អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើមានប្រយោជន៍អ្វី ដែល​អាមេរិក​ប្រមាញ់​សម្លាប់​មេដឹកនាំ​បណ្តាញ​អាល់កៃដា នៅ​យេម៉ែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន​បាន​ប្រកាស​ថា បាន​សម្លាប់​មេដឹកនាំ​បណ្តាញ​អាល់កៃដា នៅ​ឧបទ្វីប​អារ៉ាប់ កាស៊ីម អាល់ រីមី នៅក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្មមួយ នៅ​ទឹកដី​យេម៉ែន។ កាស៊ីម អាល់រីមី ជាមេដឹកនាំ​របស់​បណ្តាញ​ក្រុមអាល់កៃដា ដែល​សកម្មខ្លាំង​នៅ​ក្នុង​ប្រទេស​យេម៉ែន ជាទី​ដែលកំពុង​មាន​សង្រ្គាម​ស៊ីវិល​ប្រយុទ្ធគ្នា អស់​៥ឆ្នាំមកហើយ។ សម្លាប់​កាស៊ីម​អាល់ រីមី ជាស្នាដៃ​មួយ​របស់​អាមេរិក ប៉ុន្តែ សំណួរសួរថា នឹង​មានរឿងអ្វី​កើតឡើង និងថា​តើក្រុមអាល់កៃដា នៅ​ឧបទ្វីបអារ៉ាប់ នឹង​មានអនាគត​យ៉ាងណា នៅក្រោយ​បាត់បង់​មេកើយ​របស់ខ្លួន?

រូបកាស៊ីម អាល់រីមី មេដឹកនាំ​របស់​ក្រុម​Aqpa បណ្តាញរបស់​អាល់កៃដា នៅយេម៉ែន ដែល​អាមេរិក​បានអះអាង បាន​បាញ់សម្លាប់ កាលពីដើមខែ​កុម្ភៈ ២០២០
រូបកាស៊ីម អាល់រីមី មេដឹកនាំ​របស់​ក្រុម​Aqpa បណ្តាញរបស់​អាល់កៃដា នៅយេម៉ែន ដែល​អាមេរិក​បានអះអាង បាន​បាញ់សម្លាប់ កាលពីដើមខែ​កុម្ភៈ ២០២០ © AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សេតវិមាន​បាន​និយាយ​ថា ការស្លាប់​បាត់​ជីវិត របស់​កាស៊ីម អាល់ រីមី​នឹង​ធ្វើ​ឲ្យ​បណ្តាញ​អាល់កៃដា នៅ​ឧបទ្វីបអារ៉ាប់ Aqpa​ចុះខ្សោយ រួមទាំង​ចលនា​អាល់កៃដា​ទាំងមូលផង។ សម្រាប់​អាមេរិក ដោយ​សម្លាប់​បានកាស៊ីម អាល់រីមី ដែល​​មេកើយ​របស់​បណ្តាញអាល់កៃដា នៅ​ទឹកដីយេម៉ែន គេ​កាន់​តែ​ឈាន​ទៅអាច​លុប​បំបាត់​ចោល ទាំងស្រុង ការគំរាមកំហែង​ភេរវកម្ម ដែល​ក្រុមនេះ បាន​បង្ក​ឡើង​ទៅ​លើ​សន្តិសុខ​ជាតិ​អាមេរិក។

តើ កាស៊ីម អាល់រីមី ជា​អ្នកណា?

តាម​មន្រ្តី​អាមេរិកាំង កាស៊ីម អាល់រីមី បាន​ចូលរួម​ក្នុងក្រុមអាល់កៃដា ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដោយ​បាន​ធ្វើការ​ឲ្យ​អូសាម៉ា បិនឡាដិន នៅ​ប្រទេស​អាហ្វហ្វានីស្ថាន។ នៅ​ឆ្នាំ ២០០៩ ក្រុមAqpa ដែល​ជា​បណ្តាញ​របស់​ក្រុមអាល់កៃដា នៅ​ឧបទ្វីប​អារ៉ាប់ ត្រូវ​បាន​បង្កើតចេញជារូបរាង ដោយ​មាន​កាស៊ីម អាល់រីមី ជនជាតិ​យេម៉ែន ជា​ស្ថាបនិក​សំខាន់ម្នាក់។ អាល់ រីមី បាន​ក្លាយ​ជា​មេបញ្ជាការទ័ព​ដំបូងគេ​របស់​ក្រុមAqpa  និង​បាន​ចាប់ផ្តើម​ដឹកនាំ ក្រុម​នេះ បន្ទាប់ពី​មេចលនា​Aqpa គឺ​ Nasir al Wuhayshi ត្រូវ​យន្តហោះ​ដ្រូន​របស់​អាមេរិក បាញ់សម្លាប់ កាលពី​ឆ្នាំ ២០១៥។

តាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន ក្រុមAqpa ក្រោមការដឹកនាំ​របស់​កាស៊ីម អាល់រីមី បាន​ប្រព្រឹត្ត​អំពើហិង្សា រាប់មិនអស់ ប្រឆាំង​ប្រជាជន​ស៊ីវិល​យេម៉ែន ហើយនិង​ព្យាយាម បញ្ចុះបញ្ចូល លើកទឹកចិត្ត​ឲ្យ​មានការវាយប្រហារ​ភេរវកម្ម ប្រឆាំង​ទឹកដី​អាមេរិក និង​កងទ័ព​អាមេរិក។

មេដឹកនាំ​របស់​ ក្រុមAqpa ត្រូវ​យន្តហោះ​ដ្រូន​អាមេរិក បាញ់សម្លាប់ បន្ទាប់​ពី​ក្រុមនេះ បាន​ចេញមុខ​ប្រកាស​ថា ភេរវកម្ម សម្លាប់​ទាហាន​អាមេរិកាំង ៣នាក់ នៅ​មូលដ្ឋានទ័ព អាមេរិក ក្នុង​រដ្ឋFlordia ជាស្នាដៃ​របស់​ក្រុមខ្លួន។ ក្រុមAqpa ចេញមុខ​ទាមទារ​យ៉ាងដូច្នេះ ព្រោះថា ទាហាន​អារ៉ាប៊ី សាអូឌីត ដែល​ជា​អ្នកបាញ់​សម្លាប់មនុស្ស​នៅ​មូលដ្ឋានទ័ព នៅ​Florida ធ្លាប់​បាន​សរសេរ​សារ Twitter រិះគន់​អាមេរិក និង​ដកស្រង់​សំដី របស់អូសាម៉ា បិនឡាដិន។

នៅ​ឆ្នាំ ២០១៨ អាមេរិក​បាន​ប្រកាស​ដំឡើង ថ្លៃ រង្វាន់ ពី ៥ ទៅ ១០លាន​​ដុល្លារ សម្រាប់​អ្នកដែល​ជួយ​ឲ្យ​អាមេរិក ចាប់ខ្លួន​មេដឹកនាំ របស់​ក្រុមAqpa បន្ទាប់ពី​ក្រុមនេះ ប្រកាស​ទទួល​ខុសត្រូវ លើ​អំពើភេរវកម្ម ក្បែរ​ស្ថានទូត អាមេរិក​ក្នុង​ប្រទេស​យេម៉ែន។

តើ​សម្លាប់​កាស៊ីម អាល់រីមី នឹង​ធ្វើ​ឲ្យ​លែង​មានការគំរាមកំហែង​របស់​ក្រុមភេរវនិយម​មែន​ឬ​យ៉ាងណា?

បើនិយាយ​ពី​ចំនួន​ភេរវកម្ម ដែល​ក្រុមAqpa បានរៀបចំ​កន្លងមក គឺ​ភាគច្រើន កើតឡើង នៅក្នុង​ទឹកដី​យេម៉ែន និង​ក្នុង​ទ្រង់ទ្រាយ​តូច។ នៅ​យេម៉ែន ក្រុមAqpa បាន​ឆ្លៀត​ឱកាស ដែល​មាន​សង្រ្គាម​ស៊ីវិល ការប្រយុទ្ធគ្នា​រវាង​ពួកឧទ្ទាមហ៊ូទី ហើយនិង​កងទ័ព​រដ្ឋាភិបាល ដើម្បី ពង្រីក​អំណាច វាតទី​របស់ខ្លួន នៅភាគខាងត្បូង ប្រទេស​យេម៉ែន។

សម្រាប់អ្នកជំនាញ គេ​យល់ស្រប​ជាមួយ​រដ្ឋបាល​អាមេរិក​ដែល​ថា ក្រុមAqpa ចុះខ្សោយ នៅពេលកាស៊ីម អាល់រីមី ជា​មេកើយ ត្រូវ​យន្តហោះ​ដ្រូន​បាញ់សម្លាប់។ ប៉ុន្តែ អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​Think Tank នៅ​ទីក្រុងសាណា វាយតម្លៃថា កាស៊ីម អាល់រីមី ត្រូវ​អាមេរិក​សម្លាប់មែន ប៉ុន្តែ ក្រុមAqpa នៅតែមានជីវិត។ នៅពេល​នេះ គេ​បាន​ដឹងខ្លះៗហើយ​​ពី​ឈ្មោះ​របស់​បេក្ខជន ពីររូប​ដែល​នឹង​ចូល​កាន់តំណែង​ជា​មេដឹកនាំ​របស់​បណ្តាញ​អាល់កៃដា នៅ​យេម៉ែន បន្តពី កាស៊ីម អាល់រីមី។

ជា​ការពិត អស់ពី កាស៊ីម អាល់រីមី ទៅ ក្រុមAqpa នឹងបាត់បង់​មេដឹកនាំ ខាងយុទ្ធសាស្រ្ត​ធ្វើ​ភេរវកម្ម​ម្នាក់។ គ្មានមេដឹកនាំ ក្រុមAqpa នឹង​ចុះខ្សោយ។ ប៉ុន្តែ តាម​អ្នកជំនាញ​ខាងភេរវកម្ម នៅ​តំបន់​អារ៉ាប់ ក្រុមAqpa តាមពិត ចាប់​ចុះខ្សោយ​តាំង​ពី​នៅមុន យន្តហោះ​ដ្រូន​អាមេរិក​បាញ់សម្លាប់​កាស៊ីម អាល់រីមី​ទៅទៀត។ គេ​វាយតម្លៃដែរថា កាស៊ីម អាល់រីមី នេះ ក៏មិនមែនជា​មេដឹកនាំ ក្រុមAqpa​ដែល​ពូកែ​ខ្លាំង មាន​ស្នាដៃ ដូចមេដឹកនាំ​មុនៗ​នោះដែរ។ ក្រុមAqpa ​អាច​បង្ក​ភេរវកម្ម​ច្រើន​តែ​ក្នុង​ស្រុក ដោយ​គេរាប់ឃើញ​មាន​អំពើភេរវកម្ម ចំនួន ២០៧លើក នៅយេម៉ែន នៅ​ឆ្នាំ ២០០៧ ចំណែក​ភេរវកម្ម នៅ​បរទេស ដែល​ក្រុមនេះ ចេញមុខ​យកស្នាដៃ គឺ​ភេរវកម្ម សម្លាប់អ្នកកាសែត​បារាំង Charlie Hebdoនៅ​ឆ្នាំ ២០១៥ ដែល​បង្ក​ដោយ​បងប្អូនប្រុស ២នាក់ ត្រកូល Kouachi ដែល​ធ្លាប់​ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​យេម៉ែន។

សម្រាប់​អ្នកជំនាញ ក្រុម​Aqpa​ដើរតួនាទី​ត្រឹម មាន​ឥទ្ធិពល មនោគមវិជ្ជា ដើម្បី លើក​ទឹកចិត្ត ឲ្យ​មាន​ការវាយប្រហារ​​ភេរវកម្ម នៅទឹកដី​បរទេស ប៉ុន្តែ ក្រុមនេះ គ្មាន​សមាជិក​ផ្ទាល់ ដែល​ចេញ​ទៅ​ធ្វើ​ភេរវកម្ម​នៅទឹកដី​បរទេស​នោះទេ។ ការតាមប្រមាញ់​សម្លាប់​មេដឹកនាំ​ក្រុមAqpa នឹង​ធ្វើ​ឲ្យក្រុមនេះ កាន់​តែ​ចុះខ្សោយ កម្លាំង និង​ឥទ្ធិពល ហើយ​និង​អាច​ផ្តល់​កម្លាំង ទៅ​ឲ្យ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​ជា​សត្រូវ ប្រជែង​ឥទ្ធិពល​របស់​ក្រុម​Aqpa ដែល​ជាបណ្តាញ​របស់​អាល់កៃដា នៅយេម៉ែន។

សម្រាប់​រដ្ឋបាល​លោកដូណាល់ ត្រាំ ទោះជា​សម្លាប់ កាស៊ីម អាល់រីមី មិនបាន​ធ្វើឲ្យ​បណ្តាញ​របស់​ក្រុមអាល់កៃដា រលាយ​សាបសូន្យមែន ប៉ុន្តែ វា​ជា​អំណះអំណាង​មួយ ដែល​លោក​យកទៅប្រើ​សម្រាប់ ទាក់ទាញ​ម្ចាស់សំឡេង​ឆ្នោត អាមេរិកាំង។ ​លោក​ត្រាំ ចង់​បង្ហាញថា លោក មាន​ស្នាដៃ​ក្នុងការកម្ចាត់​មេដឹកនាំ​របស់​ក្រុមភេរវនិយម ដូចជា​លោក​បាន​បញ្ជា​ឲ្យ​គេ​បាញ់សម្លាប់​មេដឹកនាំ​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អាប៊ូ បាក់ដាឌី កូនប្រុស​របស់​អូសាម៉ា បិនឡាដិន មេទ័ព​របស់អ៊ីរ៉ង់ និង​ចុងក្រោយ គឺ​មេដឹកនាំ ក្រុមAqpa កាស៊ីម អាល់រីមី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ