អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​១១កញ្ញា​២០០១៖ ១៩ឆ្នាំ​ក្រោយ នៃ​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវកម្ម​តាលីបង់​ នៅ​​អាហ្វហ្កានីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិភពលោកនៅចាំបានយ៉ាងច្បាស់ ថ្ងៃទី១១កញ្ញា ឆ្នាំ២០០១ ជាថ្ងៃដែលសហរដ្ឋអាេមរិក បានរង​នូវ​ការ​វាយប្រហារ​ភេរវកម្ម ដ៏ធំសម្បើមក្នុងប្រវត្តិសាស្ត្រ។ ក្រុមភេរវជនតាលីបង់ បានប្លន់យន្តហោះ​​៤គ្រឿងផ្សេងគ្នា ដោយ២គ្រឿង យកទៅ​បើកបុកអាគារភ្លោះ World Trad Center កណ្តាលទីក្រុងញូយ៉ក ១គ្រឿងទៀត បានបើកបុកបំផ្ទុះ កំទេចអាគារមន្ទីរប៉ង់តាហ្គោនមួយ​ផ្នែក ហើយយន្តហោះទី៤ បានសំដៅ​ទៅកំទេច​សេតវិមាន តែបានធ្លាក់នៅទីវាលមួយ ចំងាយប្រមាណ​២៥០គីឡូម៉េត្រ ពីទីក្រុងវ៉ាស៊ីនតោន។ ក្រោយហេតុការណ៍នេះ សហរដ្ឋអាេមរិក បានប្រកាសសង្រ្គាម ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មតាលីបង់ នៅអាហ្វហ្កានីស្ថាន។

ទាហានអាមេរិក កំពុងដោតផ្កា និងទង់ជាតិអាមេរិក នៅក្បែរទីតាំង​ Ground Zero នៃអាគារភ្លោះ World Trad Center នៅក្រុងញួូយ៉ក ក្នុងឱកាស​ខួប​១៩ឆ្នាំ នៃភេរវកម្ម ១១កញ្ញា២០០១។
ទាហានអាមេរិក កំពុងដោតផ្កា និងទង់ជាតិអាមេរិក នៅក្បែរទីតាំង​ Ground Zero នៃអាគារភ្លោះ World Trad Center នៅក្រុងញួូយ៉ក ក្នុងឱកាស​ខួប​១៩ឆ្នាំ នៃភេរវកម្ម ១១កញ្ញា២០០១។ REUTERS - CARLO ALLEGRI
ផ្សាយពាណិជ្ជកម្ម

តាមការគ្រោងទុក ក្នុងឱកាសខួប១៩ឆ្នាំ នៃភេរវកម្ម​ថ្ងៃទី​១១កញ្ញា ២០០១ គឺមានកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ ធ្វើឡើងនៅ២ទីតាំង។​ ទីតាំងទីមួយ​ និងសំខាន់បំផុតនោះ គឺនៅ​ទីក្រុងញូយ៉ក នៅទីបូជនីយដ្ឋាន Ground Zero ​នៃ​អាគារភ្លោះ World Trad Center។ ជារៀងរាល់ឆ្នាំនៅទីនេះ តែងតែមានកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ក្នុងហេតុការណ៍នេះ ចំនួន​៣០០០នាក់។ កម្មវិធីមួយទៀត គឺធ្វើនៅ ទីតាំងធ្លាក់យន្តហោះ នៅតំបន់ Shanksville ក្នុងរដ្ឋ Pennsylvanie ដែល​មាន​អ្នកស្លាប់ចំនួន​៤៤នាក់។

នរណាបង្ហាញកាយវិការ គោរពវិញ្ញាណក្ខន្ធ បានល្អជាងអ្នកណា?

នៅព្រឹកថ្ងៃសុក្រ លោក ចូ បៃដិន បេក្ខជនបក្សប្រជាធិបតេយ្យ មានវត្តមាននៅទីក្រុងញូយ៉ក​ ចូលរួមរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់។ កម្មវិធីនេះ ត្រូវ​ចាប់ផ្តើម ដោយ​ការស្មឹងស្មាតមួយនាទី នៅវេលាម៉ោង ៨និង៤៦នាទីព្រឹក ដែលជាម៉ោងដែល​យន្តហោះទី១ បានបុកអាគារ World Trad Center។ លោកចូ បៃដិន នឹងមិនថ្លែងសន្ទរកថាអ្វីទេ ព្រោះថាកម្មវិធីនេះ គឺគេទុកឱកាស ជាទូទៅឲ្យ​តែសមាជិកក្រុមគ្រួសារជនរងគ្រោះប៉ុណ្ណោះ ជាអ្នកថ្លែងសារ។ បន្ទាប់​មក​ទៀត នៅពេលរសៀល លោក ចូ បៃដិន និង​ធ្វើដំណើរទៅ Shanksville ចូលរួមក្នុងពិធី​រំលឹកវិញ្ញាណក្ខន្ធមួយទៀត នៅទីនោះ។

ចំណែកលោកដូណាល់ ត្រាំវិញ គឺលោកចូលរួម តែនៅក្នុងកម្មវិធីពេលព្រឹកថ្ងៃសុក្រ នៅ​Shanksville តែប៉ុណ្ណោះ ដោយមិនមកទីក្រុងញូយ៉កទេ។ អ្នករៀបចំកម្មវិធី បានបញ្ចៀស មិនឲ្យ​បេក្ខជន​ទាំង២ ជួបគ្នាទេ នៅ​Shanksville ដោយមួយទៅពេលព្រឹក មួយទៅពេលថ្ងៃ។

នៅក្នុងកម្មវិធីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយអំពើែភេរវកម្មថ្ងៃទី​១១កញ្ញា២០០១នេះ ជាទូទៅគឺគេរៀបចំ ​មិនឲ្យមានលក្ខណៈនយោបាយទេ ដោយ​បេក្ខជនឈរឈ្មោះបោះឆ្នោត មិនមានឱកាស ថ្លែងសារនយោបាយ​អ្វ​ីទេ។ តែយ៉ាងណា រូបភាពដែលផ្សាយផ្ទាល់ព្រោងព្រាតតាមបណ្តាញព័ត៌មាន ដែលបង្ហាញ​ពី​ ការស្មឹងស្មាត និងការសម្តែងការអាណិតអាសូរ ដល់អ្នកស្លាប់ ពីសំណាក់ បេក្ខជន​ឈរឈ្មោះនីមួយៗនេះ គឺវាអាចចូលរួមចំណែកដែរ ក្នុងការទាក់ទាញចិត្តប្រជាជន​អាមេរិក ឲ្យ​ស្រលាញ់គាំទ្រ និងបោះឆ្នោតឲ្យ។

សង្រ្គាម១៩ឆ្នាំនៅអាហ្វហ្កានីស្ថាន

គិតមកទល់ពេលនេះ​ គឺរយៈពេល១៩ឆ្នាំហើយ។ ជារយៈពេលដែល​សហរដ្ឋអាមេរិក បានធ្វើសង្រ្គាមសងសឹក ប្រយុទ្ធនឹងក្រុមភេរវកម្មតាលីបង់ នៅអាហ្វហ្កានីស្ថាន។ ១៩ឆ្នាំនៃសង្រ្គាម យើងអាចនិយាយបានដោយខ្លីថា លទ្ធផលល្អ គឺគ្មានទាល់តែសោះ។ ផ្ទុយទៅវិញ អាហ្វហ្កានីស្ថាន ត្រូវហែកហួរ យារយីដោយសង្រ្គាមរ៉ាំរ៉ៃ។ អ្នកដែលទទួលការលំបាក​បំផុតនោះ គ្មាននរណាក្រៅពីប្រជាជនអាហ្វហ្កានីស្ថានទេ។ តាមការប៉ាន់ស្មាន ជីវិតមនុស្ស​យ៉ាងហោច ១៥ម៉ឺននាក់ បានស្លាប់ ដោយសារសង្រ្គាមនេះ។ ចំណែក​ ក្រុមតាលីបង់ ដែល​អាមេរិក ប្រយុទ្ធសងសឹកនោះ គឺនៅតែមានឥទ្ធិពលដដែល។

យោងតាមតួលេខ របស់អង្គការសហប្រជាជាតិ ជនស៊ីវីល អាហ្វហ្កានីស្ថាន មានស្លាប់ចន្លោះ ពី​៣០០០០ ទៅ​៦០០០០នាក់ ដោយសារសង្រ្គាមគ្មានថ្ងៃបញ្ចប់នេះ។ យោងតាមតួលេខផ្លូវការ​ របស់ មន្ទីរប៉ង់តាហ្គោន ទាហានអាមេរិក មានស្លាប់ចំនួន ១៩០៩នាក់ និងរបួសជាង២ម៉ឺននាក់។ ក្រៅពីទាហានអាេមរិក គឺនៅមានទាហានប្រទេសសម្ព័ន្ធមិត្តអូតង់ ជាច្រើនទៀត បានស្លាប់ ដូចជាទាហានអង់គ្លេស ស្លាប់ ៤៥៤នាក់ កាណាដាស្លាប់ ១៥៧នាក់ និងបារាំងស្លាប់ ៨៩នាក់។

ការចំណាយប្រាក់វិញ គិតត្រឹមខែកញ្ញាឆ្នាំ២០១៩ ក្រសួងការពារជាតិអាេមរិក បានបូកសរុប ឃើញថាចំណាយអស់យ៉ាងហោច ៧៧៦ពាន់លានដុល្លារ ដែលក្នុងនោះ ១៩៧ពាន់លានដុល្លារ គឺត្រូវចំណាយទៅលើ ការកសាងរៀបចំ​ប្រទេសអាហ្វហ្កានីស្ថានឡើងវិញ។ ជារួមយើងឃើញថា សង្រ្គាមរ៉ាំរ៉ៃ ដែលអាមេរិកបានធ្វើនៅអាហ្វហ្កានីស្ថាន ក្រោយភេរវកម្មថ្ងៃទី ១១កញ្ញា ២០០១នេះ គឺមានតែការខាតបង់ ទាំងជីវិតមនុស្ស ទាំងប្រាក់កាស។ ហើយនេះយើងនៅ​មិនគិត ពីសង្រ្គាមនៅអ៊ីរ៉ាក់ផងទេ។

ដកទ័ពចេញ ដោយរបៀបណា?

​រដ្ឋាភិបាលអាមេរិក តាំងតែពីជំនាន់លោកអូបាម៉ា បាន​គិតគូរ ចង់ដក​ទ័ព​ចេញពីអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ផង។ លោកដូណាល់ ត្រាំ បានបន្ថែមល្បឿនកាន់តែខ្លាំង ដល់ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយបាន​ចុះកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយក្រុមតាលីបង់ កាលពីខែ​កុម្ភៈ ដើមឆ្នាំនេះ។

យ៉ាងណាក៏ដោយ​ អ្នកជំនាញ​មួយចំនួនបានមើលឃើញថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ដូចជាចង់ចាប់បង្ខំ ឲ្យភាគីទាំង២នេះ ចូលតុចរចា យ៉ាងតក់ក្រហល់។ លោកដូណាល់ ត្រាំ ត្រូវការ​យកដំណឹងល្អនេះ ទៅអួតឃោសនា បិទបញ្ចប់អាណត្តិរបស់គាត់ ថាគាត់បានជោគជ័យអ្វីខ្លះ។

មតិរិះគន់​ថា អាេមរិកបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមតាលីបង់ ដោយតក់ក្រហល់ និងបានធ្វើសម្បទាន​ជ្រុលហួសហេតុ ទៅឲ្យ​ក្រុមតាលីបង់។ បញ្ហាទាក់ទិននឹងការដោះលែងអ្នកទោសតាលីបង់ ប្រមាណ​​៤០០នាក់នោះ បានធ្វើឲ្យ​មានការរិះគន់ខ្លាំងណាស់។ អ្នកទោសតាលីបង់ទាំងនោះ គឺសុទ្ធសឹងតែជាមេភេរវកម្ម ជាជនឧក្រិដ្ឋ ជាឃាតករ បាតដៃប្រលាក់ឈាមទាំងអស់។ អញ្ចឹងហើយ បានជា​ភាគីរដ្ឋាភិបាលក្រុងកាប៊ូល បានរារែកខ្លាំងណាស់ ជាច្រើនខែមកហើយ មុននឹងដាច់ចិត្តដោះលែង ដោយទំនងជារងសំពាធខ្លាំងពីអាមេរិក។

ការចរចាសន្តិភាព រវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន

ការចរចាសន្តិសភាព បានលើកពេលម្តងជា២ដងរួចហើយ ដោយសារតែភាគីទាំង២មិនត្រូវគ្នា រឿងដោះដូរអ្នកទោស។ ក៏ប៉ុន្តែទីបំផុតទៅ ភាគីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បានសុខចិត្ត ដោះលែងអ្នកទោសតាលីបង់ ប្រមាណ​៤០០នាក់ ដើម្បីឲ្យ​ក្រុមតាលីបង់ ចូលតុចរចា។

តាមដំណឹងដែលទទួលបាននៅព្រឹកថ្ងៃសុក្រទី១១កញ្ញា គឺការចរចានឹងចាប់ផ្តើមបើក នៅថ្ងៃសៅរ៍ទី​១២កញ្ញា នៅទីក្រុងដូហា។ ក្រុមតាលីបង់ បានប្រកាសថា គេត្រៀមខ្លួនរួចរាល់ហើយ។ ចំណែកខាងរដ្ឋាភិបាលក្រុងកាប៊ូលវិញ ក៏បានបញ្ជូនគណប្រតិភូចំនួន​២១នាក់ ទៅដល់ក្រុងដូហា​ហើយដែរ។ លោក ម៉ៃ ប៉ុមប៉េអូ ប្រមុខការទូត អាមេរិក ក៏នឹងមានវត្តមាននៅដូហា នៅថ្ងៃសៅរ៍ទី១២កញ្ញាដែរ។ យ៉ាងណាមិញ លោក ម៉ៃ ប៉ុមប៉េអូ មុននឹងចេញដំណើរទៅ បាននិយាយថា លោកសង្ឃឹមថា ភាគីអាហ្វហ្កានីស្ថានទាំង២ នឹងមិនធ្វើឲ្យ​ឱកាសជាប្រវត្តិសាស្ត្រនេះ ត្រូវរលាយ​សាបសូន្យនោះទេ។

ខំធ្វើសង្រ្គាមជិត២០ឆ្នាំ ស្លាប់មនុស្សរាប់សិបម៉ឺននាក់ ចាប់បានក្រុមឧក្រិដ្ឋតាលីបង់៤០០នាក់ តែទីបំផុត ដោះលែងទៅវិញដោយស្រួល។ វា​ហាក់បីដូចជា​ ១៩នៃសង្រ្គាមនេះ គឺត្រូវឆាចោល ឯមនុស្សស្លាប់គ្មានន័យ។ ហើយអ្វីដែលសំខាន់នោះ គឺគ្មាននរណាអាចធានាបានទេ ថាកិច្ចព្រមព្រៀងសន្តិភាព ដែលរដ្ឋាភិបាល​ក្រុងកាប៊ូល​ កំពុងចរចាជាមួយក្រុមតាលីបង់នេះ នឹងអាច​នាំអាហ្វហ្កានីស្ថាន ឲ្យស្គាល់សន្តិភាពពិតប្រាកដនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ