អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់​ ត្រាំ​ ប្តូរចិត្ត​និង​សម្រេច​ប្រឆាំងនឹង​វិធានការ​បិទ​ក្រុងញូវយ៉ក​ទាំងមូល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក មានចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ គិតត្រឹមថ្ងៃអាទិត្យ ទី២៩ មីនានេះ ករណីឆ្លងនៅអាមេរិកមានចំនួនច្រើនជាង ១២ ម៉ឺន ៤ ពាន់ករណី ហើយក្នុងចំណោមនោះ អត្រាអ្នកឆ្លងចំនួនជិតពាក់កណ្តាល​ស្ថិតនៅក្នុង​ទីក្រុង​ញ៉ូវយក។ តែទោះជាបែបនេះក្តី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនចង់​ចាក់សោក្រុង​ញូវយ៉កទាំងមូលនោះទេ ហើយនៅល្ងាចថ្ងៃសៅរ៍មិ្សលមិញ លោកត្រាំ ថែមទាំងបានប្រកាសប្រឆាំងទៅ​នឹងវិធានការ​បិទខ្ទប់ការចេញចូលក្រុងនេះ​ទៀតផង។  

លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្នភាពទាក់ទងនឹងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក

នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានអត្រាអ្នកឆ្លងវីរុសកូវីដ១៩ ខ្ពស់ជាងប្រទេស​ណាៗទាំងអស់ក្នុងពិភពលោក គឺមានចំនួនរហូតដល់ជាង ១២ម៉ឺន ៤ពាន់ករណី ដោយវ៉ា​ឈ្នះប្រទេសអ៊ីតាលីដែលមានករណីឆ្លងច្រើនជាង ៩ម៉ឺនករណី និងបានវ៉ាឈ្នះ​ប្រទេស​ចិនដែលមានជាង ៨ម៉ឺនករណី។

ចំណែកអ្នកស្លាប់វិញ ក៏មានចំនួនកើនឡើងដែរនៅក្នុងទឹកដីអាមេរិក។ បើយោងទៅ​តាមស្ថិតិដែលចេញផ្សាយដោយសារព័ត៌មានអង់គ្លេស BBC នៅថ្ងៃអាទិត្យ ទី ២៩ មីនានេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅសហរដ្ឋអមេរិកឡើងដល់ចំនួនប្រមាណ ២ ១០០ នាក់។ អត្រានេះកើនឡើងទ្វេដងលើសកាលពី ២ ថ្ងៃមុន។

យ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់នៅអាមេរិកនៅតែទាបជាងចំនួនអ្នកស្លាប់នៅអ៊ីតាលី ដែលមានចំនួនមនុស្សស្លាប់ជាង ១ម៉ឺននាក់ និងនៅអេស្ប៉ាញដែលមានប្រមាណ ៦ពាន់នាក់ និងនៅចិនមានប្រមាណ ៣ ពាន់ ៣ រយនាក់។

ប៉ុន្តែ គេមានការបារម្ភ អំពីការកើនឡើងខ្លាំងនៃករណីឆ្លងកូវីដ១៩ នៅតាមទីក្រុង​ធំៗសំខាន់ៗមួយចំនួនរបស់អាមេរិកដូចជានៅ ញូវយ៉ក ញូវអរលែន ឌីត្រយ និង ស៊ីអាថល។

គ្រាន់តែនៅក្នុងទីក្រុងញូវយ៉កមួយ អត្រាអ្នកឆ្លងមានចំនួនជាង ៥ម៉ឺ​ ២ ពាន់ករណី ពោល​គឺស្មើជិតពាក់កណ្តាល នៃចំនួនឆ្លងសរុបក្នុងប្រទេសទាំងអស់ដែលមានជាង ១២ម៉ឺន ៤ពាន់ករណី។

ហេតុអ្វី​លោកត្រាំ ប្តូរចិត្តឈប់បិទទីក្រុងញូវយ៉ក?

ជាការពិត លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃមុន បានលើកឡើងអំពី គោលបំណងចង់ចាក់សោទីក្រុងញូវយ៉កទាំងមូល និងក្រុងនៅក្បែរៗនោះ ​មានដូចជា ក្រុង​ញូវអរ​លែន​ ឌីត្រយ និង ក្រុងស៊ីអាថល ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ កាន់តែ ឆ្លងរាលដាលខ្លាំងក្លាទៅមុខទៀត។

ដោយឡែក កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ លោកប្រមុខរដ្ឋអាមេរិក ស្រាប់តែប្តូរគំនិត និងបានប្រកាសប្រឆាំងទៅនឹងវិធានការចាក់សោរយៈពេលពីរសប្តាហ៍ លើទីក្រុងញ៉ូវយក និងក្រុងក្បែរៗនោះទៅវិញ។

តាមពិតទៅ ការសម្រេចចិត្តចុងក្រោយរបស់លោកដូណាល់ ត្រាំ គឺធ្វើឡើងដោយស្រប​ទៅតាមអនុសាសន៍របស់ក្រុមការងារពិសេសនៃសេតវិមានមួយក្រុម ដែលជាអ្នកធ្វើការ​ទទួលខុសត្រូវផ្នែកវីរុសកូវីដ១៩។

ជាក់ស្តែង ប្រមុខរដ្ឋាភិបាលអាមេរិករូបនេះ បានសរសេរនៅលើបណ្តាញសង្គមធ្វីតទ័រ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះថា គ្មានការចាក់សោក្រុងញូវយ៉ក និងក្រុង​នៅក្បែរនោះទេ។ នេះ គឺដោយយោងទៅតាម អនុសាសន៍របស់ក្រុមការងារ​ពិសេស នៃសេតវិមានស្តីអំពីមេរោគកូរ៉ូណាថ្មី និង ក្រោយពិគ្រោះយោបល់ជាមួយអភិបាលក្រុង ញូវយ៉ក និងក្រុងមួយចំនួនទៀត។

ទោះជាបានសម្រេចមិនបិទទីក្រុង និងរាំងខ្ចប់ការដើរហើររបស់ប្រជាជនយ៉ាងណាក្តី  លោកដូណាល់ ត្រាំ មានលើកឡើងដែរថា គេនឹងដាក់បំរាមមួយចំនួនលើការដើរហើរ​របស់ពលរដ្ឋអាមេរិកដែលរស់នៅក្នុងទីក្រុងញ៉ូវយក និងរដ្ឋញូជឺស៊ី។

វិធានការបិទខ្ទប់ការធ្វើដំណើរចេញចូលប៉ះពាល់សេដ្ឋកិច្ចអាមេរិកខ្លាំង

ការបិទទីក្រុងទាំងមូល បិទមិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ ពិតជាប៉ះពាល់ខ្លាំងណាស់​ដល់សេដ្ឋកិច្ច មិនថាតែសេដ្ឋកិច្ចរបស់អាមេរិក ឬក៏សេដ្ឋកិច្ច​របស់ប្រទេសណាមួយ​នោះទេ។

ចាក់សោបិទខ្ទប់ទីក្រុង ឬបិទខ្ទប់ប្រទេសទាំងមូលរយៈពេលយូរ មានន័យថា ផលិតកម្មរោងចក្រ សហគ្រាស ហាងទំនិញ ក្នុងប្រទេសនឹងលែងដំណើរការ។ និន្នាការនេះ អាចនឹងធ្វើចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងខ្លាំង ហើយសេដ្ឋកិច្ច​នៃប្រទេស នឹងត្រូវរងផលប៉ះពាល់ខ្លាំងជាមិនខាន។

គួរកត់សម្គាល់ថា រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាមេរិក សម្រេច បិទទីក្រុងមួយចំនួន មានមនុស្សចំនួន ៣លាន ៣សែននាក់ បាត់បង់ការងារ​​នៅក្នុង​ប្រទេស។

ដូច្នោះហើយ បើនៅតែបន្តចាក់សោទីក្រុង និងរដ្ឋកាន់តែច្រើន និងកាន់តែយូវអង្វែង សេដ្ឋកិច្ចអាមេរិក នឹងរងផលប៉ះពាល់ខ្លាំង ហើយអាចនឹងជួបគ្រោះអាសន្នធំ​នាពេលខាង​មុខនេះមិនខាន។

អភិបាលក្រុងញូវយ៉កលោកអេនឌ្រូ គួរម៉ូ (Andrew Cuomo) បាននិយាយថា ការដាក់​ក្រុងញូវយ៉ក ឲ្យលែងដំណើរការ លែងមានសង្វាក់ផលិកម្ម គឺជារឿងមិន​ត្រឹមត្រូវនោះទេ និងថានេះជាគំនិតធ្វើបាបពល​រដ្ឋអាមេរិក។

លោកអភិបាលក្រុងញូវយ៉ក បានបន្ថែមថាបែបនេះថា ការបិទខ្ទប់ទីក្រុងកាន់តែច្រើន នឹងបណ្តាលឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ ហើយសេដ្ឋកិច្ចអាមេរិកនឹងមិនអាចងើបក្បាល​ឡើងវិញបានឡើយបើមិនរាប់ឆ្នាំ ក៏រាប់ខែដែរ។ គេអាចចាត់ទុកបញ្ហានេះ​ថាជាគ្រោះថ្នាក់​ធំណាស់ គឺធំជាងការបិទក្រុង ឬប្រទេសទាំងមូលទៅទៀត។

តែទោះជាបែបនេះក្តី រដ្ឋាភិបាលអាមេរិក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ណាស់ក្នុងការ ប្រយុទ្ធប្រឆាំង នឹងមេរោគកូរ៉ូណាថ្មី តាមរយៈការដាក់បំរាមមិនឲ្យមានការជួបជុំធំៗ និងអំពាវនាវឲ្យប្រជាជននៅក្នុងផ្ទះបើគ្មានកិច្ចការចាំបាច់នោះទេ។

ក្រៅពីនេះ រដ្ឋអំណាចអាមេរិក ក៏បានត្រៀមថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដើម្បីដោះស្រាយវិបត្តិបង្កដោយវិបត្តិកូវីដ១៩។ ជាក់ស្តែង នៅសប្តាហ៍នេះ អាមេរិក បានសម្រេចអនុម័តលើកកញ្ចប់ថវិកាចំនួនជាង ២ ទ្រីលានដុល្លារ ឬស្មើនឹង ២០០ ម៉ឺនលានដុល្លារ ដើម្បីជួយពលរដ្ឋអាមេរិក រោងចក្រ ក្រុមហ៊ុន សហគ្រាស និងមន្ទីរពេទ្យដែលរងគ្រោះខ្លាំងពីជំងឺរាតត្បាតសកល កូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ