អានតួអត្ថបទ

ប្រមុខ​រដ្ឋ​អាល្លឺម៉ង់​ជំរុញ​ឲ្យ​អឺរ៉ុប​សាមគ្គីគ្នា​ជាធ្លុង​មួយដោះស្រាយ​វិបត្តិ​ពាក់ព័ន្ធនឹង​ចិន

មេដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មែរគែល នៅថ្ងៃពុធម្សិលមិញបានចេញមុខជំរុញឲ្យប្រទេសអឺរ៉ុបទាំងអស់ រួបរួមសហការគ្នាក្នុងនាមអឺរ៉ុបតែមួយ ក្នុងការចរចាពាណិជ្ជកម្មជាមួយភាគីចិន។ លោកស្រីមែរគែលបានព្រមានថាវាគឺជាគ្រោះថ្នាក់ដ៏ធំបំផុតមួយ នៅពេលដែលសមាជិកអឺរ៉ុប ចរចារឿងរកស៊ីដាច់ដោយឡែកពីគ្នា​ ខណៈពេលដែលអឺរ៉ុបកំពុងមានទំនាក់ទំនងតានតឹងជាមួយប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាបច្ចេកវិទ្យា និងសិទ្ធិមនុស្ស។

មេដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មែរគែល។
មេដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មែរគែល។ REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

“គ្រោះថ្នាក់មួយ ក្នុងចំណោមគ្រោះថ្នាក់ដ៏ធំបំផុតដែលខ្ញុំសំឡឹងឃើញ…នោះគឺនៅពេលដែលប្រទេសជាសមាជិកអឺរ៉ុប មានគោលនយោបាយផ្សេងដាច់ដោយឡែកពីគ្នា ទាក់ទងនឹងចិន។ និន្នាការនេះ ប្រាកដណាស់នឹងជះផលខុសៗគ្នាជាក់ជាមិនខាន”។ នេះគឺជាសម្តីរបស់លោកស្រីមែរគែលនិយាយតាមរយៈសុន្ទរកថាមួយទៅកាន់សភាអាល្លឺម៉ង់កាលពីម្សិលមិញ។

បន្ថែមលើនេះ ប្រមុខរដ្ឋចាស់វស្សាអាល្លឺម៉ង់បានគូសបញ្ជាក់ថា វាជាគ្រោះថ្នាក់ធំសម្រាប់អឺរ៉ុប មិនមែនសម្រាប់មហាយក្សសេដ្ឋកិច្ចចិននោះទេ នៅពេលដែលអឺរ៉ុបបែកបាក់និងមានគោលជំហរខុសគ្នាទាក់ទងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

ទាក់ទងនឹងបញ្ហាបច្ចេកវិទ្យា លោកស្រីមែរគែល បាននិយាយថាសហភាពអឺរ៉ុបគួរតែប្រើយុទ្ធសាស្ត្ររួមមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា​​អ៊ីនធ័រនែតចល័ត​ជំនាន់ទី៥ “5G” ខណៈពេលមានការព្រួយបារម្ភថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei អាចត្រូវបានប្រើប្រាស់ជាឧបករណ៍របស់ក្រុង​ប៉េកាំងដើម្បីធ្វើចារកម្ម។

គួររំឭកជូនថា បច្ចេកវិទ្យា5G គឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុតមួយរវាងក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ នៅគ្រាកន្លងមក អាមេរិករបស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានអំពាវនាវ និងដាក់គំនាបសង្កត់ដល់សម្ព័ន្ធមិត្តរបស់ខ្លួនកុំឲ្យប្រើប្រាស់បណ្តាញ5G របស់ក្រុមហ៊ុន Huawei ​របស់​ចិនដោយសារព្រួយបារម្ភពីកត្តាសន្តិសុខ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះប្រទេសអាល្លឺម៉ង់មិនបានធ្វើតាមការបង្គាប់បញ្ជារបស់អាមេរិកឡើយ។ អាល្លឺម៉ង់នៅតែអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ចូលរួមក្នុងដំណើរការដេញថ្លៃដំឡើងបណ្តាញ 5G នៅក្នុងប្រទេសខ្លួន ក៏ប៉ុន្តែអាល្លឺម៉ង់អះអាងថានឹងកំណត់លក្ខខណ្ឌសន្តិសុខយ៉ាងតឹងរ៉ឹង។

ដោយឡែក នៅពេលនិយាយដល់បញ្ហាសិទ្ធិមនុស្សវិញ លោកស្រីអធិកាបតីមែរគែល បានរំឭកដល់ការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរចិនទៅលើជនជាតិភាគតិចអ៊ុយហ្គួរដែលរស់នៅក្នុងជំរំឃុំខ្លួន នៅឯតំបន់ស៊ីនជាំងភាគខាងលិចប្រទេសចិន។

ប្រមុខដឹកនាំអាល្លឺម៉ង់រូបនេះ បានបង្ហាញជំហរគាំទ្រដល់របស់អង្គការសហប្រជាជាតិ ដែលបានរិះគន់ទិតៀនអំពើរំលោភបំពាន និងសកម្មភាពបង្ក្រាបរបស់ចិននៅស៊ីនជាំង។

ជាមួយគ្នានេះ លោកស្រីប្រមុខរដ្ឋអាល្លឺម៉ង់ក៏បានកោតសរសើរផងដែរដល់ប្រជាពលរដ្ឋហុងកុង ដែលបានចេញទៅបញ្ចេញមតិរបស់ខ្លួនតាមរយៈការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ទី ២៤ វិច្ឆិកា កន្លងទៅ។ វាជាសញ្ញល្អមួយពីព្រោះថាដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្រោមបរិយាកាសល្អ ហើយលទ្ធផលឆ្នោតទៀតសោតបង្ហាញថា ក្រុមអ្នកប្រជាធិបតេយ្យទទួលបានជោគជ័យភ្លូកទឹកភ្លូកដី។ លោកស្រីមែរគែលបញ្ជាក់បន្ថែម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ