អានតួអត្ថបទ
កោះសាឡូម៉ុង-ចិន

រដ្ឋមន្រ្តីការបរទេស​ដែលមានទំនោរទៅរកចិន ឈ្នះឆ្នោតក្លាយជា​នាយករដ្ឋមន្រ្តីកោះសាឡូម៉ុង

នៅប្រទេស​កូនកោះ​ដ៏តូច កោះសាឡូម៉ុង នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក រដ្ឋមន្រ្តី​ការបរទេស​ដែលមាន​និន្នាការ​ទៅខាងប្រទេស​ចិន​ បាន​ជាប់ឆ្នោត​ក្លាយជា​នាយករដ្ឋមន្រ្តី​ថ្មី។ ដោយ​​ទទួលបាន​​សំឡេងគាំទ្រ​ពី​អ្នកតំណាងរាស្រ្ត​ចំនួន ៣១រូប​ ក្នុងចំណោម​អ្នកតំណាង​រាស្រ្ត​សរុប ៥០រូបនៅសភា លោកJeremiah Manele បាន​ការគាំទ្រ​ច្រើន​ជាង​គូប្រជែងមកពីគណបក្ស​ប្រឆាំងដែលមាន​ជំហរ​មិន​ស្វាគម​វត្តមាន​ចិន​ នៅលើដីកោះសាឡូម៉ុង។ ជ័យជំនះឆ្នោត​របស់​អ្នកនយោបាយស្និទ្ធនឹង​ទីក្រុងប៉េកាំង ស្ថិតក្រោមក្រសែភ្នែកតាមដាន​របស់​អាមេរិក និង​អូស្ត្រាលីដែលធ្លាប់ជា​សម្ព័ន្ធចាស់ឆ្នាំ​របស់​កោះសាឡូម៉ុង។

លោក​Jeremiah Manele ធ្លាប់​ជារដ្ឋមន្រ្តីការបរទេស​ក្នុងរដ្ឋាភិបាល​របស់​លោក Manasseh Sogavare ដែលបែរងាកទៅរឹតចំណងមិត្តភាពជាមួយ​ប្រទេសចិន។
លោក​Jeremiah Manele ធ្លាប់​ជារដ្ឋមន្រ្តីការបរទេស​ក្នុងរដ្ឋាភិបាល​របស់​លោក Manasseh Sogavare ដែលបែរងាកទៅរឹតចំណងមិត្តភាពជាមួយ​ប្រទេសចិន។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ពីរសប្តាហ៍ក្រោយ​ការបោះឆ្នោតជាតិ នៅថ្ងៃ​ទី ១៧​មេសា កោះសាឡូម៉ុងមានឈ្មោះ​នាយករដ្ឋមន្រ្តីម្នាក់​ដែល​គេវាយតម្លៃថា មានទំនោរ​ទៅរកប្រទេស​ចិន។ បើតាម​ការប្រកាសរបស់អគ្គទេសាភិបាល​កោះសាឡូម៉ុង​ លោករដ្ឋមន្រ្តីការបរទេស Jeremiah Maneleបានទទួលសំឡេងគាំទ្រចំនួន ៣១ ក្នុងចំណោម​សំឡេងសរុប៥០នៅសភា ពោលគឺច្រើនជាង គូប្រជែងរបស់​លោក​មក​ពី​​អង្គការសង្គមស៊ីវិល គឺលោក Matthew Wale ដែល​បានទទួល​ការគាំទ្រ​តែ​១៩សំឡេង។

ត្រូវតែងតាំងជានាយករដ្ឋមន្រ្តី​សាឡូម៉ុង ​សម្រាប់​អាណត្តិ ​៤ឆ្នាំ លោក​ Jeremiah Manele នៅថ្ងៃព្រហស្បតិ៍ទី ២ឧសភា​បាន​និយាយ​ថា ប្រជាជន​សាឡូម៉ុង​បានបញ្ចេញ​យោបល់របស់ខ្លួន​នៅក្នុងការបោះឆ្នោត​ដ៏ស្ងប់ស្ងាត់​គ្មាន​អំពើហិង្សា ខុសពីទម្លាប់មុនៗ។

លោក​Jeremiah Manele ធ្លាប់​ជារដ្ឋមន្រ្តីការបរទេស​ក្នុងរដ្ឋាភិបាល​របស់​លោក Manasseh Sogavare ដែលបែរងាកទៅរឹតចំណងមិត្តភាពជាមួយ​ប្រទេសចិន។ លោកបានធ្លាប់​ធ្វើដំណើរ​ទៅប្រទេស​ចិន នៅ​ឆ្នាំ​២០១៩ ឆ្នាំ ដែលកោះសាឡូម៉ុងប្រកាស​កាត់ផ្តាច់​ទំនាក់ទំនងការទូត​ជាមួយតៃវ៉ាន់ ដែលមិនខុសអ្វី ពីការ​រុញតៃវ៉ាន់ចេញក្រៅ ប៉ុន្តែ​ចាប់ដៃចិន​ចូលឡើងកោះ។

ចាប់តាំងពីពេលនោះមក ជំនួយ​និង​វត្តមានក្រុមហ៊ុន ជនជាតិចិន ចេះតែកើនឡើង​ជាបន្តបន្ទាប់​នៅលើកោះសាឡូម៉ុង។ ទៅតាម​កិច្ចព្រមព្រៀងរវាង​ប្រទេស​ទាំងពីរ ចិន​បាន​បញ្ជូន​ប៉ូលិស​របស់ខ្លួន​ទៅ​ឈរជើង​ ធានាសន្តិសុខ​នៅ​លើកោះសាឡូម៉ុង បន្ទាប់ពី​ទីតាំងរបស់ក្រុមហ៊ុនចិនត្រូវវាយដុតបំផ្លាញ នៅក្នុង​រលកស្អប់ប្រឆាំង​ចិន កាលពី​ឆ្នាំ ២០១៩។

នៅ​ ៣ឆ្នាំក្រោយដោះដៃ​ពីតៃវ៉ាន់ និងងាកបែរទៅរកចិន ឆ្នាំ ២០២២ កោះសាឡូម៉ុង​បានចុះកិច្ចព្រមព្រៀង​សន្តិសុខ​ដោយ​លួចលាក់ ជាមួយប្រទេស​ចិន។ ចិន និង​សាឡូម៉ុង​មិនបាន​លម្អិត ​កិច្ចព្រមព្រៀងសន្តិសុខរបស់ខ្លួន ប៉ុន្តែ ប្រទេស​ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយកោះ​សាឡូម៉ុង ដូចជា​​អាមេរិក និងអូស្ត្រាលីបានតាមដាន​ការខិតចូលជិតគ្នា​រវាង​ចិន និងកោះសាឡូម៉ុង ព្រោះតែ​គេបារម្ភថា ចិន​នឹង​បោះទីតាំងមូលដ្ឋានទ័ពរបស់ខ្លួន នៅ​កោះសាឡូម៉ុង។ ចិន​ដាក់មូលដ្ឋានទ័ពជាអចិន្ត្រៃយ៍​នៅ​កោះសាឡូម៉ុង ​នឹង​ធ្វើ​សន្តិសុខ​នៅក្នុង​តំបន់នៅ​ប៉ាស៊ីហ្វិកខាងត្បូង​ផ្លាស់ប្តូរ​ ក្រឡាប់ចាក់ខុសពីមុន។ ត្រូវ​ដឹងថា កោះសាឡូម៉ុង​ស្ថិតនៅលើ​ទីតាំងភូមិសាស្រ្តយុទ្ធសាស្រ្ត​ ដែល​​អំណោយផល​ដល់ការធ្វើនាវាចរណ៍ផ្លូវសមុទ្រ។ អាមេរិក និង​អូស្រ្តាលី ដែលជាប្រទេស​ជិតខាង​របស់​កោះសាឡូម៉ុង​ខ្លាចថា បើសិន​ចិន​បង្កើតមូលដ្ឋានទ័ពនៅលើបណ្តាកោះសាឡូម៉ុង នោះ ចិន​នឹង​មានសិទ្ធិអំណាច បិទខ្ទប់​ចរាចរណ៍របស់​កប៉ាល់ធ្វើដំណើរពីអាមេរិក​ទៅ​អាស៊ីខាងត្បូង។

ក្រៅតែពីស្ថិតនៅលើទីតាំង​យុទ្ធសាស្រ្តយោធា កោះសាឡូម៉ុង​នៅល្បីឈ្មោះ ជា​កោះដែលសំបូរសម្បត្តិធម្មជាតិ ព្រៃឈើ មាស និង​ត្រី។ ទោះជាមានអណ្តូងរ៉ែមាសដែល​គេអាច​ធ្វើអាជីវកម្មបានក្តី កោះសាឡូម៉ុង​រកប្រាក់ចំណូលបានច្រើនពីការលក់នាំចេញ ឈើ និងត្រី គ្រឿងសមុទ្រ។ ប៉ុន្តែ ទោះសំបូរសម្បត្តិធម្មជាតិ និង​ទទួលបានឯករាជ្យពីអង់គ្លេស ជាង ៤០ឆ្នាំ ប៉ុន្តែ ​កោះសាឡូម៉ុងដែលមានប្រជាជន​ជាង​៧សែននាក់ នៅ​តែ​ក្រីក្រ។ សាឡូម៉ុង​នៅតែ​ស្ថិតក្នុងបញ្ជី​ប្រទេស​ក្រីក្រ​របស់​អង្គការ​សហប្រជាជាតិ អន់ក្រជាង​ប្រទេស​ភូមាដែលកំពុងជួបសង្រ្គាមស៊ីវិលទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ