អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបាញ់រះ​សម្លាប់​មនុស្ស នៅ​ខូរ៉ាត ឆ្លុះបញ្ចាំង​ពីការប្រើប្រាស់​កាំភ្លើង ក្នុង​ឧក្រិដ្ឋកម្ម​សម្លាប់មនុស្ស នៅ​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហេតុការណ៍​បាញ់រះ សម្លាប់​មនុស្ស នៅ​ខេត្តនគររាជសីមា ឬ ខូរ៉ាត​របស់​ប្រទេស​ថៃ បាន​បិទបញ្ចប់ នៅព្រឹក​ថ្ងៃអាទិត្យ ទី​៩​កុម្ភៈ បន្ទាប់​ពី​កងកម្លាំង​ប៉ូលិស​ថៃ​បាន​បាញ់សម្លាប់​ខ្មាន់កាំភ្លើង ដែល​ចូល​ទៅ​ចាប់ជំរិត​មនុស្ស​ក្នុង​ផ្សារទំនើប កណ្តាល​ក្រុង​ខូរ៉ាត។ នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា បាន​លើក​និយាយ​ពី​ចំនួន​មនុស្ស​ស្លាប់ ២៦នាក់ ដែលក្នុង​នោះ ១នាក់ ជា​ប៉ូលិស​ថៃ និង​អ្នករបួស៥០នាក់ ផ្សេងទៀត។ តាម​ប្រមុខរដ្ឋាភិបាល​ថៃ បញ្ហា​ផ្ទាល់ខ្លួន ទាក់ទង​នឹងជម្លោះ​អចលនទ្រព្យ ជា​ដើមហេតុ​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង ដែល​មានឋានៈ​ជា​ពលបាលឯក បើក​ការបាញ់រះ​សម្លាប់​មនុស្ស នៅ​បន្ទាយទាហាន មុន​នឹង​រាលដាល​ទៅដល់​ផ្សារទំនិញ នៅ​កណ្តាល​ក្រុង​ខូរ៉ាត។ 

ទាហាន​ថៃ​ម្នាក់​ស្ពាយអាវុធ នៅក្រោយ​បញ្ចប់​បេសកកម្ម បិទបញ្ចប់ ការបាញ់រះសម្លាប់មនុស្សនៅទីក្រុង​ខូរ៉ាត ប្រទេស​ថៃ កាលពីថ្ងៃអាទិត្យ ទី ៩​កុម្ភៈ
ទាហាន​ថៃ​ម្នាក់​ស្ពាយអាវុធ នៅក្រោយ​បញ្ចប់​បេសកកម្ម បិទបញ្ចប់ ការបាញ់រះសម្លាប់មនុស្សនៅទីក្រុង​ខូរ៉ាត ប្រទេស​ថៃ កាលពីថ្ងៃអាទិត្យ ទី ៩​កុម្ភៈ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅ​ខេត្ត​នគរាជសីមារ ឬ​ខូរ៉ាត​របស់ប្រទេស​ថៃ ហេតុការណ៍​បាញ់រះ​សម្លាប់មនុស្ស​បាន​អូសបន្លាយ ពេល អស់ ១៧ម៉ោង និង​បាន​សម្លាប់​មនុស្ស សរុប ២៧​នាក់ ដែល​នៅ​ក្នុង​នោះ ម្នាក់ ជា​ខ្មាន់កាំភ្លើង ដែល​ទើប​ត្រូវ​កងកម្លាំង​ប៉ូលិស​ថៃ បាញ់សម្លាប់​នៅ​ព្រឹកថ្ងៃ​អាទិត្យនេះ។ នៅ​ក្នុង​សន្និសីទ​កាសែត នៅ​មន្ទីរពេទ្យ ជាទី​ដែលលោក​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ជនរងគ្រោះ ដែល​រងរបួស​ដោយសារ​ខ្មាន់កាំភ្លើង លោកនាយករដ្ឋមន្រ្តី ថៃ ប្រាយុទ្ធ ចាន់អូចា​បាន​លើកឡើង​ពី គំនុំសងសឹក​ផ្ទាល់ខ្លួន (ជម្លោះទាក់ទង​នឹង​រឿងលក់ផ្ទះ) ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង បើកការបាញ់សម្លាប់មនុស្ស អស់ ២៦នាក់ និង​ធ្វើឲ្យ​រងរបួស មនុស្ស ៥០នាក់។

ដោយពិតទៅ នៅក្នុង​សារបង្ហោះផ្សាយ​លើ​គណនី​ហ្វេសប៊ុករបស់ខ្លួន នៅ​ពេល​ចូល​ក្នុង​ផ្សារទំនើប Terminal 21 កណ្តាល​ក្រុង​ខូរ៉ាត ខ្មាន់កាំភ្លើង ចក្រាផាន់ ធ័មម៉ា បានសរសេរ​ថាក្លាយខ្លួនជាអ្នកមាន ដោយសារកេងចំណេញ​ពីអ្នកដទៃ តើពួកគេហ្នឹងគិតថា នឹងអាច​ចាយលុយ​នៅឋាននរក? 

លោក​នាយករដ្ឋមន្រ្តី​ថៃ បាន​ចាត់ទុក​ហេតុការណ៍​បាញ់រះ​សម្លាប់​មនុស្ស​លើកនេះ ថា ជារឿង​ដែល​មិនធ្លាប់មាន​នៅ​ប្រទេស​ថៃ និង​ចង់​ឲ្យ​ហេតុការណ៍​លើកនេះ ជា​រឿង​ចុងក្រោយដែល​ថៃ ត្រូវ​ជួបប្រទះ។

ហេតុការណ៍​បាញ់រះសម្លាប់​មនុស្ស  ដ៏ច្រើន​បែបនេះ ជា​រឿង​ថៃ​មិនធ្លាប់​ជួបប្រទះ ទេពីមុន។ គេ​ធ្លាប់​ឃើញ​រឿងនេះ បែបនេះ ភាគច្រើន កើតឡើង​នៅ​អាមេរិក ហើយ​ចុងក្រោយ បំផុត គឺ​នៅប្រទេស​នូវែលហ្សេឡង់ កាលពី​ខែ​មីនា​ឆ្នាំមុន ដែល​ខ្មាន់កាំភ្លើង​ជាតិ​អូស្ត្រាលី​ម្នាក់ បាន​បាញ់រះ​សម្លាប់​មនុស្ស​ជាង ៥០នាក់ នៅ​វិហារអ៊ីស្លាម នៅ​ទីក្រុង​ក្រៃឈើច។

នៅក្នុងករណី​របស់​ខ្មាន់កាំភ្លើង ដែល​ជា​ទាហាន​ថៃ ឈ្មោះ ចក្រាផាន់ ធ័មម៉ា គេ​បាន​ចូល​ទៅ​លួចយក​អាវុធ គ្រឿង​ផ្ទុះ​ពីក្នុង​ឃ្លាំង​អាវុធ របស់​បន្ទាយ មុន​ទៅ​ចេញ​ទៅ​បាញ់សម្លាប់​មនុស្ស​តាមផ្លូវ និង​នៅ​ផ្សារទំនើប កណ្តាល​ក្រុង​ខូរ៉ាត។ នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​នេះ លោកនាយករដ្ឋមន្រ្តី​ថៃ បាន​អះអាងថា លោក​ជា​អ្នកគ្រប់គ្រង​ដោយ​ផ្ទាល់​សន្តិសុខ ឃ្លាំង​អាវុធ នៅ បន្ទាយទាហាន​ក្នុង​ខេត្ត​នគររាជសីម៉ា។ តាម​លោកប្រាយុទ្ធ​ចាន់អូចា ឃ្លាំង​អាវុធ ត្រូវ​បាន​គេ​យាមត្រឹមត្រូវ គ្មាន​ការធ្វេសប្រហែស នោះទេ។ នាយករដ្ឋមន្រ្តី​ថៃ អះអាងយ៉ាង​ដូច្នេះ បន្ទាប់ ពី​មាន​ការចុះផ្សាយ​ថា ខ្មាន់កាំភ្លើង បាន​លួច​យក​គ្រាប់កាំភ្លើង និង​កាំភ្លើង​ស្វ័យប្រវត្តិ ពី​ឃ្លាំង​អាវុធ របស់​បន្ទាយ​ដ៏សំខាន់​មួយ របស់ថៃ ដើម្បី​យក​ទៅប្រើ​បាញ់រះសម្លាប់​មនុស្ស​លើកនេះ។

នៅ​ប្រទេស​ថៃ ហេតុការណ៍​បាញ់រះ​សម្លាប់មនុស្ស​ដ៏ច្រើន បែបនេះ មិន​ធ្លាប់​កើត​មាន​មែន ប៉ុន្តែ ឧក្រិដ្ឋកម្ម​បាញ់​សម្លាប់​មនុស្ស​ដោយ​កាំភ្លើង មិនមែន​ជា​រឿង​ថ្មី​ទេ នោះទេ។ ប្រទេស​ថៃ ដែល​មាន​អ្នកប្រើប្រាស់​អាវុធ​ជា​ឯកជន​ដល់​ទៅ ១០លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​ថៃ សរុប ៦៩​លាននាក់ បានក្លាយ​ជា​ប្រទេស​ធំ ទី២​នៅ​អាស៊ីអាគ្នេយ៍ ដែល​ឧក្រិដ្ឋកម្ម សម្លាប់​មនុស្ស ដោយ​ប្រើ​កាំភ្លើង មាន​អត្រា​ខ្ពស់​បំផុត ដោយ​រាប់​បញ្ចូល​ទាំង​អំពើ​ហិង្សា ជម្លោះប្រដាប់ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ។

ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​លើកនេះ ធ្វើ​ឲ្យ​ គេ​នឹក​ទៅ​ដល់​ករណី​ប្លន់​សម្លាប់មនុស្ស​នៅ​ហាងមាស នៅ​ខេត្ត​លុបបូរី កាលពី​ខែ​មុន ដែល​ចោរ​បាន​បាញ់​សម្លាប់​មនុស្ស​៣នាក់ ដែល​នៅក្នុងនោះ​ម្នាក់​ជា​កុមារ។ ថៃ ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស ដែល​មាន​ចរាចរណ៍​អាវុធ ច្រើន​ជាងគេ​ក្នុង​ពិភពលោក។ នៅប្រទេស​ថៃ គេ​រាប់ឃើញ មាន​អ្នកកាន់អាវុធ ប្រមាណ ១០លាននាក់ ប៉ុន្តែ នៅក្នុង​នោះ មានតែ ៦លាននាក់ តែប៉ុណ្ណោះ ដែល​បាន​ចុះ​បញ្ជី​ច្បាប់​ត្រឹមត្រូវ។

នៅ​ថៃ ច្បាប់​ផ្តល់​សិទ្ធិ​ឲ្យ​គេអាច​ទិញ​អាវុធ ការពារ​ខ្លួន ជា​លក្ខណៈឯកជន បើសិន​គេ​មាន​ភស្តុតាង​បង្ហាញថា គេ​មាន​ទ្រព្យសម្បត្តិ ត្រូវ​ការពារ ឬ​កំពុង​រស់នៅ ក្នុង​តំបន់​ដែល​ប្រឈម​អសន្តិសុខខ្លាំង។ តាមអង្គការ​គ្រប់គ្រង​នយោបាយ​អាវុធ ប្រចាំ​ប្រទេស​ថៃ នៅពេល​មាន​អាវុធ​ជាច្រើន មិន​ត្រូវ​បានចុះបញ្ជី ត្រឹមត្រូវ តាមច្បាប់ ការលក់អាវុធ នៅប្រទេស​ថៃ មាន​លក្ខណៈ បើកចំហ ដូចជា​នៅតាមទីផ្សារ ហើយ​មួយ​អាវុធ​ចំនួន ត្រូវ​បាន​ទិញ លក់ដូរ ដោយ​ឧក្រិដ្ឋជន។

ជាថ្មីម្តងទៀត បណ្តាញ​ហ្វេសប៊ុក​បានក្លាយ​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​ខ្មាន់កាំភ្លើង

ហេតុការណ៍​បាញ់សម្លាប់​មនុស្ស​នៅ​ប្រទេស​ថៃ លើកនេះ ទោះបី​ជា​រឿង​កម្រ មិនធ្លាប់​មាន​នៅប្រទេស​ថៃ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​ថៃត្រូវ​គេ​ចាត់ចូល​ក្នុង​បញ្ជី​ប្រទេស ដូចជា​អាមេរិក និង​នូវែលហ្សេឡង់ដែរ ដែល​នៅទីនោះ ខ្មាន់កាំភ្លើង បាន​ថត​បង្ហោះ​ផ្សាយ​ផ្ទាល់ សកម្មភាព បាញ់​រះសម្លាប់​ជនស្លូតត្រង់ តាម​បណ្តាញ​សង្គមហេ្វសប៊ុក។

ចំណុចដូចគ្នា រវាង​ការបាញ់សម្លាប់មនុស្ស​នៅអាមេរិក នៅនូវែលហ្សេឡង់ ហើយនិង​នៅ​ប្រទេស​ថៃ គឺ​ថា ខ្មាន់កាំភ្លើង មានអាវុធ ពេញដៃ និង​ចេះ​ប្រើ​បច្ចេកវិទ្យាអ៊ីនធ័រនែត ដូចជា​បណ្តាញសង្គម ហ្វេសប៊ុក ដើម្បី ចែកចាយ បង្ហាញ រូបភាព​សម្លាប់មនុស្ស​ដ៏ឃោឃៅ​របស់ខ្លួន។ នៅក្នុង​ករណី​ដើរបាញ់រះ​សម្លាប់មនុស្ស របស់​ខ្មាន់កាំភ្លើង ចក្រាផាន់ ធ័មម៉ា រូបភាព​វីដេអូ និង​រូបថត​របស់​ជនរងគ្រោះដែល​ដេកស្លាប់ នៅក្នុង​ថ្លុកឈាម ដោយសារ​គ្រាប់កាំភ្លើង​របស់​ជនដៃដល់ ត្រូវ​បានបង្ហោះផ្សាយ ពេញ​ហ្វេសប៊ុក តាំង​ពីកើតមាន​ហេតុការណ៍ នៅរសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ក្រុមហ៊ុន​ហ្វេសប៊ុក​បានអះអាងថា គេ​បាន​លុបចោល គណនី ហ្វេសប៊ុក និង​អាំងស្តាក្រាម​របស់​ចក្រកាផាន់ និង​លុបចោល​រូបភាព​ដែល​ខ្មាន់កាំភ្លើង​បាន​បង្ហោះផ្សាយ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក តាំងពីថ្ងៃ​សៅរ៍ម្ល៉េះ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃអាទិត្យនេះ ក្រុមហ៊ុន​ហ្វេសប៊ុក​បាននិយាយ​ថា គេ​កំពុង​តាមដាន​រកមើល​រូបភាព​ហិង្សា​ផ្សេងទៀត ដែល​ទាក់ទង​នឹង​ការបាញ់រះ សម្លាប់​មនុស្ស​នៅ​ទីក្រុង​ខូរ៉ាត។ ជាមួយគ្នានេះ ក្រុមហ៊ុន​នឹង​ព្យាយាម​ផងដែរ មិន​ឲ្យ​អ្នកប្រើប្រាស់​ផ្សេងទៀត ចុះផ្សាយ រូបភាព​ហិង្សា ដែល​អាច​អាទាក់ទង​នឹង​ហេតុការណ៍ បាញ់សម្លាប់​មនុស្ស​របស់​ខ្មាន់កាំភ្លើង ចក្រាផាន់។

ក្រុមហ៊ុន​ហ្វេសប៊ុក មើលទៅ សកម្មខ្លាំងណាស់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រូបភាព វីដេអូ របស់​ខ្មាន់កាំភ្លើង ត្រុវ​គេ​ចែកចាយ លើ​បណ្តាញ ប៉ុន្តែ ដូចលើកមុន គឺ​ដូច​ករណី​បាញ់សម្លាប់មនុស្ស នៅ​នូវែលហ្សេឡង់ ហ្វេសប៊ុក​នៅតែ​យឺតយ៉ាវ មិនអាច​បិទភ្លាមៗ ការបង្ហោះផ្សាយ រូបភាព​ហិង្សា​របស់​ខ្មាន់កាំភ្លើង។

នៅ​នូវែលហ្សេឡង់ រូបភាព​វីដេអូ ដែល ខ្មាន់កាំភ្លើង​បានថតបង្ហោះផ្សាយ​ផ្ទាល់​ពីការបាញ់​រះសម្លាប់មនុស្ស​នៅ​វិហារ​អ៊ីស្លាម បាន​ចរាចរ ត្រូវ​គេចែក​រំលែក ក្នុង រយៈពេល​១ម៉ោង  មុន​នឹង​ត្រូវ​ហ្វេសប៊ុក​សម្រេច​បិទ ខ្ទប់។ នៅថៃ​លើកនេះ ខ្មាន់កាំភ្លើង អាច​ប្រើ​បណ្តាញ​សង្គម​បង្ហោះ ផ្សាយ​សកម្មភាព​ហិង្សា​របស់ខ្លួន បាន​ប៉ុន្មាន​ម៉ោង មុន​នឹង​ត្រូវ​ហ្វេសប៊ុក​បិទ​ខ្ទប់ទៅវិញ។ ហ្វេសប៊ុក ទោះបី​ជាប្រើ​បញ្ញាសិប្បនិម្មិត សម្រាប់តាម​ចាប់ រូបភាព​ហិង្សា សមា្លប់មនុស្ស នៅតែ​មិនអាច​បិទខ្ទប់ បានទាំងអស់ទេ ព្រោះថា អ្នកប្រើប្រាស់​មានដល់ទៅ ២ពាន់លាននាក់។ ចង់ ឬ​មិនចង់ ​បណ្តាញសង្គម​ហ្វេសប៊ុក ដែល​ជា​មធ្យោបាយ ពេញនិយម និង​មាន​ប្រសិទ្ធិភាព កំពុង​ក្លាយ​ជា​កន្លែង ផ្សព្វផ្សាយ​សំខាន់​មួយ​ដែរ​របស់​អ្នកដែល​ចង់​បង្ហាញ មុខមាត់ របស់​ខ្លួន ដែលនៅក្នុង​នោះមានផងដែរ ខ្មាន់កាំភ្លើង​ចក្រាផាន់ ធ័មម៉ា

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ