អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ​ សម្រេច​​មិន​ដក​​ទ័ព​​អាមេរិក​​ចេញ​ពី​​អាហ្វហ្កានីស្ថាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ​ម្សិលមិញ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​មិនដកកងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ទេ។ ប្រធានាធិបតី​អាមេរិក​​ថែមទាំង​សន្យា​បន្ថែម​ចំនួន​ទាហាន​អាមេរិក​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ទៀតផង។ ទន្ទឹមនេះដែរ លោក​ដូណាល់ ត្រាំ​បាន​ដាក់សម្ពាធ​ប៉ាគីស្ថាន អោយ​សហការ​ជាមួយ​អាមេរិក ក្នុង​ការ​ដោះស្រាយ​បញ្ហា​អាហ្វហ្កានីស្ថាន។ ​ប៉ាគីស្ថាន​រងការចោទប្រកាន់​ថា ជាទីជម្រក​របស់​ក្រុមភេរវជន។ ក្រោយលោកត្រាំ​ប្រកាស​​​មិនដក​ទ័ព​អាមេរិក​​ចេញ​ពី​អាហ្វហ្កានីស្ថាន ក្រុមតាលីបង់​បា​ន​បញ្ចេញ​ប្រតិកម្ម ភ្លាមៗ​វិញ​​ថា នឹង​ធ្វើអោយ​អាហ្វហ្កានីស្ថាន​ក្លាយជា​ផ្នូរកប់ខ្មោចសតវត្ស​ទី​២១​សម្រាប់​​​​​អាណាចក្រ​​អាមេរិក។ ​​​​​​

ទាហាន​អាមេរិក​នៅ​ខែត្រ​Uruzgan អាហ្វហ្កានីស្ថាន
ទាហាន​អាមេរិក​នៅ​ខែត្រ​Uruzgan អាហ្វហ្កានីស្ថាន Reuters
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ ​ទទួលស្គាល់​ថាពិបាក​ធ្វើការ​​​សម្រេច​​ចិត្ត​ទាក់ទង​នឹង​ការ​ដកកងទ័ព​អាមេរិ​ក​​ពី​អាហ្វហ្កានីស្ថាន

អ្នកណា​ក៏ដឹងដែរ​ថា តាំងពី​ណាពីណីមក​ លោក​ដូណាល់ ត្រាំ មានជំហរ​​ចង់អោយ​អាមេរិក​​ដកកងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​ មិនចង់អោយ​ទ័ព​អាមេរិក​បន្ត​ស្លាប់​ក្នុង​ហិង្សា​នៅអាហ្វហ្កានីស្ថាន។ ​លោកដូណាល់ ត្រាំ ទទួលស្គាល់ថា ​លោក​​មានការលំបាក​ក្នុង​ការសម្រេចចិត្ត​រឿង​នេះ។ លោក​ថា លោក​ចង់ដក ប៉ុន្តែ លោកថា ​ដល់ពេល​ត្រូវ​សម្រេចចិត្ត​ លោក​បែរជា​ធ្វើផ្សេងពី​ចិត្ត​​លោក​ទៅវិញ។ មូលហេតុ​គឺដោយសារ​លោក​ត្រាំ យល់ថា បើ​អាមេរិ​ក​ឆាប់​ដក​​ទ័ព​ពី​​អាហ្វហ្កានីស្ថាន​ពេក ​ក្រុមភេរវជន​ដូចជា​ក្រុមតាលីបង់ ច្បាស់ជាកាន់តែ​បានចិត្ត ហើយ​​ឆ្លៀតពេល​វាយប្រហារ​កាន់តែ​ខ្លាំង​យកដែនដីបាន​កាន់​តែ​ច្រើន ​ពី​រដ្ឋាភិបាល​ក្រុងកាប៊ូល​។ លោក​ដូណាល់ ត្រាំគិត​មិនខុសទេ។ ​មើល​ភាព​ជាក់ស្តែង រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​កាន់កាប់​ដែនដី​សឹង​មិនដល់​​ពាក់កណ្តាល​ផង។ ក្រុមជំនាញ​គិតថា ​ការដែល​អាមេរិកប្តូរចិត្ត​​​សម្រេច​​​មិនដក​ទ័ព​ចេញ​ភ្លាមៗ​បែបនេះ​ គឺ​ជា​​ដំណោះស្រាយ​បន្ទាន់ ប្រឈម​នឹង​ស្ថានការណ៍​ក្នុងស្រុកអាហ្វហ្កានីស្ថាន ដែល​នៅតែ​បន្តរងគ្រោះ​ដោយ​ក្រុមតាលីបង់។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក​ចេម ម៉ាទិស ប្រាប់ថា​ ​នឹងពិភាក្សា​ជាមួយ​អង្គការ​អូតង់​ឆាប់បំផុត ហើយ​ប្រាប់ដែរថា ប្រទេស​ដៃគូ​អាមេរិក​ជាច្រើន​បាន​សន្យា​បន្ថែម​កងទ័ព​ពួកគេ​ដែរ។ ​​គិតទៅ​ ​អាមេរិក​​ធ្វើ​អន្តរាគមន៍យោធា​​​នៅ​អាហ្វហ្កានីស្ថាន​​១៦ឆ្នាំហើយ គឺតាំង​ពី​ឆ្នាំ​២០០១មក ​ដើម្បី​គាស់​រំលើង​ក្រុម​ភេរវជនតាលីបង់ ដែល​គាំទ្រ​ក្រុមអាល់កៃដា។ ក្រុមអាល់កៃដា​នេះហើយ ដែលបាន​បង្កភេរវកម្ម​សម្លាប់​ប្រជាជន​អាមេរិក កាលពី​ថ្ងៃ​១១កញ្ញា ឆ្នាំ២០០១។ ​ប៉ុន្តែ អន្តរាគមន៍​១៦ឆ្នាំ​មកនេះ​ ក៏នៅតែ​ពិបាក​មិនអាច​រកសន្តិភាព​អោយ​អាហ្វហ្កានីស្ថាន​ ព្រោះ​តែ​ក្រុមតាលីបង់​នៅតែ​មាន​អានុភាព​ហ្នឹងហើយ។ ​ទាហានអាមេរិក​នៅ​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ​ មាន​៨៤០០នាក់ ​​ បម្រើការ​ក្នុង​កងកម្លាំង​អន្តរជាតិ ដែល​មាន​កងទ័ព​សរុប ​១ម៉ឺន៣ពាន់៥រយនាក់។ ​កងទ័ព​អន្តរជាតិ​ទាំងនេះ មានតួនាទី​ផ្តល់​យោបល់ ជួយ​ដល់​កងទ័ព​​អាហ្វហ្កានីស្ថាន កំចាត់​ភេរវកម្ម។ ​រដ្ឋាភិបាល​ក្រុងកាប៊ូល​​បាន​ស្វាគមន៍​នឹង​ការសម្រេច​របស់​លោកត្រាំ ដែល​មិនដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន។  ​​

ក្រុមជំនាញ៖ទោះ​ជា​​​អាមេរិក​​បន្ថែម​ទាហាន​​៣៩០០នាក់ ក៏​នៅតែ​មិនអាច​ទប់ទល់​ក្រុមតាលីបង់

ក្នុងសន្ទរកថា​ម្សិលមិញ លោក​ត្រាំ​មិនបានប្រាប់ពី​តួលេខ​ទាហាន​ដែលត្រូវបន្ថែម​នៅ​អាហ្វហ្កានីស្ថាន​ទេ តែ​​មន្ត្រី​ជាន់ខ្ពស់​អាមេរិ​កមួយរូបប្រាប់ថាលោក​​ត្រាំ​ព្រមអោយ​អាមេរិក​ដាក់ទាហាន​បន្ថែម​ ដល់ទៅ​៣៩០០នាក់។ តែ​បើយោងតាម​ក្រុមជំនាញ គឺ​មិនគ្រប់គ្រាន់​នឹងទប់ទល់​ក្រុមភេរវជន​ទេ។ ដូចយើងដឹង​អញ្ចឹង ក្រុមភេរវជន​តាលីបង់​​ពូកែ​​វាយប្រហារ​ណាស់។ យោងតាម​អ្នកជំនាញ​ ​បើចង់​ទប់ទល់​ ទាល់តែ​មា​ន​ទាហាន​យ៉ាងអន់​ក៏៣០ម៉ឺន​នាក់ដែរ។ ប៉ុន្តែ ទាហាន​អន្តរជាតិ​នៅ​អាហ្វហ្កានីស្ថាន មាន​មិនដល់​២ម៉ឺននាក់​ផង​។

ឥឡូវនេះ គេកំពុង​បារម្ភ​ថា ការដែល​អាមេរិក​សម្រេច​មិនដកទ័ព​ទៅវិញនេះ នឹងធ្វើអោយ​ក្រុមតាលីបង់​ធ្វើការ​វាយប្រហារ​កាន់តែ​ខ្លាំង នៅ​អាហ្វហ្កានីស្ថាន។ ហើយ​អ្នកដែល​រងគ្រោះ​​ធ្ងន់ធ្ងរ​នោះ គ្មានអ្នកណា​ក្រៅពី​ប្រជាជន​ស្លូតត្រង់​ទេ។ ​ក្រោយ​លោក​ដូណាល់ ត្រាំ ប្រកាស​មិនដកទាហាន​នេះ ក្រុមតាលីបង់​បាន​ព្រមាន​រួចហើយ​ថា នឹង​បន្ត​សកម្មភាព​​ជីហាត​របស់​ខ្លួន​តទៅទៀត។

ហេតុអ្វី​ក៏​សហគមន៍អន្តរជាតិ​ពិបាក​ដោះស្រាយ​បញ្ហា​អាហ្វហ្កានីស្ថាន?

ដើម្បី​រក​ដំណោះស្រា​យបញ្ហា​អាហ្វហ្កានីស្ថាន លោក​ត្រាំ ​មិនបាន​ទាត់ចោល​​​គោលគំនិត​នៃ​​ការចរចា​សន្តិភាព​រវាង​ក្រុមតាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ទេ។ ហើយ​លោក​​​ក៏បាន​ទាមទារ​អោយ​ក្រុងកាប៊ូល​ធ្វើ​កំណែទម្រង់​កំចាត់​អំពើពុករលួយ​ អោយបាន​ត្រឹមត្រូវ​ដែរ។ លោក​ព្រមាន​ថា អាមេរិក​មិនមែន​ចេះ​តែ​ជួយ​ដោយគ្មាន​ដែន​កំណត់​ទេ។ ​

នយោបាយ​អាមេរិក​គាំទ្រ​អោយ​មានការចរចា​សន្តិភាព​រវាង​ក្រុមតាលីបង់ និង​រដ្ឋាភិបាល​ក្រុង​កាប៊ូល មិនមែន​ជា​នយោបាយ​ថ្មី​ទេ។ ​ដំណោះស្រាយ​បញ្ហាសង្គ្រាម​អាហ្វហ្កានីស្ថាន ស្មុគស្មាញ​​ណាស់​​​ មិនមែន​​មាន​ត្រឹមតែ​​ភាគី​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​តែ​២តួអង្គ​នេះទេ។ គឺត្រូវ​បន្ត​បែកធ្លាយ​​រហូត​ដល់​ប្រទេស​២សំខាន់​ទៀត ក្នុង​តំបន់ គឺ​ប៉ាគីស្ថាន​និង​ឥណ្ឌា។ ​​​

ប៉ាគីស្ថាន​និង​ឥណ្ឌា​ប្រជែង​គ្នា​ដាក់ឥទ្ធិពល​នៅ​អាហ្វហ្កានីស្ថាន។ ឥណ្ឌាបាន​ផ្តល់​លុយ​សន្ធឹកសន្ធាប់​ជួយ​សាងសង់​អាហ្វហ្កានីស្ថាន​ឡើងវិញ ​ដោយបាន​​មើលឃើញ​ថា អាច​ទទួលប្រយោជន៍​សេដ្ឋកិច្ច​នៅ​អាស៊ីកណ្តាល។ ប៉ុន្តែ ប៉ាគីស្ថាន​​វិញមើលឃើញ​ថា ឥណ្ឌា​ធ្វើដូច្នេះ គឺដើម្បី​ឡោមព័ទ្ធ​ទឹកដី​ប៉ាគីស្ថាន។ បើ​យើង​មើល​ផែនទី​ ដែនដី​ប៉ាគីស្ថាន​ស្ថិត​នៅចន្លោះ​អាហ្វហ្កានីស្ថាន និង​ឥណ្ឌា។ ខាងលិច​ប៉ាគីស្ថាន គឺ​មានអាហ្វហ្កានីស្ថាន ហើយ​ម្ខាងទៀត គឺ​​ខាងកើត​ប៉ាគីស្ថាន​ គឺជា​ដែនដី​ឥណ្ឌា។ ​អញ្ចឹង ឥណ្ឌា​អាច​ក្តោប​​ប៉ាគីស្ថាន​បាន បើ​​ឥណ្ឌា​​​​ឆ្លងទៅ​អាហ្វហ្កានីស្ថាន​ ​តាមទឹកដី​​​ប៉ាគីស្ថាន។ កន្លងមក ប៉ាគីស្ថាន​ធ្លាប់​ហាមមិនអោយ​ឥណ្ឌា​​ត្រង់ស៊ីត​ទំនិញ​ ក្នុង​ទឹកដី​ប៉ាគីស្ថានទេ ជាទំនិញ​​​ដែលឥណ្ឌា​ផ្តោះប្តូរ​ជាមួយ​អាហ្វហ្កានីស្ថាន។ អញ្ចឹង​ ឥណ្ឌា​ក៏​ឆ្លង​ទៅ​អាហ្វហ្កានីស្ថាន​ដោយ​​វៀង​​តាមផ្លូវទឹក​វិញ។​

ដើម្បី​កុំអោយ​ឥណ្ឌា​ដាក់ឥទ្ធិពល​ខ្លាំង​​នៅ​អាហ្វហ្កានីស្ថានបាន​ ទាហាន​ប៉ាគីស្ថានបាន​​ចាក់រឺសគល់ នៅ​តាម​ព្រំដែន​អាហ្វហ្កានីស្ថាន ​ដោយ​ធ្វើយុទ្ធនាការ​កំចាត់​ក្រុមតាលីបង់​ហ្នឹងហើយ។​ ប៉ុន្តែ ប៉ាគីស្ថាន​​ប្រើអាវុធ​មុខ២ គឺថា សហការជាមួយ​អាមេរិក​កំចាត់​ក្រុមតាលីបង់ ចាប់មេខ្លោង​​​តាលីបង់​បាន​ច្រើននាក់​កន្លងមក​ ក៏ដើម្បី​រារាំង​កុំអោយ​ក្រុមតាលីបង់​អាចចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ដែរ។ ប៉ាគីស្ថាន​ចង់​មានមុខមាត់ ចង់​មាន​វត្តមាន​ក្នុង​ការ​ចរចា​សន្តិភាព​នេះដែរ គឹដើម្បី​ដាក់​ឥទ្ធិពល​ខ្លួន​នៅ​អាហ្វហ្កានីស្ថាន ប្រឈម​នឹង​ឥណ្ឌា​​ហ្នឹងហើយ។​ រដ្ឋាភិបាលលោក​​​​អូបាម៉ា​អាណត្តិមុន​ដឺងច្បាស់​ថា ដំណោះស្រាយ​​អាហ្វហ្កានីស្ថាន ​មិនអាច​គ្មា​នប៉ាគីស្ថាន​​និង​ឥណ្ឌា​ទេ។ ​ទាល់តែ​​​ប៉ាគីស្ថាន​និង​ឥណ្ឌា​កាត់បន្ថយ​ភាពតានតឹង​នឹងគ្នា​ទើបអាច​ជួយដោះស្រា​យ​បញ្ហា​អាហ្វហ្កានីស្ថាន។ ​

ឥឡូវនេះ លោកដូណាល់​ត្រាំ​ ដាក់សម្ពាធអោយ​ប៉ាគីស្ថាន​សហការជាមួយ​​អាមេរិក ដោះស្រាយ​បញ្ហា​អាហ្វហ្កានីស្ថាន ក៏​គ្មានអ្វី​ថ្មីដែរ វាជាទិសដៅ​នយោបាយ​អាមេរិ​ក​តាំងតែ​ពី​អាណត្តិមុនៗ​ម្ល៉េះ។ ​​ខែមុននេះ រដ្ឋបាល​លោកត្រាំ​បាន​ព្យួរជំនួយ​សម្រាប់​ផ្នែក​យោធា​ប៉ាគីស្ថាន​ ៥០លាន​ដុល្លារ។ អាមេរិក​ចោទ​ថា ​មកពី​ប៉ាគីស្ថាន​មិនសូវ​ជា​ពេញដៃ​ពេញជើង​ ក្នុង​​ការ​​​​​កំចាត់ក្រុម​ហាក់កានី Haqqani ដែល​​ជាក្រុម​ដៃគូ​​របស់​ក្រុមតាលីបង់។ ​ក្រុមហាក់កានី​នេះ​រងការចោទប្រកាន់​ថា ​​​មានទំនាក់ទំនង​ជាមួយ​ផ្នែកចារកិច្ច​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ