បាក់ផ្លូវល្បឿនលឿននៅខេត្តក្វាងទុង (ចិន) ស្លាប់មនុស្សយ៉ាងតិច ៤៨នាក់
នៅភាគខាងត្បូងប្រទេសចិន មនុស្សជាង៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទាប់ពីមានគ្រោះថ្នាក់រលំបាក់ផ្លូវល្បឿនលឿនមួយកាលពីយប់ថ្ងៃអង្គារ។ យោងតាមរបាយការណ៍ ចុះផ្សាយដោយកាសែតរដ្ឋចិននៅថ្ងៃព្រហស្បតិ៍ទី ២ឧសភា នៅក្នុងគ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុងខេត្តក្វាងទុក ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤៨នាក់ ចំណែកមនុស្សរបួស៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិនCCTV លោកប្រធានាធិបតីចិន ស៊ី ជីនពីងបានបញ្ជាឲ្យអាជ្ញាធរក្នុងស្រុកបង្កើនល្បឿនជួយសង្រ្គោះមនុស្ស និងស្តារស្ថានការណ៍នៅកន្លែងកើតហេតុ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២០
ទុក្ខជាន់លើទុក្ខ។ នៅមួយសប្តាហ៍ក្រោយគ្រោះទឹកជំនន់ទឹកភ្លៀងសម្លាប់មនុស្ស៤នាក់ និងជន់លិចភូមិក្រុង ខេត្តក្វាងទុង នៅយប់ថ្ងៃអង្គារទី ៣០មេសា បានរងគ្រោះសាជាថ្មី ដោយលើកនេះ គឺគ្រោះរលំបាក់ផ្លូវល្បឿនលឿន នៅជាប់ជើងភ្នំ ដែលបានសម្លាប់មនុស្សយ៉ាងហោច៤៨នាក់ និងមនុស្សរបួស៣០នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២ឧសភា។
យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃអង្គារ ម៉ោង២អាធ្រាត្រ នៅពេលផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីទីក្រុង Meizhouទៅ Dabuក្នុងខេត្តក្វាងទុង បាក់ផុងអស់ប្រវែង ១៨ម៉ែត្រ ដោយសារតែការរលំបាក់ដី។ គេវាយតម្លៃថា រថយន្តជាង២០គ្រឿងបានធ្លាក់ជាបន្តបន្ទាប់ទៅក្នុងជ្រោះ។ សាក្សីនៅកន្លែងកើតហេតុនិយាយប្រាប់កាសែតក្នុងស្រុកថា គេបានលឺសំឡេង រថយន្តធ្លាក់ទៅក្រោម និងសំឡេងផ្ទុះខ្លាំង។
ទូរទស្សន៍រដ្ឋចិនផ្សាយថា ឧបទ្ទវហេតុបាក់ផ្លូវសម្លាប់មនុស្សជិត ៥០នាក់ គឺជាគ្រោះមហន្តរាយភូមិសាស្រ្តធម្មជាតិ ដែលបណ្តាលមកពីទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ។
មានប្រជាជនរស់នៅ១២៧លាននាក់ ខេត្តក្វាងទុងជួបគ្រោះធម្មជាតិ មួយដងជាពីរដង ព្រោះថា អស់ពីព្យុះភ្លៀងទឹកជំនន់ សម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យគេជម្លៀសមនុស្សជាង ១សែននាក់ កាលពីថ្ងៃទី ២២មេសា ខ្យល់ព្យុះកំណាចមួយទៀតបានសម្លាប់មនុស្ស៥នាក់ កាលពីសប្តាហ៍មុន មុននឹងកើតមានការរលំបាក់ដីបាក់ផ្លូវនៅយប់ថ្ងៃអង្គារ។
អ្នកទទួលខុសត្រូវម្នាក់របស់ក្រសួងធនធានទឹកចិនធ្លាប់វាយតម្លៃកាលពីខែមេសាថា អាកាសធាតុកាន់តែប្រែប្រួល ធ្វើឱ្យទឹកភ្លៀងធ្លាក់ខុសរដូវ និងជោគជាំខ្លាំង។ នៅភាគកណ្តាល និងខាងកើតខេត្តក្វាងទុង កម្រិតទឹកភ្លៀងធ្លាក់នៅរយៈពេល១០ថ្ងៃចុងក្រោយនេះ មានប្រមាណ ៦០០មីលីម៉ែត្រ ពោលគឺច្រើនជាង៣ដងនៃកម្រិតទឹកភ្លៀងធម្មតា។ ការិយាល័យឧតុនិយមចិនព្រមានរួចហើយថា លក្ខខណ្ឌអាកាសធាតុ ទឹកភ្លៀងធ្លាក់ខ្លាំងនឹងអាចបង្កឲ្យមានគ្រោះមហន្តរាយភូមិសាស្រ្ត ដូចជាការរលំបាក់ផ្លូវល្បឿនលឿននេះ កាន់តែច្រើនដែរ។ នៅថ្ងៃព្រហស្បតិ៍ អាជ្ញាធរក្នុងខេត្តក្វាងទុងបានអំពាវនាវប្រជាជនឲ្យធ្វើដំណើរប្រុងប្រយ័ត្នតាមផ្លូវ នៅក្នុងអំឡុងបុណ្យខែឧសភា ដែលមានរយៈពេលរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ