លោកម៉ាក្រុងអះអាងថាការបាញ់មីស៊ីលលើមូលដ្ឋានទ័ពស៊ីរីគឺស្របនឹងច្បាប់អន្តរជាតិ
មួយថ្ងៃបន្ទាប់ពីកងទ័ពបារាំង បានចូលរួមជាមួយកងទ័ពអាមេរិក និងអង់គ្លេស ក្នុងប្រតិបត្តិការវាយប្រហារដោយបាញ់មីស៊ីល ទៅលើមូលដ្ឋានទ័ពស៊ីរីនោះលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានចេញមុខតាមទូរទស្សន៍ កាលពីយប់ថ្ងៃអាទិត្យ ទី១៥មេសា ដើម្បីឆ្លើយសំណួររបស់អ្នកកាសែត២រូប អស់រយៈពេលជិត៣ម៉ោង។ ឆ្លើយនឹងសំណួររបស់អ្នកកាសែត ដែលសុំការពន្យល់ថាហេតុអ្វី លោកសម្រេចចិត្តឲ្យកងទ័ពបារាំង ចូលរួមបាញ់មីស៊ីលនៅស៊ីរីនោះ លោកប្រធានាធិបតីបារាំង បានឆ្លើយថា ប្រតិបត្តិការនេះ គឺជាប្រតិបត្តិការដ៍ត្រឹមត្រូវ ហើយស្ថិតក្នុងក្របខណ្ឌ នៃច្បាប់អន្តរជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បញ្ហាស៊ីរី ដែលកំពុងតែក្តៅគគុក ត្រូវបានអ្នកកាសែតទាំង២រូប ចោទសួរលោកម៉ាក្រុង មុនគេបង្អស់។ អ្នកកាសែត បានលើកឡើងថា មានការរិះគន់ថា ហេតុអ្វីលោកប្រធានាធិបតី មិនបានស្នើសុំទៅរដ្ឋសភា ឲ្យបើកភ្លើងខៀវជាមុនសិន មុននឹងសម្រេចឲ្យកងទ័ពបារាំង ចូលរួមបាញ់មីស៊ីល ជាមួយកងទ័ពអាមេរិក និងកងទ័ពអង់គ្លេស។ លោកម៉ាក្រុង បានឆ្លើយថា រដ្ឋធម្មនុញ្ញបារាំងបានចែងយ៉ាងច្បាស់ថា គឺប្រធានាធិបតី ដែលជាអគ្គបញ្ជាការកំពូលរបស់កងទ័ព ដូច្នេះគ្មានហេតុផលអ្វី ដែលប្រធានាធិបតី គ្មានសិទ្ធិសម្រេចបញ្ជាទ័ព ឲ្យបើកប្រតិបត្តិការណាមួយនោះទេ។
មួយវិញទៀត រដ្ឋធម្មនុញ្ញ តម្រូវឲ្យរដ្ឋាភិបាលជូនដំណឹងទៅរដ្ឋសភា ស្តីអំពីប្រតិបត្តិការយោធាណាមួយ ក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ ក្រោយការចាប់ផ្តើមប្រតិបត្តិការ។ ចំពោះចំណុចនេះ លោកម៉ាក្រុងបានឆ្លើយថា រដ្ឋាភិបាលបានជូនដំណឹងទៅរដ្ឋសភារួចហើយ ក្រោយប្រតិបត្តិការមួយថ្ងៃ ហើយសភា និងធ្វើការដេញដោល នៅថ្ងៃចន្ទទី១៦មេសា។
ឆ្លើយតបទៅនឹងការឈ្លេចសួរ របស់អ្នកកាសែត លោកម៉ាក្រុង បាននិយាយថា ប្រតិបត្តិការដែលបារាំង បានចូលរួម ជាមួយអាមេរិក និងអង់គ្លេស គឺជាប្រតិបត្តិការដ៏ត្រឹមត្រូវ និងស្របតាមក្របខណ្ឌអន្តរជាតិ។ លោក ម៉ាក្រុង បានពន្យល់ថា ជាច្រើនដងមកហើយ ដែលកងទ័ពរបស់លោកអាសាដ បានប្រើអាវុធគីមី សម្លាប់ប្រជាជនខ្លួនឯង ហើយបារាំង ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច មានភស្តុតាងគ្រប់គ្រាន់។ បន្ថែមពីសន្ធិសញ្ញាអន្តរជាតិ ដែលមានស្រាប់ ក្រុមប្រឹក្សាសន្តិសុខ ក៏ធ្លាប់បានចេញសេចក្តីសម្រេចចិត្តមួយរួចមកហើយ ដោយបានហាមឃាត់រដ្ឋាភិបាលស៊ីរី មិនឲ្យប្រើប្រាស់ គ្រាប់បែកប្រភេទកាចសាហាវនេះ។ ពុំនោះទេនឹងទទួលទណ្ឌកម្ម។
លោកប្រធានាធិបតីបារាំងពន្យល់បន្តថា ដូច្នេះការបាញ់មីស៊ីល ទៅកំទេចមូលដ្ឋាន៣កន្លែង របស់កងទ័ពស៊ីរី គឺវាជាការឆ្លើយតប ទៅនឹងការបំពាន របស់រដ្ឋាភិបាលលោកអាសាដ។ លោកបញ្ជាក់ថា កម្មវត្ថុនៃប្រតិបត្តិការនេះ គឺកំទេចទីតាំងស្រាវជ្រាវនិងផលិតគ្រាប់បែកគីមី ព្រមទាំងទីតាំងស្តុកទុកគ្រាប់បែកទាំងនោះ របស់កងទ័ពស៊ីរី។ កម្មវត្ថុនេះ គឺកងទ័ពទាំង៣ប្រទេសបានសម្រេចបានជោគជ័យ យ៉ាងហ្មត់ចត់ ហើយពុំបានធ្វើឲ្យ ប្រជាជន ឬទាហានស៊ីរីណាម្នាក់ ស្លាប់ ឬរបួសឡើយ។
ទាក់ទិននឹងបញ្ហាស៊ីរី ដដែល លោកម៉ាក្រុង បានលើកឡើងថា បារាំងគឺជាប្រទេសតែមួយគត់ ដែលបានព្យាយាមខ្នះខ្នែងជាងគេ ក្នុងការស្វែងរកដំណោះស្រាយ មិនថាដំណោះស្រាយផ្នែកនយោបាយ មិនថាដំណោះស្រាយផ្នែកមនុស្សធម៌ជួយសង្រ្គោះប្រជាជនស៊ីរី។ លោកម៉ាក្រុង បានឆ្លៀតបន្ថែមថា តាមរយៈការដាក់ពិន័យទៅលើរដ្ឋាភិបាលស៊ីរី ដែលបានបំពានច្បាប់អន្តរជាតិជាច្រើនដងនេះ គឺសហគមន៍អន្តរជាតិ បានធ្វើឲ្យរដ្ឋាភិបាលស៊ីរី ក៏ដូចជាបក្សពួកដែលចាំជួយការពារ បានភ្លឺភ្នែក និងដឹងខ្លួនថា សហគមន៍អន្តរជាតិ មិនមែនទន់ខ្សោយ បណ្តោយឲ្យលោកអាសាដ ព្រមទាំងបក្សពួក ធ្វើផ្គរធ្វើភ្លៀង សម្លាប់ប្រជាជនស៊ីរី តាមអំពើចិត្តឡើយ។
ជាចុងក្រោយ លោកម៉ាក្រុងបាននិយាយថា លោកមានបំណង ជំរុញឲ្យមានសន្និសីទអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិស៊ីរី ដែលសន្និសីទនោះ ត្រូវតែមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងជំលោះនេះទាំងអស់ មិនថា រុស្ស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាប៊ីអូឌីត ឬតួកគីទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ