អានតួអត្ថបទ
ដើមបូព៌ា-អង់គ្លេស

ពួក​ជីហាត​អារក​សម្លាប់​ចំណាប់ខ្មាំង​ទីបី

ចំណាប់ខ្មាំង​ម្នាក់​ទៀត​ ជា​ជនជាតិ​អង់គ្លេស​ឈ្មោះ ដេវីដ ហ៊ែនស៍ ត្រូវ​បាន​ពួក​ឧទ្ទាម​ជីហាត​អារក​សម្លាប់។ នៅ​ក្នុង​ខ្សែ​វីដេអូដែល​ក្រុម​ជីហាត​បង្ហាញ​ឲ្យ​ឃើញ​កាលពី​ថ្ងៃ​សៅរ៍ ទី ១៣​កញ្ញា ពួក​ជីហាត​បាន​គំរាម​ទៅ​ដល់ ចក្រភព​អង់គ្លេស​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ ធ្វើឡើង​ក្នុង​ពេល​ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​ កំពុង​តែ​ប្រមែប្រមូល​គ្នា ក្នុង​ការ​បង្កើត​ក្រុម​ចំរុះ​មួយ ដើម្បី​បោស​សម្អាត​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់ និងស៊ីរី​ ហើយ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ក្រុងប៉ារីស​ដើម្បី​ស្វែងរក​សន្តិភាព​នៅ​អ៊ីរ៉ាក់។

លោក​ ដេវីដ ហ៊ែនស៍ ចំណាប់ខ្មាំង​​ជនជាតិ​​អង់គ្លេស ដែល​ត្រូវពួក​ជីហាត​អារក​​សម្លាប់
លោក​ ដេវីដ ហ៊ែនស៍ ចំណាប់ខ្មាំង​​ជនជាតិ​​អង់គ្លេស ដែល​ត្រូវពួក​ជីហាត​អារក​​សម្លាប់ REUTERS/Islamic State via Reuters TV
ផ្សាយពាណិជ្ជកម្ម

លោក​ដេវីដ ហ៊ែនស៍ (David Haines) ជា​ជនជាតិ​អង់គ្លេស គឺជា​អ្នក​ស្ម័គ្រចិត្ត ធ្វើការ​ឲ្យ​អង្គការ​មនុស្សធម៌​មួយ​នៅ​ស៊ីរី។ ពួក​ឧទ្ទាម​ជីហាត​បាន​សម្លាប់​លោក​ដោយ​អារក​ទាំងរស់ ដូច​ករណី​អ្នក​កាសែត​អាមេរិក​ពីរ​រូប​ទៀត​ដែរ។ ឃាតកម្ម​ដ៏​យង់ឃ្នង​នេះ ត្រូវ​បាន​ពួក​ជីហាត​ថត​ក្នុង​ខ្សែអាត់​វីដេអូ រូច​ដាក់​ផ្សាយ​តាម​ទំព័រ អ៊ីនធឺនែត របស់​ពួក​វា​(SITE) នៅ​ថ្ងៃ​សៅរ៍។

 
ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​ពីរនាទី ឃាតករ​ដែល​រុំ​មុខ​ដោយ​ក្រណាត់ បាន​និយាយ​ផ្ញើសារ​ដល់​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ សម្ព័ន្ធមិត្ត​នោះ​គឺ​សំដៅ​លើ​ចក្រភព​អង់គ្លេស​នេះ​ឯង។ ពួក​អ៊ីស្លាម​ជីហាត ចំអក​ឲ្យ​អង់គ្លេស ថា​នេះ​ហើយ​ជា​លទ្ធផល​ ដែល​អង់គ្លេស​រណប​អាមេរិក ធ្វើ​តាម​តែ​អាមេរិក​បញ្ជា។ បើតាម​ការ​ប៉ាន់​ស្មាន​ ឃាតករ​នៅ​ក្នុង​ខ្សែរ​វីដេអូ​នេះ ជា​ឃាតករ​តែមួយ​ ដែល​បាន​សម្លាប់​អ្នក​កាសែត​អាមេរិក ពីរ​រូបទៀត កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន។

ប្រតិកម្ម​ថ្កោលទោស បាន​ចេញ​ជា​បន្តបន្ទាប់ ចំពោះ​ទង្វើ​ដ៏​សាហាវ គ្មាន​ធម៌មេត្តា​របស់​ពួក​​ជីហាត។ លោក​ប្រធានាធិបតី​បារាំង បាន​ហៅ​ពួក​នេះ ថា​ជា​ពួក​កំសាក។ លោក​ដេវីដ ខាមេរុន នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ បាន​ចាត់ទុក​ឃាតកម្ម​នេះ ជា​អំពើ​ថោកទាប ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ។ លោក​បន្ថែម​ថា គ្រប់គ្នានឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​កម្ទេច​ពួក​ជីហាត និង​ចាប់​ឃាតករ​នោះ​មក​ទទួល​ទោស​ ឲ្យ​សម​ទៅ​តាម​អំពើ​ដែល​ពួក​វា​បាន​ធ្វើ។

សូម​បញ្ជាក់​ថា មុន​មាន​ឃាតកម្ម​នេះ ចក្រភព​អង់គ្លេស បាន​ប្រកាស​ចូលរួម​ជាមួយ​គម្រោង​របស់​អាមេរិក ក្នុង​ការ​កម្ទេច​ពួក​ជីហាត​អ៊ីស្លាម នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ អង់គ្លេស​បាន​ប្រកាស​ថា​នឹង​ប្រគល់​អាវុធ គ្រាប់​កាំភ្លើង ទៅ​ឲ្យ​ទាហាន​គៀដ​អ៊ីរ៉ាក់ ដើម្បី​ធ្វើ​ការ​ប្រយុទ្ធ​តទល់​ជាមួយ​ពួក​ជីហាត។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អង់គ្លេស ថែម​ទាំង​បាន​និយាយ​ថា អង់គ្លេស​អាច​នឹង​ប្រើ​កម្លាំង​យោធា​ដោយ​ផ្ទាល់​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ពួក​ជីហាត​ទៀតផង។

ថ្ងៃ​ចន្ទ​ស្អែក នៅ​ក្រុង​ប៉ារីស នឹង​មាន​បើក​សន្និសីទ​អន្តរជាតិ​មួយ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​នៅ​អ៊ីរ៉ាក់ និង​បោស​សម្អាត​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត​និកាយ​ស៊ុននីត ដែល​ជា​ក្រុម​ជ្រុលនិយម​សាហាវ​ព្រៃផ្សៃ។ ក្រុម​ចំរុះ​អន្តរជាតិ​មួយ​ ដែល​មាន​អាមេរិក​ជា​អ្នក​ដឹកនាំ បាន​គៀងគរ​ប្រទេស​អារ៉ាប់​ចំនួន​១០ហើយ​ឲ្យ​ចូល​រួម។ លោក​បារ៉ាក់ អូបាម៉ា ប្រកាស​ថា​ នឹង​វាយ​កម្ទេច​ពួក​ជីហាត​ឲ្យ​អស់ ទាំង​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ ថ្ងៃ​អាទិត្យ​នេះ អូស្រ្តាលី ក៏​បាន​ប្រកាស​ដែរ ថា​ខ្លួននឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ដោយ​នឹង​បញ្ជូន​កងទ័ព​ចំនួន​៦០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ