អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​បោះឆ្នោតប្រធានាធិបតី​ដ៏​ទំនើប​នៅ​​ប្រេស៊ីល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​ប្រេស៊ីល​ប្រមាណ​ជិត ១៤៣​លាន​នាក់ ត្រូវ​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ មាន​ការ​​បោះឆ្នោត​ដល់​ទៅ​ប្រាំ​មុខ ក្នុង​នោះ​មាន​មួយ​​សំខាន់​ជាង​គេ គឺ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។ បេក្ខជន​ដែល​​នាំ​មុខ​​​ខ្លាំងអាច​ជាប់​ឆ្នោត​ភ្លាម​នៅ​ជុំ​ទី​មួយ ដោយ​គ្មាន​ការ​សង្ស័យ​​ គឺ​លោកស្រី ឌីលម៉ា រ៉ូសេហ្វ (Dilma Roussef) ប្រធានាធិបតី​​ផុត​អាណត្តិ។ ការ​រង់ចាំ​កំពុង​ផ្តោត​ខ្លាំង​ទៅ​បេក្ខជន​ ដែល​ត្រូវ​មក​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ជុំ​ទីពីរ ៖ បើ​តាម​ការ​ស្ទង់​មតិ​ បេក្ខនារី​នៃ​បក្ស​បរិស្ថាន​ លោកស្រី ម៉ារីណា ស៊ីលវ៉ា (Marina Silva)និង​លោក អាអេស្យូ ណេវ្ស (Aécio Neves)នៃ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ (ស្តាំ​កណ្តាល​និយម) បាន​ទទួល​សំឡេង​គាំទ្រ​ប្រដំ​ប្រសង​គ្នា​យ៉ាង​ខ្លាំង។

លោកស្រី Dilma Roussef (ឆ្វេង) និង​លោកស្រី Marina Silva (D)ពេល​តស៊ូ​មតិ​តាម​កញ្ចក់​ទូរទស្សន៍​ថ្ងៃទី ២ តុលា ២០១៤
លោកស្រី Dilma Roussef (ឆ្វេង) និង​លោកស្រី Marina Silva (D)ពេល​តស៊ូ​មតិ​តាម​កញ្ចក់​ទូរទស្សន៍​ថ្ងៃទី ២ តុលា ២០១៤ REUTERS/Ricardo Moraes
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រេស៊ីល ការ​បោះឆ្នោត​គឺ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋគ្រប់រូប ពី​អាយុ ១៨ ដល់​៧០​ឆ្នាំ! អ្នក​អវត្តមាន​នឹង​អាច​ទទួល​ការ​ផាក​ពិន័យ ប្រសិន​បើ​គ្មាន​ភស្តុតាង​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​អាក់ខាន​មិនទៅ​បោះឆ្នោត។

 
ការ​បោះឆ្នោត​ថ្ងៃអាទិត្យ​ទី ៥ តុលា ​នេះ មាន​៥ ៖ ​ការ​បោះឆ្នោត​ប្រធានាធិបតី​ -បោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ​ទាំង ២៧​ ​ -ការ​បោះឆ្នោត​សភា ជ្រើសរើសសមាជិក​​ថ្នាក់​ជាតិ ចំនួន​៥១៣​រូប -ជ្រើសរើស​សមាជិក​សភា​ថ្នាក់​តំបន់​ចំនួន​១០៦៩​នាក់ និង​ការ​បោះឆ្នោត​មួយ​ភាគ​ជ្រើស​រើស​សមាជិក​ព្រឹទ្ធិសភា ចំនួន ២៧​រូប (មួយ​ភាគ​បី​នៃ​សមាជិក​ព្រឹទ្ធសភា​សរុប)។ ការ​បោះឆ្នោត​ប្រធានាធិបតី និង​អភិបាល​ ជា​ទូទៅ​ត្រូវ​ធ្វើ​ឡើង​​ដោយ​ពី​រ​ដង។ ជុំ​ទីមួយ​គឺ​នៅ​ថ្ងៃអាទិត្យ​ទី ៥​ តុលា​នេះ និង​ជុំ​ទីពីរ នៅ​ថ្ងៃ​ទី ២៦ តុលា។

ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិច

ថ្វី​បើ​ថ្ងៃ​នេះ ពលរដ្ឋ​ប្រេស៊ីល ត្រូវ​បោះឆ្នោត​ដល់​ទៅ៥ដង​មែន ប៉ុន្តែ​​​បុគ្គល​ម្នាក់ៗ ត្រូវការ​ចំណាយ​ពេល​​​ជា​មធ្យម​ត្រឹម​តែ​៤០​វិនាទី​ប៉ុណ្ណោះ។ នេះ​ក៏​ព្រោះ​តែ​ដោយ​សារ​បច្ចេកវិទ្យា​ទំនើប ! ប្រេស៊ីល​មាន​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិច​ តាំង​ពី​ឆ្នាំ​១៩៩៦​មក។ ម្ចាស់​ឆ្នោត​គ្រាន់​តែ​ចង​ចាំ​លេខ​របស់​បេក្ខជន​នីមួយ ឬ​បក្ស​នយោបាយ​ រួច​ចុចសរសេរ​លើ​ប្រអប់​អេឡិចត្រូនិច​ ជា​ការ​ស្រេច​។ សំឡេង​អនុប្បវាទ សន្លឹក​ឆ្នោត​មិន​បានការ នឹង​ត្រូវ​ដឹង​រាប់​ឃើញ និង​បូក​សរុប​ក្នុង​លទ្ធផល​ឆ្នោត​ទាំង​អស់។ ជា​ហេតុធ្វើ​ឱ្យ​បេក្ខជន​ខ្លះ​អាច​ទទួល​សំឡេង​គាំទ្រ​ដាច់​ខាត ដោយ​មិន​បាច់​មាន​សំឡេង​លើស​ពី​៥០%។

​ការ​តាម​រយៈ​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិច​ដ៏​ទំនើប​នេះ គេ​អាចកំរិត​គ្រោះ​​​លួច​បន្លំ​ ​និង​អាច​​រាប់​សំឡេង​ឆ្នោត​ព្រម​ទាំង​​ដឹង​លទ្ធផល​បាន​យ៉ាង​ឆាប់រហ័ស។ តែ​ការ​រៀប​ចំ​​បោះឆ្នោតបែប​នេះ​ តម្រូវ​ឱ្យ​មាន​ចំណាត់​​ការ(ចាត់​ចែង​)​​ផ្នែក​បច្ចេកវិទ្យា​អេឡិច​ត្រូនិច​​ខ្លាំង​ ព្រោះ​ប្រេស៊ីល ជា​ប្រទេស​ធំ (ធំ​ ជិត​៥​ដង​លើស​បារាំង) មាន​ប្រជាជន​សរុប​ដល់​ទៅ​ជាង​២០២​លាន​នាក់ មាន​ម៉ោង​ខុស​គ្នា​ដល់​ទៅ​បី​ម៉ោង។​ លទ្ធផល​ជុំ​ទី​មួយ​នឹង​ត្រូវ​ដឹង​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះតែ​ម្តង។  

បេក្ខជន​ជា​​គូប្រជែង​​​យក​តំណែងប្រធានាធិបតី​

មាន​បេក្ខជន​-បេក្ខនារី បី​នាក់ ដែល​លេច​មុខ​ខ្លាំង នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ។ 

លោកស្រី ឌីលម៉ា រ៉ូសេហ្វ - អ្នក​ឆ្វេង​និយម

លោកស្រី​ប្រធានាធិបតី​ផុត​អាណត្តិ ឌីលម៉ា រ៉ូសេហ្វ នៃ​គណបក្ស​ឆ្វេង​និយម ដែល​ចូល​ប្រកួត​ប្រជែង​យក​​តំណែង​សម្រាប់​អាណត្តិទីពីរ មាន​ប្រជាប្រិយភាព​ និង​មាន​ប្រៀប​ជាង​បេក្ខជន​ផ្សេង​ទៀត​។ លោកស្រី​រ៉ូសេហ្វ​ ដែល​ប្រសូត​ចេញ​ពី​​​គ្រួសារ​អន្តោប្រវេស​ប៊ុលហ្ការី ឪពុក​ជា​​មេធាវី ជា​ជន​កុម្មុយនិស្ត​ បាន​ក្លាយ​ជា​ប្រធានាធិបតី (ទី ៣៦)ស្ត្រី​​​ទី​មួយ​ របស់​ប្រេស៊ីល​​ ​។

គ្រាន់​តែ​បាន​ឡើង​កាន់​តំណែង​បាន​ពីរ​ឆ្នាំ​កន្លះ​សោះ ប្រជាប្រិយភាព​របស់​លោកស្រី​ បាន​ឡើង​ខ្ពស់​ត្រដែត ដល់​ទៅ​៧៧% មុន​នឹង​ធ្លាក់​ចុះ​ យ៉ាង​សាហាវ​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិ​ប្រជាធិបតេយ្យ​ប្រេស៊ីល អស់​ពាក់​កណ្តាល​មក​នៅ​ត្រឹម​ ៣០% នៅ​ខែ​មិថុនា២០១៣ នៅ​ពេល​មាន​ចលនា​បះបោរ​សង្គម​។ ប៉ុន្តែ​លោកស្រី​​មា​ន​សមត្ថភាព​ ចេះ​វាយប្រហារ​ត្រូវ​ចំណុច​នៅ​ក្នុង​ពេល​ឃោសនាបោះឆ្នោត វាយប្រហារ​គូប្រជែង​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ជា​ស្ត្រី​ភេទ​ដូច​គ្នា អាច​គាស់​រំលើង​ការ​គាំទ្រ​ឱ្យ​​រើប​ឡើង​វិញ​ ចាប់​​ខែ​កញ្ញាមក នាំ​លោកស្រីឱ្យ​មាន​​ប្រៀបជាង​គេ​។

លោកស្រី ម៉ារីណា ស៊ីលវ៉ា - អ្នក​បរិស្ថាន​និយម​

គូ​ប្រជែង​ដែល​មិន​អាច​មើល​ស្រាល​បាន និង​ដែល​មតិ​សាធារណៈ​សំឡឹង​ឃើញ​ថា​អាច​នឹង​មាន​ការ​ប្រកួត​ប្រជែង១០០%​ស្ត្រី​ ​ដណ្តើម​យក​តំណែង​ប្រធានាធិបតី នោះ​គឺ​លោកស្រី ម៉ារីណា ស៊ីលវ៉ា។ ជា​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​របស់​រដ្ឋាភិបាល​លោកស្រី​រ៉ូសេហ្វ មាន​ប្រវត្តិ​កុមារភាព​ជា​អ្នក​ក្រ​ខ្សត់​ លោកស្រី​ស៊ីលវ៉ា ដែល​កំពុង​ប្រយុទ្ធ​តស៊ូ​ចង់​ក្លាយ​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ប្រេស៊ីល​ជា​លើក​ដំបូង បាន​អង្រួន​ចិត្ត​ពលរដ្ឋ​ប្រេស៊ីល ​ឱ្យស្រមៃ​ឃើញ​ ផ្លូវ​នយោបាយ​ថ្មី មិន​អាស្រ័យ​តែលើបក្ស​នយោបាយ​ធំៗ។

ប៉ុន្តែ​កំហុស​​នយោបាយ​​ធ្ងន់ពីរ​បាន​ទម្លាក់​ប្រជាប្រិយភាព​លោកស្រី ៖ នយោបាយ​ថាមពល​នុយក្លេអ៊ែរ និង​ ច្បាប់​​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ លោកស្រីស៊ីលវ៉ា ដែលជា​​គូ​ប្រជែង​ដ៏​គ្រោះ​ថ្នាក់ និង​ដេញយ៉ាង​​ប្រកិតពីក្រោយ​​លោកស្រី ឌីលម៉ា រ៉ូសេហ្វ បែរ​ជា​ត្រូវ​បាន​បេក្ខជន​មក​ពី​បក្ស​ស្តាំ​កណ្តាល​និយម នាំ​មុខ​ទៅ​វិញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ចុង​ក្រោយ។ ហើយ​ជា​លើក​ទី​មួយ​នៃ​ការ​ស្ទង់​មតិ បក្ស​បរិស្ថាន អាច​នឹង​ត្រូវ​ធ្លាក់​​ចាញ់​នៅ​ជុំ​ទី​មួយនេះ​តែ​ម្តង។

លោក Aecio Neves ពេល​ឃោសនា​បោះឆ្នោត
លោក Aecio Neves ពេល​ឃោសនា​បោះឆ្នោត REUTERS/Pilar Olivares

 
លោក អាអេស្យូ ណេវ្ស - អ្នក​ស្តាំ​កណ្តាល​និយម

អាយុ ៥៤ឆ្នាំ ជា​ចៅ​អតីត​ប្រធានាធិបតី​ប្រេស៊ីល ជា​សមាជិក​សភា ព្រឹទ្ធ​សភា ជា​អភិបាល​រដ្ឋ​ មាន​រូប​សង្ហា​ លោក អាអេស្យូ ណេវ្ស Aécio Neves គឺ​ជា​កូន​ប្រេស៊ីល​ថ្នាក់​ខ្ពស់។ លោក​ត្រូវ​បា​ន​គេ​មើល​ឃើញ​ថា​ជា​បេក្ខជន​លម្អ​ការ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​មាន​ស្ត្រី​ពីរ​រូប​កំពុង​ប្រកួត​ប្រជែង​គ្នា​ខ្លាំង។ ប៉ុន្តែ​តាំង​ពី​ជាង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ លោក អាអេស្យូ ណេវ្ស អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​បាន​ប្តូរ​យុទ្ធសាស្ត្រ​ឃោសនា វាយបក​គូប្រជែង ថា​លោកស្រី​ ឌីលម៉ា រ៉ូសេហ្វ ​បាន​ដឹកនាំ​​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ បូក​ផ្សំ​នឹង​ការធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​​លោកស្រី ម៉ារីណា ស៊ីលវ៉ា  បាននាំ​បេក្ខជន​ អាអេស្យូ ណេវ្ស ឱ្យ​មាន​ប្រៀប​កាន់​តែ​ខ្លាំង អាច​​ឡើង​ដល់​ជុំ​ទីពីរ។

គណបក្ស​ពលករ​របស់​លោកស្រី រ៉ូសេហ្វ​ ផ្តើម​រៀប​ចំ​យុទ្ធសាស្ត្រ​បណ្តើរៗ ដើម្បី​ត្រៀម​ប្រឈម​នឹង​បេក្ខជន​​អ្នកកណ្តាល​និយម​ស្រេច​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ