អានតួអត្ថបទ
បារាំង-មេរោគហ្ស៊ីកា

បារាំង​រឹតបន្តឹង​ការ​ផ្តល់ឈាម​ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ហ្ស៊ីកា

ប្រឈមមុខ​នឹង​ការ​ឆ្លងរាលដាល​នៃ​មេរោគ​ហ្ស៊ីកា ដែល​ដំបូង​ចេញ​ពី​តំបន់​អាមេរិក​ឡាទីន ហើយ​ចាប់ផ្តើម​ចូល​មកកាន់​តែច្រើន​ដល់​តំបន់​អឺរ៉ុប រដ្ឋាភិបាល​បារាំង​បាន​​ចេញ​វិធានការ​រឹតបន្តឹង​ការ​ផ្តល់ឈាម​​ពី​អ្នក​ដែល​ទើប​នឹង​ធ្វើ​ដំណើរ​មក​ពី​តំបន់​ដែល​មាន​មេរោគ​ហ្ស៊ីកា។ ការ​រឹតបន្តឹង​ការ​ផ្តល់​ឈាម​នេះ ធ្វើឡើង​ទៅតាម​អានុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​។

យោងតាម​អានុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក អ្នក​ដែល​ទើប​នឹង​ធ្វើ​ដំណើរ​មក​ពី​តំបន់​មាន​មេរោគ​ហ្ស៊ីកា ត្រូវ​រង់ចាំ​យ៉ាងតិច ២៨ថ្ងៃ ទើប​អាច​ផ្តល់​ឈាម​បាន
យោងតាម​អានុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក អ្នក​ដែល​ទើប​នឹង​ធ្វើ​ដំណើរ​មក​ពី​តំបន់​មាន​មេរោគ​ហ្ស៊ីកា ត្រូវ​រង់ចាំ​យ៉ាងតិច ២៨ថ្ងៃ ទើប​អាច​ផ្តល់​ឈាម​បាន
ផ្សាយពាណិជ្ជកម្ម

រាល់អ្នក​ដំណើរទាំងឡាយ​ណា ដែល​ទើប​នឹង​ធ្វើ​ដំណើរ​មក​ពី​តំបន់​ដែល​កំពុង​ប្រឈមមុខ​នឹង​ការរាតត្បាត​នៃ​មេរោគ​ហ្ស៊ីកា ក្រោយ​ពី​មក​ត្រឡប់​មក​ប្រទេស​បារាំង​វិញ ត្រូវ​រង់ចាំ​យ៉ាងតិច ២៨ថ្ងៃ ទើប​អាច​ធ្វើការ​ផ្តល់ឈាម​បាន។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង នៅថ្ងៃ​អាទិត្យ ដោយ​បាន​បន្ថែម​ថា នៅ​តាម​បណ្តា​ដែនដី​របស់បារាំង​ឯនាយសមុទ្រ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាមេរិក​ រាល់​ការ​ផ្តល់​ឈាម​ទាំងអស់​ត្រូវ​តែ​មាន​ការ​ធ្វើ​តេស្ត​រកមើល​មេរោគ​ហ្ស៊ីកា​ជាមុន ទើប​អាច​យក​ទៅ​ប្រើប្រាស់បាន។

ក្រៅពី​បារាំង ប្រទេស​ចំនួន​ពីរទៀត គឺ​អង់គ្លេស និង​កាណាដា ក៏​បាន​ប្រកាស​ចាត់វិធានការ​រឹតបន្តឹង​ការ​ផ្តល់​ឈាម​នេះ​ដែរ ដោយសារ​តែ​គេ​ដឹង​ថា ក្រៅពី​ឆ្លងតាម​ភ្នាក់ងារ​ចម្លង គឺ​​មូសខ្លា មេរោគ​ហ្ស៊ីកា​ក៏​អាច​ឆ្លង​ផងដែរ​តាមរយៈ​ការ​បញ្ចូល​ឈាម។

កាល​ពីពេលថ្មីៗ​នេះ ការឆ្លង​មេរោគ​ហ្ស៊ីការ​តាមរយៈ​ការ​បញ្ចូល​ឈាម​​ត្រូវ​បាន​គេ​រកឃើញ​ចំនួន​​ពីរករណី នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​អង្គការ​សុខភាព​ពិភពលោក​​ទើប​នឹង​បាន​ចេញ​សេចក្តីប្រកាស​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤​កុម្ភៈ​​ថ្មីៗ​នេះ ស្នើ​ដល់​គ្រប់​ប្រទេស​ទាំងអស់​កុំ​ឲ្យ​ទទួល​ការ​ផ្តល់​ឈាម​ពី​អ្នក​ដែល​ទើប​នឹង​ធ្វើ​ដំណើរ​មក​ពី​តំបន់​មាន​មេរោគ​ហ្ស៊ីកា។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា រហូត​មក​ទល់​នឹង​ពេលនេះ ការ​ឆ្លងមេរោគ​ហ្ស៊ីកា​ត្រូវ​បាន​គេ​រកឃើញ​​ចំនួន ១៨ករណី នៅ​ក្នុង​ប្រទេស​បារាំង ក៏ប៉ុន្តែ សុទ្ធតែ​ជាករណី​ឆ្លងពី​បរទេស ដោយ​មិនមាន​ការ​ឆ្លង​រាលដាល​តគ្នា​ពីមួយ​ទៅមួយ នៅ​ក្នុង​ប្រទេស​បារាំង​នោះទេ។ ទោះជាយ៉ាងណា រដ្ឋាភិបាល​បារាំង​បាន​សម្រេច​ចាត់វិធានការ​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​សុខភាព​របស់​ស្រ្តី​មាន​ផ្ទៃពោះ តាមរយៈ​ការ​ធ្វើ​តេស្ត និង​អេកូសាស្រ្ត​នៅ​រៀងរាល់​មួយខែ​ម្តង ដោយសារ​តែ​គេ​ដឹង​ថា គ្រោះថ្នាក់​ធំបំផុត​នៃ​មេរោគ​ហ្ស៊ីកា គឺ​មិនមែន​ចំពោះ​មនុស្ស​ធំ​នោះទេ តែ​ចំពោះ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ