អានតួអត្ថបទ
ជប៉ុន

លោកការឡូស ហ្គោនមានលិខិតឆ្លងដែនបារាំងចំនួន ២ច្បាប់ តែការគេចខ្លួនរួចរបស់លោកនៅបន្តស្រពិចស្រពិល

លោក​ការឡូស ហ្គោន អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ-នីសាន់​មាន​លិខិតឆ្លងដែន​បារាំង​ចំនួន​ពីរ​ច្បាប់ នេះ​បើ​តាម​ប្រភព​មួយ​ស្និត​នឹង​សំណុំរឿង​ដែល​បាន​បញ្ជាក់​ប្រាប់ AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ មករា។ ដោយឡែក​ក្នុង​ថ្ងៃ​នេះ​ដែរ ក្រុម​ព្រះរាជអាជ្ញា​ជប៉ុន​បាន​ចូល​ឆែកឆែរ​ផ្ទះ​ដែល​លោក​ហ្គោន​បាន​ស្នាក់នៅ​ដោយ​មាន​លក្ខខណ្ឌ​ក្នុង​ទីក្រុង​តូក្យ។ គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃ​ចន្ទ ទី៣១ ធ្នូ ឆ្នាំ ២០១៩ លោក​ការឡូស ហ្គោន​ដែល​កំពុង​ជាប់​អង្កេត​តុលាការ​ជប៉ុន​ក្នុង​សំណុំរឿង​ពុករលួយ និង​រំលោភ​លើ​សេចក្តីទុកចិត្ត​បាន​គេច​ខ្លួន​ពី​ជប៉ុន​ទៅ​កាន់​ប្រទេស​លីបង់​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​តួកគី។ តែ​ការ​គេច​ខ្លួន​រួច​របស់​លោក​ហ្គោន​ពី​ជប៉ុន​ទៅ​លីបង់​នៅ​បន្ត​ស្រពិចស្រពិល។

លោកការឡូស ហ្គោន និង​ភរិយា
លោកការឡូស ហ្គោន និង​ភរិយា © AFP
ផ្សាយពាណិជ្ជកម្ម

៣ថ្ងៃ​ក្រោយ​ការ​គេច​ខ្លួន​រួច​របស់​លោក​ការឡូស ហ្គោន​ពី​ប្រទេស​ជប៉ុន​ទៅ​កាន់​ប្រទេស​លីបង់​ដោយ​ឆ្លង​កាត់​ប្រទេស​តួកគី​មក ព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ​កំពុង​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់។ ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ពេល​នេះ​ឲ្យ​ដឹង​ថា អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ-នីសាន់​ដែល​មាន​សញ្ជាតិ​បារាំង លីបង់ និង​ប្រេស៊ីល​មាន​កាន់​លិខិតឆ្លងដែន​ដល់​ទៅ ៤ច្បាប់ ក្នុង​នោះ លិខិតឆ្លងដែន​លីបង់ ១ច្បាប់ ប្រេស៊ីល ១ច្បាប់ និង​លិខិតឆ្លងដែន​បារាំង​ចំនួន ២ច្បាប់។ គួរ​រម្លឹក​ថា លោក​ហ្គោន​ដែល​បាន​ជាប់​ក្នុង​បទចោទ​ប្រកាន់​ចំនួន ៤ ករណី និង​ដែល​ត្រូវ​បាន​តុលាការ​ជប៉ុន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ក្នុង​ខែ​មេសា ឆ្នាំ ២០១៩ បាន​រស់នៅ​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លំាមើល និង​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ដោយ​សេរី​ក្នុង​ប្រទេស​ជប៉ុន។

ក្នុង​ចំណោម​លិខិតឆ្លងដែន​ទាំង ៤ច្បាប់ មាន ៣ច្បាប់​បាន​រក្សា​ទុក​ដោយ​ក្រុម​មេធាវី​របស់​លោក​ហ្គោន ហើយ ១ច្បាប់​ទៀត​ដែល​មាន​ទិដ្នាការ​ស្នាក់នៅ​លើ​ទឹកដី​ជប៉ុន​រយៈពេល​ខ្លី​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ពិសេស​ឲ្យ​លោក​ហ្គោន​ដាក់​ជាប់​នឹង​ខ្លួន​នៅ​ក្នុង​ប្រអប់​មួយ​ចាក់​សោ ឬ​ប្រើ​លេខកូដសម្ងាត់​ដែល​លោក​ហ្គោន​មិន​ស្គាល់​ទេ នេះ​បើ​តាម​ប្រភព​មួយ​ស្និត​នឹង​សំណុំរឿង​ដែល​បាន​បញ្ជាក់​ប្រាប់ AFP។ តាម​ប្រភព​ដដែល ក្រុម​មេធាវី​របស់​លោក​ហ្គោន​ជា​អ្នក​កាន់​សោ ឬ​កូដសម្ងាត់ ហើយ​ក្នុង​ករណី​ដែល​មាន​ការ​ឆែកឆេរ​ក្រដាសស្នាម​ពី​ប៉ូលិស​នា​ពេល​ដើរហើរ លោក​ហ្គោន​ត្រូវ​ទូរស័ព្ទ​ហៅ​មេធាវី​ឲ្យ​ទៅ​បើក​ប្រអប់​ដើម្បី​យក​លិខិតឆ្លងដែន​បង្ហាញ​ប៉ូលិស។

ប្រភព​ដដែល​បាន​បន្ថែម​ថា លោក​ហ្គោន​ប្រហែល​ជា​បាន​ប្រើ​លិខិតឆ្លងដែន​បារាំង​ទី២ ដើម្បី​ធ្វើ​ដំណើរ​ស្របច្បាប់​ពី​តួកគី​ទៅ​លីបង់។ តែ​ភាព​ស្រពិចស្រពិល​នៅ​បន្ត​មាន​ចំពោះ​ដំណើរ​ចាកចេញ​របស់​លោក​ហ្គោន​ពី​ជប៉ុន​ទៅ​តួកគី។ មាន​ការ​លើក​ឡើង​ថា ការ​គេច​ខ្លួន​របស់​លោក​ហ្គោន​បាន​រៀបចំ​ដោយ​ទីភ្នាក់ងារ​ឯកជន​មួយ ហើយ​ទូរទស្សន៍​តួកគី NTV បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២ មករា​ថា លោក​ហ្គោន​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន​មួយ​ពី​អាកាសយានដ្ឋាន​ជប៉ុន​ក្នុង​ទីក្រុង​អូសាកា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​តួកគី​នា​យប់​ថ្ងៃ​អាទិត្យ ទី២៩ ធ្នូ ឆ្នាំ ២០១៩។ តាម​ទូរទស្សន៍ NTV រដ្ឋអំណាច​តួកគី​បាន​បើក​ការ​ស៊ើបអង្កេត​ស្តីពី​ការ​ឆ្លង​កាត់​ទឹកដី​តួកគី​របស់​លោក​ការឡូស ហ្គោន។ ខណៈ​នេះ ប៉ូលិស​តួកគី​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៧នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ