អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីនស្ថិតក្នុងស្ថានភាពអាសន្ន ក្រោយពីភ្នំភ្លើងតាលអាល់បានភ្ញាក់ និងជិតផ្ទុះ

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ភ្នំភ្លើង​តាលអាល់​ដែល​មាន​ចម្ងាយ​ប្រមាណ ៦៥គីឡូម៉ែត្រ​ស្ថិត​ប៉ែកខាងត្បូង​ទីក្រុង​ម៉ានីល​បាន​ខ្ចាក់កំអែល និង​បញ្ចេញ​ផេះ រួម​ទាំង​ផ្សែង​ខ្មួលខ្មាញ់​បាញ់​ត្រង់​ទៅ​លើ​នា​ថ្ងៃ​ចន្ទ ទី១៣ មករា។ បរិមាណ​ផេះ និង​ផ្សែង​បាន​ធ្វើ​ឲ្យ​មាន​ការ​លុបចោល​ជើងហោះហើរ​ជា​ច្រើន​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ម៉ានីល។ ឧប្បត្តិហេតុ​ធម្មជាតិ​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​អាសន្ន​ដោយ​គេ​មិន​ដឹង​ថា តើ​ភ្នំភ្លើង​តាលអាល់​នឹង​ផ្ទុះ​នៅ​ពេល​ណា។ គួរ​រម្លឹក​ថា ភ្នំតាល់អាល់​បាន​ផ្តើម​កក្រើក​ជាមួយ​នឹង​ដី​រញ្ជួយ​នៅ​ក្បែរ​នោះ​ក្នុង​ថ្ងៃ​អាទិត្យ ទី១២ មករា។

ហ្វីលីពីនស្ថិតក្នុងស្ថានភាពអាសន្ន ក្រោយពីភ្នំភ្លើងតាលអាល់បានភ្ញាក់ និងជិតផ្ទុះ
ហ្វីលីពីនស្ថិតក្នុងស្ថានភាពអាសន្ន ក្រោយពីភ្នំភ្លើងតាលអាល់បានភ្ញាក់ និងជិតផ្ទុះ Jon Patrick Laurence Yen via REUTERS
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​យ៉ាង​តិច ១០ ០០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួក​គេ​ដែល​ស្ថិត​ក្បែរ​ភ្នំភ្លើង។ ចំណែក​សាលារៀន​ដែល​ស្ថិត​ក្នុង​តំបន់​ភ្នំភ្លើង គ្រប់​ការិយាល័យ​របស់​រដ្ឋាភិបាល និង​ផ្សារមូលប័ត្រ​បាន​បិទទ្វារ​ក្នុង​ថ្ងៃ​ចន្ទ ទី១៣ មករា។ អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ម៉ានីល​ដែល​បាន​បិទទ្វារ​នា​ថ្ងៃ​អាទិត្យ ទី១២ មករា​បាន​បើក​ទ្វារ​បណ្តោះអាសន្ន​អនុញ្ញាត​ឲ្យ​យន្តហោះ​ផ្តើម​ហោះ​ចេញ​ក្នុង​ថ្ងៃ​ចន្ទ ទី១៣ មករា។ គួរ​រម្លឹក​ថា មាន​ជើងហោះហើរ​ប្រមាណ​ជា ២៤០ ត្រូវ​បាន​លុបចោល​ដោយសារ​វត្តមាន​បរិមាណ​ផេះ​នៅ​ក្នុង​អាកាស។ ក្រោយ​ការ​ព្រមាន​ពី​រដ្ឋអំណាច​ជុំវិញ​ហានិភ័យ​ផ្លូវដង្ហើម​ដោយ​ការ​ស្រូប​លំអងធូលី និង​ផេះ​ភ្នំភ្លើង ពលរដ្ឋ​ដែល​រស់ក្នុង​តំបន់​ភ្នំភ្លើង​បាន​នាំ​គ្នា​ទិញ​ម៉ាស់បិទ​ចម្រុះ។

ផ្អែក​តាម​វិទ្យាស្ថាន​ទទួល​បន្ទុក​ផ្នែក​ភ្នំភ្លើង និង​រញ្ជួយដី ភ្នំភ្លើង​តាលអាល់​បាន​ផ្តើម​កក្រើក​ក្នុង​ថ្ងៃ​អាទិត្យ ទី១២ មករា​ជាមួយ​នឹង​ការ​បញ្ចេញ​ចំហាយ​ទឹក និង​កម្ទេចថ្ម​បាញ់​ត្រង់​ឡើង​លើ​ក្នុង​កម្ពស់ ១៥គីឡូម៉ែត្រ។ ចំណែក​កំអែល​បាន​ផ្តើម​លេច​រូបរាង​ច្បាស់​ក្នុង​ថ្ងៃ​ចន្ទ ទី១៣ មករា។ ទន្ទឹម​គ្នា​នេះ បំផ្ទុះ​ភ្លើង​បង្ក​ជា​រន្ទះ​បាន​កើត​មាន​ម្តង​ម្កាល និង​ញឹកញាប់​ចេញ​ពី​មាត់ភ្នំភ្លើង។ លោក Renato Solidum នាយកវិទ្យាស្ថាន​ទទួល​បន្ទុក​ផ្នែក​ភ្នំភ្លើង និង​រញ្ជួយដី​បាន​បញ្ជាក់​ថា កំអែល​ភ្នំភ្លើង​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ពី​សកម្មភាព​របស់​ភ្នំភ្លើង តែ​គេ​មិន​ដឹង​ថា​តើ​សកម្មភាព​មួយ​នេះ​នឹង​មាន​រយៈពេល​ប៉ុន្មាន​ទេ។ តាម​លោក Solidum ការ​ផ្ទុះ​ភ្នំភ្លើង​តាលអាល់​ចុង​ក្រោយ គឺ​ក្នុង​ឆ្នាំ ១៩៩៧។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នៅ​ប៉ុន្មាន​ម៉ោង ឬ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ដែល​ភ្នំភ្លើង​តាលអាល់​នឹង​ផ្ទុះ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​ក្នុង​កម្រិត​ខ្ពស់​ចំពោះ​ឧប្បត្តិហេតុ​ធម្មជាតិ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ