អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បន្ទាប់​ពីការ​បង្ក្រាប​ហិង្សា ចលនា​​​​បាតុកម្ម​និស្សិត​ហុងកុង ​នៅ​តែ​បន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​​នៅ​ហុងកុង​ មិន​ថមថយ​ទេ ! នៅ​ថ្ងៃ​ចន្ទទី ២៩ កញ្ញា​នេះ បាតុករ​រាប់​ពាន់នាក់​ នៅ​តែ​បន្ត​ជួប​ជុំ​គ្នា​ និង​កាន់​កាប់​សង្កាត់​ពាណិជ្ជកម្ម​ ដើម្បី​ទាមទារ​សេរីភាព​និង​ប្រជាធិបតេយ្យ​ឱ្យ​បាន​ធំ​ជាង​មុន ពី​របប​កុម្មុយនិស្ត​ក្រុង​ប៉េកាំង។ ភាគ​ច្រើន​ជា​និស្សិត ចលនា​បាតុកម្ម​ទាមទារ​សិទ្ធិ​ជ្រើសរើស​ប្រមុខ​ដឹក​នាំដែនដីហុងកុង​​ដោយ​ខ្លួន ចាប់ពី​ឆ្នាំ​២០១៧​ទៅ ដោយ​គ្មាន​ការ​លូក​លាន់​ពី​រដ្ឋ​អំណាច​កណ្តាល​​ប៉េកាំង។ ចលនា​បាតុកម្ម​ បាន​ស្ទុះឡើង​ខ្លាំងរាលដាល​ជា​អំពើ​ហិង្សានៅ​ចុង​សប្តាហ៍​នេះ ដោយ​មាន​ការ​បង្ក្រាប​ពី​ប៉ូលិស មាន​អ្នក​របួស​ មាន​អ្នក​ត្រូវ​ចាប់​ខ្លួន និង​ត្រូវបញ្ជូន​ទៅ​តុលាការ​កាត់​ទោស​ទៀត។ កាន់​តែ​គាប​សង្កត់ កាន់​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ខ្លាំង​ឡើង ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ហុងកុង​បាន​ប្រើ​វិធីសាស្ត្រ​​សម្រប​សម្រួល​ ដោយ​ដក​កម្លាំង​ប៉ូលិស​ចេញ​វិញ​ នៅ​ថ្ងៃ​នេះ។

ប៉ូលិស​ហុងកុង​បាញ់​ផ្សែង​ចេញ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​បិទ​ខ្ទប់​ផ្លូវ​កណ្តាល​ក្រុង ថ្ងៃ​អាទិត្យ​ទី ២៨ កញ្ញា ២០១៤​
ប៉ូលិស​ហុងកុង​បាញ់​ផ្សែង​ចេញ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​បិទ​ខ្ទប់​ផ្លូវ​កណ្តាល​ក្រុង ថ្ងៃ​អាទិត្យ​ទី ២៨ កញ្ញា ២០១៤​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​នេះ ហុងកុង​គ្មាន​ទិដ្ឋភាព​ដូច​ហុងកុង​ដែល​គេ​ធ្លាប់​ល្បី​ថា​មាន​សណ្តាប់​ធ្នាប់​ល្អ​នោះ​ទេ។ ផ្លូវ​ថ្នល់​ធំៗ ផ្លូវ​បំបែក​សំខាន់ៗ ត្រូវ​បិទ​ខ្ទប់ និង​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ។ ​ចរាចរណ៍​ត្រូវ​ជាប់​គាំង។ រថយន្តក្រុង​ជាង​២០០​ខ្សែ​ ត្រូវ​ផ្អាក​ដំណើរ​ការ​ ដោយ​ផ្លូវ​ត្រូវ​បិទ។ សាលា​រៀន​រាប់​សិប និង​ធនាគារ​ ក៏​បិទ។ ស្ថាប័ន​ខ្លះ បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ឈប់​សម្រាក​មិន​ធ្វើ​ដំណើរ​មក​ការិយាល័យ​តែ​ម្តង នៅ​ថ្ងៃចន្ទ​នេះ។

 
រដ្ឋាភិបាល​​ហុងកុង​ បាន​ប្រកាស​ដក​កម្លាំង​ប៉ូលិស​ប្រឆាំង​នឹង​អំពើ​ហិង្សា​ចេញ​ ដើម្បី​បង្ហាញ​ពី​កាយវិការ​សម្រប​សម្រួល​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​ហិង្សា​អស់​មួយ​យប់។ ហើយ​បាន​ស្នើ​សុំ​ជា​ថ្នូរមក​វិញ ឱ្យ​និស្សិត​បើក​ផ្លូវ​ ដែល​ពួក​គេ​កាប់​កាប់​ទាំង​អម្បាល​ម៉ាន តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យ​រថយន្ត​សង្គ្រោះ​ និង​រថយន្ត​ក្រុង​ជា​មធ្យោបាយដឹក​ជញ្ជូន​សាធារណៈ​អាច​ដំណើរ​ការ​បាន​។

បាតុកម្មអហិង្សា

ភាព​ស្ងប់ស្ងាត់​ បាន​វិល​មក​គ្រប​ដណ្តប់​ហុងកុង​ដ៏​ពិត​មែន តែ​ឥស្សរជន​ អ្នក​មុខ​អ្នក​ការ​ហុងកុង ដូច​យ៉ាង​អ្នក​ទទួល​ខុស​ត្រូវ​វិហារ​កាតូលិក សមាជិក​សភា ឬ​​​សាស្ត្រាចារ្យ​​ផង បាន​មក​ជួយធ្វើ​បាតុកម្ម​ លើក​ទឹក​ចិត្ត​និស្សិត​ និង​គាំទ្រ​ចលនា​បាតុកម្ម​អហិង្សា ជាពិសេស​នៅ​​ទីតាំង មុខ​សង្កាត់​ពាណិជ្ជកម្ម​នៃ​ទីផ្សារ​ភាគ​ហ៊ុន​ហុងកុង​ដ៏​ល្បីល្បាញ​​។​ សកម្មភាព​​អហិង្សា​ដែល​គួរ​ឱ្យ​កោត​សរសើរ​ ព្រោះ​ថ្វី​បើ​មាន​ការ​ប៉ះទង្គិច​គ្នា​ តាន​តឹង​ខ្លាំង​​នៅ​រសៀល និង​យប់​​ថ្ងៃ​អាទិត្យ​ទី ២៨ កញ្ញានេះ​មែន ប៉ុន្តែ​និស្សិត​ហុងកុង​ កំពុង​អង្គុយ​កាន់កាប់ យ៉ាងមាន​សណ្តាប់​ធ្នាប់​ គ្រប់​គ្រង​ចលនា​បាតុកម្ម​បាន​យ៉ាង​​ត្រឹម​ត្រូវ ចេះ​អធនគ្រប់គ្នាៗ។ បាតុករ​មិន​បាន​តវ៉ា ឬ​រំលោភ​បំពាន​លើ​រាងកាយ​ប៉ូលិស​ទេ។ ពេល​ប៉ូលិស​សំឡុត​គំរាម​បង្ក្រាប បាតុករ​លើក​ដៃ​ព្រម​ឱ្យ​ប៉ូលិស​ចាប់​ខ្លួន​ភ្លាម ដើម្បី​សម្តែង​អំពី​ធម៌​អហិង្សា។

ចលនា​បាតុកម្ម​ប្តូរ​ទ្រង់ទ្រាយ
 
មូលហេតុ​ទីមួយ ដែល​ជំរុញ​ឱ្យ​​​បាតុកម្ម​និស្សិត​ស្ងៀមៗ​ស្រាប់​ផ្ទុះ​ទៅ​ជា​ចលនា​ប៉ះបោរ​​ស៊ីវិល​​ខ្លាំង​នៅចុង​សប្តាហ៍​នេះ គឺ​ពីមាន​ចលនា​មួយ​ទៀតមក​ចូល​រួម​ជា​មួយ​កម្លាំង​និស្សិត។ ចលនា​Occupy Central ចលនា​ប៉ះបោរ​ស៊ីវិល មាន​ការ​គាំទ្រ​ពី​ប្រជាជន​ទូទៅ គ្រោង​ចុះ​ធ្វើ​បាតុកម្ម​ដែរ​ នៅ​ថ្ងៃ​ពុធ​ខាង​មុខ​ទេ ប៉ុន្តែ​នៅ​ពេល​បាន​ឃើញ​ចលនា​និស្សិត​​មាន​ឆន្ទៈ​ហើយ ក៏​អាច​ប្រមូល​គ្នា​បាន​យ៉ាង​ឆាប់​រហ័ស​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​គ្នា​ភ្លាម​នៅ​ចុង​សប្តាហ៍​នេះ​តែ​ម្តង។ ចំណុច​សំខាន់​មួយ​ទៀត​ គឺ​ទំនង​មក​ពីក្រុមនិស្សិត​អស់​អំណត់​ កើត​ការ​សង្ស័យ​កាន់​តែ​ធំៗ​ឡើង​ចំពោះ​អាជ្ញាធរ​ហុងកុង​ ដែល​ហាក់​ដូច​ជា​មិន​ធ្វើ​ដឹង​ធ្វើ​ឮ​សំណើ​របស់​ពួក​គេ​សោះ​ ទើប​ចង់​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការ​ដើរ​ដង្ហែក្បួន​​លើក​ទង់ជាតិ ស្រែកជ័យឃោស​ទាមទារ​រួច​ត្រលប់​ចូល​ផ្ទះ​រៀងៗ​ខ្លួន​ទៅ​ជា​ការ​តស៊ូ កាន់កាប់​កន្លែង​ដែល​ជាទាក់​ភ្នែក​​ពិភពលោក​ទាំង​មូល​វិញ។ ម្យ៉ាង​វិញ​ទៀត​មក​ពី​កម្លាំង​មាន​សមត្ថកិច្ច​​ប្រើ​កម្លាំង​ហួស​ប្រមាណ​​ប្រឆាំង​នឹង​ក្រុម​និស្សិត​មុន​។ យុទ្ធនាការ​បះបោរ​ស៊ីវិល ក៏​បាន​លេច​ជា​រូបរាង​ឡើង !

ចលនា​Occupy Central កំណែទម្រង់​នយោបាយ

ចលនា​បាតុកម្ម​ បាន​កើត​មាន​តាំង​ពី​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​សកល​ នៅ​ហុងកុង​ និងទាមទារឱ្យ​អាជ្ញាធរ​ហុងកុង ដក​សេចក្តី​សម្រេច​ចិត្ត​របស់​អំណាច​កណ្តាល​ក្រុង​ប៉េកាំង​ កាលពី​​ខែ​សីហា ដែល​ប្រកាស​ថា​​ជា​អ្នក​សម្រេច​ជ្រើស​តាំង​បេក្ខជន​ពីរ​បី​នាក់​មក​​ឈរ​ឈ្មោះ​ឱ្យពលរដ្ឋ​​បោះឆ្នោត​ជា​ប្រមុខ​ដឹកនាំ​ហុងកុង។ ចលនា​Occupy Central ដែល​ជា​តំណាង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​សំខាន់​ជាង​គេ នៅ​ហុងកុង ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាលស័យ​និង​និស្សិត បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ហុងកុង​រៀបចំ​ពិគ្រោះ​យោបល់​ និង​ផ្តល់​សន្ទុះ​ឡើង​វិញ ដល់​ដំណើរ​ការ​កែទម្រង់​នយោបាយ។ ប៉ុន្តែ​លោក​អភិបាល​ហុងកុង ​ថ្វី​បើ​បាន​អះអាង​ថា​នឹង​រៀប​ចំ​សាក​សួរ​យោបល់​សាធារណៈ​មែន តែ​ដាច់​ខាត​ ប្រយុទ្ធ​ប្រឆាំងនឹង​សកម្មភាព​កាន់កាប់​ខុស​ច្បាប់​របស់​បាតុករ។

អាជ្ញាធរ​ហុងកុង​ព្រមាន​បំបែក​បាតុកម្ម
 
ប្រមុខ​រដ្ឋាភិបាល​ហុងកុង លោក លឿង ជន់យីង បាន​បដិសេធ​ពាក្យ​ចចាម​អារាមថា​មិន​បានសុំ​កម្លាំង​ទាហាន​ចេញ​មក​បង្ក្រាប​ចលនា​បាតុកម្ម​និស្សិត​ទេ និង​បាន​អំពាវនាវ​ មិន​ឱ្យ​ពលរដ្ឋ​ចូល​ជិត​ចលនា​បាតុកម្ម​ ដែល​មាន​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​សោះ​ គិត​ចាប់​តាំង​ហុងកុង​ត្រលប់​មក​ស្ថិត​ក្រោម​រដ្ឋបាល​ប៉េកាំង​នៅ​ឆ្នាំ​១៩៩៧​មក។ ជាមួយ​នឹង​សភាព​ស្ងប់ស្ងាត់​ អាច​ចាត់​ទុក​ថា​ការ​សម្រាកយក​កម្លាំង​ និង​ការ​បន្ធូរ​បន្ថយ​សម្ពាធ​បន្តិច​ និង​ដើម្បី​រៀប​ផែនការ​​ ក្រុម​និស្សិត​ក្នុង​ជួរ​បាតុករ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្តង យល់​ថា​នឹង​អាច​មាន​អំពើ​ហិង្សា បង្ក្រាប​ថ្មី​ទៀត ពី​សំណាក់​អាជ្ញាធរ​ជាក់​ជា​មិន​ខាន ព្រោះ​រដ្ឋាភិបាល​ហុងកុង ពិត​ជា​មិន​បណ្តោយ​ឱ្យ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ កាន់កាប់​ក្រុង​ដោយ​ខុស​ច្បាប់​បែប​នេះ​ទេ។
ម្យ៉ាង​វិញ​ទៀត នៅ​ថ្ងៃ​​​ម្សិលមិញ​ជា​លើក​ទី​មួយ ​រដ្ឋាភិបាល​ហុងកុងបាន​ទទួល​ការ​គាំទ្រ​ពី​អំណាច​កណ្តាល​​ក្រុង​ប៉េកាំង​​ ​ ក្នុង​ការ​ទប់​ស្កាត់ និង​បង្ក្រាប​បាតុករ​​ ដោយថែម​ទាំង​​ចាត់​ទុក​ថា​ចលនា​បាតុកម្ម​នេះ ជា​ស្នាដៃ​របស់​ពួក​ក្រុមជ្រុល​និយម។ សារព័ត៌មាន​ចិន បាន​ធ្វើ​អត្ថាធិប្បាយ​ និ​ង​បរិហារ​គ្រប់ៗ​គ្នា​ ថា​បាតុកម្ម​និស្សិត​និង​ចលនា​ប្រជាធិបតេយ្យ​ កំពុង​តែ​ធ្វើ​ឱ្យ​ខូច​រូប​ភាព​ហុងកុង។ ជាក់ស្តែង​ទីផ្សារ​ភាគ​ហ៊ុន បាន​បើក​ទ្វារ​និង​បិទទ្វារ​នៅ​ថ្ងៃនេះ​​ជាមួយ​នឹង​ការ​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង។

ប៉េកាំង​ក្រែង​ឥទ្ធិពល​ប្រជាធិបតេយ្យ​ឆ្លង​រាត​ត្បាត

ថ្វី​បើ​ប៉េកាំង ព្រម​​ផ្តល់​ស្វ័យភាព​ធំច្រើន​​ដល់​ហុងកុង ផ្តល់​សេរីភាពទូលំទូលាយ​ខ្លាំង​ដល់​ហុងកុង ក្នុង​ក្របខ័ណ្ឌ​រដ្ឋមួយ​ប្រព័ន្ធ​ពីរ​មែន (ក្រោយ​ពេល​អង់គ្លេស​ប្រគល់​ហុងកុង​មក​ឱ្យ​ចិនវិញ​នៅ​ឆ្នាំ​១៩៩៧) ប៉ុន្តែ​​ រាល់ស​កម្មភាពបាតុកម្ម​ ដើម្បី​សេរីភាព​និង​ប្រជាធិបតេយ្យ ត្រូវ​បាន​ប៉េកាំង​ក្រលេក​មើល​ក្នុង​ក្រសែ​ភ្នែក​ប្រុង​ប្រយ័ត្ន​បំផុត។ ព្រោះ​២៥​ឆ្នាំ​ក្រោយ​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ចលនា​និស្សិត​នៅ​ទីលាន​ធានអាន់មៀន នា​ទីក្រុង​ប៉េកាំង​ មេដឹក​នាំ​កុម្មុយនិស្ត​ចិន ប្រុង​ប្រយ័ត្ន និង​ព្រួយ​បារម្ភ​ជានិច្ច​ខ្លាច​មាន​ជំងឺ​ប្រជាធិបតេយ្យ​ឆ្លង​ពី​ហុងកុងទៅ​កាន់​តំបន់​ផ្សេង​ទៀត​។ ហេតុដូច្នេះ​ហើយ បាន​ជា​ប៉េកាំង​បាន​បិទ​ខ្ទប់​ភ្លាម​ ការ​ស្វែង​រក​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត នៃ​ពាក្យ​ថា​ Occupy Central បិទ​ខ្ទប់​ប្រព័ន្ធ​សង្គម ដើម្បី​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​។ រាល់ព័ត៌មាន​ទាំង​ឡាយ​ទាក់ទង​នឹងព្រឹត្តិការណ៍​នៅហុងកុង ត្រូវបាន​បញ្ជាឱ្យ​​ដក​ចេញ​ពី​ទំព័រ​វិបសៃតិ៍​ចិន​ទាំង​អស់។​ នេះ​បើ​តាម​គេហទំព័រ​ចិន​ជា​ភាសា​អង់គ្លេស។

សេណារីយោ​សម្រាប់​ពេល​ខាង​មុខ អាស្រ័យ​ទៅ​លើ​​សមត្ថភាព​របស់​​ចលនា​ប្រជាធិបតេយ្យ និង​ទៅ​លើ​ចម្លើយ​តប​របស់​អាជ្ញាធរ​ហុងកុង​ ប៉ុន្តែ​បើ​និយាយ​ពី​ ប៉េកាំងវិញ គឺ​​មិន​ងាយ​​​នឹង​បន្ទន់​ជំហរ​ទេ។ កំណែទម្រង់​ស្នើ​ឡើង​ដោយ​ប៉េកាំង​ នឹង​ត្រូវ​​អនុម័ត​ដោយ​សំឡេង​ពីរ​ភាគ​បី​នៃ​សមាជិក​សភា​ហុងកុង។ ប្រសិន​បើ​សភា​ហុងកុង​មិនគាំទ្រ ប៉េកាំង​អាច​នឹង​វិល​ទៅ​អនុវត្ត​វិធី​ចាស់​ជ្រើសរើស​​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​ ដោយ​​គ្មាន​ពលរដ្ឋ​ហុងកុង​៥​លាន​នាក់​ចូល​រួម​ជាមួយ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ