អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឈ្វេងយល់​អំពី​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋ​អាមេរិក ការបោះឆ្នោត​ដែល​រៀបចំ​ធ្វើឡើង នៅ​រដ្ឋ​អាយ៉ូវ៉ា (Iowa) នៅថ្ងៃ​ចន្ទ​នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​​នៃ​ក្នុង​ដំណើរ​ដ៏វែងឆ្ងាយ​មួយ​​ មុននឹង​ឈាន​ទៅ​ដល់​​ការបោះឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី​ នៅ​ខែ​វិច្ឆិកាចុងឆ្នាំ​នេះ។ ការបោះឆ្នោត​នៅ​ជំហាន​ដំបូង​នេះ គឺ​ធ្វើឡើង ក្នុងគោលដៅ​ជ្រើសរើស​បេក្ខជន ដែល​នឹង​ត្រូវ​ឈរឈ្មោះ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា។ តើ​ការបោះឆ្នោត​នេះ​មាន​ដំណើរការ​ទៅ​យ៉ាងដូចម្តេច?

លោកស្រី​ហ៊ីឡារី គ្លីនតុន ធ្វើ​យុទ្ធនាការ​ថ្ងៃចុងក្រោយ​មុន​បើក​ការបោះឆ្នោត​នៅ​រដ្ឋ Iowa
លោកស្រី​ហ៊ីឡារី គ្លីនតុន ធ្វើ​យុទ្ធនាការ​ថ្ងៃចុងក្រោយ​មុន​បើក​ការបោះឆ្នោត​នៅ​រដ្ឋ Iowa REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​សហរដ្ឋ​អាមេរិក ថ្វីដ្បិត​តែ​ការបោះឆ្នោត​ត្រូវ​បើក​ចំហ​ដល់​​ពលរដ្ឋ​ទូទៅ ទាំង​គណបក្ស​ធំ គណបក្ស​តូច និង​បេក្ខជន​ឯករាជ្យ​ដែល​គ្មាន​គណបក្ស ក៏ប៉ុន្តែ ជាទូទៅ​ នៅ​រៀងរាល់​ការ​បោះឆ្នោត​ម្តងៗ គេតែងតែ​ឃើញ​មាន​​​ការ​ប្រកួតប្រជែង​ រវាង​គណបក្ស​នយោបាយ​ពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ។ គឺ​បេក្ខជន​មក​ពី​គណបក្ស​ទាំងពីរ​នេះ​ហើយ ដែល​​តែងតែ​ទទួល​ជ័យជម្នះ​​​ផ្លាស់ប្តូរ​គ្នា​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅ​ក្នុងរយៈពេល​ប្រមាណ​ជាង​មួយសតវត្សរ៍​កន្លងទៅនេះ។

ក៏ប៉ុន្តែ ខុសពី​បណ្តា​ប្រទេស​ភាគច្រើន​ផ្សេងទៀត ដែល​ប្រធានបក្ស​​គឺ​ជា​បេក្ខជន​ដោយ​ស្វ័យប្រវត្តិ ឬ​គណបក្ស​ជា​អ្នក​ចាត់តាំង​បេក្ខជន នៅ​សហរដ្ឋ​អាមេរិកវិញ គឺ​អ្នក​គាំទ្រ​គណបក្ស​ដែល​ជា​អ្នក​ជ្រើសរើស​បេក្ខជនរបស់ខ្លួន​ តាមរយៈ​ការ​បោះឆ្នោត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Primary”។

ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​នេះ​ត្រូវ​ចាប់ផ្តើម​ធ្វើឡើងនៅ​ខែ​មករា ឬ​ខែ​កុម្ភៈ ហើយ​ជា​ទម្លាប់​ គឺ​តែងតែ​ចាប់ផ្តើម​ធ្វើ​មុនគេ នៅ​រដ្ឋ Iowa មុននឹង​ធ្វើ​នៅ​តាម​បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់ ហើយ​ចុងក្រោយ​ គឺ​ការ​​​តែងតាំង​បេក្ខជន​ជាផ្លូវការ ដែល​គេ​ឲ្យឈ្មោះ​ថា “Convention” ហើយ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ខែកក្កដា។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​របស់​បក្ស​​នេះ​មាន​នីតិវិធី​ស្រដៀងគ្នា​ ទៅ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​ ហើយ​ជា​​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ដែល​ពិបាក​នឹង​យល់។

ពេលខ្លះ បេក្ខជន​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​​ពី​ប្រជាជន​ច្រើន​ជាង​គេ មិនប្រាកដ​ថា​​អាច​បាន​ទទួល​ជោគជ័យ​នោះទេ ដោយសារ​តែ​ការ​បោះឆ្នោត​នេះ ជា​ការបោះឆ្នោត​មិនផ្ទាល់។ ពលរដ្ឋ​អាមេរិក​មួយរូបៗ​មិនបោះឆ្នោត​ជ្រើសបេក្ខជន​ណាមួយ​ដោយ​ផ្ទាល់​នោះទេ តែ​បោះឆ្នោត​ជ្រើសរើស​​ប្រតិភូ ដែល​ជា​អង្គបោះឆ្នោត​សម្រាប់​រដ្ឋ​របស់ខ្លួន។ ​ចំនួន​អង្គបោះឆ្នោត​នេះ​ហើយ ដែលជា​អ្នក​កំណត់​លទ្ធផល​ចុងក្រោយ។ បេក្ខជន​ណា​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​​អង្គបោះឆ្នោត​ច្រើន​ជាងគេ គឺ​ជា​អ្នក​ទទួល​ជោគជ័យ។

ចំនួន​អង្គបោះឆ្នោត​នៅ​តាមរដ្ឋ​នីមួយៗ​ត្រូវ​កំណត់​ដោយ​សមាមាត្រ​ទៅតាម​ចំនួន​ប្រជាជន មានន័យថា រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ត្រូវ​មាន​អង្គបោះឆ្នោត​ច្រើន ហើយ​រដ្ឋ​ដែល​មាន​ប្រជាជន​តិច​ក៏​ត្រូវ​មាន​អង្គបោះឆ្នោត​តិច​ទៅតាម​នោះដែរ។ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​ចុងក្រោយ​​អាច​ផ្ទុយ​ពី​ចំនួន​សំឡេងឆ្នោត​របស់​ប្រជាជន គឺ​នីតិវិធី​ស្មុគស្មាញ និង​ខុសៗ​គ្នា ពីរដ្ឋ​មួយ​ទៅ​រដ្ឋមួយ។

រដ្ឋខ្លះជ្រើសរើស​អង្គបោះឆ្នោត​តាមបែប​សមាមាត្រ ពោលគឺ បេក្ខជន​ម្នាក់ៗ​​ទទួល​បាន​ចំនួន​អង្គបោះឆ្នោត​សមាមាត្រ​ទៅនឹង​ចំនួន​សន្លឹកឆ្នោត​របស់​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ។ ឧទាហរណ៍​ថា រដ្ឋ​មួយ​​មាន​ចំនួន​អង្គបោះឆ្នោត​សរុប ១០ បេក្ខជន​ដែល​ទទួល​បាន​សំឡេង​ឆ្នោត ៦០% ត្រូវ​ទទួល​បាន​អង្គបោះឆ្នោត ៦ ចំណែក​ឯ​បេក្ខជន​ដែល​ទទួល​បាន​សំឡេងឆ្នោត ៤០% ត្រូវ​ទទួល​បាន​អង្គបោះឆ្នោត ៤។

ប្រព័ន្ធ​បោះឆ្នោត​បែបនេះ​អាច​ធ្វើ​ឲ្យ​លទ្ធផលចុងក្រោយ​សមាមាត្រ​ទៅ​នឹង​សំឡេង​ឆ្នោត​របស់​ប្រជាជន ក៏ប៉ុន្តែ នៅ​ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០​ របស់​សហរដ្ឋ​អាមេរិក មានតែ​រដ្ឋ​ពីរ​ប៉ុណ្ណោះ ដែល​អនុវត្ត​ប្រព័ន្ធ​នេះ។ ចំណែក​ឯ​រដ្ឋ​ក្រៅពីនេះ​​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​មួយ ដែល​គេឲ្យ​ឈ្មោះ​ថា “winer-take-all” មានន័យ​ថា បេក្ខជន​ដែល​ទទួល​បាន​សំឡេង​ភាគច្រើន ត្រូវ​ទទួល​បាន​អង្គបោះឆ្នោត​ទាំងអស់​នៅ​ក្នុង​រដ្ឋ ចំណែក​ឯ​បេក្ខជន​ផ្សេងទៀត បើទោះបីជា​ទទួល​បាន​សំឡេង​ច្រើន​ប្រកៀកប្រកិតគ្នា​ក៏ដោយ ក៏​មិន​ទទួល​បាន​អង្គបោះឆ្នោត​​សូម្បីតែ​មួយ​សំឡេង។

ការប្រើ​ប្រព័ន្ធ​បោះឆ្នោត​ទីពីរ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​​សំឡេង​នៃ​អង្គបោះឆ្នោត និង​សំឡេង​ឆ្នោត​របស់​ប្រជាជន​មិន​សមាមាត្រ​គ្នា ហើយ​ពេលខ្លះ នៅ​លទ្ធផល​ចុងក្រោយ បេក្ខជន​ដែល​ទទួល​បាន​សន្លឹកឆ្នោត​ពី​ប្រជាជន​នៅទូទាំង​ប្រទេស​ច្រើន​ជាងគេ តែ​បែរ​ជា​ត្រូវ​ចាញ់​ឆ្នោត​ទៅវិញ ដោយសារ​តែ​ទទួល​បាន​សំឡេង​អង្គបោះឆ្នោត​តិចជាង។ ករណី​បែបនេះ​ធ្លាប់​បាន​កើតមាន​ឡើង​ចំនួន ៤លើក រួចមកហើយ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ​កាលពីពេល​កន្លងមក ហើយ​លើកចុងក្រោយ​បង្អស់ គឺ​កាល​ពីឆ្នាំ​២០០០ ដែល​នៅពេលនោះ លោក​អាល់ ហ្គ័រ ទទួល​បាន​សំឡេងឆ្នោត​ពី​ប្រជាជនច្រើន​​ជាង​​លោកចច ដាបិលយូ ប៊ូស ​រហូតដល់​ទៅ​ជាង ៥០ម៉ឺន​សំឡេង បើ​គិតជា​សន្លឹកឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ បែរ​ជា​លោក​ប៊ូស​​ជា​អ្នកឈ្នះ​​បាន​ធ្វើ​ជា​ប្រធានាធិបតី​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ