អានតួអត្ថបទ
អូស្រ្តាលី

ឥទ្ធិពលនៃផ្សែងភ្លើងឆេះព្រៃនៅប្រទេសអូស្រា្តលីបានឆ្លងដល់ឆ្នេរសមុទ្រប្រទេសនូវែលសេឡង់

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ពិធី​បិទ​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី ២០២០ កំពុង​បន្ត​គ្របដណ្តប់​ដោយ​ភ្លើងឆេះ​ព្រៃ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨។ គិត​ត្រឹម​ថ្ងៃទី១ មករា ឆ្នាំ ២០២០ មាន​ផ្ទះសម្បែង​ជាង ១ ០០០ខ្នង​ត្រូវ​បាន​ឆាបឆេះ​ដោត​អណ្តាតភ្លើង មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​ចំនួន ១៧នាក់ និង​មាន​ព្រៃឈើ​ជាង ៥លានហិចតា​ត្រូវ​បាន​លេប​ត្របាក់​ដោយ​អណ្តាតភ្លើង។ ផ្អែក​តាម​រូបភាព​ផ្កាយរណប ឆ្នេរសមុទ្រ​នៃ​ប្រទេស​នូវែលសេឡង់​ដែល​មាន​ចម្ងាយ​ដល់​ទៅ ២ ០០០គីឡូម៉ែត្រ​ពី​ប្រទេស​អូស្រា្តលី​ក៏​ទទួល​រង​ផ្សែងភ្លើង​ឆេះព្រៃ​នៅ​អូស្រា្តលី​ដែរ។

អណ្តាតភ្លើង​កំពុង​បន្ត​លេបត្របាក់ព្រៃឈើ​នៅ​អូស្រ្តាលី
អណ្តាតភ្លើង​កំពុង​បន្ត​លេបត្របាក់ព្រៃឈើ​នៅ​អូស្រ្តាលី SAEED KHAN / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១ មករា​ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ២០២០ ទីក្រុង​កង់បេរ៉ា​ដែល​មាន​ប្រជាជន​រស់នៅ​ជាង ៣០០ ០០០នាក់​បាន​គ្របដណ្តប់​ដោយ​ពពកផ្សែង​នៅ​លើ​អាកាស ហើយ​ខ្យល់​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​កំពុង​មាន​គុណភាព​អាក្រក់​ខ្លាំង​ជាង​គេ​ក្នុង​លោក។ រីឯ​នៅ​ទីក្រុង​ស៊ីដនី ពិធី​បាញ់កាំជ្រួច​ឆ្លង​ចូល​ឆ្នាំ​ថ្មី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិយាកាស​បំពុល​ដោយ​ផ្សែង​ភ្លើងឆេះព្រៃ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨។ ផ្អែក​តាម​រូបភាព​ផ្កាយរណប ឥទ្ធិពល​ផ្សែងភ្លើង​ឆេះព្រៃ​បាន​ហោះ​ឆ្លង​ដល់​ឆ្នេរសមុទ្រ​របស់​ប្រទេស​នូវែលសេឡង់​ដែល​មាន​ចម្ងាយ​ដល់​ទៅ ២ ០០០គីឡូម៉ែត្រ​ពី​ទឹកដី​អូស្រ្តាលី។

នៅ​រដ្ឋ New South Wales ប៉ូលិស​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​សាកសព​ថ្មី​ចំនួន ៣នាក់ ហើយ​បើ​សរុប​តាំង​ពី​យប់​ថ្ងៃ​ចន្ទ ទី៣០ ធ្នូ​មក មាន​ចំនួន​មនុស្ស​ស្លាប់ ៨នាក់​បន្ថែម​ទៀត។ ក្តីបារម្ភ​ខ្លាំង​បាន​ផ្តោត​លើ​ចំនួន​មនុស្ស​បាត់ខ្លួន​ជា​ច្រើន​នាក់​នៅ​ប៉ែក​អាគ្នេយ៍​ដែល​កំពុង​បន្ត​រង​ការ​ឆាបឆេះ​មិន​ទាន់​អាច​គ្រប់គ្រង​បាន។ អណ្តាតភ្លើង​បាន​កាត់ផ្តាច់​ភ្លើងអគ្គិសនី ទូរស័ព្ទ និង​អ៊ីនធឺណែត ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អ្នកដើរលេង និង​អ្នកស្រុក​ជា​ច្រើន​ពាន់នាក់​ជាប់គាំង​នៅ​មាត់សមុទ្រ។ បន្ទាប់​ពី​បាន​សម្រាក​តាម​ឆ្នេសមុទ្រ​ក្នុង​យប់​ថ្ងៃ​ចុង​ក្រោយ​ឆ្នាំ ២០១៩ មក មាន​អ្នក​ខ្លះ​អាច​ត្រឡប់​ចូល​ផ្ទះ​របស់​ខ្លួន​វិញ​ជាមួយ​នឹង​ការ​បើក​ផ្លូវ​បណ្តោះអាសន្ន តែ​អ្នក​ខ្លះ​ទៀត​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សម្រាក​ថែម​មួយ​យប់​ទៀត​ទេ។

នៅ​ស្រុក​ទេសចរណ៍ Mallacoota ស្ថិត​ក្នុង​រដ្ឋ Victoria មនុស្ស​ទាំង ៤ ០០០នាក់​ដែល​ជាប់គាំង​នៅ​ឆ្នេរសមុទ្រ និង​ដែល​ទទួល​បាន​ការ​ការពារ​ដោយ​រថយន្ត​របស់​ក្រុម​ពន្លត់អគ្គីភ័យ​ត្រូវ​បាន​រួច​ផុត​ពី​គ្រោះភ័យ។ តែ​រដ្ឋអំណាច​បាន​ផ្តើម​គិតគូរ​ពី​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ស្បៀងអាហារ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​សម្រាប់​ស្រុក Mallacoota។ គួរ​រម្លឹក​ថា ភ្លើងឆេះព្រៃ​ដែល​ចាប់​ផ្តើម​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ បាន​បំផ្លាញ​ផ្ទះសម្បែង​ជាង ១ ០០០ខ្នង មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​ចំនួន ១៧នាក់ និង​មាន​ព្រៃឈើ​ជាង ៥លានហិចតា​ត្រូវ​បាន​លេប​ត្របាក់​ដោយ​អណ្តាតភ្លើង ពោល​ស្មើ​នឹង​ជាង​ផ្ទៃក្រឡាដី​របស់​ប្រទេស​មួយ​ចំនួន ដូច​យ៉ាង​ប្រទេស​ដាណឺម៉ាក ឬ​ប្រទេស​ហូឡង់៕

(ព័ត៌មានដកស្រង់ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ