អានតួអត្ថបទ
ស.រ.អា.

លោក​អូបាម៉ា ត្រៀ​ម​ប្រកាស​ប្រើ​កម្លាំង​ទ័ព​វាយ​កម្ទេច​ពួក​ជីហាត​ជ្រុល​និយម​

ប្រ​ធា​នា​ធិបតី​​សហ​រដ្ឋ​អាមេរិក លោក បា​រ៉ា​ក់​ អូ​បា​ម៉ា ​បាន​​ប្តេជ្ញា​​នៅ​​ថ្ងៃ​​ពុធ​​ម្សិល​មិញ​​ថា​ នឹង​​ប្រើ​​កម្លាំង​​ដើម្បី​​កំទេច​​រដ្ឋ​​អ៊ីស្លាម​ ក្នុង​ប្រទេស​​ស៊ី​រី​ ហើយ​នឹង​​ពង្រីក​​ប្រតិ​បត្តិ​ការ​​នៅ​​អ៊ីរ៉ាក់​​ដើម្បី​​ប្រឆាំង​​ទី​ជម្រក​​របស់​​ពួក​​ជី​ហាត​​និកាយ​​ស៊ុន​​នី​ត​​និយម​​ជ្រុល​។ ការ​សម្រេច​ចិត្ត​​របស់​​​លោក​​អូ​បា​ម៉ា​​បាន​ធ្វើ​​ឲ្យ​​ការ​អត់​ធ្មត់​​របស់​លោក​​ដែល​​ចង់​​បញ្ចប់​សង្គ្រាម​​នៅ​ក្រៅ​​ប្រទេស​​របស់​​សហរ​ដ្ឋ​​អាមេរិក​​នោះ​​មិន​ទាន់​​អាច​​សម្រេច​​បាន​ទេ។​

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង លោក​ចន បូន័រ ​ប្រធានក្រុមបក្ស​សាធារណរដ្ឋ​នៅ​សភា​អ្នកតំណាង
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង លោក​ចន បូន័រ ​ប្រធានក្រុមបក្ស​សាធារណរដ្ឋ​នៅ​សភា​អ្នកតំណាង ©REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

លោក​អូ​បា​ម៉ា ដែល​ចង់​ឲ្យ​ប្រវត្តិ​សាស្ត្រ​ចង​ចាំ​រូប​លោក​ថា​ជា​អ្នក​ដែល​បាន​បញ្ចប់​សង្គ្រាម​ក្រៅប្រទេស​ក្នុង​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ ​បាន​ចាប់​ផ្តើម​ជាថ្មី​នូវ​យុទ្ធនាការ​សង្គ្រាម​ក្រៅប្រទេស​ម្តងទៀត​ហើយ។ ​ជា​សង្គ្រាម ធ្វើឡើង​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​ប្រឆាំងនឹង​ពួក​ជី​ហាត​និកាយ​ស៊ុន​នី​ត ដែល​បានសម្លាប់​អ្នកកាសែត​អាមេរិកាំង២នាក់​ដោយ​កា​ត់ក​កាលពី​ខែសីហា​កន្លងទៅ។

នៅក្នុង​យុទ្ធ​នាការ​ថ្មី​របស់ខ្លួន​នៅ​ពេល​នេះ​ លោក​អូបា​ម៉ា​សន្យាថា​នឹង​គាំទ្រ​កងកម្លាំង​អ៊ីរ៉ាក់ ហើយ​លោក​នឹង​បង្កើន​ជំនួយ​ទ័ព​ទៅកាន់​បក្សប្រឆាំង​ស៊ី​រី​ផងដែរ។ លោក​អូ​បា​ម៉ា​បាន​និយាយថា នៅពេលនេះ​លោក​មាន​គោលដៅ​ច្បាស់លាស់​ហើយ ពោលគឺ​អាមេរិក​នឹង​ប្រើ​យុទ្ធសាស្ត្រ ប្រឆាំង​ភេរវកម្ម​ដើម្បី​កំទេច​សម្បុក​របស់​ក្រុម​ក្រុម​ភេរវជន។ ច្បាស់​ណាស់​ថា ពេលនេះ​គោលដៅ​របស់​អាមេរិក​គឺ​កំទេច​ភេរវជន ដែល​មក​យាយី​សហរដ្ឋអាមេរិក។ អាមេរិក​មិន​ខ្វល់​ថា​គេ​ជា​នរណា​នោះទេ តែ​អាមេរិក​នឹងមិន​លើកលែង​ឡើយ​សម្រាប់​ទង្វើ​របស់គេ។

សេចក្តីថ្លែងការណ៍​បែបនេះ​បាន​ធ្វើឡើង​មួយថ្ងៃ​មុននឹង​ការ​ប្រារព្ធ​ខួប​អំពើ​ភេរវកម្ម១១កញ្ញា​ទៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ឆ្នាំ២០០១ ។ ក្នុង​សុន្ទរកថា​រយៈពេល១៥នាទី​លោក​អូ​បា​ម៉ា​ក៏បាន​ព្រមាន​ថា​ក្រុង​វ៉ាស៊ីនតោន​នឹងមិន​ធ្វើការ​ជាមួយ​លោក​ប្រធានាធិបតី​ស៊ី​រី លោក​បា​សា អាល់ អាសាដ ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម​ទេ។ លោក​បាន​លើក​ហេតុផល​ថា​ប្រធានាធិបតី​ស៊ី​រី​បាន​បាត់បង់​ភាពស្របច្បាប់​រួចទៅហើយ ចាប់តាំងពី​ការធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ប្រជាជន​ស៊ីវិល​ខ្លួនឯង​មក​នោះ។

នៅពេលនេះ លោក​បាន​ជំរុញ​ឱ្យ​សមាជិកសភា អនុម័ត​សំណើ​ទឹកប្រាក់​ប្រមាណ 500 លាន​ដុល្លារ​អាមេរិក សម្រាប់​ជា​មូលនិធិ​ក្នុង​បេសកកម្ម បណ្តុះបណ្តាល​កងទ័ព​ស៊ី​រី ដែល​ធ្លាប់​បានធ្វើ​រួចហើយ​កាលពី​ខែមិថុនា​កន្លងទៅ។ នេះ​ជា​ផ្នែក​មួយ​របស់​អាមេរិក ដើម្បី​គាំទ្រ​ដល់​ប្រទេស​ស៊ី​រី។

គួរ​រ​បញ្ជាក់ថា ពេលនេះ​ប្រជាជន​អាមេរិក​ប្រមាណ៧៦% គាំទ្រ​នូវ​បេសកម្ម​របស់​អាមេរិក​ប្រឆាំងនឹង​ភេរវជន​តាមផ្លូវ​អាកាស។ យ៉ាងណាក៏ដោយ លោក​អូ​បា​ម៉ា​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថា​នឹងត្រូវ​បើក​យុទ្ធនាការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​រដ្ឋ​អ៊ីស្លាម​នេះ​នៅពេលណា​នោះទេ។  ប្រធានាធិបតី​អាមេរិក ក៏​នៅតែ​មិន​ប្រើ​កងទ័ពជើងគោក​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ