អ.ស.ប ថាសហភាពអឺរ៉ុបអាចជាអ្នកទាញយកផលចំណេញច្រើនពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន
ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសចិន មិនបានផលចំណេញអ្វី ពីសង្គ្រាមពាណិជ្ជកម្មរវាងគ្នានិងគ្នានោះទេ។ ក៏ប៉ុន្តែ អ្នកដែលអាចទទួលបានផលចំណេញច្រើន ដោយសារជម្លោះពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺសហភាពអឺរ៉ុប វិញឯណោះទេ។ នេះ បើតាមរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៤ កុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
របាយការណ៍របស់អ.ស.ប មានចំណងជើងថា “សង្គ្រាមពាណិជ្ជកម្ម៖ អ្នកខាតបង់ និងអ្នកចំណេញ” បានព្យាករណ៍ថា សហភាពអឺរ៉ុបនឹងក្លាយជាអ្នកដែលអាចទាញយកផលចំណេញបានច្រើនជាងគេ ពីជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ បើតាមរបាយការណ៍របស់អ.ស.ប ដដែលនេះ សហភាពអឺរ៉ុប នឹងទទួលបានផលចំណេញក្នុងតម្លៃទឹកប្រាក់ចំនួន ៧០ ពាន់លានដុល្លារ មកក្នុងដៃ។
ទាក់ទងរឿងនេះដែរ ប្រធានផ្នែករបស់អ.ស.ប ស្តីអំពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ លោកស្រី Pamela Coke-Hamilton បាននិយាយថា បើយោងទៅតាមការសិក្សាវិភាគ គោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងប្រទេសចិន មិនបានផ្តល់ផលប្រយោជន៍ ឬប្រាក់ចំណេញអ្វី ដល់បណ្តាក្រុមហ៊ុនរបស់ប្រទេសទាំងពីរឡើយ។
ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់បន្ថែមថា វិវាទពាណិជ្ជកម្មនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិក និងចិន ហើយប្រទេសផ្សេងៗទៀតទេដែលជាអ្នកទាញបានផលចំណេញពិតប្រាកដនោះ។
ជាក់ស្តែង បើតាមការសិក្សារបស់ អ.ស.ប នៅពេលដែលរងគ្រោះដោយសារនយោបាយដំឡើងពន្ធពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នោះមុខទំនិញចិនប្រមាណជា ៨០ ភាគរយ អាចនឹងស្វែងរកទីផ្សារថ្មី នៅក្នុងប្រទេសផ្សេងៗទៀត។
ស្រដៀងគ្នានេះដែរ មុខទំនិញអាមេរិកប្រមណជា ៨៥ ភាគរយ ដែលរងគ្រោះ ដោយសារការដំឡើងពន្ធច្រើន ពីសំណាក់រដ្ឋាបាលទីក្រុងប៉េកាំង នឹងងាកទៅរកទីផ្សារថ្មីនៅឯប្រទេសដទៃទៀតវិញដូចគ្នា។ មួយវិញទៀត ប្រទេសដែលជាគោលដៅថ្មី របស់មុខទំនិញ អាមេរិក និងចិន គឺ បណ្តាប្រទេសសហភាពអឺរ៉ុប។ មិនតែប៉ុណ្ណោះ ជប៉ុន ម៉ិចស៊ិក និងកាដាណា ក៏អាចទាញផលចំណេញបានច្រើនដែរ ពីជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន។
គួររំឭកជូនថា នៅគ្រាកន្លងមកភាគីអាមេរិក និងចិន បានខិតខំពិភាក្សាគ្នាជាច្រើនលើកច្រើនសារណាស់ដែរ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មរវាងគ្នានិងគ្នា ក៏ប៉ុន្តែ ស្ថានការណ៍ ហាក់មិនធូរស្បើយនោះទេ។ ជាក់ស្តែង របាយការណ៍របស់អ.ស.ប ថែមទាំងបានរំពឹងទុកជាមុនទៀតថា ប្រទេសទាំងពីរអាចនឹងបន្តតំឡើងពន្ធ លើមុខទំនិញនានា ទៅលើគ្នាទៅវិញទៅមកទៀតផង នៅដើមខែមីនា ឆ្នាំ២០១៩ ខាងមុននេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ