នាយកហ្វេសប៊ុក ចូលបំភ្លឺនៅមុខសភាអឺរ៉ុប រឿងលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់
ក្រោយពីចូលបំភ្លឺអំពីរឿងអាស្រូវរបូតទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ នៅមុខសភាអាមេរិកកាលពីខែមេសា ឥលូវនាយកហ្វេសប៊ុក លោក Mark Zuckerberg ចូលខ្លួនទៅពន្យល់បំភ្លឺរឿងអាស្រូវដដែរនេះ នៅចំពោះមុខសភាអឺរ៉ុបវិញម្ដង ។ ការចូលបំភ្លឺនៅសភាអឺរ៉ុបនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ៍ ទី២២ ខែឧសភា គឺតែ៣ថ្ងៃមុនច្បាប់ថ្មី ស្ដីពីការការពារទិន្នន័យរបស់សហភាពអឺរ៉ុប ចូលជាធរមាន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៥
សូមរំលឹកថា កន្លងមកក្រុមហ៊ុនហ្វេសប៊ុកបានទទួលស្គាល់ថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ចំនួនប្រមាណ៨៧លាននាក់ ត្រូវបានទាញយកដោយក្រុមហ៊ុនឯកជនអង់គ្លេស Cambridge Analytica ហើយក្នុងនោះមានទិន្នន័យរបស់ប្រជាជនអឺរ៉ុបជិត៣លាននាក់។ ទោះបីជា លោក Zuckerberg ធ្លាប់បានសុំទោសចំពោះរឿងនេះរួមមកហើយក៏ដោយ ក៏នៅតែមានចម្ងល់ជាច្រើន អំពីគោលនយោបាយរបស់ហ្វេកប៊ុក ដែលបានអនុញ្ញាតអោយមានការលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់នេះ។
ប្រធានហ្វេសប៊ុក លោក Mark Zuckerberg ចូលខ្លួនទៅពន្យល់បំភ្លឺអំពីរឿងអាស្រូវរបូតទិន្នន័យនេះ នៅមុខគណៈកម្មការសភាអឺរ៉ុប។ លោក Zuckerberg ប្រឈមមុខនឹងសំណួរជាច្រើនពីសំណាក់ថ្នាក់ដឹកនាំសភាអឺរ៉ុប ដែលលោកត្រូវជួបជាមួយសំណួរពីប្រធានសភាអឺរ៉ុប លោក Antonio Tajani មុនគេ។
លោក Tajani ជាអ្នកអញ្ជើញលោក Zuckerberg អោយចូលពន្យល់បំភ្លឺក្នុងរឿងនេះ កាលពីខែមីនា ហើយលោកក៏ជាអ្នកបដិសេធការស្នើរបស់ហ្វេសប៊ុក ក្នុងការបញ្ជូនថ្នាក់ដឹកនាំក្រុមហ៊ុនហ្វេសប៊ុកផ្សេងទៀតចូលបកស្រាយបំភ្លឺជំនួសលោក Zuckerberg កាលពីខែមេសា។
លោក Tajani ដែលជាប្រធានសភាអឺរ៉ុប ហើយក៏ជាអ្នកនយោបាយអ៊ីតាលីផងនោះ បានធ្វើការព្រមានទៅកាន់លោក Zuckerbergថា ជាកំហុសធំមួយ ប្រសិនបើលោក Zuckerbergមិនឆ្លើយទៅនឹងសំនួររបស់លោក Tajani ព្រោះលោក Tajani ជាអ្នកគ្រប់គ្រងលើទីផ្សារដែលមានមនុស្សជាង៥០០លាននាក់ ហើយពួកគេភាគច្រើនជាអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក។
នៅក្នុងការចូលស្រាយបំភ្លឺនេះ សភាអឺរ៉ុបក៏ចង់ដឹងផងដែរអំពីផែនការរបស់ហ្វេកប៊ុក ក្នុងការសម្របខ្លួនទៅនឹងច្បាប់ថ្មីនៃការការពារទិន្នន័យ របស់សហភាពអឺរ៉ុប ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ ទី២២ ខែឧសភានេះ។
សូមបញ្ជាក់ថា ច្បាប់ការពារទិន្នន័យថ្មីនេះ តម្រូវអោយក្រុមហ៊ុននានាទទួលការព្រមព្រៀងច្បាស់លាស់ ពីអ្នកប្រើប្រាស់ មុននឹងចែករំលែកទិន្នន័យជាមួយភាគីទីបី។ អ្នកប្រើប្រាស់ មានសិទ្ធិដឹងពីព័ត៌មានរបស់ពួកគេដែលក្រុមហ៊ុនប្រមូលបាន ហើយមានសិទ្ធិទាមទារអោយលុបចោល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ