អានតួអត្ថបទ
អាមេរិក

លោកស្រី​ហ៊ីឡារី​គ្លីនតុន​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី​អាមេរិក

លោកស្រី​ហ៊ីឡារី គ្លីនតុន ​បាន​ប្រកាស​ជាផ្លូវការ​ថា លោកស្រី​នឹង​ឈរឈ្មោះ​​ជា​បេក្ខនារី​ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ នៅ​ឆ្នាំ​២០១៦​ខាងមុខ។ ក្រោយ​ពី​ត្រូវ​ទទួល​បរាជ័យ កាល​ពី​ឆ្នាំ​២០០៨ អតីត​ជំទាវទី១​អាមេរិក គឺ​ជា​បេក្ខនារី​ដែល​មាន​ប្រជាប្រិយភាព​នាំមុខគេ នៅ​ក្នុង​ចំណោម​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោកស្រី ហ៊ីឡារី គ្លីនតុន កាល​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឆ្នាំ​២០០៨ ដែល​លោកស្រី​ត្រូវ​ចាញ់​លោក​អូបាម៉ា
លោកស្រី ហ៊ីឡារី គ្លីនតុន កាល​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឆ្នាំ​២០០៨ ដែល​លោកស្រី​ត្រូវ​ចាញ់​លោក​អូបាម៉ា REUTERS/Joshua Lott
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វីដេអូ​ខ្លី ចេញផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត កាល​ពីថ្ងៃ​អាទិត្យ លោកស្រី ហ៊ីឡារី គ្លីនតុន បាន​លើកឡើង​ថា “​ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី”ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ពលរដ្ឋ​សាមញ្ញ​អាមេរិក។

ដើម្បី​ឈាន​ទៅ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ នៅខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោកស្រី​គ្លីនតុន ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត ប្រកួតប្រជែង​ជាមួយ​បេក្ខជន​ផ្សេងទៀត​មក​ពី​​គណបក្ស​ប្រជាធិបតេយ្យ​ដូចគ្នា។ នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុងបក្ស​នេះហើយ ដែល​លោកស្រី​ធ្លាប់​ទទួល​បរាជ័យ កាល​ពី​ឆ្នាំ​២០០៨ ដោយ​ចាញ់​លោក​អូបាម៉ា។ នៅ​ក្នុង​ការ​បោះឆ្នោត ឆ្នាំក្រោយ​នេះ លោក​អូបាម៉ា ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​រយៈពេល ២អាណត្តិ​មក​ហើយ​នោះ មិន​អាច​ឈរឈ្មោះ​សាជាថ្មីទៀត​បានទេ ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោកស្រី​គ្លីនតុន គឺ​ជា​ឥស្សរជន​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ នៅ​ក្នុង​ចំណោម​គណបក្ស​ប្រជាធិបតេយ្យ។

នៅ​ក្នុងការ​ស្ទាបស្ទង់​មតិ​ កាលពីខែមីនា​កន្លងទៅនេះ អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​រហូត​ដល់​ទៅ​ ៦០% ចង់​ឲ្យ​លោកស្រី​គ្លីនតុន ឈរឈ្មោះ​តំណាង​បក្ស នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។ ​លោក​អូបាម៉ា ដែល​ជា​អតីត​គូប្រជែង​កាល​ពី​ឆ្នាំ​២០០៨ ក៏​បាន​បញ្ចេញ​សំឡេង​គាំទ្រ​លោកស្រី​គ្លីនតុន​ដែរ នៅ​ក្នុងការ​បោះឆ្នោត​លើកនេះ ដោយ​លោក​បាន​ថ្លែង កាល​ពីថ្ងៃ​សៅរ៍​ថា លោកស្រី​គ្លីនតុន​នឹង​ជា​បេក្ខនារី​ដ៏​ល្អបំផុត សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី​គ្លីនតុន គឺ​ជា​បេក្ខនារី ដែល​មាន​ប្រជាប្រិយភាព​នាំមុខគេ នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​បក្ស ក៏ប៉ុន្តែ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ ប្រជែង​ជាមួយ​បេក្ខជន​​មកពី​គណបក្ស​សាធារណរដ្ឋ គឺ​ជា​រឿងមួយផ្សេង ហើយ​លោកស្រី​គ្លីនតុន នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន។

បើ​និយាយ​ពី​ចំណុច​វិជ្ជមាន លោកស្រី​គ្លីនតុន អាច​មាន​ប្រៀប​ត្រង់​បទពិសោធន៍។ លោកស្រី​ធ្លាប់​ចំណាយ​ពេល ៨ឆ្នាំ នៅ​សេតវិមាន ក្នុងឋានៈ​ជា​ជំទាវ​ទីមួយ ក្នុងពេល​ដែល​លោក​ប៊ីល គ្លីនតុន ធ្វើ​ជា​ប្រធានាធិបតី (១៩៩៣-២០០១)។ បន្ទាប់មក​ទៀត លោកស្រី​បាន​ជាប់ឆ្នោត​ជា​​សមាជិក​ព្រឹទ្ធសភា​​តំណាង​រដ្ឋ​ញូវយ៉ក រយៈពេល​ពីរអាណត្តិ (២០០១-២០០៩) ហើយ​ពីឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​ ក្នុង​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា។

ក៏ប៉ុន្តែ ការ​កាន់តំណែង​នយោបាយ​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​មក​នេះ ក្រៅពី​​អាច​ទទួល​បទពិសោធន៍​ច្រើន និង​មាន​គេ​គោរព​ច្រើន​ លោកស្រី​គ្លីនតុន ក៏​ជាប់​រឿង​អាស្រូវ​​ជា​ច្រើន​ផងដែរ។ រឿង​អាស្រូវ​ធំៗ​អស់ទាំងនេះ មាន​ទាំង​រឿង​អាស្រូវ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​លោក​ប៊ីល គ្លីនតុន កាល​ពីលោក​​កាន់តំណែងជា​ប្រធានាធិបតី និង​ទាំង​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​លោកស្រី​ហ៊ីឡារី គ្លីនតុន ខ្លួនឯង​ផ្ទាល់ ជាពិសេស បញ្ហា​ធំៗ​ពីរ ដែល​កើតឡើង នៅ​ក្នុង​ពេល​ដែល​លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស។ បញ្ហា​​ទីមួយ ហេតុការណ៍​វាយប្រហារ​លើ​ស្ថានទូត​អាមេរិក នៅ​លីប៊ី កាល​ពីឆ្នាំ​២០១២ ដែល​បណ្តាល​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ស្លាប់ ហើយ​ដែល​គណបក្ស​សាធារណរដ្ឋ​ទម្លាក់​ការ​ទទួលខុសត្រូវ​ទៅលើ​លោកស្រី​គ្លីនតុនថា​មាន​ការ​ធ្វេសប្រហែស​ ក្នុង​ការ​ចាត់វិធានការ​រក្សា​សន្តិសុខ​ស្ថានទូត។ បញ្ហា​ចម្រូងចម្រាស​ធំទីពីរ គឺ​រឿង​លោកស្រី​គ្លីនតុន​ប្រើ​អ៊ីមែល​ផ្ទាល់ខ្លួន នៅ​ក្នុង​ការ​បំពេញ​ការងារ​ជា​រដ្ឋមន្រ្តី​ការបរទេស ដែល​ជា​ការ​រំលោភ​ទៅលើ​វិធានផ្ទៃក្នុង​ទាក់ទង​នឹង​ការ​រក្សា​ការណ៍​សម្ងាត់​រដ្ឋ។ ទាំងអស់នេះ សុទ្ធសឹង​តែ​ជា​រឿងអាស្រូវ ដែល​អាច​​ជា​ចំណុច​ខ្សោយ ឲ្យ​គូប្រជែង​លើកយក​មក​វាយប្រហារ​លោកស្រី នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

បញ្ហា​ចោទ​ដ៏ធំមួយ​ទៀត សម្រាប់​លោកស្រី​គ្លីនតុន គឺ​ការឈរឈ្មោះ​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​កាន់អំណាច ២អាណត្តិ​មក​ហើយ។ វាជារឿង​ធម្មតា នៅ​ប្រទេស​ប្រជាធិបតេយ្យ គណបក្ស​កាន់អំណាច​ច្រើន​តែ​ទទួល​ការ​រិះគន់​ច្រើនជាង​គណបក្ស​ប្រឆាំង។ ក្រោយ​ពី​កាន់អំណាច ៨ឆ្នាំ គណបក្ស​ប្រជាធិបតេយ្យ​កំពុងតែ​ត្រូវ​ទទួល​ការ​រិះគន់​ច្រើន ហើយ​មាន​ប្រជាប្រិយភាព​ធ្លាក់​ចុះ ក្នុងពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​បក្ស​ប្រឆាំង កំពុងតែ​មាន​ប្រជាប្រិយភាព​កើនឡើង រហូត​ដណ្តើម​កាន់កាប់​សំឡេង​ភាគច្រើន​​ទាំងនៅ រដ្ឋសភា និង​ព្រឹទ្ធសភា។

ដូច្នេះ សម្រាប់​លោកស្រី​ហ៊ីឡារី គ្លីនតុន ដំណើរ​ឆ្ពោះទៅ​សេតវិមាន ក្នុងឋានៈ​ជា​ប្រធានាធិបតី​ស្រី​ទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ