អានតួអត្ថបទ
ហ្វីលីពីន

ព្យុះសង្ឃរាសម្លាប់មនុស្សយ៉ាងតិច ១៦នាក់នៅហ្វីលីពីន

នៅ​ប្រទេស​ហ្វីលីពីន ដែល​ប្រជាជន​ភាគច្រើនជា​អ្នក​កាន់គ្រិស្តសាសនា ពិធី​បុណ្យណូអែល​ត្រូវបាន​ប្រែក្លាយ​ទៅ​ជា​សោកនាដកម្ម ក្រោយ​ពី​ព្យុះដ៏​កំណាច​ឈ្មោះ “ហ្វានហ្វូន” បាន​បោកបក់​មក​លើ​តំបន់ភាគកណ្តាល​ប្រទេស កាល​ពីថ្ងៃ​ពុធ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ១៦នាក់ និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាជន ដែល​ភាគច្រើន​ជា​ភូមិ​នៅ​តំបន់​ដាច់ស្រយាល។

រូបភាព​បង្ហាញ​ពី​ការ​ខូចខាត​ដោយ​ព្យុះសង្ឃរា ហ្វានហ្វូន នៅ​ហ្វីលីពីន ថ្ងៃទី២៦ធ្នូ២០១៩
រូបភាព​បង្ហាញ​ពី​ការ​ខូចខាត​ដោយ​ព្យុះសង្ឃរា ហ្វានហ្វូន នៅ​ហ្វីលីពីន ថ្ងៃទី២៦ធ្នូ២០១៩ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​បាន​សម្លាប់​មនុស្ស និង​បាន​​បំផ្លិចបំផ្លាញ​ផ្ទះ​របស់​ប្រជាជន នៅ​តាម​ភូមិ​ដាច់ស្រយាល ព្យុះសង្ឃរា​ហ្វានហ្វូន ដែល​មាន​ល្បឿនខ្យល់​រហូតដល់​ទៅ​ជិត ២០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង​នោះ ក៏​បាន​បក់​រំលំ​បង្គោល​ភ្លើងអស់​ជាច្រើន​ផងដែរ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅ​កន្លែង​ជាច្រើន​​ត្រូវ​កាត់ផ្តាច់ ដោយ​ក្នុង​នោះ តំបន់​ទេសចរណ៍​​ដ៏​​ពេញនិយម​មួយចំនួន​​របស់​ហ្វីលីពីន​ ក៏​ត្រូវ​រងនូវ​ការ​ខូចខាត​យ៉ាងច្រើន​ផងដែរ។

អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្បែរ​តំបន់​ដែល​រងគ្រោះ​ដោយ​ព្យុះសង្ឃរា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ថា គិត​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ ចរន្តអគ្គិសនី​នៅ​​ក្នុង​តំបន់​នោះ​នៅ​តែ​មិនទាន់​អាច​តភ្ជាប់​មក​វិញ​នៅឡើយ​នោះទេ ចំណែក​ឯ​បណ្តាញ​ទូរស័ព្ទ និង​អ៊ីនធ័រនែត​ក៏​ត្រូវ​កាត់​ផ្តាច់​ផងដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បណ្តាញ​ទំនាក់ទំនង​ទៅ​កាន់​តំបន់​នោះ​ត្រូវ​​កាត់ផ្តាច់ ហើយ​ធ្វើ​ឲ្យ​គេមិន​អាច​វាយតម្លៃ​បាន​ជាក់លាក់​នៅឡើយ ទៅលើ​ការ​ខូចខាត​ដោយ​ព្យុះសង្ឃរា​នេះ។

មធ្យោបាយ​ដឹកជញ្ជូន​វិញ​ក៏​ត្រូវ​កាត់ផ្តាច់ ដោយ​សេវាដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវទឹក​ចេញ​ចូលតំបន់​ទេសចរណ៍​ត្រូវ​បាន​កាត់ផ្តាច់ ហើយ​​អ្នកទេសចរ​កូរ៉េ​ម្នាក់​​​​បាន​ប្រាប់​អាអែហ្វប៉េ​ថា ព្រលានយន្តហោះ​ដ៏​សំខាន់​មួយ ដែល​ជា​ច្រក​ចេញ​ចូល​តាមផ្លូវ​អាកាស​ទៅ​កាន់​តំបន់​ទេសចរណ៍​ក្នុង​តំបន់​នោះ​​ក៏​ត្រូវ​រង​នូវ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ​ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​អ្នក​ដំណើរ​​ត្រូវ​ជាប់គាំង​​នៅ​ឯ​ព្រលាន​យន្តហោះ។ ​អ្នក​ទេសចរ​បរទេសខ្លះទៀត​​ ដែល​កំពុង​​ជាប់​គាំង​នៅ​ព្រលាន​យន្តហោះ​នោះ​បាន​ឲ្យដឹង​ថា ពួកគេ​បាន​ព្យាយាម​ទាក់ទង​សួរ​ដំណឹង​អំពី​​​មិត្តភក្តិ​របស់​ពួកគេផ្សេងទៀត​ ក៏ប៉ុន្តែ មិន​អាច​ទាក់ទង​បាន ដោយសារ​តែ​ប្រព័ន្ធ​ទំនាក់ទំនង​ត្រូវ​កាត់ផ្តាច់។

គួរបញ្ជាក់ថា ព្យុះសង្ឃរា​ហ្វានហ្វូន​នេះ​បាន​បក់​បោក​មកដល់​ឆ្នេរ​ហ្វីលីពីន តាំង​ពី​យប់ថ្ងៃ​អង្គារ ហើយ​បានបន្ត​បោកបក់​ពេញ​មួយថ្ងៃ​ពុធ ដែល​ជា​ថ្ងៃ​បុណ្យណូអែល ដោយ​ធ្វើ​ដំណើរ​កាត់​តាម​បណ្តា​កោះ​ជាច្រើន ក្នុង​តំបន់​ប៉ែក​កណ្តាល​ប្រទេស។ មនុស្ស​ប្រមាណ​ជា​ជិត ៦ម៉ឺននាក់ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ តាំង​ពីថ្ងៃ​អង្គារ ដោយ​គន្លងផ្លូវ​នៃ​ព្យុះសង្ឃរា​ហ្វានហ្វូន​នេះ មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ព្យុះសង្ឃរា​​ដ៏​កំណាច​បំផុត​​​មួយ​ក្នុង​ប្រវត្តិ​ហ្វីលីពីន គឺ​ព្យុះសង្ឃរា​ហៃយ៉ាន កាល​ពីឆ្នាំ២០១៣ ដែល​កាលណោះ វា​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ជាង ៦ពាន់នាក់ និង​ជាង​១ពាន់នាក់​ផ្សេងទៀត​ត្រូវ​បាត់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ