អានតួអត្ថបទ
តៃវ៉ាន់

បោះឆ្នោតតៃវ៉ាន់៖ បេក្ខនារីប្រធានាធិបតី​​ដែល​ប្រឆាំង​​ចិនដីគោក កំពុង​ទទួល​សំឡេង​នាំមុខ

គ្រាន់តែ ការិយាល័យ​បោះឆ្នោត​ប្រធានាធិបតី​បិទទ្វារ លទ្ធផល​នៃ​ការរាប់សន្លឹក​ឆ្នោត នៅ​តៃវ៉ាន់ បាន​បង្ហាញ​បណ្តើរៗ​ហើយ​ថា លោកស្រី ប្រធានាធិបតី​ផុតអាណត្តិ ត្សៃ អ៊ីងវេន​បាន​ទទួល​សំឡេង​ឆ្នោត នាំមុខ បេក្ខជន គូប្រជែង​របស់​លោកស្រី ដែល​មកពី​គណបក្ស​គួមីនតង់ ដែល​មាននិន្នាការ​រក​ចិន​ដីគោក។ តាម​ប្រព័ន្ធផ្សព្វផ្សាយ ក្នុង​ស្រុក​តៃវ៉ាន់ នៅក្នុង​ចំណួន​សន្លឹកឆ្នោត ជាង ៦លាន ដែល​គេ​បាន​រាប់ រហូតមកដល់​ម៉ោងនេះ លោកស្រី ត្សៃ អ៊ីងវេន បាន​ទទួល​សំឡេង ឆ្នោត ៥៦ភាគរយ ចំណែក លោក ហាន គួរយូ ដែល​ជា​គូប្រជែង បានទទួល​សំឡេង​តែ ៣៩ភាគរយ​ប៉ុណ្ណោះ។ 

ប្រធានាធិបតី​ផុតអាណត្តិលោកស្រី ត្សៃ អ៊ីងវេននៅពេល​ទៅដល់​ការិយាល័យបោះឆ្នោត ថ្ងៃទី ១១​មករា ២០២០
ប្រធានាធិបតី​ផុតអាណត្តិលោកស្រី ត្សៃ អ៊ីងវេននៅពេល​ទៅដល់​ការិយាល័យបោះឆ្នោត ថ្ងៃទី ១១​មករា ២០២០ © REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

លទ្ធផល នៃ​ការរាប់សន្លឹក​ឆ្នោត​បណ្តើរៗ បាន​បង្ហាញថា ប្រធានាធិបតី​ផុតអាណត្តិ​លោកស្រី ត្សៃ អ៊ីងវេន ដែល​ជា​បេក្ខនារី មកពី​គណបក្ស​ប្រជាធិបតេយ្យ ចម្រើននិយម ដែល​ចង់​បាន​ឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់ បាន​ទទួល​សំឡេង​នាំមុខ គូប្រជែង​របស់​លោកស្រី គឺ​លោក ហាន គួរយូ មកពី​គណបក្ស ដែល​មាន​និន្នាការ​ទៅរក​ចិន​ដីគោក។ លទ្ធផលឆ្នោត​ផ្លូវការ​យ៉ាងណា​នោះ នឹង​បញ្ជាក់​ថា តើ​តៃវ៉ាន់ នឹង​ដើរ​លើ​ផ្លូវ​ដែល​យក​ចិន ជា​មិត្ត ឬ​យក​ចិន​ជា​សត្រូវ។

ដោយ​ចង់​បន្ត​តំណែង​ប្រធានាធិបតី តៃវ៉ាន់​មួយអាណត្តិទៀត លោកស្រី ត្សៃ អ៊ីងវេន បាន​តាំង​ខ្លួន លោកស្រី ជា​អ្នកការពារ តម្លៃ សិទ្ធិ​សេរីភាព នៅ​តៃវ៉ាន់ ដែល​កំពុង​ប្រឈម​នឹង​អំណាចផ្តាច់ការ កាន់​តែ​ចេញមុខ​របស់​ចិន​ដីគោក។ លោកស្រី ត្សៃ អ៊ីងវេន ដែល​ធ្លាប់​ធ្លាក់កូដ​ប្រជាប្រិយភាព នៅក្នុង​ការបោះឆ្នោត​សភា និង​ឃុំសង្កាត់​កន្លងមក បាន​ឆ្លៀតទាញ​ប្រយោជន៍ ចំណុចខ្សោយ របស់​ទីក្រុង​ប៉េកាំង ដែល​កំពុង ប្រឈម​នឹង​វិបត្តិ​នយោបាយ​នៅ​ហុងកុង ហើយ​និង​ជម្លោះ​ពាណិជ្ជកម្ម ជាមួយ​អាមេរិក។

លោកស្រី ត្សៃ អ៊ីងវេន បានទាក់ទាញ អ្នកជាតិនិយម តៃវ៉ាន់ ផងដែរ តាមរយៈ ប្រសាសន៍​របស់​ប្រធានាធិបតី ចិន លោកស៊ី ជីនពីង ដែល​ថា ការដាក់បញ្ចូល​កោះតៃវ៉ាន់ មក​ក្នុង​ប្រទេស​ចិន​តែមួយ គឺ​ជា​រឿង ដែល​គេមិនអាច​ជៀសបាន។

នៅក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត​កន្លងទៅ លោកស្រី ធ្លាប់បាន​អំពាវនាវ​ប្រាប់​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់ បោះឆ្នោត គាំទ្រ ឬ​មួយ ក៏ប្រឆាំង លទ្ធិប្រជាធិបតេយ្យ និង​ដែនអធិបតេយ្យភាព​របស់​តៃវ៉ាន់។ លោកស្រី​បាន​និយាយ​ថា បោះឆ្នោត​ឲ្យ​លោកស្រី គឺ បង្ហាញ​ថា ពលរដ្ឋ​តៃវ៉ាន់ ប្តេជ្ញា ការពារ ប្រទេស និងដែនអធិបតេយ្យភាព​របស់​តៃវ៉ាន់។

នៅពេល​ចេញពី​បន្ទប់បោះឆ្នោត កាលពី ថ្ងៃ​សៅរ៍ លោកស្រី ត្សៃ អ៊ីងវេន បាន​ថ្លែង​ប្រាប់អ្នកកាសែតថា លោកស្រី សង្ឃឹមថា ប្រជាជន​តៃវ៉ាន់ ចេញទៅ​បោះឆ្នោត ដើម្បី​សំដែង​សិទ្ធិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់ ឲ្យ​កាន់តែ​រឹងមាំ​ជាងមុន។

គូប្រជែង​របស់លោកស្រីត្សៃ អ៊ីងវេន គឺ​លោក ហាន គួយូ មកពី​គណបក្ស​គួមីងតង់ ដែល​ប្រើ​ពាក្យ​ស្លោកថា តៃវ៉ាន់ សុវត្ថិភាព និង​ប្រជាជន​តៃវ៉ាន់ ជាអ្នកមាន ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់ ជ្រើសរើស​រវាង​សន្តិភាព ឬ​វិបត្តិ​ជាមួយ​ចិន។ លោក​ហាន ធ្លាប់​បាន​ឈ្នះឆ្នោត ក្លាយ​ជា​ចៅហ្វាយក្រុង Kaohsiung ដែល​ធ្លាប់ជាទីតាំង​សំឡេង​ឆ្នោត​របស់​គណបក្ស​កាន់អំណាច។ ប៉ុន្តែ លោក​ហាន ដែល​ជាអ្នកនយោបាយ​មិនសូវ​មាន​បទពិសោធន៍ ត្រូវ​គេ​រិះគន់​ដែរ​ថា មាន​ជំហរ ជ្រុល​ខ្លាំងពេក​ទៅរក​ប្រទេសចិន។

ការបោះឆ្នោត​ប្រធានាធិបតី តៃវ៉ាន់ កំពុង​ស្ថិតនៅ​ក្រោម​ក្រសែភ្នែក​តាមដាន​របស់​ប្រទេស​មហាអំណាច​នៅក្នុង​តំបន់ ជាពិសេស​ចិន ដែល​មិនលាក់លៀម​ពី​មហិច្ឆតា ដែល​ចង់​ឲ្យ​លោកស្រី ត្សៃ អ៊ីងវេន ជួបបរាជ័យ ក្នុងការបោះឆ្នោត។ ជោគជ័យ​ណាមួយ​របស់​លោកស្រី អ៊ីងវេន​នឹង​រឹងរឹតតែ​ធ្វើ​ឲ្យ​ចិន និង​តៃវ៉ាន់ កាន់តែ​តានតឹង​ខ្លាំងនឹង​គ្នា​បន្ថែមទៀត។

សូមបញ្ជាក់ថា ចាប់តាំង ពី​លោកស្រី ត្សៃ អ៊ីងវេន មក​ពី​គណបក្ស​ដែលមាន​និន្នាការ​ទាមទារ​ឯករាជ្យ​ចូល​កាន់អំណាច នៅ​តៃវ៉ាន់ ឆ្នាំ ២០១៦ ប្រទេស​ចិន​ដីគោក បាន​ដំឡើង​សំឡេង ដាក់​សម្ពាធ​លើ​តៃវ៉ាន់ ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច និង​បាន​បង្កើន​ជារឿយ សមយុទ្ធយោធា​នៅជិត កោះតៃវ៉ាន់៕

(ដកស្រង់ព័ត៌មានពីAFP និង Reuters)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ