អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

១៥ឆ្នាំក្រោយ​នៃ​វិនាសកម្ម បង្ក​ឡើង​ដោយ​រលក​យក្ស​ស៊ុណាមិ ក្នុង​មហាសមុទ្រ​ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៦ធ្នូនេះ គឺជាថ្ងៃគម្រប់ខួប១៥ឆ្នាំ នៃវិនាសកម្មបង្កឡើង ដោយរលកយក្សស៊ុណាមិ នៅក្នុងមហា​សមុទ្រ​ឥណ្ឌា។ ពិធីបុណ្យ រំលឹកវិញ្ញាក្ខន្ធ័ដល់អ្នកស្លាប់ ត្រូវបានគេប្រារព្ធឡើង នៅ​តាមប្រទេស ដូចជា ឥណ្ឌូណេស៊ី ថៃ ស្រីលង្កា និងឥណ្ឌា ជាដើម។ ថ្ងៃទី​២៦ ធ្នូ ឆ្នាំ​២០០៤ ក្នុងរយៈពេល​ តែប៉ុន្មានម៉ោងប៉ុណ្ណោះ រលកយក្សស៊ុណាមិ បានផ្តាច់ជីវិតមនុស្ស​ ​អស់​ប្រមាណ​​២៣០០០០​នាក់ ទាំងដោយគ្មាន​នរណា អាចដឹងមុនទាល់តែ​សោះ។ តើ​១៥​ឆ្នាំមកនេះ ប្រព័ន្ធតាមដាននិងប្រកាសអាសន្ន ស្តីពីរលក​យក្ស​ស៊ុណាមិ ​​ មាន​ប្រសិទ្ធិភាព​កម្រិតណា ដើម្បី​ជម្លៀស​មនុស្សឲ្យទាន់ពេលវេលា ?

ស្ត្រីឥណ្ឌា បាចផ្កាក្នុងសមុទ្រ ឧទ្ទិស​វិញ្ញាណក្ខន្ធ​ ដល់​អ្នក​ស្លាប់​ដោយ​រលកយក្ស​ស៊ុណាមិ នៅឆ្នាំ២០០៤ នៅឆ្នេរ​Marina beach ក្រុង​ឆិនណៃ ភាគខាងត្បូងឥណ្ឌា។ ថ្ងៃទី​២៦ ធ្នូ ២០១៩​
ស្ត្រីឥណ្ឌា បាចផ្កាក្នុងសមុទ្រ ឧទ្ទិស​វិញ្ញាណក្ខន្ធ​ ដល់​អ្នក​ស្លាប់​ដោយ​រលកយក្ស​ស៊ុណាមិ នៅឆ្នាំ២០០៤ នៅឆ្នេរ​Marina beach ក្រុង​ឆិនណៃ ភាគខាងត្បូងឥណ្ឌា។ ថ្ងៃទី​២៦ ធ្នូ ២០១៩​ REUTERS/P. Ravikumar
ផ្សាយពាណិជ្ជកម្ម

ស្លាប់២៣០០០០នាក់

ដូចជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃ២៦ធ្នូ ប្រទេសដែលបានរងគ្រោះដោយសោកនាដកម្មស៊ុណាមិនេះ បានរៀបចំពិធីបុណ្យ រំលឹកវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ ទៅតាមប្រពៃណីទំនៀបទំលាប់ របស់គេនីមួយ​ៗ។ ថ្ងៃទី​២៦ធ្នូ ឆ្នាំ២០០៤ ហេតុការណ៍​រញ្ជួយដី​បាតសមុទ្រ ក្នុងកម្រិត ៩,១ កម្រិតរិឆទឺ បាន​កើតឡើង បាទសមុទ្រត្រង់ចំណុចភាគខាងជើងបង្អស់ នៃកោះស៊ូម៉ាត្រា ក្នុងមហាសមុទ្រឥណ្ឌា។ ការរញ្ជួយស្រទាប់ដីបាតសមុទ្រ ដ៏ខ្លាំងនេះ បាន​បង្កឲ្យមានរលកសមុទ្រធំ កំពស់រហូតដល់ទៅ១៧ម៉ែត្រ។

រលកសមុទ្របានបោក រុញបន្តគ្នា ផ្ទប់ទៅតាមឆ្នេរ។ នៅខេត្តអាឆេ ភាគខាងជើងកោះ​ស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី ដែលនៅកៀកបំផុត នឹងចំណុចរញ្ជួយ គឺមានលក្ខណៈធ្ងន់ធ្ងរជាងគេ។ មនុស្សស្លាប់ប្រមាណ​១២៥០០០នាក់ ដែលសុទ្ធតែជាប្រជាជនក្រីក្រ រស់នៅតាមឆ្នេរសមុទ្រ។ អាគារ ផ្ទះ សម្បែង ភូមិស្រុក ត្រូវ​វិនាសទាំងស្រុង។ កម្មវិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ​ដ៏ធំមួយ ត្រូវគេរៀបចំនៅថ្ងៃនេះ នៅក្នុងខេត្តអាឆេ។ ដូចគ្នា​ដែរ នៅឥណ្ឌា ដែលមានមនុស្សស្លាប់ ១ម៉ឺននាក់ និងនៅស្រីលង្កា មានអ្នកស្លាប់ប្រមាណ​៣៥០០០នាក់ ក៏មានគេរៀបចំពិធី រំលឹកវិញ្ញាណក្ខន្ធដែរ។

នៅថៃវិញ មានអ្នកស្លាប់ប្រមាណ​៥៣០០នាក់ ដែលក្នុងនោះមាន​មួយចំនួនធំ គឺជាភ្ញៀវទេសចរណ៍បរទេស ដែលទៅសម្រាកលំហែរកាយនៅតាមឆ្នេរសមុទ្រ និងលើកោះនានា នៅតំបន់ភាគខាងត្បូងប្រទេសថៃ។ ភូមិអ្នកនេសាទមួយឈ្មោះ បានណាំខេម មានអ្នកស្លាប់ចំនួន​១៤០០នាក់។ ក្នុងពិធីរំលឹកវិញ្ញាណក្ខខ្ធនៅថ្ងៃនេះ លោកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ​ បានថ្លែងថា ចាប់ពីពេលនេះទៅ ថ្ងៃទី២៦ធ្នូ និងត្រូវចាត់ទុកជាទិវាជាតិ នៃការការពារពីគ្រោះថ្នាក់។ លោក​អះអាងថា រដ្ឋាភិបាលថៃ នឹងផ្តោតការយកចិត្តទុកដាក់ លើ​ការ​ត្រៀមលក្ខណៈជានិច្ច ដើម្បីប្រកាសអាសន្ន និងសង្គ្រោះប្រជាជន ក្នុងករណីមានគ្រោះ​មហន្តរាយ។

យូណេស្កូ បង្កើតប្រព័ន្ធប្រកាសអាសន្ន​រួម នៃមហាសមុទ្រឥណ្ឌា

គ្រោះមហន្តរាយធម្មជាតិ គ្មាននរណាអាចទប់ទល់ រារាំងបានទេ។ អ្វីដែលមនុស្សអាចធ្វើបានគឺ ការព្យាករណ៍ សន្និដ្ឋានទុក តាមរយៈការតាមដានជាប្រចាំ ដើម្បីអាចមានពេលវេលាគ្រប់គ្រាន់ ប្រកាសអាសន្ន ជូនដំណឹង ជម្លៀសមនុស្សចេញពីតំបន់ ដែល​ប្រឈមនឹងគ្រោះថ្នាក់។

ទាក់ទិននឹងបញ្ហាស៊ូណាមិនេះ គឺគេបានបង្កើតឲ្យមានប្រព័ន្ធប្រកាសអាសន្នមួយ ហៅកាត់ថា IOTWMS ដែលស្ថិតក្រោមការ​គ្រប់គ្រង របស់​គណកម្មការអន្តររដ្ឋាភិបាលផ្នែកសមុទ្រ នៃអង្គការយូណេស្កូ។ អគ្គលេខាធិការរដ្ឋាន នៃ IOTWMS នេះ មានទីតាំងនៅទីក្រុង Perth ភាគខាងលិចអូស្ត្រាលី។ ចំណែកមជ្ឈមណ្ឌព័ត៌មាន​ស្តីពីស៊ុណាមិ មានទីតាំង​នៅទីក្រុងចាកាតា។

ក្រោមការសម្របសម្រួលរបស់គណកម្មការអន្តររដ្ឋាភិបាលផ្នែកសមុទ្រ របស់យូណេស្កូ ប្រទេសដែលនៅជុំវិញមហាសមុទ្រឥណ្ឌាទាំងអស់ មានកាតព្វកិច្ច ធ្វើការជាមួយគ្នា បែងចែកទិន្នន័យគ្នា ផ្តល់ដំណឹងឲ្យ​គ្នាទៅវិញទៅមក ឲ្យឆាប់រហ័ស ដើម្បីទាញសញ្ញាអាសន្នណាមួយ ក្នុងករណី​ដឹងថាអាចមានរលកយក្ស​ស៊ូណាមិ។

សហការប្រមូល ចែករំលែកទិន្នន័យគ្នា និងផ្តល់ដំណឹងឲ្យទៅអាជ្ញាធរប្រកាសអាសន្ន

បើតាមការពន្យល់ របស់លោកស្រី Srinivasa Kumar Tummala ដែលជាអ្នកទទួលបន្ទុកមហា​សមុទ្រឥណ្ឌា នៅអង្គការយូណេស្កូ គឺប្រព័ន្ធប្រកាសអាសន្នស៊ុណាមិនេះ ផ្អែកទាំងស្រុងទៅ​លើការសហការ​បែងចែងទិន្នន័យតាមដាន ទៅវិញទៅមក រវាងប្រទេសពាក់ព័ន្ធ។ មានមជ្ឈមណ្ឌលស្រាវជ្រាវតាមដាន​ស៊ូណាមិ ចំនួន​៣ ដែលត្រូវធ្វើការជាមួយគ្នាជាប្រចាំ មួយនៅអូស្ត្រាលី មួយនៅឥណ្ឌូណេស៊ី និងមួយទៀតនៅឥណ្ឌា។ នៅពេល​មានហេតុការណ៍រញ្ជួយដីបាតសមុទ្រភ្លាម មជ្ឈមណ្ឌលទាំងនោះ នឹង​ផ្តល់​ដំណឹង ទៅឲ្យអាជ្ញាធរប្រកាសអាសន្ន នៅតាមប្រទេសពាក់ព័ន្ធទាំងអស់។

ដំណាក់កាលដំបូងបំផុត គឺប្រព័ន្ធតាមដានរញ្ជួយដី ត្រូវកំណត់ អំពីចំណុចរញ្ជួយ  ព្រមទាំងភិនភាគលក្ខណៈ នៃការរញ្ជួយស្រទាប់ដីបាតសមុទ្រ។ បន្ទាប់មកទៀត មុននឹងអាចសន្និដ្ឋានថា ការរញ្ជួយនេះ អាចបង្ក​ជារលកយក្សស៊ូណាមិ គឺគេត្រូវពិនិត្យមើល លើទិន្នន័យផ្តល់ឲ្យដោយ​ប្រព័ន្ធវាស់ នូវ​ការផ្លាស់ប្តូរនៃកំពស់ទឹកសមុទ្រ។

ស្ថិតក្នុងការសហការនេះដែរ ជារៀងរាល់២ឆ្នាំម្តង ប្រទេសពាក់ព័ន្ធ​ដែលនៅជុំវិញមហាសមុទ្រឥណ្ឌា បានចូលរួមក្នុងការហ្វឹកហាត់សម ក្នុងករណីមាន​គ្រោះមហន្តរាយរលកយក្សស៊ូណាមិ។ ការហាត់សមទ្រង់ទ្រាយធំ ដូចមែនទែន ទាំងអស់គ្នានេះ គឺដើម្បី​បញ្ជ្រាបការស្វែងយល់ ផ្តល់ភាពវ័យឆ្លាតរហ័ស ឲ្យដល់ប្រជាជន និងអាជ្ញាធរ ដែលត្រូវជម្លៀសមនុស្ស។ ឆ្លងកាត់ការហាត់សមនេះ ប្រទេសនីមួយៗ អាចទាញយកបទពិសោធន៍​ ចំណុចខ្វះខាត ឬការយឺតយ៉ាវនានា។

មានប្រសិទ្ធិភាព តែនៅតែមិនគ្រប់គ្រាន់

បើផ្អែកតាមការអះអាង របស់លោកស្រី Srinivasa Kumar Tummala បានលើកឡើងថា ១៥ឆ្នាំមកនេះ មានការរីកចំរើនច្រើន ទាំងផ្នែក​បច្ចេកវិទ្យា​តាមដាន​គ្រោះធម្មជាតិ និងផ្នែកសហការផ្តល់ដំណឹងគ្នា ទៅវិញទៅមក។

ក៏ប៉ុន្តែ ប្រទេសនីមួយៗ មានរបៀបធ្វើការ​រៀងៗខ្លួន។ អ្វីៗវាអាស្រ័យទៅលើប្រសិទ្ធិភាពការងារ ការរៀបចំចាត់ចែងរបស់អាជ្ញាធរ ប្រទេសនីមួយៗ។ បើទោះបី​ដំណាក់កាល ចែករំលែកទិន្នន័យគ្នា ដើម្បីប្រកាសអាសន្ន បានធ្វើដោយឆាប់រហ័ស ត្រឹមត្រូវ តែបើនៅតាមប្រទេសនីមួយៗ មានការយឺតយ៉ាវ ក្នុងកាជូនដំណឹង ឬក៏​មិនមានសម្ភារៈ ហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រាន់​ ក៏វានៅតែមិនគ្រប់ដែរ។

ករណីរញ្ជួយដីបាតសមុទ្រ បង្កជារលកយក្សស៊ូណាមិ គឺវាមានលក្ខណៈពិសេស រៀងៗខ្លួន ខុសគ្នាពីមួយទៅមួយ។ ដូចជាក្នុងករណី​ស៊ូណាមិ នៅកោះPalu ខែកញ្ញាឆ្នាំ​២០១៨ គឺគិតចាប់ពីពេលរញ្ជួយដីបាតសមុទ្រ ដល់ពេលរលកបោកមកដល់ច្រាំង គឺមានរយៈពេល​ត្រឹមតែ៣នាទីប៉ុណ្ណោះ។ ដូច្នេះ ទោះប្រព័ន្ធប្រកាសអាសន្ន មាន​ប្រសិទ្ធភាពកម្រិត​ណា​ក៏ដោយ ក៏មិនអាចធ្វើទៅទាន់ដែរ។

អ្នកជំនាញអះអាងថា ប្រព័ន្ធប្រកាសអាសន្នIOTWMS ល្អហើយ តែត្រូវតែ​ធ្វើការជាប្រចាំ ដើម្បីរកចំណុចខ្វះខាត ឬក៏ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីឲ្យការព្យាករណ៍ កាន់តែប្រត្យក្ស កាន់តែរហ័ស។ អាជ្ញាធរប្រទេសនីមួយៗ ក៏ត្រូវរៀបចំប្រព័ន្ធផ្សព្វផ្សាយ ប្រកាសអាសន្ននេះ ឲ្យមានប្រសិទ្ធិភាពដែរ ហើយត្រូវត្រៀមខ្លួនជាប្រចាំ។ អាជ្ញាធរ ក៏ត្រូវតែបណ្តុះបណ្តាល បង្វឹកហាត់ ផ្សព្វផ្សាយទៅប្រជាជន ដើម្បីឲ្យពួកគាត់ មាន​ភាពវៃឆ្លាត រហ័ស ក្នុងការគេចចេញពីគ្រោះថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ