អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតប្រធានាធិបតីនៅប្រេស៊ីល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​ទី២៦​តុលា​នេះ គឺ​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ទីពីរ នៅ​ប្រទេស​ប្រេស៊ីល។ មាន​បេក្ខជន​ពីរ​រូប ដែល​ប្រជាជន​ប្រេស៊ីល​នឹង​ត្រូវ​ធ្វើ​ការ​ជ្រើសរើស គឺ​រវាង​លោកស្រី ឌីលម៉ា រូស្សែហ្វ ដែល​ជា​ប្រធានាធិបតី​ចប់​អាណត្តិ និង​លោក អេស្យ៉ូ ណេវ៉េស។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គេ​កំពុង​តែ​រង​ចាំ​មើល​ទូទាំង​ពិភពលោក ព្រោះ​ថា​ប្រេស៊ីល ជា​ប្រទេស​ដ៏​ធំ​ជាង​គេ​នៅ​ទ្វីប​អាមេរិក​ខាងត្បូង ទាំង​ផ្ទៃ​ដី ទាំង​ចំនួន​ប្រជាជន។ ក្នុង​រយៈ​ពេល​១០ ឆ្នាំ​ចុង​ក្រោយ​នេះ ប្រេស៊ីល បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ប្រទេស​ មាន​សក្តានុពល​សេដ្ឋកិច្ច​ល្អ​ប្រសើរ លំដាប់​ទី៧ ក្នុង​ពិភពលោក។

លោក​ Aecio Neves​ និង​លោកស្រី  Dilma Rousseff ក្នុង​ពេល​វេទិកា​ជជែក​តទល់​គ្នា​នៅ ក្នុង​កម្មវិធី​ទូរទស្សន៍​​ប្រេស៊ីល ថ្ងៃទី ២៤ តុលា ២០១៤
លោក​ Aecio Neves​ និង​លោកស្រី Dilma Rousseff ក្នុង​ពេល​វេទិកា​ជជែក​តទល់​គ្នា​នៅ ក្នុង​កម្មវិធី​ទូរទស្សន៍​​ប្រេស៊ីល ថ្ងៃទី ២៤ តុលា ២០១៤ REUTERS/Ricardo Moraes
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ប្រេស៊ីល​មាន​ផ្ទៃដី​ធំណាស់ ហើយ​ភាគច្រើន​ជា​តំបន់​ព្រៃភ្នំ​អាម៉ាហ្សូន។ ដូច្នេះ​ការ គ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ មាន​លក្ខណៈ​លំបាក​បន្តិច។ តាម​ការ​រាយការណ៍ មាន​ការិយល័យ​បោះឆ្នោត​រហូត​ដល់ ៥៤១៨​ការិយាល័យ ព្រោះ​ថា ប្រជាជន​ប្រេស៊ីល​ដែល​គ្រប់​អាយុ និង​បាន​ចុះឈ្មោះ​ក្នុង​បញ្ជីរ​ឈ្មោះ​បោះឆ្នោត​ មាន​ដល់ ជិត​១៤៣លាន​នាក់​ឯណោះ។

 
នេះ​គឺ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប្រេស៊ីល ជុំ​ទីពីរ។ ជុំ​ទីមួយ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី៥ តុលា។ កាល​ពី​បោះឆ្នោត​ជុំ​ទីមួយ​នោះ​ មាន​បេក្ខជន​ឈរ​ឈ្មោះ​ មក​ពី​ច្រើន​គណៈបក្ស​ណាស់។ ហើយ​លទ្ធផល​ជុំ​ទីមួយ គឺ​គេ​ជ្រើស​យក​តែ​បេក្ខជន​ពីរ​រូប​ប៉ុណ្ណោះ​ ដែល​បាន​សំលេង​ច្រើន​ជាង​គេ យក​មក​ធ្វើការ​ប្រកួត​គ្នា​ផ្តាច់​ព្រ័ត្រ​នៅ​ជុំ​ទីពីរ នៅ​ថ្ងៃ​ទី២៦ តុលា។

បេក្ខជន​​ប្រធានាធិបតី​ទាំងពីរ​ជា​នរណា?
បេក្ខជន​ទាំង​ពីរ​រូប គឺ​លោកស្រី Dilma Rousseff និង​លោក Aecio Neves។ លោកស្រី Dilma Rousseff គឺ​ជា​ប្រធានាធិបតី​ប្រេស៊ីល​បច្ចុប្បន្ន ដែល​ត្រូវ​ចប់​អាណត្តិ ដែល​លោកស្រី​បាន​ចូល​កាន់​កាល​ពី​ឆ្នាំ២០១០។ លោកស្រី Dilma Rousseff គាត់​មក​ពី​គណៈបក្ស​ពលករ​ដែល​ជា​គណៈបក្ស​ឆ្វេង​និយម ហើយ​គាត់​ជា​មនុស្ស​ជំនិត​របស់​លោក​អតីត​ប្រធានាធិបតី​ប្រេស៊ីល​ដ៏​មាន​ប្រជាប្រិយ​ភាព គឺ​លោក លូឡា។

ចំណែក​ឯ​លោក Aecio Neves​ វិញ ជា​បេក្ខជន​មក​ពី​គណៈបក្ស ប្រជាធិបតេយ្យ​ស្តាំ​និយម។ គាត់​ជា​អតីត​អភិបាល​រដ្ឋ Minas Gerais ដែល​ជា​រដ្ឋ​ដ៏ធំ​របស់​ប្រេស៊ីល មាន​ផ្ទៃដី​ធំ​ជាង​ស្រុក​ខ្មែរ​យើង​ ជាង​បី​ដង​ឯ​ណោះ ហើយ​មាន​ប្រជាជន​រស់នៅ​២០លាន​នាក់។ លោក Aecio Neves នេះ មាន​ប្រជាប្រិយភាព​ណាស់ នៅ​ក្នុង​រដ្ឋ​របស់​គាត់ ព្រោះ​ថា រដ្ឋ​នេះ​ក៏​ធ្លាប់​បាន​គ្រប់គ្រង​ដោយ​ជីតា​របស់​គាត់​ដែរ កាល​ពី​ជំនាន់​ទសវត្ស​ឆ្នាំ​៨០។

មិន​ត្រឹមតែ​ប្រជាជន​ប្រេស៊ីល​ផ្ទាល់​ទេ ដែល​អន្ទះសារ ចង់ដឹង​លទ្ធផល​ចុងក្រោយ នៃ​ការ​បោះឆ្នោត​នេះ តែ​ពិភពលោក​ទាំងមូល​តែម្តង ដែល​រងចាំ​មើល​ថា​តើ ប្រជាជន​ប្រេស៊ីល​ភាគ​ច្រើន ជ្រើសរើស​យក​បេក្ខជន​មួយ​ណា។

វា ពិបាក​ស្មាន​ណាស់ ថា​នរណា​នឹង​ទទួល​បាន​ជោគជ័យ ពិត​ប្រាកដ ព្រោះ​បេក្ខភាព​ទាំងពីរ​ មាន​ប្រជាប្រិយភាព​ប្រហាក់​ប្រហែល​គ្នា ហើយ ម្នាក់ៗ​មាន​យុទ្ធសាស្រ្ត យក​ឈ្នះ​គ្នា មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។ បើសិន​យោងតាម​ការ​ស្ទៀបស្ទង់​មតិ​ចុងក្រោយ ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​ប្រេស៊ីល គេ​រំពឹង​ថា លោកស្រី Dilma Rousseff អាច​នឹង​បាន​សំឡេង​ឆ្នោត ៥៣​ភាគរយ លើស​លោក Aecio Neves​ដែល​អាច​បាន​ត្រឹម ៤៧​ភាគរយ។ ទោះ​បី​ជា​យ៉ាងណា នេះ​គ្រាន់​ជា​ការ​ស្ទង់​មតិ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។

នរណា ខ្លាំង​ជាង​នរណា?
ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​លោកស្រី Dilma Rousseff៖
ចំណុច​ខ្លាំង​របស់​លោកស្រី Dilma Rousseff គឺ​លោកស្រី បាន​បន្ត​ដំណែង​ពី​លោក ប្រធានាធិបតី លូឡា។ លោក​ស្រី​បាន​បន្ត​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រេស៊ីល​បាន​ច្រើន​ណាស់។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រេស៊ីល​ក្លាយ​ជា​ប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំងក្លា​ជាងគេ​ ក្នុង​តំបន់​អាមេរិក​ខាងត្បូង ហើយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី៧ ប្រហាក់​ប្រហែល​ចិន​និង​ឥណ្ឌា។

កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​ ដែល​បាន​ជោគជ័យ ហើយ​បាន​ធ្វើ​ឲ្យ​លោកស្រី​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នោះគឺ ការ​ផ្តល់​កញ្ចប់​ថវិការ​ជួយ​ដល់​ប្រជាជន​ដែល​ក្រីក្រ​បំផុត​ នៅ​តំបន់​ដាច់​ស្រយ៉ាល ក្នុងរដ្ឋ​តំបន់​ភាគ​ខាងជើង​ប្រទេស។ កម្មវិធី​អភិវឌ្ឍន៍​ជាច្រើន​ត្រូវ​បាន​ដាក់​ចេញ ក្នុង​អាណត្តិ​របស់​លោកស្រី​កន្លង​មក ដែល​បាន​ជួយ​ស្រង់​ប្រជាជន​ប្រេស៊ីល​ប្រហែល​៤០លាន​នាក់ ចេញ​ពី​ភាព​ក្រីក្រ​តោកយ៉ាក ឲ្យ​មាន​ជីវភាព​មធ្យម។ ដូច្នេះ លោកស្រី សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ សំឡេង​ឆ្នោត​របស់​ប្រជាជន​នៅ​តំបន់​ភាគ​ខាងជើង។

ចំណុច​ខ្សោយ​របស់​លោកស្រី​វិញ គឺ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ជា​ច្រើន ដែល​ប្រជាជន​ប្រេស៊ីល​មួយ​ភាគធំ ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​មធ្យម និង​ធូរធារ​នៅ​តាម​ទីក្រុង​ធំៗ​គេ​មិន​ពេញ​ចិត្ត​លោកស្រី។ ប្រជាជន​ទាំង​នោះ គឺ​ភាគច្រើន​នៅ​ក្នុង​រដ្ឋ​ភាគ​ខាងកើត​ប្រទេស ដូច​ជា​នៅ​ក្រុង សាវប៉ូឡូ និង​ក្រុង​រីយ៉ូ ជា​ដើម។ មតិ​ទូទៅ​រិះគន់​លោកស្រី ថា​មាន​គោល​នយោបាយ​ គិត​តែ​អ្នកក្រ​ពេក។ ថ្វីត្បិត​តែ​សេដ្ឋកិច្ច​ប្រេស៊ីល​មាន​ការ​រីកចំរើន ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ប៉ុន្តែ​បើយើង​មើល​ឲ្យ​ល្អិត​មែនទែន ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​សេដ្ឋកិច្ច​ប្រេស៊ីល​បាន​ថយចុះ​​វិញ​ជា​គំហុក។ មួយ​វិញ​ទៀត អតិផរណា ពោល​គឺ​គម្លាត​រវាង ប្រាក់​ចំណូល​ដែល​រក​បាន​ និង​ការ​ចំណាយ​ចាយ​វាយ ប្រចាំ​ថ្ងៃ​វា​ខុស​គ្នា​ច្រើន​ណាស់។

គេ​នៅ​ចាំ​ថា​ការ​រៀបចំ​កីឡា​បាល់ទាត់​ពិភពលោក នៅ​ប៉ុន្មានខែ​មុន​នេះ ជា​ប្រភព​នៃ​ការ​រិះគន់ ធ្ងន់ធ្ងរ​ណាស់​ ទៅ​លើ​រដ្ឋាភិបាល​របស់​លោកស្រី។ ប្រជាជន​ប្រេស៊ីល រិះគន់​ថា ការ​រៀបចំ​កីឡា​បាល់​ទាត់​ពិភពលោក​នេះ រដ្ឋាភិបាល​ចំណាយ​លុយ​រដ្ឋ​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​ការ​សាងសង់​ពហុកីឡាដ្ឋាន។ ហើយ​មាន​រឿង​អាស្រូវ ថា​មាន​ក្រុមហ៊ុន​សំណង់​ជាច្រើន​ បាន​ឃុបឃិត សូកប៉ាន់​មន្ត្រី​រដ្ឋ ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​សាងសង់។ បញ្ហា​ទាំងអស់​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ប្រេស៊ីល​ដែល​មាន​ជីវភាព​មធ្យម នៅ​តាម​ក្រុង​ធំៗ​ មិន​ពេញចិត្ត​ លែង​គាំទ្រ​លោកស្រី Dilma Rousseff។

ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​លោក Aecio Neves៖
លោក Aecio Neves មាន​អាវុធ​មួយ គឺ​ថា គាត់​បាន​ទទួល​ការ​គាំទ្រ ពី​លោកស្រី Marina Silva ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសូង​បរិស្ថាន ហើយ​ដែល​បាន​សំឡេង​ឆ្នោត​ច្រើន​លំដាប់​ទីបី​កាល​ពី​ជុំ​ទីមួយ។ កាល​ជុំ​ទីមួយ លោកស្រី Marina Silva​ បាន​សំឡេង ជាង​២១ភាគរយ ឯ​លោក Aecio Neves បាន​ជាង​៣៣ភាគរយ ហើយ​លោកស្រី Dilma Rousseff បាន​ជាង​៤១​ភាគរយ។ លោកស្រី Marina Silva  មាន​ប្រជាប្រិយ​ភាព​ណាស់ ក្នុង​បណ្តា​រដ្ឋ​ភាគ​ខាងកើត និង​នៅ​តាម​ទីក្រុង​ធំៗ​របស់​ប្រេស៊ីល។

បើសិន​ជា​អ្នក​ដែល​បាន​បោះឆ្នោត​ឲ្យ​លោកស្រី ធ្វើ​តាម​លោកស្រី ព្រម​ទៅ​បោះឆ្នោត​ឲ្យ​លោក Aecio Neves នោះ លោកស្រី Dilma Rousseff​ អាច​នឹង​មាន​អាសន្ន។ មួយវិញទៀត ការដែលលោកស្រី Marina Silva ព្រមគាំទ្រលោក Aecio Neves មិនមែន​ដោយសា គាត់​សង្ឃឹម​ថា​បាន​តំណែង​អី​ទេ ប៉ុន្តែ​គាត់​ធ្វើ​នេះ ជា​ថ្នូរ ជាមួយ​កម្មវិធី​នយោបាយ​មួយ​ចំនួន ដែល​លោកស្រី​ទាមទារ​ឲ្យ លោក Aecio Neves​ អនុវត្ត បើសិន​ជា​លោក ឈ្នះ​ឆ្នោត។ ប្រការ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោកស្រី​ កាន់តែ​ពេញ​ចិត្ត​គាត់​ថែម​ទៀត។

ទោះបី​យ៉ាងណា​ក្តី វានៅ​តែ​ពិបាក​ស្មាន​ណាស់​សំណព្វ ព្រោះថា​អ្នក​ដែល​មិនទាន់​សម្រេច​ចិត្ត នៅ​ស្ទើរស្ទាក់​នោះ​ច្រើន​លាន​នាក់​ណាស់។ ហើយ​ថ្មីៗ​នេះ​ទៀត មាន​ពាក្យ​រិះគន់​ជាច្រើន​ទៅ​លើ​លោក Aecio Neves​ ថា​ជា​មនុស្ស​ប្រុស​ ដែល​មាន​ចរិក​មើលងាយ​មនុស្ស​ស្រី មិន​សូវ​ឲ្យ​តំលៃ​លើ​មនុស្ស​ស្រី​ទេ។ លទ្ធផល​យ៉ាង​ណា យើង​ទុក​ឲ្យ​ប្រជាជន​ប្រេស៊ីល​ជា​អ្នក​សម្រេច​ចិត្ត ហើយ​បេក្ខជន​ទាំង​សងខាង ត្រូវតែ​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​ភាគ​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ