័ន្ធប្រយុទ្ធអេឡិចត្រូនិក។
គួរបញ្ជាក់ដែរថា តាមការគ្រោងទុក រថក្រោះ MGCS នឹងមកជំនួសរថក្រោះបារាំង Leclerc និង រថក្រោះអាល្លឺម៉ង់ Leopard នៅរវាងឆ្នាំ២០៤០។ រថក្រោះគម្រូ Prototype ក្នុងដំណាក់កាលដំបូង1A នឹងត្រូវផលិតឲ្យបាននៅឆ្នាំ២០២៩ ដោយចំណាយប្រាក់ចំនួន ជាង១០០លានអឺរ៉ូ។ គឺក្រុមហ៊ុនបារាំង KNDS និងក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetall ដែលនឹងទទួលបន្ទុកការងារ ផលិតអនគតរថក្រោះទំនើប MGCS។ ការផលិតរថក្រោះរួមគ្នារវាងបារាំងនិងអាល្លឺម៉ង់នេះ គឺជាផ្នែកមួយនៃការសម្រេចផែនការទស្សនវិស័យយូរអង្វែង ដែលលោកម៉ាក្រុងបានផ្តល់សន្ទុះ ដើម្បីឲ្យអឺរ៉ុបមានសមត្ថភាពការពារខ្លួនដោយខ្លួនឯង ឈប់ពឹងផ្អែកទៅលើសព្វាវុធរបស់អាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ