អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បើក​ជំនួបកំពូល​ត្រីភាគី ជាមួយ ជប៉ុន និង​កូរ៉េខាងត្បូង ដើម្បី​និយាយ​ពី​សំណុំរឿង​កូរ៉េខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ចិន នៅថ្ងៃ​អង្គារ​ទី ២៤ ធ្នូ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ត្រីភាគី ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ នៅក្នុង​ជំនួបកំពូល​លើកទី​៨ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​Chengdu ភាគនិរតី ប្រទេស​ចិន ប្រមុខដឹកនាំ​របស់​ប្រទេស​ជិតខាង​ទាំងបី នឹង​ផ្តោតសំខាន់​ទៅលើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែលកំពុង​ចោទខ្លាំង​ឡើងវិញ នៅក្នុងបរិបទ​នៃ​ភាពតានតឹង​សាជាថ្មី រវាង អាមេរិក និង​កូរ៉េខាងជើង។ កូរ៉េខាងត្បូង ចិន និង​ជប៉ុន ធ្លាប់​មាន​ទំនាក់ទំនង​មិន​សូវ​ល្អូកល្អឺន​ប៉ុន្មាន ដោយសារ​បញ្ហា​ប្រវត្តិសាស្រ្ត ការប្រកួតប្រជែង សេដ្ឋកិច្ច និង​ជម្លោះ ដណ្តើមដី កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត។ 

នាយករដ្ឋមន្រ្តី​ចិន (កណ្តាល) នៅក្នុង​សន្នីសិទកាសែត រួម​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្រ្តី​ជប៉ុន នៅក្នុង​ក្របខ័ណ្ឌ​ជំនួបកំពូល​ត្រីភាគី នៅ​ទីក្រុង​Chengdu កាលពីថ្ងៃអង្គារទី ២៤​ធ្នូ ២០១៩
នាយករដ្ឋមន្រ្តី​ចិន (កណ្តាល) នៅក្នុង​សន្នីសិទកាសែត រួម​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្រ្តី​ជប៉ុន នៅក្នុង​ក្របខ័ណ្ឌ​ជំនួបកំពូល​ត្រីភាគី នៅ​ទីក្រុង​Chengdu កាលពីថ្ងៃអង្គារទី ២៤​ធ្នូ ២០១៩ ©Wang Zhao/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន នៅថ្ងៃ​អង្គារ​នេះ ជា​ម្ចាស់ផ្ទះ រៀបចំ​ជំនួបកំពូល ត្រីភាគី ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក គូប្រជែង​របស់​មហាអំណាច​ចិន។ ទោះមាន​ជម្លោះដណ្តើម​ដីកោះ ឬ​ធ្លាប់​ឈឺចាប់ នឹងគ្នា ដោយសារ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត ដូចជា​ការឈ្លានពាន របស់​កងទ័ព​ជប៉ុន នៅ​ប្រទេសចិន និង​កូរ៉េខាងត្បូងក្តី ក្នុង​សម័យសង្រ្គាមលោក ប៉ុន្តែ ថ្នាក់ដឹកនាំ​របស់​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​ទុករឿង​ទាំងនោះ នៅមួយកន្លែង ដោយឡែក ដោយ​មិនលាយឡំ​ជាមួយ​បញ្ហា​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​រួមគ្នា​នោះទេ។

នៅក្នុង​ពិធី​បើកសម្ពោធ ជំនួបកំពូល នៅថ្ងៃអង្គារនេះ នៅទីក្រុង Chengdu លោកនាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង បាន​ថ្លែង​នៅ​ចំពោះមុខ​លោកនាយករដ្ឋមន្រ្តី ជប៉ុន ស្ហ៊ីនហ្សូ អាបេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន​ថា លោក​សង្ឃឹមថា សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ នឹង​អាច​ការពារ សុវត្ថិភាព និង​ស្ថិរភាព នៅ​ក្នុង​តំបន់​អាស៊ី។

នេះ​ជា​លើកទី ៨​ហើយ ដែល​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​បើកជំនួបកំពូល​ត្រីភាគី ជាមួយ គ្នា ដោយ​ជំនួបកំពូល លើកទី ៧ បាន​បើកធ្វើ កាលពី​ខែ ឧសភា ឆ្នាំមុន នៅ​ទីក្រុង​តូក្យូ។ ដូចឆ្នាំ​ដែរ សំណុំរឿង នុយក្លេអ៊ែរ កូរ៉េខាងជើង ជា​ប្រធានបទ នាំមុខ​គេ ក្នុងជំនួបកំពូល​ត្រីភាគី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ ប៉ុន្តែ ខុសពី​ឆ្នាំមុន ដែល​ជំនួបកំពូល​បើកធ្វើ នៅ​ក្នុង​បរិយាស​ដ៏​ធូស្រាល ពោល​គឺ​នៅ​មួយ​ខែ​មុន ជំនួបកំពូល មេដឹកនាំ​កូរ៉េខាងជើង និង​លោកដូណាល់ ត្រាំ នៅ​ប្រទេស​សិង្ហបុរី ជំនួបកំពូល​ត្រីភាគី ចិន ជប៉ុន និង​កូរ៉េខាងត្បូង លើកនេះ ធ្វើឡើង នៅក្នុង​បរិបទ ដែល​កូរ៉េខាងជើង ត្រលប់​ទៅដំឡើង​សំឡេង​គំរាមដាក់​អាមេរិក សាជាថ្មី។

សូមរំលឹក​ថា នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ ដើម្បី​ដាក់សម្ពាធ ឲ្យ​អាមេរិក ធ្វើ​សម្បទាន នៅក្នុងការចរចា ជាពិសេស​ក្នុង​រឿង​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​កូរ៉េខាងជើង មេដឹកនាំ​កូរ៉េខាងជើង ធ្លាប់​បាន​គំរាម​ដាក់​ឱសានវាទ ឲ្យ​អាមេរិក ផ្តល់ចម្លើយ ឲ្យ​បាន​មុន​ដំណាច់ឆ្នាំនេះ បើសិន មិន​ចង់​ទទួល អំណោយពិសេស​សម្រាប់ បុណ្យ​ណូអែល ទេនោះ។ អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា កូរ៉េខាងជើង ដែល​បានផ្គើន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​បាញ់​សាកល្បង ជាបន្តបន្ទាប់ គ្រាប់​មីស៊ីល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន នឹង​អាច​បាញ់​សាកល្បង មីស៊ីល​អន្តរទ្វីប ដើម្បី កំញើញ ដាក់​អាមេរិក។

នៅក្នុង​សន្នីសិទ​កាសែត​រួមគ្នា នៅ​ថ្ងៃ​អង្គារនេះ លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង​បាន​បញ្ជាក់ថា មេដឹកនាំ​ប្រទេស​ទាំង​៣ បាន​ព្រមព្រៀងគ្នា​រួចហើយ​ថា នឹង​ជំរុញ ឲ្យ​ភាគី​ជម្លោះទាំងពីរ គឺ​កូរ៉េខាងជើង និង​អាមេរិក ត្រលប់​ចូល​តុចរចា ឲ្យបាន​កាន់តែ​ឆាប់ ដើម្បី បន្ធូរបន្ថយ​ភាពតានតឹង ជាពិសេស ជម្លោះ ពាក្យសំដី ដែល​មាន​កាន់តែ​ខ្លាំង រវាង​អាមេរិក និង​កូរ៉េខាងជើង។

ចិន​ជា​អ្នកផ្តល់ជំនួយ​សេដ្ឋកិច្ច​ចំបង​ដល់​កូរ៉េខាងជើង​ពិតមែន ប៉ុន្តែ មេដឹកនាំ​ចិន គ្មាន​ឥទ្ធិពលខ្លាំង ដើម្បី បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង លះបង់​ចោល​កម្មវិធី​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​នោះ​ទេ។ ចិនដែល​មិន​ប្រាថ្នា​ចង់​បាន​ប្រទេស​ជិតខាងរបស់ខ្លួន ទោះបី​ជាសម្ព័ន្ធមិត្ត ក៏ដោយ មាន​គ្រាប់បែក នុយក្លេអ៊ែរ ដែល​អាច​គំរាម​សន្តិសុខ​ចិន បាន​ចូលរួម​បោះឆ្នោត នៅ​ក្រុមប្រឹក្សាសន្តិសុខ​ជាច្រើន​ដង ដើម្បី ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង។ ទន្ទឹមគ្នានេះ ចិន​ក៏​បារម្ភ​ដែរថា ការដាក់សម្ពាធ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ក៏​នឹង​ធ្វើ របបកុម្មុយនិស្ត​ព្យុងយ៉ាង ដួលរលំ។ ផលវិបាក គឺ ចិន​នឹង​ទទួល​ថ្មបាក់ លំហូរ​ប្រជាជន​កូរ៉េខាងជើង ទៅក្នុង​ទឹកដី​ចិន​នេះឯង។ ដោយសារ​តែ​ហេតុផលនេះ​ហើយ បាន​ជា​ចិន​ត្រូវការ​ជំនួយ​ពីខាងក្រៅ។ លើកនេះ ចិន​ចង់​បាន​ជំនួយ​ពី​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​សុទ្ធ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ចិន​ចង់​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន​ទៅ​បញ្ចុះបញ្ចូល​អាមេរិក នៅក្នុង​រឿង ដកទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​កូរ៉េខាងជើង។

កាលពី​ថ្ងៃទី ១៧ ធ្នូរ  ទីក្រុង​ប៉េកាំង និង​ទីក្រុង​ម៉ូស្គូ ដែល​ជាសមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ បាន​លើកសំណើ​ទៅ​ក្រុមប្រឹក្សា​ឲ្យ​បន្ធូរបន្ធយ​ទណ្ឌកម្ម ខ្លះ លើ​កូរ៉េខាងជើង ដើម្បី​បុព្វហេតុ​មនុស្សធម៌ នៅ​កូរ៉េខាងជើង ប៉ុន្តែ ក្នុង​លក្ខខណ្ឌ​ដែល​កូរ៉េខាងជើង បន្ត​ការសន្យា​រំសាយចោល​អាវុធនុយក្លេអ៊ែរ។

ប្រទេស​ជប៉ុន ដែល​ប្រឈម​ខ្លាំង​នឹង​ការគំរាមកំហែង វាយប្រហារ​របស់​កូរ៉េខាងជើង វាយតម្លៃ​ថា វានៅឆាប់​ពេក ដែល​គេ​ត្រូវ​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពីកូរ៉េខាងជើង ជាពិសេស នៅក្នុង​បរិបទ​បច្ចុប្បន្ន ដែល​កូរ៉េខាងជើង សាកល្បង ជាបន្តបន្ទាប់ បាញ់​គ្រាប់មីស៊ីល​ទៅធ្លាក់​ក្នុង​ដែន​សមុទ្រ​ជប៉ុន​បែបនេះ។

ចិន​ចង់​បង្ហាញ​តួនាទី​ការទូត​ដើម្បី សម្របសម្រួល ជប៉ុន កូរ៉េខាងត្បូង

ដោយ​បើក​ជំនួបកំពូល​ត្រី​ភាគី ចិន ជប៉ុន និង​កូរ៉េខាងត្បូង ទីក្រុងប៉េកាំង បាន​បើកឱកាស​ឲ្យ​មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង បាន​ជួបទល់មុខគ្នា នៅក្នុង​ការពិភាក្សា​ទ្វេភាគី ដែល​បាន​ខកខាន មិន​បាន​ធ្វើ អស់ ១៥​ខែ​មកហើយ ដោយសារ​តែ​ការអាក់អន់ស្រពន់ចិត្ត រវាង​គ្នា នៅ​ជាង​មួយឆ្នាំ​មកនេះ។ ទំនាក់ទំនង ការទូត ​ជប៉ុន និង​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ អាក្រក់ រហូតរាលដាល​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ដោយសារ​តែ​ជម្លោះ រើឡើងវិញ​ទាក់ទង​នឹង​ដាន​ប្រវត្តិសាស្រ្ត ជាពិសេស គឺ​រឿងធ្វើ​អាណានិគម រយៈពេល ៣៥​ឆ្នាំ​របស់​ជប៉ុន​ទៅលើ​ឧបទ្វីបកូរ៉េ។

នៅ​ឆ្នាំ​២០១៩  ដើម្បី​ឆ្លើយតប​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង ដែល​បាន​ផ្តន្ទាទោស ក្រុមហ៊ុន​ជប៉ុន​ឲ្យ​សង​ជម្ងឺចិត្ត ពលករ​កូរ៉េខាងត្បូង ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន​ក្នុង​អំឡុង​សម័យសង្រ្គាម រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ដក​កូរ៉េខាងត្បូង ចេញពី​បញ្ជីប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ពិសេស។ កូរ៉េខាងត្បូង​វិញ បាន​ប្រកាស​គំរាម ផ្អាក​មិន​ចែករំលែក ព័ត៌មាន​យោធា​សម្ងាត់​ជាមួយ​ជប៉ុន ប៉ុន្តែ បាន​ប្តូរចិត្ត​មកវិញ ​ជាមួយ​លក្ខខណ្ឌ។

នៅមុន​ធ្វើដំណើរ​ទៅប្រទេស​ចិន លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស៊្ហីនហ្សូ អាបេ ទទួល​ស្គាល់​ថា ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង នៅល្អក់កករ នៅឡើយទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រទេស​ទាំងពីរ​នៅតែ​មាន​ជំហរ គោលដៅ​រួមគ្នា មួយ នោះ បញ្ហា​កូរ៉េខាងជើង ព្រោះ​ថា ប្រទេស​ទាំងពីរ ចង់ ឬ​មិនចង់ ជា​ផ្ទាំងស៊ីប នៃ​ការគំរាមកំហែង វាយប្រហារ​មុនគេ​របស់​កូរ៉េខាងជើង។

ជម្លោះ​ខ្វែងគំនិត រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ខ្វល់ខ្វាយ បារម្ភថា នឹងអាច​ជះឥទ្ធិពល​អាក្រក់​ទៅលើ​នយោបាយការទូត​របស់​អាមេរិក នៅ​អាស៊ី ជាពិសេស ក្នុង​គោលដៅ យុទ្ធសាស្រ្ត ទប់ទល់​នឹង​មហាអំណាច​ចិន ក៏ដូចជា​កូរ៉េខាងជើង។ ក៏ប៉ុន្តែ នៅពេល​មហាអំណាចចិន ចូលខ្លួន មក​ជួយ​សម្របសម្រួល ជម្លោះ​ការទូត​ជប៉ុន និង​កូរ៉េខាងត្បូង​យ៉ាងដូច្នេះ អាមេរិក​ក៏​ប្រឆាំងជំទាស់​អ្វីដែរ ព្រោះ​ដើម្បី​ផលប្រយោជន៍រួម គឺ​ទំនាក់ទំនងល្អ​ឡើងវិញ រវាង​សម្ព័ន្ធមិត្ត​សំខាន់ទាំងពីរ​របស់អាមេរិក។

ប្រការដែល​សំខាន់ នៅត្រង់ថា តើ​ចិន​នឹង​អាច​បញ្ចុះបញ្ចូលបាន​កម្រិត​ណា? តើ​ចិន​អាច​បញ្ចុះបញ្ចូល​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង ទម្លាក់ចោល ជម្លោះ​ដែល​កើតឡើង​ដោយសារ​ការឈឺចាប់​ប្រវត្តិសាស្រ្ត​ដែរឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ