អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាសែត​ញូវយ៉កថែមស៍ ៖ មហាសេដ្ឋី ដូណាល់ ត្រាំ បង់ពន្ធ​តែ ៧៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋ​អាមេរិក សំណុំ​រឿង​បង់​ពន្ធ ​របស់​លោក​ត្រាំ ​​ដែលធ្លាប់​ជាប់​​អាស្រូវ​តាំង​ពី​បួន​ឆ្នាំ​​មក​ហើយ ​បាន​ពុះ​កញ្ជ្រោលឡើង​ជា​ថ្មី។ ពីរ​ថ្ងៃ​មុន​ការ​តស៊ូមតិ​តាមកញ្ចក់​ទូរទស្សន៍​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​​មក​ដល់ កាសែត​ញូវយ៉កថែមស៍ បាន​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​អាទិត្យ​ទី ២៧​កញ្ញា ម្សិលមិញ ​ ​​របាយការណ៍​ស៊ើប​អង្កេត​ផ្តាច់​មុខ​របស់​ខ្លួន ទម្លាយ​ព័ត៌មាន​ដ៏​គួរ​ឱ្យ​រន្ធត់។ មហាសេដ្ឋី​ ដូណាល់ ត្រាំ  បាន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ តែ ៧៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៦ ឆ្នាំ​ដែល​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។

លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ ២៧ កញ្ញា ២០២០
លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ ២៧ កញ្ញា ២០២០ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​ការ​សម្ងាត់​ដែល​លោកដូណាល់​ត្រាំ​​ខំ​ប្រឹង​លាក់​បំផុត ត្រូវ​បាន​ទម្លាយ​។ ខុស​ពី​ប្រពៃណី ដែល​​​បណ្តា​ប្រធានាធិបតី​អាមេរិក​មុនៗ​ តែង​លំអោន​តាម​តាំង​ពី​ឆ្នាំ​១៩៧០ លោកដូណាល់ ត្រាំ​ មិន​លាត​ត្រដាង​ទ្រព្យ​ធន និង​ការ​​បង់ពន្ធ​ប្រចាំ​ឆ្នាំ​​របស់​លោក ដូច​សន្យា​ក្នុង​ពេលឃោសនា។ លោក​ថែម​ទាំង​បាន​ជ្រើសរើស​ ប្រើ​សិទ្ធ​ លាក់បាំង​ទ្រព្យ​​មិន​ឱ្យ​គេ​មើល​ទៀត​។

ប៉ុន្តែ​កាសែត​ញូវយ៉កថែមស៍​ បាន​ទៅ​​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​ទាក់ទង​នឹង​ការ​បង់​ពន្ធ​របស់​លោក​ត្រាំ ចំនួន​២០​ឆ្នាំ និង​​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​បង់​ពន្ធ​រយៈ​ពេល​ពីរ​ឆ្នាំ​ដំបូងរបស់លោកត្រាំ​ ក្នុង​អាណត្តិ​ជា​​ប្រធានាធិបតី។ ជា​លទ្ធផល​ មហាសេដ្ឋី ដូណាល់ ត្រាំ បាន​បង់​ពន្ធ​​លើ​ប្រាក់​ចំណូល ប្រចាំ​ឆ្នាំ  តែ៧៥០​ដុល្លារ​ប៉ុណ្ណោះ នៅ  ២០១៦(ឆ្នាំ​ដែល​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី) និង​នៅ​ឆ្នាំ​២០១៧។

​១៥​ឆ្នាំមុន​​នេះ​ទៅ​ទៀត លោក​ ត្រាំ មិន​បាន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​សោះ សូម្បី​តែ​មួយ​កាក់​ក៏​គ្មាន​ ចំនួន​​​១០ឆ្នាំ។

ជា​ការ​ប្រៀបធៀប ប្រធានាធិបតី​អាមេរិក​មុន ដែល​ពុំ​សូវ​មាន​បាន លោក​បារ៉ាក់ អូបាម៉ា ឬ​លោក​ ប៊ីលគ្លីនតុន បង់​ពន្ធ​មួយ​ឆ្នាំ យ៉ាង​តិច ១០ម៉ឺនដុល្លារ។ អតីត​អនុប្រធានាធិបតី​ និង​បច្ចុប្បន្ន​បេក្ខជន​ប្រធានាធិបតី ចូបៃដិន បង់​ពន្ធ​៣,៤​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧ ពោល​គឺ​៥ពាន់​ដង​លើស​លោក​ត្រាំ។

តែ​ឯកសារ​ដែល​កាសែតញូវយ៉កថែមស៍​ទទួល​បាន​ មិន​អាច​វាយតម្លៃ​អំពី​ទំហំ​នៃ​ទ្រព្យ​ធន​របស់​លោក​ត្រាំ​បាន​ទេ។

រកស៊ីខាត​​ច្រើន​ជាង​ចំណេញ

មូលហេតុ​ចំបង​ដែ​លនាំ​ឱ្យ​លោក​ដូណាល់ត្រាំ​ បង់​ពន្ធ​តិច ឬ​មិន​បង់​ពន្ធ​សោះ​ នៅ​ឆ្នាំ​ខ្លះ​នោះ គឺបណ្តាល​មក​ពីជំនួញរកស៊ី​របស់​លោក​ខាត​ច្រើន​ជាង​ចំណេញ និង​ជាប់​បំណុលទៀត​។ កម្មវិធី​ទូរទស្សន៍​របស់​លោក​ដែល​មាន​ឈ្មោះ The Apprentice បាន​នាំ​ចំណូល​​ឱ្យ​ក្រុមហ៊ុន​ ចំនួន​ដល់​ទៅ​៤០០​លាន​ដុល្លារ​មែន​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​សាខា​ជាង​៥០០​ផ្សេង​ទៀត របស់ក្រុមហ៊ុន​ Trump Organisation ភាគ​ច្រើន​សុទ្ធ​តែ​ខាត​។ បើ​តាម​ញូវយ៉កថែមស៍ ក្លឹបវាយកូនគោល​ដែល​ក្រុមហ៊ុន​ត្រាំ​បាន​ទិញ​កាលពី​ពីរ​ទសវត្សរ៍​មុន​ និង​សណ្ឋាគារ​ Trump Horel នៅ​វ៉ាស៊ីងតោន​ ខាត​មួយឆ្នាំៗ​រាប់​សិប​លាន។

កាលពី​ឆ្នាំ​១៩៩៥ បើ​តាមការ​ទម្លាយ​របស់​​ញូវយ៉កថែមស៍នៅ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ត្រាំ​ប្រកាស​ខាត​ ប្រមាណ​៩១៦​លាន​ដុល្លារ​ ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុនអាច​​រួច​ពន្ធ​រយៈ​ពេល​២០​ឆ្នាំ។

ក្រៅ​ពី​រក​ស៊ីខាត ញូវយ៉កថែមស៍​រក​ឃើញ​តួលេខ​ដ៏សម្បើម​មួយ​ទៀត គឺ​លោក​ត្រាំ​ ជាប់​បំណុល​ដល់​ទៅ ៤២១​លាន​ដុល្លារ ដែល​ត្រូវ​បន្ត​សង​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ទៀត ពោល​គឺ​​រយៈ​ពេញ​មួយ​អាណត្តិ​ទី​ពីរ​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​ថ្មី នៅ​ថ្ងៃទី ៣​វិច្ឆកា​ខាង​មុខ។ បំណុល​៤២១​លាន​ដុល្លារ​នេះ គឺ​មក​ពី​កាសែត​បូក​បន្ថែមទុក​​ជាមុន​នូវ​បំណុល​​ដែល​លោកត្រាំ អាច​នឹង​​ត្រូវ​សងត្រលប់​​ទៅឱ្យ​​រដ្ឋ​វិញ​ បើ​ចាញ់ក្តី។ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ ឆ្នាំ​២០០៨ បុរសអ្នក​ជំនូញ​​ត្រាំ តាម​រយៈ​​វិធានការ​សង្គ្រោះ​របស់​រដ្ឋាបាល​អូបាម៉ា ក្រុមហ៊ុន​ត្រាំ បានទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ចំនួន​ ៧២,៩​លាន​ដុល្លារ ចំពោះ​ការ​ខាត​បង់​នៅ​កាស៊ីណូ​Atlantic City។ ប៉ុន្តែ​ខាង​ពន្ធ​ដារ​កំពុង​ប្តឹងទារ​ឱ្យ​សងលុយ​​វិញ ដោយបូក​ថែម​នឹង​ការ​ប្រាក់​ជាងម្ភៃ​លាន​​ដុល្លារ​ទៀត។

កាន់​តែចាញ់​ប្រៀប​​លោក​ ចូបៃដិន​

នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ លោក​ត្រាំ បាន​បញ្ចេញ​ប្រតិកម្ម​ ​ប្រឆាំង​នឹង​កាសែត​ញូវយ៉ក​ថែមស៍ ដោយ​ចាត់​ទុក​ការ​ទម្លាយ​ព័ត៌មាន​នេះ​ថា​រឿង​ប្រឌិត​ និង​បាន​អះអាង​ថា​លោក​បង់ពន្ធ​ច្រើន​ណាស់​។ លោក​មិន​បង្ហាញ​ទ្រព្យ​មែន​តែ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ ​ហើយអាជ្ញាធរ​កំពុង​ធ្វើ​​សវនកម្ម​​ទ្រព្យ​សម្បត្តិ​លោក​ទៀត។​

តែ​ទោះ​លោក​បដិសេធ​យ៉ាងណា ក៏​រឿង​អាស្រូវ​នេះ​មិន​មែន​ជា​ដំណឹង​ល្អ​សម្រាប់​លោក​ឡើយ។ ទីមួយ​គឺ​ព័ត៌មាននេះ​​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញពី​ភាព ខុស​គ្នា​រវាង​ពាក្យ​អួត​អាង​របស់​លោកត្រាំ ដែល​តែង​តែ​លើក​ឡើង​អំពី​ភាព​ជោគជ័យ​ក្នុង​របរ​ជំនួញ​ រហូត​បាន​ក្លាយ​ជា​មហាសេដ្ឋី។ នេះ​ប្រសិន​បើ​ក្រុមហ៊ុន Trump Organisation  ​ពិត​ជា​ខាត​ដូច​អ្វី​ដែល​កាសែត​លើក​ឡើង​មែន​។ បើ​មិនមែន​ តើ​ប្រឹង​រក​វិធី​​បង្វែរបង្វៀង​ធ្វើ​យ៉ាងណា​ឱ្យ​តែខាង​បង់​ពន្ធ​តិចនេះ​ ​​ស្រប​ច្បាប់ និង​ស្ថិត​ក្នុង​ក្របខណ្ឌ​ច្បាប់​ដែរ​ឬអត់។​ នោះជា​បញ្ហា​មួយ​ទៀត។

ចង់​ឬ​មិន​ចង់​ រូបភាពជា​មហាសេដ្ឋី ជា​អ្នក​ជំនួញ​​ដ៏​ល្បី​របស់​លោកត្រាំ​ត្រូវ​ប្រលាក់​ប្រលូស និង​អាប់​អោន​បន្តិច​ហើយ។ ​សំណុំ​រឿង​បង់ពន្ធ និង​តម្លាភាព​ក្រុមហ៊ុន​ត្រាំ​ និង​ទំនាស់​ផលប្រយោជន៍​ក្នុង​​នាម​ជា​​​ប្រធានាធិបតី​ ជា​រឿង​អាស្រូវ​ជាប់​បណ្តឹង​ច្រើនណាស់។ ញូវយ៉កថែមស៍​សន្យា​នឹង​ទម្លាយ​ព័ត៌មាន​បន្ថែម​ទៀត​នៅ​ថ្ងៃខាង​មុខ។

ម្យ៉ាង​វិញ​ទៀត ​នៅ​ថ្ងៃ​ស្អែក លោក​ត្រាំ ក្នុង​នាម​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ ត្រូវ​ជជែក​តទល់​នឹងបេក្ខជន​​លោក​ចូបៃដិនមកពី បក្ស​ប្រជាធិបតេយ្យ តាម​កញ្ចក់​ទូរទស្សន៍​ជា​លើក​ទី​មួយផង​។ ព័ត៌មាន​នេះ​ជា​ថ្នាំ ប៉ូវ​បន្ថែម​សម្រាប់​លោក​ចូបៃដិន ដែលកំពុង​នាំ​មុខ​​លោក​ត្រាំ​ស្រាប់​ ឱ្យ​កាន់​តែ​មានប្រៀប។ ឯ​លោកត្រាំ​វិញ ត្រូវ​ស្ថិត​ក្នុង​ជំហរ​ប្រឹង​ទប់ការពារ​ខ្លួន។

​បើ​តាមការ​ស្ទង់​មតិ ពលរដ្ឋ​អាមេរិក​មាន​ចេតនា​ចង់​ផ្តល់​ទំនុកចិត្ត​លើ​លោក​បៃដិន ដល់​៥១% ទល់​នឹង​៤០%​លើ​លោកត្រាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ